​តំណាង​រាស្ត្ររង​របួស​ប្តេជ្ញា​បន្ត​ឆន្ទៈ​នយោបាយ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ

លោកញ៉យ ចំរើន​ តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ​​កំពុង​ទទួល​ការព្យាបាល​នៅ​​ប្រទេសថៃ​​

នៅ​ក្នុង​បន្ទប់​ព្យាបាល​ពីរ​ដាច់​ពី​គ្នា​នៃ​មន្ទីរ​ពេទ្យ​ភីយ៉ាថៃ២ ​(Phyathai 2)​ នៅ​ទីក្រុង​បាកក​ប្រទេស​ថៃ ​អ្នក​តំណាង​រាស្ត្រ​២រូប​ដែល​រង​ការ​វាយ​ដំ​នៅក្នុង​អំពើ​ហិង្សា​មួយ​ដែល​បាន​កើតឡើង​នៅ​ចុង​ខែ​តុលា​ និយាយ​ថា ​ពួកគេ​ព្យាយាម​យ៉ាង​លំបាក​ដើម្បី​ទទួល​ការ​ព្យាបាល ​ហើយ​ថា​ មុខ​របួស​របស់ ពួកគេ​អាច​ប្រើ​ពេល​យូរ​បន្តទៅ​ទៀត​ដើម្បី​បាន​ជា​សះស្បើយ​ឡើង​វិញ។​ ពួក​គេ​ក៏​ទទូច​ឲ្យ​មាន​ការ​បញ្ចប់​នូវ​វប្បធម៌​ហិង្សា​នយោបាយ​ផង​ដែរ។​

ដោយ​ដៃ​ខាង​ស្តាំ​នៅ​មាន​រុំស្បៃ​ដើម្បី​ការព្យាបាល​ក្រោយ​ពីការ​វះកាត់​នោះ​ ​លោក​ញ៉យ ចំរើន ​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​មក​ពី​គណបក្ស​ជំទាស់​ ថ្លែង​ពីក្តី​លំបាក​នៅ​ក្នុង​ការ​ព្យាបាល ​និង​បារម្ភ​ពី​ស្ថានភាព​នៃ​មុខ​របួស​របស់​លោក​ដែល​អាច​នឹង​ធ្វើឲ្យ​លោក​ប្រើ​ពេល​យូរ​បន្ថែម​ទៀត​ក្នុង​ការ​ព្យាបាល​មុន​នឹង​លោក​អាច​វិល​ទៅ​រក​ជីវិត​នយោបាយ​របស់​លោក​វិញ។​

លោក​គង់ សភា តំណាងរាស្ត្រ​រងរបួសកំពុងទទួ​ល​ការ​ព្យាបាលនៅប្រទេស​ថៃ​

លោក និង​តំណាង​រាស្ត្រ​ម្នាក់​ផ្សេង​ទៀតបាន​ទទួលការ​វាយប្រហារ​ពីក្រុម​បាតុករ​មួយ​ក្រុម​ដែល​បង្ក​ហិង្សា​នៅ​ចុង​បញ្ចប់​នៃ​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដក​លោក​កឹម សុខា​ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចេញពី​តំណែង​អនុប្រធានទី​មួយ​នៃ​សភាជាតិ។​

លោក​ញ៉យ ចំរើន​ រៀបរាប់​ពីការ​ឈឺចាប់​បង្ក​ដោយការ​វាយ​ប្រហារ​នោះ​ប្រាប់​វីអូអេ​នៅ​ក្នុង​បន្ទប់​ព្យាបាល​មួយ​នៃ​មន្ទីរពេទ្យភីយ៉ាថៃ​២​ថា៖ ​

