រដ្ឋមន្រ្តី​មហាផ្ទៃ​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើត​ហ្វេសប៊ុក ទទួល​បណ្តឹង​របស់​ពលរដ្ឋ

រូបឯកសារ៖ លោក​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។ ​(ឡេង ឡែន/VOA)

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​សុក្រ​នេះ បាន​លើក​ឡើង​ថា​ អាជ្ញាធរ​ត្រូវយក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ទទួល​ពាក្យបណ្តឹង​របស់​ប្រជា​ពលរដ្ឋ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ហ្វេស​ប៊ុក និង​ការ​ពិនិត្យ​មើល​ការ​ចុះ​ផ្សាយ​អត្ថបទ​របស់​សារព័ត៌មាន។

លោក​បាន​ថ្លែង​បែប​នេះ ​នៅ​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ថ្នាក់​ជាតិ ស្ដី​ពី​ការ​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ឯកសារ​ទស្សន​ទាន​សម្រាប់​រៀបចំ​កម្មវិធី​ជាតិ ក្នុង​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិប​តេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ។

លោក ស ខេង រដ្ឋមន្រ្តី​មហាផ្ទៃ បាន​ថ្លែង​ថា​ លោក​បាន​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​ទាំងអស់​បង្កើត​ទំព័រ​ហ្វេស​ប៊ុក ដើម្បី​ទទួល​ពាក្យ​បណ្តឹង​ពី​ប្រជាពលរដ្ឋ។ លោក​ចាត់​ទុក​ថា​ នេះ​ជា​យន្ត​ការ​សំខាន់​មួយ ដោយ​មិន​ចាំ​បាច់​ទាល់​តែ​ជួប​មុខ​គ្នា ទើប​ទទួល​ពាក្យ​បណ្តឹង​បាន​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ណែនាំ​ទៅ​ឲ្យ​អគ្គនាយក​អភិបាល​ខេត្ត​ជា​ដើម បង្កើត​អាក់​ខោន​(គណនី)​ហ្វេសប៊ុក​របស់​ខ្លួន ដើម្បី​នឹង​ត្រង​យក​មតិ​យោបល់​ទាំង​ឡាយ​របស់​ប្រជា​ពលរដ្ឋ ដែល​គាត់​ស្នើ ដែល​គាត់​សុំ»។

លោក​ ស ខេង បន្ត​ថា ​ខ្លួន​លោក​ផ្ទាល់​មាន​ក្រុម​ការងារ​ដែល​កំពុង​ពិនិត្យ​មើល​ការ​ដាក់​ពាក្យ​បណ្តឹងរបស់​ប្រជា​ពលរដ្ឋ ហើយ​លោក​បញ្ជូន​ទៅ​ក្រុម​អធិការ​កិច្ច​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​ការ​ដោះ​ស្រាយ។ លោក​បន្ថែម​ថា​ ប្រជាពលរដ្ឋ​ដែល​ផ្ញើ​មក​ហ្វេស​ប៊ុក​របស់​លោក គឺ ​៩០ ​ភាគ​រយហើយ ជា​ព័ត៌មាន​ពិត ហើយ​ពុំ​មាន​ «ការ​លេប​ខាយ​នយោបាយ​»នោះ​ទេ។

លោក​រដ្ឋមន្រ្តី​បន្ថែម​ថា​អត្ថបទ​សារព័ត៌មាន ក៏​ជា​ប្រភព​នៃ​ការ​ទទួល​ពាក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «ចុះ​តាម​កាសែត ក៏​យើង​ចាត់​ទុក​ជា​ពាក្យ​បណ្តឹង​ដែរ។ វា​មិន​មែន​អនាមិក​ឯណា។ ព័ត៌មាន​កាសែត បាន​ន័យ​ថា​ គេ​មាន​ប្រភព​របស់​គេ។ តាម​ហ្វេសប៊ុក​នានា។ យើង​ដក​ស្រង់​មក មួយ​ថ្ងៃ​ហ្នឹង មាន​ប៉ុន្មាន​រឿង ពាក់ព័ន្ធ​នឹង​ក្រសួង​យើង។ យើង​យក​អាហ្នឹង​មក ​ដើម្បី​ចាត់ឲ្យ​អធិការ​កិច្ច​ធ្វើការ ឬ​មួយ​ក៏​ឲ្យ​ទៅ​សមត្ថកិច្ច​ណា​ពាក់ព័ន្ធ​ទៀត ដោះស្រាយ។ ធ្វើ​មិន​អស់​ទេ ការងារ​ហ្នឹង​ច្រើន​ណាស់»។

