លោក ស ខេង ប្រាប់​​សមត្ថកិច្ច​ថ្នាក់​ក្រោម​ត្រៀម​ខ្លួន​តាម​ដាន​សកម្មភាព​អ្នក​ជាប់​ឃុំ​ដែល​ត្រូវ​ដោះលែង

រូបឯកសារ៖ លោក​ ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​ នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។ ​(ឡេង ឡែន/VOA)

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​ពុធ​នេះ បាន​ប្រាប់ឲ្យកម្លាំង​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​ថ្នាក់​ក្រោម​ជាតិត្រៀម​ខ្លួន ​ដើម្បី​តាម​ដាន​អ្នក​ជាប់​ឃុំ ដែល​អាច​ត្រូវ​ដោះ​លែង​នៅ​ពេល​ខាង​មុខ​តាម​នីតិវិធី​ច្បាប់ ដោយ​លោក​ប្រកាសគាំទ្រ​យុទ្ធនាការ​របស់​ក្រសួង​យុត្តិធម៌។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​លោក​ កើត រិទ្ធ ​បាន​ប្រកាស​បើក​យុទ្ធនាការ​ជា​ផ្លូវការ​ដើម្បី​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ដំបូង​រាជធានី​ ខេត្ត​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រក​យុត្តិធម៌​ដល់​ជន​កំពុង​ជាប់ឃុំ​ និង​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។

ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ស្ដី​ពី​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ឆ្នាំ ​២០១៩ និងដាក់​ទិស​ដៅ​ការងារ​ឆ្នាំ​ ២០២០ រដ្ឋមន្រ្តី​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ថា ​អ្នក​ដែលជាប់​ឃុំ ហើយ​អនុវត្ត​ទោស​ជិត​ចប់ តុលាការ​អាច​នឹង​ដោះ​លែង ប៉ុន្តែ​លោក​ថា ​សំខាន់គឺ​ផ្តោត​លើ​បទ​ល្មើស​ស្រាល មិន​មែន​ជា​ឧក្រិដ្ឋ​កម្ម​នោះ​ទេ។

លោក​ ស ខេង បន្ត​ថា ​អ្នក​ដែល​ត្រូវ​ដោះ​លែង​នឹងក្លាយ​ជា​បន្ទុក​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​តាម​បណ្តា​ខេត្ត​ ក្នុង​ការ​តាម​ដាន​សកម្មភាព​របស់​ពួកគេ ដោយ​ធានា​ថា ​ពួកគេ​នឹង​ប្រព្រឹត្ត​ល្អ​ក្នុង​សហគមន៍។ លោក​ថា ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារជា​បញ្ហា​មួយ ដែលនាំ​ឲ្យ​មាន​ការ​ចំណាយ​ច្រើន​របស់​រដ្ឋ និង​ការ​រិះគន់​អំពី​សិទ្ធិមនុស្ស​ផង​ដែរ។

លោក​ថ្លែង​ថា៖ «​អញ្ចឹង​វា​អាច​ធ្លាក់​ទៅជា​បន្ទុក​របស់​រដ្ឋបាល​ដែន​ដី​របស់​យើង​(ដែល)សមត្ថកិច្ច​ នគរបាល កង​រាជ​អាវុធ​ហត្ថ ដើម្បី​គ្រប់គ្រង​សន្តិសុខ​នៅ​កន្លែង​ហ្នឹង។ វា​មិន​ច្រើន​ទេ វា​រាយប៉ាយ​ទេ។ ឧបមា​យើង​សម្រាល​បន្ធូរ​បន្ថយ​បាន ១ ​ម៉ឺន​នាក់ វា​មួយ​ម៉ឺន​ហ្នឹង មិន​មែន​ទៅ​មួយ​ខេត្ត ពីរ​ខេត្ត​ទេ វា​រាយ​គ្រប់​តែកន្លែង»។

លោក​រដ្ឋមន្រ្តី​បន្ត​ថា ​រដ្ឋាភិបាលនឹង​រៀប​ចំ​បញ្ជី​ឲ្យ​ជាក់​លាក់​នៃ​អ្នក​ដែល​ត្រូវ​ដោះ​លែង និង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​សមត្ថកិច្ច។ លោក​បញ្ជាក់​ថា ​រដ្ឋាភិបាល​នឹង​រក​មធ្យោបាយ​ផ្សេង​ទៀត ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ផង​ដែរ។

លោក ស ខេង អំពាវនាវ​ឲ្យ​អ្នក​ដែល​អាច​នឹង​ត្រូវ​ដោះ​លែង​ទាំង​នោះ កសាង​ខ្លួន​ជា​ថ្មី​ ជា​មនុស្ស​ល្អ​ក្នុង​សង្គម ហើយ​កុំ​ប្រព្រឹត្ត​បទ​ល្មើស​បន្ត​ទៀត។

