រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅថ្ងៃពុធនេះ បញ្ជាឲ្យមន្រ្តីថ្នាក់ក្រោមការពារសន្តិសុខក្នុងពិធីបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូក ដោយមានទាំងការគ្រប់គ្រងការចេញចូលរបស់ប្រជាជន និងអប់រំណែនាំប្រជាជនឲ្យចៀសវាងការចូលរួមក្នុងសកម្មភាពផ្តួលរំលំរដ្ឋាភិបាល។
ក្នុងលិខិតរបស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះបញ្ជាក់ថា លោក ស ខេង បានដាក់វិធានការចំនួន៨ចំណុច ឲ្យអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត អនុវត្តក្នុងការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពសង្គមក្នុងពិធីបុណ្យឯករាជ្យជាតិថ្ងៃទី៩ ខែវិច្ឆិកា និងពិធីបុណ្យអុំទូក ដែលប្រារព្ធចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែវិច្ឆិកា។
លោក ស ខេង បន្ថែមក្នុងលិខិតនោះថា ការដាក់ចេញវិធានការនេះធ្វើឡើង ស្របពេលដែលក្រុមរបស់លោក សម រង្ស៊ី ដែលលោក ស ខេង ហៅថា «ជាចលនាក្រុមឧទ្ទាមក្រៅច្បាប់» ដាក់ចេញគម្រោងផែនការធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំរដ្ឋាភិបាល ចំពេលពិធីបុណ្យជាតិទាំងពីរនេះ។
លោក ស ខេង បានណែនាំមន្រ្តីនិងកម្លាំងក្រោមឱវាទទាំងអស់ ត្រូវមានវត្តមានជាប់ជាប្រចាំដើម្បីដោះស្រាយសភាពការណ៍នៅចំពោះមុខ និងក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន។
លោក ស ខេង បញ្ជាក់ក្នុងលិខិតនោះតាមន័យដើមថា៖ «ដឹកនាំ ណែនាំដល់គណៈបញ្ជាការក្រុង ស្រុក ខណ្ឌ ដើម្បីដឹកនាំប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងអាជ្ញាធរ ឃុំ សង្កាត់ ភូមិ ឱ្យពង្រឹងកិច្ចសហការបង្កើនការគ្រប់គ្រង ការចេញ-ចូល របស់ប្រជាជនស្របតាមលិខិតបទដ្ឋានកំណត់ និងគ្រប់គ្រងមុខសញ្ញានានាតាមគោលការណ៍ជំនាញ»។
វិធានការរបស់អាជ្ញាធរកម្ពុជានេះ គឺឆ្លើយតបនឹងការប្រកាសរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីខែសីហា ដែលអះអាងថា នឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ ដោយបានអំពាវនាវឲ្យពលករដែលកំពុងធ្វើការក្រៅប្រទេស និងអ្នកគាំទ្រលោក ប្រមូលផ្តុំគ្នាចាំទទួល និងអមដំណើរលោកត្រឡប់មកវិញ។
រដ្ឋាភិបាលកម្ពុជាចាត់ទុកថា លោក សម រង្ស៊ី មានគម្រោងចូលមកផ្ដួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។ ចាប់តាំងពីពេលនោះមក ក្រុមអាជ្ញាធរកម្ពុជាបានសម្រុកចាប់ខ្លួនសកម្មជនសំខាន់ៗរបស់អតីតគណបក្សសង្គ្រោះជាតិស្ទើរមិនលោះថ្ងៃ។ តួលេខចុងក្រោយដែលផ្សព្វផ្សាយដោយមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង សកម្មជនអតីតគណបក្សសង្គ្រោះជាតិដែលត្រូវចាប់ខ្លួនបានកើនដល់ជិត៦០នាក់។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ VOA ថា អាជ្ញាធរមានសមត្ថកិច្ចនៅតាមភូមិឃុំនីមួយៗនឹងតាមឃ្លាំមើលប្រជាជនតាមមូលដ្ឋានរបស់ពួកគេ ដើម្បីទប់ស្កាត់រាល់ករណីមិនប្រក្រតីណាមួយកើតឡើង។
«ឧទាហរណ៍ថានៅក្នុងឃុំសង្កាត់ហ្នឹងមានជនណាប្លែក ឬក៏មានក្រុមណាដែលប្លែកមកពួនសម្ងំ លាក់ធ្វើសកម្មភាពអី យើងត្រូវឲ្យដឹង។ ហើយការគ្រប់គ្រងត្រូវដឹងថាអ្វីដែលប្លែកនៅក្នុងឃុំសង្កាត់ មិនប្រក្រតីនៅក្នុងឃុំសង្កាត់ មានន័យថាប្រជាជនក្នុងឃុំហ្នឹងដូចមានតិចទេ ប៉ុន្តែថ្ងៃហ្នឹងដូចមានច្រើន រាប់រយនាក់ រាប់រយអី យើងគួរមានការចាប់អារម្មណ៍បញ្ហាហ្នឹង»។
លោកបានពន្យល់ពីវិធានការបន្ថែមថា៖ «យើងមានវិធានការរដ្ឋបាល។ សួរគាត់មកពីណា ទៅណា គាត់មកមានកិច្ចការងារស្អី តើគាត់មានអាវុធ ឬអត់។ ការងារហ្នឹងគឺបម្រើឲ្យការងារសុវត្ថិភាពភូមិឃុំរបស់យើងកន្លងទៅ។ ហើយជាពិសេសទៀត គឺការដែលមិនចុះញុះញង់ ចុះលួងលោមដោយឧបាយកលពិសពុលរបស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី ហ្នឹងឯង»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះមិនបញ្ជាក់អំពីចំនួនកម្លាំងអាជ្ញាធរ ដែលនឹងដាក់ពង្រាយនៅទូទាំងប្រទេសសម្រាប់ការពារសន្តិសុខក្នុងពិធីបុណ្យអុំទូកនោះទេ ប៉ុន្តែលោកប្រាប់ថា កម្លាំងប្រមាណជា៥ពាន់នាក់ នឹងត្រូវដាក់ពង្រាយក្នុងរាជធានីភ្នំពេញ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ លើកឡើងថា ការដាក់ចេញវិធានការយ៉ាងតឹងរ៉ឹងរបស់ក្រសួងមហាផ្ទៃបង្ហាញថា ស្ថានការណ៍សន្តិសុខនៅកម្ពុជាកំពុងស្ថិតក្នុងភាពតានតឹង។
«ឈានដល់ធ្វើឲ្យប្រជាពលរដ្ឋខ្លះមានការភ័យខ្លាច ហើយឈានដល់ចាកចេញពីទីក្រុងភ្នំពេញ។ ឮសូរថាកម្មករខ្លះត្រៀមខ្លួនសុំច្បាប់ទៅស្រុកទៅអីវិញ ដោយសារមានការភ័យខ្លាចថា មានការវឹកវរនៅទីក្រុងភ្នំពេញហ្នឹង»។
កាលពីថ្ងៃអង្គារម្សិលមិញ លោក សម រង្ស៊ី បានបង្ហោះវីដេអូឃ្លីបមួយលើទំព័រហ្វេសប៊ុករបស់លោក ដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ឲ្យលោកបានចូលមកកម្ពុជា ដោយសន្តិវិធី។
អាជ្ញាធរកម្ពុជាប្រកាសជាបន្តបន្ទាប់ថា អាជ្ញាធរត្រៀមខ្លួនរួចជាស្រេច ចាំចាប់ខ្លួនលោក សម រង្ស៊ី នៅពេលដែលលោកត្រឡប់ចូលទឹកដីកម្ពុជា៕