រដ្ឋាភិបាលស៊ីរីនិងក្រុមប្រឆាំងមួយបាននិយាយថា មានការបាញ់ផ្តក់ដោយរ៉ុក្កែតនិងកាំភ្លើងត្បាល់ទៅលើសង្កាត់មួយត្រួតត្រាដោយរដ្ឋាភិបាលនៅក្នុងក្រុង Aleppo នាប៉ែកខាងជើងប្រទេសកាលពីថ្ងៃអាទិត្យ បណ្តាលឱ្យជនស៊ីវិល១៣នាក់ស្លាប់និងធ្វើឱ្យរបួស៤០នាក់ទៀត។
ទីភ្នាក់ងារព័ត៌មាន SANA របស់រដ្ឋនៃប្រទេសស៊ីរីបានផ្សាយថា ការវាយប្រហារដោយ«ពួកភេរវជន»បានកើតមានឡើងនៅក្នុងសង្កាត់ Sheikh Maqsoud ដែលមានអ្នកស្រុកភាគច្រើនជាជនអំបូរ Kurde ដែលបានរងការបាញ់ផ្តក់ដោយពួកបះបោរជាច្រើនថ្ងៃមកហើយ ទោះណាជាមានកិច្ចឈប់បាញ់គ្នាមិនមាំទាំមួយ ដែលត្រូវបានរៀបចំឱ្យមានឡើងដោយស.រ.អា.និងប្រទេសរុស្សីដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ កុម្ភៈ ក៏ដោយ។
អង្គការ Syrian Observatory for Human Rights ដែលជាក្រុមប្រឆាំងមួយមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស ដែលបានតាមឃ្លាំមើលជម្លោះក្នុងប្រទេសស៊ីរី បាននិយាយថាមានការបាញ់រ៉ុក្កែតនិងកាំភ្លើងត្បាល់ជាង៧០គ្រាប់ដាក់លើសង្កាត់ Sheikh Maqsoud ហើយបានរាយការណ៍ថា មានជនស៊ីវិលយ៉ាងតិចណាស់បីនាក់បានបាត់បង់ជីវិត ហើយ២៦នាក់ទៀតបានរងរបួស។
អង្គការនេះបានថ្លែងថា មានមនុស្សយ៉ាងហោចណាស់៩នាក់បានជាប់គាំងនៅក្រោមកំទេចអគារដែលត្រូវបានបំផ្លាញដោយសារការបាញ់ផ្តក់នេះ។
អង្គការ Observatory បាននិយាយថាគ្រាប់ផ្តក់ទាំងនេះត្រូវបានបាញ់ដោយពួកបះបោរ ដែលរួមបញ្ចូលសាខា al-Qaida ក្នុងប្រទេសស៊ីរី ដែលគេស្គាល់ថាជារណសិរ្ស Nusra។ ក្រុមនេះនិងក្រុមរដ្ឋឥស្លាម ដែលជាគូប្រជែងត្រូវបានផាត់ចេញពីកិច្ចឈប់បាញ់គ្នា។
កិច្ចឈប់បាញ់គ្នានេះ បាននាំឱ្យមានការចុះថមថយច្រើននៃអំពើហិង្សាក្នុងផ្នែកជាច្រើននៃប្រទេសស៊ីរី ត្រូវបានប្រព្រឹត្តតាមដោយភាគច្រើនទោះណាជាមានការរំលោភយូរៗម្តង និងការចោទប្រកាន់គ្នាទៅវិញទៅមក ថាបានរំលោភលើកិច្ចឈប់បាញ់គ្នានេះក៏ដោយ។
នៅពេលនេះស.រ.អា.និងប្រទេសរុស្សីកំពុងខិតខំនិយាយបញ្ចុះបញ្ចូលភាគីទាំងពីរឱ្យវិលត្រឡប់មកកាន់កិច្ចចរចាសន្តិភាពដែលចាត់ចែងដោយអ.ស.ប.នៅក្នុងក្រុងហ្សឺណែវវិញនៅសប្តាហ៍ក្រោយ៕