លោក ស ខេង ចេញ​បញ្ជា​ឲ្យ​មន្ត្រី​ពង្រឹង​សន្តិសុខ​ទប់ទល់​នឹង​អំពើ​ភេរវកម្ម​ក្នុង​ខេត្តព្រះសីហនុ

រូបឯកសារ៖ លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ពិធី​កម្ទេច​ផលិតផល និង​ថ្នាំពេទ្យ​ក្លែងក្លាយ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។

ក្រោយ​ហេតុការណ៍​បាក់​រលំ​អគារ​កម្ពស់​៧ជាន់​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​បាន​សម្លាប់​មនុស្ស​២៨​នាក់ កាលពី​ខែ​មិថុនា​កន្លង​ទៅ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​វិធានការ​មួយ​ថ្មី​ទៀត បង្គាប់​ឲ្យ​មន្ត្រី​មូលដ្ឋាន​ពង្រឹង​សនិ្តសុខ និង​សុវត្ថិភាព​ទប់ទល់​នឹង​អំពើរ​ភេរវកម្ម​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ។

លោក​ ស ខេង​ ឧបនាយក​រដ្ឋមន្ត្រី​និងជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​ចេញ​បទ​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​ព្រះសីហនុ​ ពង្រឹងវិធាន​ការ​សន្តិសុខ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ដើម្បី​ទប់​ទល់​នឹង​អំពើ​ភេរវកម្ម​ព្រម​ទាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន។​

ក្នុង​លិខិតដែល​មាន​កម្រាស់​ប្រាំ​ទំព័រ លោក​ ស ខេង​ បាន​បញ្ជា​ឲ្យ​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច «ពង្រឹង​វិធានការ​សន្តិសុខ​ សណ្តាប់​ធា្នប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម ដើម្បី​ម្ចាស់​ការ​បង្ការ​ទប់​ស្កាត់​ និង​បង្រ្កាប​ការ​ប៉ុនប៉ង​សកម្មភាព​ភេរវកម្ម​ ​សកម្មភាព​បទឧក្រិដ្ឋ​ឆ្លងដែន​ និង​បទ​ល្មើស​គ្រប់​ប្រភេទ​សំដៅ​ធ្វើ​ឲ្យ​បរិយាកាស​សន្តិសុខ​ សណ្តាប់​ធ្នាប់​ក្នុង​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​ពង្រឹង​ និង​មាន​ភាព​ល្អ​ប្រសើរ»។

នៅ​ក្នុង​បទ​បញ្ជា​ដដែល លោក​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ក៏​បាន​សង្កត់​ធ្ងន់​ឲ្យ​មាន​ការយក​ចិត្ត​ទុក​ដាក់«​គ្រប់​គ្រង​ និង​ការ​ពារ​ផល​ប្រយោជន៍ស្រប​ច្បាប់​របស់​ជនបរទេស​ និង​ទេសចរ​ព្រម​ទាំង​ពង្រឹង​ការ​គ្រប់​គ្រង​មនុស្ស​ ការ​គ្រប់​គ្រង​មុខរបរ​ ការ​គ្រប់​គ្រង​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ​ ការ​គ្រប់​គ្រង​អាវុធ​ជាតិ​ផ្ទុះ​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​រក្សា​បរិយាកាស​ក្នុង​សង្គម​ ឲ្យ​មាន​របៀប​រៀប​រយ​ល្អ​ប្រសើរ។

លើស​ពីនេះ​ អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​ព្រះសីហនុ​ ត្រូវ​រៀបចំ​វេទិកា​សាធារណៈ​ ដោយ​ផ្តោត​សំខាន់​លើ​ការ​អនុវត្ត​គោល​នយោបាយ​ «ភូមិ-ឃុំ​មាន​សុវត្ថិភាព» និងឬរៀបចំវេទិកា​សាធារណៈ​ សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​ណាមួយ​ជាក់​លាក់​ ដែល​មាន​ឥទ្ធិពល​ដល់​ខឿន​សន្តិ​សុខ​ និង​សណ្តាប់​ធា្នប់​សាធារណៈ​ ជា​ពិសេស​ពាក់​ព័ន្ធ​ចរាចរណ៍​ បញ្ហា​គ្រឿងញៀន​និង​ជួញ​ដូរ​មនុស្ស។

