វិសមភាព​និង​ជោគ​វាសនា​នៃ​ជន​ក្រីក្រ​រាប់​លាន​នាក់​ត្រូវបាន​ពិភាក្សា​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តី​ពី​អាស៊ាន

មេដឹកនាំនៃតំបន់ទន្លេមេគង្គពិភាក្សាពីទស្សនវិស័យរបស់ពួកគេនៅក្នុងវេទិកា​សេដ្ឋកិច្ច​ពិភពលោកស្តីពីអាស៊ាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។

អនុប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​លោក Stephen Groff បាន​ប្រាប់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តី​ពី​អាស៊ាន ដែល​បាន​ផ្សាយ​តាម​អ៊ីនធឺណិត​ថា កំណើន​វិសមភាព​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន ធ្វើ​ឲ្យ​មាន​ផល​អវិជ្ជមាន​ចំពោះ​សេដ្ឋកិច្ច និង​ប៉ះពាល់​ដល់​រចនា​សម្ព័ន្ធ​សង្គម។

វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តី​ពី​អាស៊ាន ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣​ខែ​កញ្ញា ឆ្នាំ​២០១៨ ដែល​ផ្តោត​លើ​ការ​ប្រែក្លាយ​តំបន់​អាស៊ាន​ឲ្យ​ទៅ​ជា​តំបន់​ដែល​មាន​បច្ចេកវិទ្យា​ឈាន​មុខ។ វិសមភាព​ក៏​ត្រូវ​បាន​បញ្ចូល​ក្នុង​របៀប​វរៈ​នៃ​កិច្ច​ប្រជុំ​នោះ​ផង​ដែរ។

បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​ដែល​ផ្សាយ​ដោយ PriceWaterhouseCoopers អាស៊ាន គឺ​ជា​តំបន់​ដែល​មាន​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​វិវត្តន៍​យ៉ាង​ឆាប់​រហ័ស​បំផុត​នៅ​លើ​សាកល​លោក ដែល​មាន​ផលិតផល​ក្នុង​ស្រុក​សរុប​ប្រមាណ​២​ពាន់​៥​រយ​លាន​ដុល្លា​នៅ​ក្នុង​ឆ្នាំ​២០១៦។

ប៉ុន្តែ​តំបន់​នេះ​ត្រូវ​បាន​ដឹង​ថា​មាន​វិសមភាព ដែល​ប្រជាជន​មួយ​ភាគ​ធំ​ស្ថិត​ក្នុង​ភាព​ក្រីក្រ ដែល​ងាយ​រង​គ្រោះ​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច និង​គ្រោះ​ធម្មជាតិ។

អនុប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​លោក Stephen Groff បាន​ប្រាប់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តី​ពី​អាស៊ាន ដែល​បាន​ផ្សាយ​តាម​អ៊ីនធឺណិត​ថា កំណើន​វិសមភាព​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន ធ្វើ​ឲ្យ​មាន​ផល​អវិជ្ជមាន​ចំពោះ​សេដ្ឋកិច្ច និង​ប៉ះពាល់​ដល់​រចនា​សម្ព័ន្ធ​សង្គម។

លោក​បាន​និយាយ​ថា៖ «នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ យើង​បាន​ឃើញ​ថា​មាន​បញ្ហា​វិសមភាព​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ កំណើន​វិសមភាព គួរ​ឲ្យ​បារម្ភ​ខ្លាំង​ណាស់។ អត្រា​វិសមភាព​មិន​បាន​ថមថយ​នោះ​ទេ ប៉ុន្តែ​វា​កើន​ឡើង​កាន់​តែ​ខ្លាំង»។

បើ​យោង​តាម​សារព័ត៌មាន ASEAN Post នៅ​ក្នុង​ប្រទេស​ថៃ អភិជន​ដែល​មាន​ចំនួន​ត្រឹម​តែ​មួយ​ភាគ​រយ​នៃ​ប្រជាជន​ថៃ​សរុប គ្រប់​គ្រង​ប្រហែល​៥៨​ភាគរយ​នៃ​ទ្រព្យ​សម្បត្តិ​របស់​ប្រទេស​នេះ។ នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី អភិជន​ដែល​មាន​ចំនួន​ត្រឹម​តែ​មួយ​ភាគរយ​នៃ​ប្រជាជន​ឥណ្ឌូនេស៊ី​សរុប​ដែរ​នោះ គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​ប្រហែល​ពាក់​កណ្តាល​នៃ​ប្រទេស​នេះ ហើយ​មហាសេដ្ឋី​ដែល​មាន​បំផុត​៤​រូប​នៅ​ក្នុង​ប្រទេស​នេះ មាន​ទ្រព្យ​សមុ្បត្តិ​ច្រើន​ជាង​ទ្រព្យ​សម្បត្តិ​របស់​ជន​ក្រីក្រ​១០០​លាន​នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