លោក​បន្ថែម​ថា៖ «បន្ធូរ​បន្ថយ បន្ធូរ​ហើយ ប៉ុន្តែ​បើ​អ្នក​ណា​ដែល​គេ​កែ​ប្រែ ទៅ​ល្អ​អញ្ចឹង​ទៅ យើង​ក៏​ស្វាគមន៍​អញ្ចឹង​ទៅ។ បើ​អ្នក​ឯង​ចេញ​ទៅ​ហើយ ស្រាប់​តែ​ទៅប្លន់ ទៅ​លួច​ ទៅ​ធ្វើ​អំពើ​ផ្តេសផ្តាស​ទៀត ត្រូវ​ចាប់​មក​វិញ ដដែល»។

លោក​រដ្ឋមន្រ្តី​មហាផ្ទៃ​មាន​ប្រសាសន៍​ទៀត​ថា​ ការ​ដោះ​លែង​នេះ​ក៏​ជា​យន្ត​ការ​មួយ​ដើម្បី​បញ្ចៀស​ការ​ឆ្លង​វីរុស​កូរ៉ូណា​ នៅ​ក្នុង​ពន្ធនាគារ​ផង​ដែរ។

លោក​បញ្ជាក់​ថា៖ «ប៉ុន​យើង​អត់​ទេ យើង​ធ្វើ​តាម​ដំណើរ​របស់​យើង តាម​នីតិវិធី​របស់​យើង មិន​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ច្បាប់​នោះ​ទេ។ បើ​ថា​ យើង​នរណា​ក៏​ដោះ​ដែរ ខ្លាច​ជំងឺ​ហ្នឹង វា​ទៅ​ជា​រឿង​ផ្សេង​មួយ​ទៀត»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា ​យុទ្ធនាការ​របស់​ក្រសួង​យុត្តិធម៌​មិន​មែន​ជា​យុទ្ធនាការ​ដោះ​លែង​អ្នក​ជាប់​ពន្ធនាគារ​នោះ​ទេ តែ​លោក​ថា​ ការ​ដោះ​លែង​នឹង​ធ្វើ​ឡើង​ទៅ​តាម​គោល​ការណ៍​ច្បាប់​របស់​កម្ពុជា ដែល​ក្នុង​នោះ​មានការ​លើក​លែង​ទោស​ដល់​អ្នក​ដែល​ប្រព្រឹត្ត​ល្អ​នៅ​ក្នុង​ពន្ធនាគារ។

ប៉ុន្តែ​លោក​ថា​ ការ​លើក​លែង​ទោស ត្រូវ​ធ្វើ​ទៅ​តាម​ច្បាប់គឺ​ពួកគេ​ត្រូវ​ជា​អ្នក​ជាប់​ទោសពីរ​ភាគបី​រួច​ទៅ​ហើយ ហើយ​ជា​មនុស្ស​ដែល​ប្រព្រឹត្ត​ល្អ​ក្នុង​ពន្ធនាគារ។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​បើ​គាត់​ទោស​ស្រាល គាត់​ជិត​ចប់​ហើយ គាត់​ធ្វើ​ការ​កែ​ប្រែ​ខ្លួន​បាន​ល្អ អាហ្នឹង​គណៈ​កម្មការ​អាច​ពិនិត្យ​មើល​ផ្តល់​ការ​លើក​លែង​ទោស ឬ​ក៏​បន្ថយ​ទោស​ដល់​គាត់ គាត់​អាច​ចេញ​មុនពេល​កំណត់​បាន»។

បើ​តាម​លោក ជិន ម៉ាលីន ការ​លើក​លែង​ទោស​នេះ​បន្ថែម​លើ​យន្ត​ការ​ផ្សេង​ទៀត​ដែល​ក្រសួង​យុត្តិធម៌កំពុង​តែ​ធ្វើ​ការ​ជាមួយ​មន្រ្តី​តុលាការ​នៅ​តាម​បណ្តា​ខេត្ត ដើម្បី​ពន្លឿន​សំណុំ​រឿង​ដែល​កក​ស្ទះ ហើយ​ព្យាយាម​រក​មធ្យោបាយ​ដាក់​ឲ្យ​មាន «​ការ​ព្យួរទោស​សាកល្បង»។ លោក​បញ្ជាក់​ថា​ ការ​ព្យួរ​ទោស​នេះ​នឹង​ធ្វើ​ឡើង​ដោយចៅក្រម​ដែល​យល់​ថាជាករណី​ស្រាល ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អាចតាម​ដាន ទៅ​តាម​លក្ខខណ្ឌ​មួយ​ចំនួន។

លោក ជិន ម៉ាលីន ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ​មិន​អាច​បញ្ជាក់​អំពី​ចំនួន​មនុស្ស​ដែល​នឹង​ត្រូវ​លើក​លែង​ទោស និង​ព្យួរ​ទោស​នោះ​ទេ គឺ​អាស្រ័យ​លើ​គណៈ​កម្មការ និងចៅក្រម ដែល​លោក​ថា​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​សម្រេច។