«ឥឡូវ​វានៅ​តែ​ឈឺ​ចាប់​ និង​ពិបាក​ ហើយ​សូម្បី​តែ​ក្អក​បន្តិច​ហ្នឹង​ក៏​នៅ​ចុក​ឆ្អឹង​ជំនី​ហើយ​និង​ដើម​ទ្រូង​ ​ហ្នឹង​ ហើយ​ដៃ​ខាង​ស្តាំ​ ដែល​បាក់​បី​កំណាត់​ហ្នឹង​ វា​នៅ​តែ​ឈឺ​ ដោយ​សារ​គេ​ដាក់​ដែក​ ដាក់​ដែក​ក្នុង​ដៃ​ផង​ ចាប់​ដែក​ពី​ក្រៅ​ផង​ ហើយ​ច្រមុះ​ដែល​បាក់​ នៅ​ស្ពឹក​នៅ​ឡើយ​ ហើយ​ធ្មេញ​បាក់​ពី​ខាង​មុខ​ហ្នឹង​ គេ​ទើប​នឹង​ជួស​ជុល​ហើយ។​ ប៉ុន្តែ​អា​ឆ្អឹង​មួយ​ ដែល​បាក់​ចូល​ភ្នែក​ ក្រោយ​ពី​វះកាត់​ប្រាំ​ម៉ោង ​ហើយ ​សម្រាក​បាន​ប៉ុន្មាន​ថ្ងៃ ជាសំណាង​ល្អ​ដែល​មើល​ឃើញ​វិញ​ អា​ភ្នែក​ខាង​ស្តាំ​នេះ។​ ប៉ុន្តែ​ក្រៅ​ពីហ្នឹង​ទៀត​ វានៅ​តែ​គ្រាំ​គ្រា​នៅ​ឡើយ»។​

លោក​ថ្លែង​ថា​ ការ​ព្យាបាល​ស្ថាន​ភាព​ជំងឺ​ដែល​បន្សល់​ពី​របួស​ស្នាម​នេះនឹង​មិន​អាច​អនុញ្ញាត​ឲ្យ​លោក​ត្រឡប់​ទៅ​បំពេញ​ការងារ​របស់​លោកបាន​ភ្លាមៗ​នោះទេ​ តែ​លោក​បញ្ជាក់​ថា​ លោក​នឹង​មិន​បោះ​បង់​ចោល​អាជីព​ធ្វើ​នយោ​បាយ​របស់​លោក​នោះ​ដែរ។​

«មួយ​ជីវិត​ខ្ញុំ​នេះ​គឺ​ថា​ ទោះ​បី​ក្មេង​មែន​ ២០​ឆ្នាំ​ហើយ​ ដែល​ខ្ញុំ​ប្រឡូក​កិច្ចការ​ជួយ​ជាតិ​នេះ។ ខ្ញុំ​ជា​មេដឹក​នាំ​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ឆ្នាំ​១៩៩៨​ ដែល​បាន​ដឹកនាំ។​ ដោយ​សារមូលហេតុ​ហ្នឹង​ធ្វើ​ឲ្យ​ខ្ញុំបោះ​បង់​ចោល​មហា​វិទ្យាល័យ​ ដែល​កំពុង​រៀន​ ហើយ​រហូត​ដល់​ខ្ញុំ​បែក​ពី​ស្រុក​កំណើត​មក​នៅ​ស្រុក​ថៃ ​រហូត​ដល់​ធ្លាក់​ទៅ​នៅ​អាមេរិក​ ហើយ​២០​ឆ្នាំ​នេះ​អត់​ទាន់​បោះ​បង់​ទេ។​ អញ្ចឹង​មួយ​ជីវិត​ខ្ញុំ​នេះ​លះបង់​ជូន​ជាតិ​ហើយ​ អត់​ថយ​ក្រោយ​ទេ»។​

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​អ្នក​តំណាង​រាស្ត្រ​រូប​នេះ​បាន​ទទួល​ការ​វាយ​ដំ​ពី​ក្រុម​អ្នក​តវ៉ា​ ដោយ​កាល​ពី​ឆ្នាំ​មុន​ លោក​ត្រូវ​បាន​ក្រុម​អ្នក​ត​វ៉ា​វាយ​ឲ្យ​ត្រូវ​របួស​យ៉ាង​ដំណំ​នៅ​ត្រង់​ក្បាល​ផ្នែក​ខាង​ឆ្វេង។