អ្នកស្រី​ ជាប សុធារី​ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ (Adhoc) ​ប្រចាំ​ខេត្ត​ព្រះសីហនុ ប្រាប់​ VOA ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា វិធានការ​នេះ​អាច​អនុវត្ត​ទៅ​បាន​ អាស្រ័យ​លើ​ឆន្ទៈ​អនុវត្ត​ច្បាប់​របស់​មន្ត្រីថ្នាក់​ក្រោម​នៅ​ខេត្ត​ព្រះសីហនុ។

«បើសិន​ជា​ចង់​និយាយ​ថា​ យើង​ប្រគល់​ ឆន្ទា​នុសិទ្ធិ​ ឬក៏​ឲ្យ​មន្ត្រី​រាជការ​ កងកម្លាំង​ ឬក៏​តុលាការ​ គាត់​មាន​ឆន្ទានុសិទ្ធិ​ ឬក៏មានការ​ឯករាជ្យ​ក្នុងការ​ធ្វើ​ការងារទាំង​អស់ហ្នឹង​តាម​ភាព​ជាក់​ស្តែង​នៃ​សំណុំរឿង​ ឬ​ក៏តាម​ភាព​ជាក់​ស្តែង​នៃ​បទល្មើស​ដែល​កើត​មាន​ អាហ្នឹង​ខ្ញុំ​យល់​ថា​ វា​អាច​មាន​ប្រសិទ្ធភាព​»។

លោក​ អ៊ី សុខឡេង​ អភិបាល​ក្រុង​ព្រះសីហនុ​នៃ​ខេត្ត​ព្រះសីហនុ​អះអាងថា​អាជ្ញាធរ​ជា​គោលការណ៍​បាន​អនុវត្ត​តាម​គោលការណ៍​ច្បាប់​ដើម្បី​ធានា​សន្តិសុខ​សុវត្ថិភាព​ក្នុង​ខេត្ត។​

បទបញ្ជារបស់​លោក ​ស ខេង ស្តី​ពី​ការពង្រឹង​សន្តិសុខក្នុងខេត្ត​ព្រះសីហនុ​ កើត​មាន​ឡើង​ នៅក្រោយ​ការបាក់​រលំ​អគារ​កម្ពស់​៧ជាន់​របស់​ជនជាតិ​ចិន​ ដែល​បាន​សម្លាប់​កម្មករ​ខ្មែរ​២៨នាក់​ និង២៦​នាក់​ផ្សេង​ទៀត​រង​របួស។

ក្រុម​អង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល​ចំនួន​១០០​ នៅ​ថ្ងៃ​ចន្ទ​នេះ​ បានចេញ​សេចក្តី​ថ្លែងការណ៍​រូម​មួយ​ សម្តែង​ការ«​សោកស្តាយ​និង​រន្ធត់​ពន់ពេក»​ចំពោះ​សោកនាដកម្ម​នេះ។ ក្រុម​អង្គការ​ទាំង​នេះ​ក៏​បានស្នើ​ឲ្យ​ ផ្អាក​ជា​បន្ទាន់​នូវ​គម្រោង​សាងសង់​ទាំងអស់​ក្នុង​ខេត្ត​ព្រះសីហនុ​រង់​ចាំ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ វាយតម្លៃ​ពី​ស្ថាប័ន​ជំនាញ​ ដើម្បី​ឲ្យ​ប្រាកដ​ថា​ គម្រោង​សាង​សង់នីមួយ​ៗ មាន​ច្បាប់​អនុញ្ញាត​និង​មាន​គុណភាព​តាម​ស្តង់ដារ​សុវត្ថិភាព៕