កាលពីព្រឹកថ្ងៃច័ន្ទនេះ តុលាការក្រុងភ្នំពេញបានសម្រេចពន្យាពេលសវនាការសារជាថ្មីម្តងទៀតដោយមិនមានពេលកំណត់ លើសំណុំរឿងមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិទាំង១១នាក់ ដែលជាប់ចោទពីបទធ្វើកុប្បកម្មប្រឆាំងរដ្ឋាភិបាលកាលពីខែកក្កដាឆ្នាំមុននោះ។
ការលើកពេលនេះបន្ទាប់ពីតុលាការបានបើកសវនាការបានប៉ុន្មាននាទី តែប៉ុណ្ណោះ។
លោក ជូង ជូងី មេធាវី មួយរូបក្នុងចំណោមមេធាវីការពារក្តីឲ្យមន្ត្រីនិងសកម្មជនទាំង១១រូបបានប្រាប់វីអូអេខេមរភាសាថាការពន្យាពេលនេះទំនងជានីតិវិធីរបស់តុលាការ ដែលមិនបានកោះហៅជនជាប់ចោទ៥រូបដែលទើបតែត្រូវដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីដើមសប្តាហ៍មុន។
«តុលាការសម្រេចពន្យាពេលសវនាទៅថ្ងៃក្រោយ រង់ចាំតុលាការចេញដីការកោះតាមក្រោយ។ មូលហេតុគឺដោយក្រោយពីតុលាការសម្រេចដោះលែងនៅក្រៅឃុំជនត្រូវចោទ៥នាក់នឹងមក តុលាការអត់បានចេញដីការ កោះអ្នកទាំង៥នាក់និងឲ្យចូលរួមសវនាការនាថ្ងៃទី២០នេះទេ»។
ក្រុមមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១រូប រួមមាន លោក មាជ សុវណ្ណរ៉ា ប្រធានក្រុមព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការ ចោទពីបទចូលរួមនិងដឹកនាំកុប្បកម្មប្រឆាំងនឹងរដ្ឋាភិបាលបន្ទាប់ពីមានអំពើហិង្សាមួយនៅក្បែរទីលានប្រជាធិបតេយ្យនាថ្ងៃទី ១៥ ខែកក្កដាឆ្នាំ២០១៤។ តុលាកាសំអាងថាកងសន្តិសុខប្រមាណជិត៥០នាក់ដែលជួលដោយសាលាក្រុងភ្នំពេញ បានរងរបួសក្នុងអំពើហិង្សានោះ។
សកម្មជននយោបាយទាំង ១១នាក់ ត្រូវបានដាក់ឲ្យស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នជាបន្តបន្ទាប់។ ក្នុងនោះសកម្មជន៥រូបចុងក្រោយរួមទាំងលោក មាជ សុវណ្ណារ៉ា ផងនោះត្រូវបានគេដោះលែងកាលពីថ្ងៃច័ន្ទសប្តាហ៍មុន។ ការដោះលែងនេះគឺ មិនបានប៉ុន្មានថ្ងៃក្រោយពេលដែល គណបក្សនយោបាយធំៗទាំងពីរបានឯកភាពនយោបាយនិងយល់ព្រមបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីមួយកាលពីដើមខែនេះ។
តុលាការក្រុងភ្នំពេញបានពន្យាពេលសវនាការជាច្រើនលើកមកហើយរួមទាំងពេលដែលតុលាការមិនអនុញ្ញាតឲ្យអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានចូលស្តាប់ក្នុងបន្ទប់សវនាការជាដើម។
លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មានរបស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថារូបលោកនិងសកម្មជននយោបាយ១០រូបផ្សេងទៀតបានចូលរួមសវនាការកាលពីព្រឹកថ្ងៃច័ន្ទនេះផងដែរ ទោះបីជាគ្មានការកោះកៅពីតុលាការក៏ដោយ។ លោកបន្ថែមថា តុលាការគួរតែពន្លឿនដំណើរការកាត់ទោសនេះឲ្យបានឆាប់ ក្រោយពីមានកាស្រុះស្រួលនយោបាយនៅក្នុងស្រុកនោះ។
«ឥឡូវនយោបាយជាប់គាំង បានបញ្ចប់ ដោយវប្បធម៌សន្ទនារវាងលោកហ៊ុនសែន និងលោក សម រង្ស៊ីរួចអញ្ចឹងគួរតែតុលាការពន្លឿននីតិវិធីឲ្យលឿន ថាតើបើអត់ទោសទៅតាមអត់ទោស។ ហើយបើមានទោសហ្នឹងវាទោសយ៉ាងម៉េច ហើយត្រូវធ្វើយ៉ាងម៉េចទៀត ដើម្បីឲ្យវាជ្រះស្រឡះ ព្រោះយើងជាអ្នកនយោបាយ បើគេចោទទៅលើករណីអញ្ចឹងទៅ វាពិបាកក្នុងការធ្វើនយោបាយ ដើរហើរនិយាយស្តី»។
ទោះជាយ៉ាងណាក៏ដោយលោកនៅតែអះអាងថា លោកនិងសកម្មជន នយោបាយផ្សេងទៀត មិនមានទោសកំហុសអ្វីនោះទេ ក្នុងការធ្វើបាតុកម្មសុំឲ្យមានការបើកទីលានប្រជាធិតេយ្យឡើងវិញកាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៤ កន្លងមកនេះ។
ការចាប់ខ្លួននិងចោទលើសកម្មជននយោបាយទាំង១១រូបនេះ រងការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការសិទ្ធិមនុស្សក្នុងនិងក្រៅស្រុក។ ក្នុងនោះអង្គការ Human Rights Watch ដែលមានទីតាំងនៅទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិកបានហៅការចោទប្រកាន់ទៅលើក្រុមមន្ត្រីនិងសកម្មជនទាំង១១នាក់របស់គណបក្សសង្គ្រោះជាតិនេះថា ជា«រឿងគួរឲ្យអស់សំណើច» និងជារឿងនយោបាយ៕