​កាលពី​ថ្ងៃច័ន្ទ​ទី២៦ ​ខែ​តុលា​កន្លងទៅ លោក​ញ៉យ ចំរើន​ និង​លោក​គង់​ សភា​ត្រូវ​បានក្រុម​ជន​បិទ មុខ​ស្ទាក់​រថយន្ត​ និង​ទាញរូប​លោក​ចេញ​ពី​រថយន្ត​ ​ហើយ​ផ្តើមការ​វាយ​ទាត់​ធាក់ ​ដោយ​មិន​មាន​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​មាន​សមត្ថ​កិច្ច​នោះ​ទេ។ គេ​ជឿ​ថា​ ក្រុម​ជន​សង្ស័យ​ទាំង​នោះគឺ​ជា​បាតុករ​ ដែល​នៅ​សេស​សល់​ពី​ការ​តវ៉ា​ឲ្យ​មាន​ការ​ដកលោក​កឹម សុខា​ចេញ​ពី​តំណែង​អនុ​ប្រធាន​ ទីមួយ​នៃ​រដ្ឋ​សភាជាតិ។ ​រូបភាព​នៃការ​វាយ​ប្រហារ​លើ​ក្រុម​តំណាង​រាស្ត្រ​របស់​គណបក្ស​ជំទាស់​ត្រូវ​បាន​គេ​ចែក​ចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​កឹម សុខា​ ហើយ​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​នេះ​ ត្រូវ​គេ​ជឿ​ថា​ ជាការ​រៀប​ចំដោយ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​គ្រប់​គ្រង​ប្រទេស។​

លោក​គង់ សភា​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ស្វាយរៀង​ ដែល​រង​របួស​ជា​ដំណំ​នៅ​ត្រង់​ត្រចៀក​ខាង​ឆ្វេង​ និង​លើ​ក្តោង​ច្រមុះ ​ដែល​តម្រូវ​ឲ្យ​មាន​ការ​វះកាត់​ដែរនោះ​ ​បាន​ថ្លែង​ពី​បន្ទប់​ផ្សេង​មួយ​ទៀត​ពី​មន្ទីរពេទ្យ​ដដែល​ថា​ លោក​ពិបាក​ក្នុង​ការ​ទទួល​ទាន​ដំណេក​ដោយ​សារ​តែ​នឹក​ដល់​ហេតុការណ៍​វាយ​ប្រហារ​នោះ។​

«ក្រោយ​ពី​ការ​ព្យាបាល​មក​ និយាយ​ពី​អារម្មណ៍​ដែល​យើង​ជួប​ប្រទះហេតុ​ការណ៍​ដែល​មាន​ការ​វាយ​ដំ​ ចេតនា​វាយ​មក​រូប​ខ្ញុំ​គឺ​ថា​ អារម្មណ៍​យើង​មិន​អាច​បំភ្លេច​នូវ​ទិដ្ឋ​ភាព​ដែល​គេ​កំពុង​តែ​វាយ​យើង​បាន​ទេ។​ គេង​ទៅ​ក៏​នៅ​មាន​អារម្មណ៍​មមើ​មមាយ​ ឃើញ​ទិដ្ឋភាព​ដ៏​ឃោរ​ឃៅ​នេះ។​ ប៉ុន្តែ​គ្រាន់​តែ​ថា​ ក្នុង​ចិត្ត​ខ្ញុំ​ចេះ​តែ​ខំ​រំងាប់​ដើម្បី​កុំ​ឲ្យ​គិត​អី​ ដើម្បី​ឲ្យ​ចិត្ត​យើង​ជ្រះ​ស្រឡះ។​ ប៉ុន្តែ​អារម្មណ៍​នៅ​តែ​ដក់​ជាប់​ក្នុង​ខួរ​ក្បាល​របស់​យើង​នូវ​ទិដ្ឋ​ភាព​ហ្នឹង»។

លោក​បន្ត​ថា ទោះ​ណា​ជា​លោក​បាន​ទទួល​រង​នូវ​ការ​វាយ​ដំយ៉ាង​នេះ​ក៏​ដោយ​ លោក​នឹង​មិន​លះ​បង់​ការ​តស៊ូ​ផ្លូវ​នយោបាយ​របស់​លោក ក្នុង​ការ​ផ្លាស់​ប្តូរ​មេដឹកនាំ​រដ្ឋាភិបាល​តាមរយៈការ​បោះ​ឆ្នោត​នា​ពេល​ខា​ង​មុខ​នោះ​ទេ។

«ទោះ​បី​រូប​កាយ​ខ្ញុំ​ត្រូវ​របួស​ រាង​កាយ​ខ្ញុំ​ត្រូវ​របួស​ តែ​ឆន្ទះ​ខ្ញុំ​ឧត្តម​គតិ​ខ្ញុំ​មិន​អាច​របួស​បាន​ទេ​។ ខ្ញុំ​នៅ​តែ​ធ្វើ​ជា​អ្នក​តំណាង​រាស្ត្រ​ដើម្បី​បម្រើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ បម្រើ​យុវជន​ស្នេហា​ជាតិ​ ប្រជា​ពលរដ្ឋ​សេ្នហា​ជាតិ​ទាំង​អស់​ ដែល​កំពុង​តែមាន​ទឹក​ចិត្ត​ពុះ​កញ្ជ្រោល​ ក្នុង​ការ​ផ្លាស់​ប្តូរ។​ អញ្ចឹង​ខ្ញុំ​ត្រូវ​តែ​បន្តឧត្តមគតិ​ជាតិនេះ​ ជូន​ដល់​យុវជន​ស្នេហា​ជាតិ​ទាំង​ហ្នឹង​ ហើយ​ខ្ញុំ​មិន​តក់​ស្លុត​ មិន​មាន​ការ​ភ័យ​ខ្លាចទេ​ ហើយ​ខ្ញុំ​នៅ​តែ​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ចូលរួម​ក្នុង​ការ​ផ្លាស់​ប្តូរ​នៅ​ឆ្នាំ​២០១៧ និង​២០១៨​ត​ទៅ​មុខ​ទៀត»។​

ក្រោយ​ព្រឹត្តិការណ៍​វាយ​ដំ​យ៉ាង​ហិង្សា​នៅ​ក្បែរ​បរិវេណ​នៃ​សភា​ជាតិ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​បាន​រក​ឃើញ​ និង​ចាប់​ខ្លួន​ជនសង្ស័យភ្លាមៗ ដែល​ចូលរួម​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដែល​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​រូបនេះ​ ហៅ​ថា​ ជា​ការ​ធ្វើ​ឲ្យ​ខូច​កិត្យានុភាព​ ក្នុង​នាម​ជា​ប្រជាជាតិ​ដែល​មាន​ឥរិយា​មាយាទទន់​ភ្លន់។​

ស្រប​ពេល​ជាមួយ​គ្នានោះ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ និង​ប្រទេស​ដែល​ផ្តល់​តម្លៃ​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស​ រួមមាន​សហ​រដ្ឋ​អាមេរិក​ និង​សហ​ភាព​អឺរ៉ុប បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​ចំពោះ​អំពើ​ហិង្សា​នេះ។​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​Human Rights Watch ដែល​តាម​ដាន​យ៉ាង​ដិត​ដល់​ចំពោះ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ បាន​ចេញ​សេចក្តី​ការណ៍​បន្ទាន់​មួយ​ ថ្កោល​ទោស​អំពើ​ហិង្សា​នេះ​ផង​ដែរ។​

អង្គការ​សិទ្ធិ​មនុស្ស​នេះ​បាន​និយាយ​ថា ​«ការ​វាយ​ប្រហារ​យ៉ាង​យង់​ឃ្នង» ​លើ​តំណាងរាស្ត្រ​គណ​បក្ស​ប្រឆាំង​ គឺ​ស្រដៀង​ទៅ​នឹង​អ្វី​ដែល​ធ្លាប់​បាន​កើត​ឡើង​ចំពោះ​គណបក្ស​ជំទាស់​ផ្សេង​ទៀត​ដែល​ធ្លាប់​បាន​ប្រកួត​ប្រជែង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​នា​អំឡុង​ទសវត្សរ៍​១៩៩០។​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​ដដែល​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ​បាតុកម្ម​ប្រឆាំង​នឹង​លោក​កឹម សុខា ​អនុប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ​ គឺមាន​ការ​គាំទ្រពីលោក​ឧត្តម​សេនីយ៍គន់ គឹម​ សមាជិក​អចិន្ត្រៃយ៍​នៃ​គណ​បក្ស​ប្រជាជន​កម្ពុជា ​ដែល​បានចេញ​សេចក្តី​ថ្លែងការណ៍​គាំទ្រ​ការ​ទម្លាក់​លោក​កឹម សុខា​ពី​តំណែង​អនុ​ប្រធាន​ទី១​នៃ​រដ្ឋសភា​ក្នុង​ថ្ងៃ​បាតុកម្ម​នោះ​ផង​ដែរ។​

លោក ​Brad Adams ​ប្រធាន​ការិយា​ល័យ​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​Human Rights Watch​ បាន​សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​នោះយ៉ាង​ដូច្នេះ​ថា​ «ការ​ប្រើប្រាស់​អំពើ​ហិង្សា​ របស់​ពលរដ្ឋ​ដើម្បី​វាយ​ប្រហារ​លើ​តំណាងរាស្ត្រ​គណបក្ស​ជំទាស់នោះ ​បាន​បញ្ជូន​សញ្ញា​ភ័យ​ខ្លាច​មួយ​ដល់​ប្រជា​ពលរដ្ឋកម្ពុជា​ ហើយ​វា​បង្ហាញ​ពី​រលក​នៃ​អំពើ​ហិង្សា​ផ្នែក​នយោបាយ​ថ្មី​មួយ​ដែល​អាច​កើត​ឡើង​គ្រប់​ពេល​ និង​គ្រប់​ទី​កន្លែង»។​

បន្ទាប់​មក ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាសថ្កោលទោស​អំពើ​ហិង្សានេះ​ និង​អំពាវនាវ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ​ ឲ្យ​បង្ហាញ​ភស្តុតាងចាប់​ជន​សង្ស័យ ​ដែល​វាយ​ដំ​លើ​តំណាង​រាស្ត្រ​ទាំង​ពីរនាក់​នោះ។​ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ការ​ប្រកាស​នេះ​ រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ ខ្លួន​បាន​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​ដែល​ជាប់​ពាក់​ព័ន្ធ។​ ភ្លាមៗ​នោះ​ ជន​បី​រូប​ ដែល​មាន​ឈ្មោះ​ម៉ៅ ហឿន​អាយុ​៣៤ឆ្នាំ ​មក​ពី ខេត្ត​ព្រៃវែង ​ចាយ សារិទ្ធ ​អាយុ​៣៣​ឆ្នាំ ​និង​សុត វណ្ណនី ​អាយុ​៤៥​ឆ្នាំ ​រស់​នៅ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល ​បាន​ស្ម័គចិត្ត​ប្រគល់ខ្លួន​ឱ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ និង​អះអាង​ថា​ ពួក​ខ្លួន​ជា​អ្នក​បង្ក​របួស​ស្នាម​ដល់​តំណាង​រាស្ត្រពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ការ​ចូលខ្លួន​របស់​ពួក​គេ​ធ្វើឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​មន្ត្រី​នៃ​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ថ្លែង​បញ្ជាក់​ពីការ​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ។​

យ៉ាងណា​ក៏ដោយ​ អ្នក​តំណាង​រាស្ត្រ​ទាំងពីរ​រូប​ដែល​រង​ការ​វាយ​តប់​នេះ​ទទូ​ច​ស្នើឲ្យ​រដ្ឋាភិបាល​រក​ឲ្យ​ឃើញ​ជន​ដែល​នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​ហិង្សា​នេះ។ ពួក​គេបាន​ស្នើ​ឲ្យ​មាន​ការ​បញ្ចប់អំពើ​ហិង្សា​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​បន្ត​រក្សា​វប្បធម៌​សន្ទនា។​

លោក​ញ៉យ ចំរើន​ ពន្យល់​ថា៖

«ខ្ញុំ​ថា​ វាមិន​ជាការ​ល្អ​ប្រសើរទេ​ នៅ​ក្នុង​ការ​ដោះ​ស្រាយ​ បែប​ហ្នឹង​ ហើយ​យើង​ឃើញ​រហូត​មក​ហ្នឹង​គឺ​ថា​ ភាគ​ច្រើន​មាន​អំពើ​ហិង្សា​មក​លើ​គណបក្ស​ប្រឆាំង​យើង​ហ្នឹង​ គឺ​ថា​ ​រហូត​មក​ ឃើញ​តែ​អំពើ​ហិង្សា។ អញ្ចឹង​ គឺ​ថា ​ធ្វើ​ឲ្យ​គេ​ បរទេស​ ថ្មីៗ ​យើង​ឃើញ​ហើយ​ថា​ គេ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ ទាំង​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​ស្រុក​ខ្មែរ​ ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ រហូត​ដល់​សហគមន៍​អឺរ៉ុប​ រហូត​ដល់​អង្គការ Human Rights Watch ហើយ​អង្គការ​សហ​ប្រជាជាតិ​ផង​ ហើយ​ខ្ញុំ​មើល​ឃើញថា​ អាហ្នឹង​មិន​ជា​ការ​ដែល​ល្អ​សម្រាប់​ស្រុក​យើង​ទេ។ អញ្ចឹង​ខ្ញុំ​អំពាវនាវ​ថា​ នយោបាយ​អញ្ចឹង​គួរ​បញ្ចប់​នៅ​ស្រុក​ខ្មែរ។​ ហើយ​ជា​ពិសេស​ នៅ​មួយ​ទៀត​ រឿង​រួច​ទោស​ហ្នឹង វប្បធម៌​ឲ្យរួច​ទោស​ហ្នឹង​គឺ​ថា វាគួរ​តែ​បញ្ឈប់។ អញ្ចឹ​ងហើយគួរតែ​រដ្ឋាភិបាល​ហ្នឹងធ្វើ​ឲ្យ​បាន​ពិត​ប្រាកដ​រឿង​ក្តី​ហ្នឹង​ផង​ដែរ»។​

រី​ឯ​លោក​គង់​ សភា​ថ្លែង​ថា លោក​មិន​យក​ហិង្សា​តបនឹង​អំពើ​ហិង្សា​នោះ​ទេ​ ដោយ​លោក​បញ្ជាក់​ថា​ ​វប្បធម៌សន្ទនា​គួរ​តែ​ត្រូវ​បាន​ប្រើ​ប្រាស់​បន្ត​ទៀត​ ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវ​នយោ​បាយ​មុន​នឹង​ការ​ឈាន​មក​ដល់​នៃ​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ។​

«ទស្សនៈ ឥឡូវ​នេះ​ ខ្ញុំ​មើល​ឃើញ​ថា​ គណបក្ស​ទាំង​ពីរ​កំពុង​តែ​អនុវត្ត​នូវ​វប្បធម៌​សន្ទនា​ខ្លះ​ អ្ហឺ​ខ្លាំង​ដែរ​ ដោយសារ​ថា​ បើ​គណបក្ស​នយោបាយ​ធំ​ទាំង​ពីរ​ងាក​មក​ចរចា​ជជែក​គ្នា​ ដោយ​យក​ចំណេះ​ដឹង​ ដោយ​សន្តិ​វិធី​ មក​ជជែក​ កុំយក​អំពើ​ហិង្សា​ អាហ្នឹង​យើង​ជឿថា​ ព្រឹត្តិ​ការណ៍​មុនការ​បោះ​ឆ្នោត រហូត​ដល់​ការ​បោះ​ឆ្នោត​ បើ​យើង​ខ្មែរ​អាច​ជជែក​គ្នា​បាន​ ប្រហែល​ជា​នឹង​មិន​មាន​អំពើ​ហិង្សា​ទេ។ តែបើ​គណបក្ស​កាន់អំណាចគាត់​នៅ​តែ​ប្រើ​អំពើ​ហិង្សា​ ប្រើ​គំនិត​ និង​ស្មារតី​សម្លុត​ គំរាម​កំហែង​ បំភិត​បំភ័យ​អំពីសង្គ្រាម​អានោះ​ ខ្ញុំ​មិន​អាច​ទាយ​ទុក​មុន​ថា​ តើ​មាន​ព្រឹត្តិ​ការណ៍​អី​ វាយ​អ្នក​តំណាង​រាស្ត្រ​ ឬ​វាយ​អ្នក​ណា​ត​ទៅទៀត​ទេ ធ្វើ​បាប​រាស្ត្រ​ហូរ​ឈាម​ពេញ​នគរ​តទៅ​ទៀត​ អា​នោះ​ខ្ញុំអត់​ដឹង​ទេ។ ​ ប៉ុន្តែ​ឆន្ទៈខ្ញុំ​នៅតែ​មុះ​មុត​ នៅ​តែ​តស៊ូ​ ទោះ​មាន​ព្រឹត្តិការណ៍​អី​កើត​ឡើង​ក៏ដោយ»។​

អំពើ​ហិង្សា​ផែ្នក​នយោបាយ​បាន​អូស​បន្លាយ​ជាង​៣០​ឆ្នាំ​មកហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​ដោយលោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន។​ នេះ​បើតាម​ការ​បញ្ជាក់​ពី​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា។​ អំពើ​ហិង្សា​នយោបាយ​បានកើត​មាន​ជាថ្មី​ទៀត​ នៅ​ក្រោយ​ការ​ប្រកាស​លទ្ធផល​ឆ្នោត​ឆ្នាំ​២០១៣។ ​អំពើហិង្សា​មួយ​ ដែល​សន្តិសុខ​ជួល​ដោយ​រដ្ឋាភិបាល​ចោទ​ថា​ ប្រព្រឹត្ត​ដោយ​ក្រុម​បាតុករ​គណបក្ស​សង្គ្រោះជាតិ​នោះ​ បាន​កើតឡើង​នៅ​ក្បែរ​ទីលាន​ប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ កក្កដា​ ឆ្នាំ​២០១៤ គឺ​ក្នុង​កំឡុង​ពេល​នៃ​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធ​ផល​ឆ្នោត​ដោយ​ក្រុម​គណបក្ស​ជំទាស់។​ ក្រោយពី​មាន​អំពើ​ហិង្សានេះ​ គណបក្ស​នយោបាយ​បានបញ្ចប់ភាព​ទាល់​ច្រក​ផ្នែក​នយោបាយ​ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បានចុះ​កិច្ច​ព្រម​ព្រៀង​នយោបាយ​មួយ​កាល​ពី​ថ្ងៃ​ទី​២២ខែ​កក្កដា​ឆ្នាំ​២០១៤។​ កិច្ច​ព្រមព្រៀង​នេះ​បាន​ជួយ​ឲ្យ​មាន​ការ​ដោះ​លែង​តំណាង​រាស្ត្រ​គណបក្ស​នេះ​ចំនួន​៧​រូប​ ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ បាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​នេះ។​

បន្ទាប់​មក ​ លោក​ហ៊ុន សែន​ ​មេដឹកនាំ​គ្រប់​គ្រង​ប្រទេស​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​សម រង្សី​ មេដឹកនាំ​បក្ស​ប្រឆាំង​បាន​ព្រម​ព្រៀង​គ្នា​អនុវត្ត​វប្បធម៌​សន្ទនា​ ដើម្បី​បញ្ចៀសការ​វាយ​ប្រហារ​គ្នា​ ដែលនាំ​ឲ្យ​ខូច​ដល់ទំនាក់​ទំនង​ការ​ងារ​រវាង​តំណាង​រាស្ត្រ​នៃ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ ​និង​គណបក្សប្រឆាំង។​ យ៉ាងណា​ក៏ដោយ​ កំដៅ​នយោបាយ​បាន​កើន​ខ្លាំង​ជាថ្មី​ នៅ​ពេល​តំណាង​រាស្ត្រ​នៃ​គណបក្ស​ជំទាស់​មួយ​ក្រុម​ចាប់​ផ្តើម​សើរើ​បញ្ហា​ផែន​ទី​ និង​ព្រំដែន​កម្ពុជា​ និង​វៀតណាម​ឡើង​វិញរហូត​ធ្វើ​ឲ្យ​អាជ្ញាធរ​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ចាប់​បញ្ជូន​សកម្ម​ជន​នយោបាយ​ និង​មន្ត្រី​នៃ​គណបក្ស​ជំទាស់ទៅ​ដាក់ពន្ធនាគារ។ ​រហូត​មក​ដល់​ពេលនេះ​ គឺ​មាន​សកម្ម​ជន​នយោបាយ​ និង​មន្ត្រី​នៃ​គណបក្ស​ជំទាស់​ជាង​១០​នាក់​ ក្នុង​នោះ​មាន​សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប​ផង​ដែរ​ កំពុង​ជាប់​ក្នុង​ពន្ធនាគារ។​ កំសួល​នយោបាយ​បន្ត​កើនឡើង​ទៀត​ នៅ​ពេល​មេដឹក​នាំ​គណបក្ស​ជំទាន់​ទាមទារឲ្យមាន​ការ​បង្កើត​តុលាការ​ឯករាជ្យ​ និង​ការ​ពិនិត្យ​បញ្ហាដី​ធ្លី​ឡើង​វិញ។ លើសពីនេះ​ទៅទៀត​ មួយ​រយៈ​ពេល​ចុងក្រោយ​នេះ​ លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ត្រូវ​បាន​ស្វាគមន៍​ដោយ​ការ​ធ្វើ​បាតុកម្ម​នៅ​ពេល​លោក​ចេញ​ទៅ​ធ្វើ​ទស្ស​កិច្ច​នៅ​ក្រៅ​ប្រទេស។​ អំពើ​ហិង្សាកាល​ពី​ថ្ងៃ​ទី​២៦​តុលាបាន​កើតមាន​ក្រោយ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ដែល​ថា​ បាតុកម្ម​មួយ​នឹង​កើតឡើង​នៅ​ទីក្រុង​ភ្នំពេញ​ បន្ទាប់​ពី​មាន​បាតុកម្ម​បាន​កើត​ឡើង​នៅ​ប្រទេស​បារាំង​ ក្នុង​ថ្ងៃ​ដំបូង​នៃទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​នៅ​ទីនោះ។