រូបឯកសារ៖ ប្រជាពលរដ្ឋ​ជាង​ ២០​នាក់ តំណាង​ឲ្យ​អ្នក​មាន​ទំនាស់​ដីធ្លី​ចំនួនជាង​ ១០០គ្រួសារ​ ខេត្ត​កោះកុង ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយក្រុមហ៊ុន​ចិន ​Union Dev​el​o​pm​ent Group (UDG) ​តវ៉ា​នៅ​ខាងមុខ​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​១៣ ខែ​សីហា​ ឆ្នាំ២០១៩។

រូបឯកសារ៖ ស្ត្រីអ្នកតវ៉ា​មួយរូបកាន់​បដា​អំពាវនាវឲ្យមាន​ដំណោះស្រាយ​ដីធ្លី​នៅ​ក្រសួង​រៀបចំដែន​ដី​ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​២២​ ខែសីហា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

លោក អ៊ិត សូធឿត ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បីប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ដែល​គ្រប់គ្រង​សារព័ត៌មាន​ VOD មាន​ប្រសាសន៍​ថា​ ការ​លើក​ឡើង​របស់​រដ្ឋមន្រ្តី​មហាផ្ទៃ បង្ហាញ​ពី​ការ​ឲ្យ​តម្លៃ​ទៅ​លើ​សារព័ត៌មាន ដែល​បាន​ផ្ទៀងផ្ទាត់​ព័ត៌មាន​រួច​ហើយ មុន​ពេល​ចុះ​ផ្សាយ។

លោក​បន្ត​ថា​កន្លង​ទៅ មន្រ្តី​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​តែ​គិត​អវិជ្ជ​មាន​ចំពោះ​សារព័ត៌មាន​ឯករាជ្យ ដែល​ត្រូវ​បាន​ចោទ​ថា​ «ប្រឆាំង​រដ្ឋាភិបាល»។

លោក​មាន​ប្រសាសន៍​ថា៖ «អា​នេះ​អាច​ថា​ជា​ការ​ក្រើន​រំឭក​ទៅ​ដល់​មន្រ្តី​រដ្ឋាភិបាល​ផ្សេង​ទៀត ដែល​កន្លង​មក ដែល​គាត់​មិន​សូវ​ឲ្យ​តម្លៃ​ ឬ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សារព័ត៌មាន​ឯករាជ្យ​ ឬ​ក៏​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ ព្រោះ​ថា​មន្រ្តី​ខ្លះ គាត់​យល់​ថា​សារព័ត៌មាន ​ដែល​រាយការណ៍​ព័ត៌មាន​អវិជ្ជមាន​អំពី​រដ្ឋាភិបាល គឺ​គាត់​ចាត់​ទុក​ថា អ្នក​ប្រឆាំង​អី​អញ្ចឹង​ទៅ»។

លោក​បន្ថែម​ថា ​ក្រោយ​ការ​បិទ​សារព័ត៌មាន ដូច​ជា​កាសែត​ The Cambodia Daily និង​អវត្តមាន​របស់​វិទ្យុ​អាស៊ីសេរី​ក្នុង​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ​បាត់​បង់​ព័ត៌មាន​ល្អៗ​ជា​ច្រើន​ដែល​មាន​ប្រយោជន៍​សម្រាប់​សង្គម។