លោក​មាន​ប្រសាសន៍​ថា៖ «ព្រោះយុទ្ធនាការ​យើង មិន​មែន​យុទ្ធនាការ​ដោះ​លែង​អ្នក​ទោស​ទេ មិន​មែន​ដោះ​លែង​ជនជាប់​ឃុំ​ទេ។ យើង​អត់​មាន​គោល​ការណ៍​ថា​ត្រូវ​ដោះ​លែង​ប៉ុន្មាន ដោះ​លែង​ប៉ុន្មាន​ទេ។ គឺ​អ្វីៗ​ទៅ​តាម​នីតិវិធី​ច្បាប់។ ហើយ​ការ​សម្រេច​គឺ​នៅ​លើ​ចៅ​ក្រម ដែល​មាន​អំណាច​ឆន្ទា​នុសិទ្ធិ អត់​មាន​អ្នក​ណា​ទៅ​បញ្ជា​គាត់​បាន​ទេ»។

កាល​ពី​ដើម​ខែ​មេសា ឆ្នាំ​ ២០២០ លោក ស ខេង បាន​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​ ៣០ ខែ​មីនា ឆ្នាំ ២០២០ កម្ពុជា​មាន​អ្នក​ជាប់ឃុំ​នៅ​ទូទាំង​ប្រទេស សរុប​ចំនួន​ ៣៨.៩៩០ នាក់ ដែល​ក្នុង​នោះ​មាន​ទណ្ឌិត​ចំនួន ១០.១២០ នាក់។ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ជិត​ ៤ ​ម៉ឺន​នាក់​នោះ មាន​អ្នក​ជាប់​ឃុំ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀន ប្រមាណ​ ២២.០០០ នាក់ គឺ​ស្មើ​ប្រមាណ​ ៧៥ ​ភាគរយ​នៃ​ចំនួនអ្នកជាប់​ឃុំ​ទាំង​អស់។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Amnesty International​ បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ ក្រោយសម្ភាស​អ្នក​ធ្លាប់​មាន​បទ​ពិសោធន៍​នៃ​ការ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​ ដោយ​ក្នុង​នោះ​រក​ឃើញ​អំពើ​ពុក​រលួយ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​មាន​ការ​បង្ខំ​ឲ្យ​ឆ្លើយ​សារភាព​ផង​ដែរ។​

ចំណុច​សំខាន់​នៃ​របាយ​ការណ៍​នេះ​និយាយ​អំពី​យន្តការ​នៃ​ការ​ពង្រឹង​ច្បាប់​ ដោយ​មាន​ការ​ចាប់​ខ្លួន​ជន​ល្មើស​ដែល​រង​ការ​ចោទ​ប្រកាន់ ​ហើយ​នាំ​ឲ្យ​មាន​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ​ការ​ចោទ​ប្រកាន់​នៃ​ការ​ធ្វើ​ទារុណ​កម្ម ​ការ​បំពាន​នៅ​មណ្ឌល​កែ​ប្រែ​គ្រឿង​ញៀន ​និង​បញ្ហា​អំពើ​ពុក​រលួយ ​ដែល​ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​មនុស្ស​មិន​មាន​កំហុស​។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ លោក ​ប៉ិច ពិសី​ ជំរុញ​កុំ​ឲ្យ​វិធានការ​ការ​ដោះ​លែង ឬ​ការ​ដាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្នមាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ និង​ជំរុញ​ការ​អនុវត្ត​ឲ្យ​ស្មើ​ភាព​គ្នា​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង​អស់។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​រឿង​ដែល​សំខាន់​ហ្នឹង គឺ​យើង​ចង់​ឲ្យ​នីតិវិធី​នៃ​ការ​ដោះ​លែង​ក្តី នៃ​ការ​ដាក់​មនុស្ស​នៅ​ក្រៅ​ឃុំ​ក្តី គឺ​ធ្វើ​ឡើង​ដោយ​មិន​មាន​អំពើ​ពុក​រលួយ​ពាក់​ព័ន្ធ​នៅ​ក្នុងកិច្ចការហ្នឹង។ ទីពីរ​ ឲ្យ​មាន​តម្លាភាព ធ្វើ​ម៉េច​ឲ្យ​មាន​ភាព​ស្មើ​ភាព​គ្នា»។

លោក​បន្ត​ថា​ ការ​ដោះ​លែង​ក៏​ត្រូវ​មាន​ការ​ពិចារណា​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ខឹង​សម្បារ​នឹង​ការ​ដោះលែង​នេះ ហើយ​នាំ​ឲ្យ​ពួកគេ​មាន​ភាព​ភ័យ​ខ្លាច​ថា​ ជន​ដែល​ត្រូវ​ដោះ​លែង​បង្ក​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍៕