សង្គមស៊ីវិលនៅថ្ងៃចន្ទនេះ ស្នើឲ្យមានការពង្រឹងបន្ថែមលើយន្តការវិមជ្ឈការនិងវិសហមជ្ឈការ ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង លើកឡើងពីសារៈសំខាន់នៃការបន្តជំរុញកំណែទម្រង់វិធីសាស្ត្រគ្រប់គ្រងអំណាចនេះនៅក្នុងប្រទេស។
កាលពីថ្ងៃទី០២ ខែតុលា លោក ស ខេង បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយថា លោកសន្យាថា នឹងបន្តពិភាក្សាជាមួយពលរដ្ឋទូទៅ អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលលោកចាត់ទុកថាជា «អភិបាលកិច្ចពាក់ព័ន្ធយ៉ាងដិតដិតបំផុត» ទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
គោលបំណងចម្បងនៃយន្តការវិមជ្ឈការនិងវិសហមជ្ឈការគឺ ធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនិងអភិបាលកិច្ចល្អនៅថ្នាក់រដ្ឋបាលក្រោមជាតិ។ កំណែទម្រង់ទៅលើវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីផ្ទេរមុខងារ និងក្របខណ្ឌការងារដល់ថ្នាក់ក្រោមជាតិ និងកំណែទម្រង់ទៅលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានគោលដៅឲ្យរដ្ឋបាលថ្នាក់ក្រោមមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការកៀរគរហិរញ្ញវត្ថុ និងអនុវត្តគម្រោងផ្សេងៗដោយខ្លួនឯង។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព មើលមិនឃើញការខណ្ឌចែកឲ្យដាច់រចនាសម្ព័ន្ធដឹកនាំ និងការប្រើប្រាស់ឋានៈក្នុងជួរគណបក្សនយោបាយ ដែលជាហេតុធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិនៅតែមានការលំបាកនៅក្នុងការធ្វើសេចក្តីសម្រេចណាមួយ។
លោកបានថ្លែងថា៖ «បញ្ហានយោបាយបក្សហ្នឹងគឺចាក់ស្រេះនៅគ្រប់ពេលវេលាគ្រប់កាលៈទេសៈទាំងអស់ហ្នឹងគឺ វាពិបាកក្នុងការធ្វើឲ្យវិមជ្ឈការហ្នឹងដើរទៅមុខបានស្រួល ដោយសារតែជាហូរហែគឺការអនុវត្តតួនាទី ខ្ញុំគិតថា វាមានការលំបាកនៅក្នុងការចែកដាច់ ហើយដែលធ្វើឲ្យគាត់មានអារម្មណ៍ខ្លាចថ្នាក់លើ បារម្ភថ្នាក់លើចាប់កំហុស ឬក៏ស្តីបន្ទោសក្នុងករណីអនុវត្តខុសអីអញ្ចឹងបាទ»។
មេដឹកនាំអង្គការសង្គមស៊ីវិលរូបនេះ បានជំរុញឲ្យមានការចូលរួមបន្ថែមពីសំណាក់យុវជន និងស្ត្រីក្នុងការស្វែងយល់ពីដំណើរការផ្ទេរអំណាចរបស់រដ្ឋាបាលថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ ដើម្បីឲ្យដឹងពីការផ្តល់សេវាកម្មរដ្ឋបាលផ្សេងៗនៅតាមសហគមន៍។
លោកបានថ្លែងថា៖ «អញ្ចឹងបើចង់ឲ្យស្ត្រី យុវជន ជនងាយរងគ្រោះហ្នឹង ហ៊ានលើកយោបល់ ទាល់តែមានយន្តការ និងឥរិយាបថហ្នឹងរបស់មន្ត្រីថ្នាក់ក្រោមហ្នឹង ធ្វើម៉េចឲ្យមានមេត្រីភាពជាមួយប្រជាពលរដ្ឋ។ នេះគឺជារឿងមួយសំខាន់ណាស់។ បើសិនអត់មានអញ្ចឹងទេគឺ វិមជ្ឈការដែលមានការចូលរួមពីប្រជាពលរដ្ឋហ្នឹងគឺនៅតែជាក្តីស្រមៃរបស់យើងដដែលហ្នឹង។ វាមិនកើតឡើងពិតប្រាកដ ហើយនឹងឲ្យមានភាពសកម្មនិងបានប្រសិទ្ធភាពខ្ពស់»។
នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ចង់ឃើញមានការឆ្លើយតបប្រកបដោយប្រសិទ្ធភាពពីសំណាក់រដ្ឋបាលក្រោមជាតិក្រោមយន្តការវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
«តម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានមានចំនួនច្រើន ហើយឱកាសនៃការឆ្លើយតបហ្នឹងក៏មានកម្រិតផងដែរ។ មានកម្រិតមានន័យថា បើយើងមើលទៅលើសមត្ថភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋគឺ សម្រាប់វិមជ្ឈការ និងវិសហមជ្ឈការគឺ រដ្ឋបាលឃុំ រដ្ឋបាលរាជធានីខេត្តក្រុង ស្រុកខណ្ឌហ្នឹងតាមរយៈខ្សែបណ្តោយនៃការងាររដ្ឋបាល»។
លោកបានបន្ថែមថា ដើម្បីលើកកម្ពស់ការឆ្លើយតបខាងលើឲ្យបានប្រកបដោយប្រសិទ្ធភាព រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបំពេញឲ្យបានតាមអ្វីដែលត្រូវបានកំណត់ឡើងក្នុងកម្មវិធីអាទិភាពតាមឃុំសង្កាត់ ដែលផ្តោតលើតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
នៅពេលសួរពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានសុំបង្វែរសំណួរទៅកាន់លោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម(គ.ជ.អ.ប)។
លោក ង៉ាន់ ចំរើនបដិសេធមិនផ្តល់ការអធិប្បាយ ដោយថា លោកជាប់ប្រជុំ។
បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស ខេង រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានក្រុមប្រឹក្សាជាប់ឆ្នោតជាតំណាង ត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅក្នុងការអនុវត្តនូវសិទ្ធិអំណាច មុខងារ និងធនធានដែលទទួលបានពីរដ្ឋបាលថ្នាក់ជាតិ៕