លោក​បន្ថែម​ថា៖ «ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា​នៅ​ពេល​ដែល​យើង​បាត់​សារព័ត៌មាន​វិជ្ជា​ជីវៈ​ ដូច​ជា​Cambodia Daily អី​អញ្ចឹង អាហ្នឹង​ដូច​ជា​បាត់​ប្រភព​ព័ត៌មាន​ដ៏​សំខាន់​ សម្រាប់​ប្រជា​ពលរដ្ឋ​ហើយ។​(ការ​ថ្លែង​) នេះ​បញ្ជាក់​ថា​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ គាត់​ផ្តល់​តម្លៃ​ទៅ​ដល់​សារ​ព័ត៌មាន អញ្ចឹង​អាច​ថា​រដ្ឋាភិបាល​ពិចារណា ផ្តល់​ជា​ការ​គាំទ្រ​ទៅ​លើ​ការ​បំពេញ​ការ​ងារ​របស់​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ»។

អ្នក​ដែល​ធ្វើ​ការ​លើក​កម្ពស់​សេរីភាព​សារ​ព័ត៌មាន បាន​រិះគន់​រដ្ឋាភិបាល និង​អាជ្ញាធរ​កម្ពុជា​ថា ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​អ្នក​សារ​ព័ត៌មាន និង​ប្រើ​ប្រាស់​យន្តការ​ផ្លូវ​ច្បាប់​ចាត់វិធាន​ការ​លើ​អ្នក​សារព័ត៌មាន ដែល​គ្រាន់​តែ​រាយការណ៍​ព័ត៌មាន​តាម​វិជ្ជាជីវៈ​របស់​ពួកគេ។

តួយ៉ាងដូច​ជា​ករណី​តុលាការ​ខេត្ត​កំពង់​ឆ្នាំង​បានបើក​សវនាការ​ជំនុំ​ជម្រះ​លើ​អ្នក​សារព័ត៌មាន​ម្នាក់ ​គឺ លោក សុខ ឧត្តម ដែល​ត្រូវ​បាន​ប្តឹង​ដោយ​មន្រ្តី​យោធា​ជាន់​ខ្ពស់​មួយ​រូប។ លោក សុខ ឧត្តម ដែល​ជា​ម្ចាស់​ស្ថានីយ​វិទ្យុ​រិទ្ធិ​សែន ​និង​ជា​អ្នក​សារព័ត៌មាន​ម្នាក់​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «ញុះ​ញង់» និង​ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២០ មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​បាន​ផ្សាយ​ព័ត៌​មានតាម​ហ្វេសប៊ុក​ ទាក់ទង​នឹង​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​កំពង់​ឆ្នាំង។

កាល​ពី​ខែ​សីហា ឆ្នាំ​២០២០ រដ្ឋមន្រ្ដី​ក្រសួង​ព័ត៌​មាន លោក ខៀវ កាញារីទ្ធ បាន​អំពាវនាវកុំ​ឲ្យ​ចាត់​ទុក​អ្នក​សារ​ព័ត៌មាន​ជា «​អ្នកប្រឆាំង» ដោយ​សារ​ការ​សរសេរ​អត្ថបទ​អវិជ្ជមាន​អំពី​រដ្ឋាភិបាល។

លោក​មាន​ប្រសាសន៍​ថា៖​ «មន្រ្ដីគឺ​ជៀស​ដាច់​ខាត​(ថា)​ឲ្យ​តែ​គេសរសេរ​អាក្រក់​សុទ្ធ​តែពួកប្រឆាំង ឈប់​អាហ្នឹង​មួយ ត្រូវ​ចោល​ត្រូវ​ចោល​កន្លែង​ហ្នឹង។ ត្រូវ​មើល​ថា គេ​សរសេរ​ហ្នឹង​ពិត​ទេ ហើយ​បើពិត​ ពិត​ដល់​ត្រឹម​ណា យើង​ដោះ​ស្រាយ​យ៉ាង​ម៉េច។ នេះ​ជា​ការ​សំខាន់ មិន​មែន(និយាយ​)ស្វ័យ​ប្រវត្តិ​ភ្លាម អាណា​សរសេរ​អាក្រក់​សុទ្ធ​តែ​អ្នកប្រឆាំង ជួន​កាល​(អ្នក​)​ប្រឆាំង​ខ្លះ គេ​និយាយ​ត្រូវ​តើ»។