ទោះ​បី​ជា​យ៉ាងណាក៏​ដោយ​ នៅ​ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើ​ប្រាស់​ប្រព័ន្ធ​បង្ហូរ​ទឹក​ស្អុយ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​ថា ជន​សង្ស័យ​ដែល​បាន​បង្ក​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ​ពីរ​នាក់​នោះ​ពុំមែន​ជា​អ្នក​ចូលរួម​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដក​អនុប្រធាន​បក្ស​ជំទាស់​ចេញ​ពី​តំណែង​អនុប្រធាន​ទីមួយ​នៃ​សភាជាតិ​នោះ​ទេ។​ លោក​ហ៊ុ សែន​បាន​ថ្លែង​ប្រាប់អ្នក​ស្តាប់​សុន្ទរកថា​សាធារណៈ​ផ្ទាល់​របស់​លោកថា​អំពើ​ហិង្សានោះ​កើត​ឡើង​ដោយសារ​ជន​សង្ស័យ​ខឹង​នឹង​តំណាង​រាស្ត្រ​ទាំង​ពីរ​នាក់​នេះ​ ដែល​បាន​ហៅ​ពួក​គេ​ថា​ «អាយ៉ាង​យួន»។​

អ្នក​តំណាង​រាស្ត្រ​ទាំងពីរ​រូបនេះ​បាន​ឆ្លើយ​តប​ភ្លាមៗ​ ដោយ​បាន​និយាយ​ថា​ ពួក​គេពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​របស់​លោក​ហ៊ុន សែន​នោះ​ទេ។​បើ​ទោះ​ជា​មាន​ការ​បន្ទោស​គ្នា​ទៅវិញ​ទៅមកយ៉ាង​នេះ​ក្តី​ លោក​ហ៊ុន សែន​បានបញ្ជា​ឲ្យ​រដ្ឋសភា​ជាតិ​ផ្តល់​ថវិកា​ព្យាបាល​របួស​របស់​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​នេះ​ផង​ដែរ។​ តែ​អ្នក​ជួយ​ចាត់​ចែង​ការ​ចំណាយ​លើ​ការ​ព្យាបាល​តំណាង​រាស្ត្រ​ពីរ​រូប​នេះ​ថ្លែង​ថា​ ​ថវិកា​ ដែល​ផ្តល់​ដោយ​រដ្ឋសភា​នឹង​មិន​គ្រប់​នោះ​ទេ​ ដោយ​ការ​ចំណាយ​គឺ​អស់​ជិត​៣​ម៉ឺន​ដុល្លារអាមេរិក​ គិត​ចាប់​ពី​ថ្ងៃ​ទទួល​ការ​ព្យាបាល។​ អ្នក​តំណាង​រាស្ត្រ​ទាំងពីរនាក់​នេះបាន​សម្តែងក្តី​បារម្ភចំពោះ​ការ​ខ្វះ​ខាត​ថវិកា​ក្នុង​ការ​ព្យាបាល នៅគ្រា​ដែល​ពួក​គេ​មិន​ទាន់​ប្រាកដ​ថា​ ពួក​គេ​អាច​នឹង​ជា​សះស្បើយ​នៅ​ពេលណា​នោះ​ទេ៕