កាល​ពី​ថ្ងៃ​ច័ន្ទ អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch) ​និង​បណ្តុំ​សមាគម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​ ៥៦​ ផ្សេង​ទៀត បាន​អំពាវនាវ​រួមគ្នា​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​យាយី​សារ​ព័ត៌មាន​ឯករា​ជ្យ​ និង​ផ្តល់​សេរី​ភាព​ពេញលេញ​ដល់​ពួកគេ។ ពួកគេ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាលទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​អ្នក​សារព័ត៌មាន ​ដែល​ពួកគេ​ថា​ «គ្មាន​មូលដ្ឋាន​និង​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ហេតុផល​នយោ​បាយ»។

ជា​ការ​ឆ្លើយ​តប នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ក្រសួង​ព័ត៌មាន​លើក​ឡើង​ថា​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន គឺ«​អនុវត្ត​ទៅ​តាម​អង្គ​ហេតុ និង​អង្គ​ច្បាប់» មិន​មែន​រំលោភ​បំពាន និង​បំបិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នោះ​ទេ។

ពាក់ព័ន្ធ​នឹង​យន្ត​ការ​នៃ​ការ​ដាក់​ពាក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន លោក ​អំ សំអាត​នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ មាន​ប្រសាសន៍​ថា​ប្រជាពលរដ្ឋ​មិន​ដឹង​ថា​កន្លែង​ណា ​ដែល​ពួកគាត់​អាច​ដាក់​ពាក្យ​បណ្តឹង ហើយ​អាច​ដោះស្រាយ​បញ្ហា​ដែល​ពួកគាត់​ជួប​ប្រទះ។ លោក​បន្ត​ថា ការ​ដោះស្រាយ​ពាក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ ក៏​យឺត​យ៉ាវផង​ដែរ រហូត​ដល់​ពួកគាត់​បាត់​បង់​ជំនឿ​ចិត្ត។

លោក​ថ្លែង​ប្រាប់​ VOA ​ថា៖ «ដោយ​សារ​តែ​បញ្ហា​ហ្នឹង​ហើយ កន្លង​ទៅ​យើង​ឃើញ​ថា ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន គាត់​តែង​តែ​រត់​រក​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឲ្យ​ជួយ​គាត់​បង្ហាញ​ផ្លូវ ឬ​ក៏​ជួយ​គាត់​នៅ​ក្នុង​បញ្ហា​ដែល​កើត​ឡើង​ចំពោះ​ពួក​គាត់។ ខ្ញុំ​គាំទ្រ​បើ​សិន​ជា​ការ​ឲ្យ​បង្កើត​ជា​ប្រព័ន្ធ​បណ្តាញ​ហ្វេសប៊ុក ដើម្បី​ទទួល​ពាក្យ​បណ្តឹង​របស់​ពួក​គាត់។ ក៏​ប៉ុន្តែ​អាការ​បង្កើត​ហ្នឹង វា​ជា​រឿង​ងាយ​ស្រួល ក៏​ប៉ុន្តែ​អារឿង​ដែល​សំខាន់​ហ្នឹង​ គឺ​ការ​អនុវត្ត​ថា​ តើ​ទទួលនូវ​បណ្តឹង​របស់​គាត់​ហើយ អាជ្ញាធរ​មូលដ្ឋាន​អាច​បម្រើ​សេវា​សាធារណៈ​ទាន់​ចិត្ត​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​គាត់​បាន​ដាក់ពាក្យ​បណ្តឹង​ដែរ​ឬ​ទេ»។

លោក ​អំ សំអាត បន្ត​ថា​កន្លង​ទៅ​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន ឬ​អ្នក​មាន​អំណាច អាជ្ញាធរ​ថ្នាក់​ក្រោម​ មិន​អាច​ដោះ​ស្រាយ​ជូន​ពួក​គាត់​បាន​ទេ រហូត​ដល់​ពួកគាត់​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ ដើម្បី​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ ឬ​ក្រសួង​ពាក់ព័ន្ធ ដូច​ជា​ក្រសួង​ដែនដី នគរូប​នីយកម្ម និង​សំណង់​ជាដើម៕