លោកស្រី Anne-Birgitte Albrectsen នាយិកាប្រតិបត្តិ​នៃ​អង្គការ Plan International បាន​ប្រាប់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ថា វិសមភាព​ត្រូវ​បាន​បង្ហាញ​តាមរយៈ​រូបភាព​ដែល​ស្រ្តី និង​កុមារី​ជា​ច្រើន​មិន​អាច​ទទួល​បាន​ឱកាស​ស្មើ​គ្នា​ជា​មួយ​បុរស ក្នុង​ការ​ទទួល​បាន​ការ​អប់រំ ការងារ និង​សេវាកម្ម​សង្គម។

លោកស្រី​បាន​និយាយ​ថា៖ «ដូច្នេះ​រូបភាព​នៃ​វិសមភាព​សម្រាប់​ខ្ញុំ សំដៅ​លើ​ទឹក​មុខ​ខកបំណង​នៃ​កុមារី និង​ស្រ្តី​រាប់​លាន​នាក់​នៅ​ពេល​ដែល​ពួក​គេ​មិន​ទទួល​បាន​ឱកាស​អប់រំ ការងារ និង​សេវាកម្ម​សង្គម។

លោក Groff បាន​និយាយ​ថា កំណើន​វិសមភាព បាន​គំរាម​កំហែង​ដល់​កំណើន​សេដ្ឋកិច្ច​ពិភព​លោក ក៏​ដូច​ជា​សុខុមាល​ភាព​នៃ​ប្រជាជន។

លោក​បាន​ថ្លែង​ថា៖ «ហេតុអ្វី​បាន​ជា​យើង​បារម្ភ​អំពី​វិសមភាព? ពីព្រោះ​វិសមភាព​មិន​ត្រឹម​តែ​មាន​សារៈសំខាន់​សម្រាប់​ប្រជាជន​ក្នុង​ការ​ទទួល​បាន​សមភាព​នៃ​ឱកាស​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៍​គំរាមកំហែង​ដល់​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​ផង​ដែរ»។

លោក​ស្រី Ng Yeen Seen នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ ប្រឹក្សា​យោបល់ និង​បច្ចេកវិទ្យា ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​នៅ​ក្នុង​ម៉ាឡេស៊ី បាន​និយាយ​ថា វិសមភាព​ចាក់​ឫស​នៅ​ក្នុង​គោល​នយោបាយ​នៃ​រដ្ឋាភិបាល​ជាច្រើន ដែល​មិន​ឆ្លើយ​តប​ចំពោះ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ ដែល​គោល​នយោបាយ​ទាំង​នោះ​បម្រើ​ប្រយោជន៍​តែ​មតិ​ភាគ​ច្រើន និង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សំឡេង​ភាគ​តិច។

លោកស្រី​បាន​និយាយ​ថា៖ «អ្វី​ដែល​ខ្ញុំ​និយាយ​នៅ​ថ្ងៃ​នេះ គឺ​ថា​រដ្ឋាភិបាល​ជា​ច្រើន រដ្ឋបាល​ជា​ច្រើន បង្កើត​គោល​នយោបាយ​សម្រាប់​តែ​មនុស្ស​ភាគ​ច្រើន»។

លោក​ស្រី Albrectsen បាន​និយាយ​ថា៖ «ដើម្បី​ធ្វើ​ឲ្យ​មាន​សមភាព វា​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​រចនា​សម្ព័ន្ធ​នៃ​បញ្ហា និង​និយាម​សង្គម ដើម្បី​រួម​បញ្ចូល​ស្រ្តី​ឲ្យ​កាន់​តែ​ច្រើន​ថែម​ទៀត​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច»។

លោកស្រី​បាន​បន្ថែម​ថា៖ «អ្នក​ដឹក​នាំ​វ័យ​ក្មេង អ្នក​ដឹក​នាំ​ជាន់​ខ្ពស់ ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល និង​ថ្នាក់​ដឹក​នាំ​របស់​វិស័យ​ឯកជន ចាប់​ផ្តើម​និយាយ​អំពី​និយាម​ដែល​បង្ក​គ្រោះភ័យ​ដល់​សង្គម ដែល​រារាំង​ស្រ្តី​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យ​ធុរៈកិច្ច ឬ​ក៏រារាំង​ម្ចាស់​ធុរៈកិច្ច​មិន​ឲ្យ​ទទួល​យក​ស្រ្តី​ឲ្យ​បម្រើ​ការ​ក្នុង​អាជីវកម្ម​របស់​ពួកគេ។ នេះ​គឺ​ជា​ចំណុច​ដែល​គោល​នយោបាយ ត្រូវ​តែ​អនុវត្តន៍​ឲ្យ​ហួស​ពី​ការ​ត្រឹម​តែ​អនុម័ត​ច្បាប់ ហើយ​ឈាន​ដល់​ការ​ផ្លាស់ប្តូរ​ឥរិយាបថ»។

លោក Groff បាន​ថ្លែង​ថា រដ្ឋាភិបាល​អាស៊ាន ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​កាន់​តែ​ខ្លាំង​ចំពោះ គោល​នយោបាយ​គាំពារ​សង្គម ដើម្បី​កាត់​បន្ថយ​វិសមភាព និង​លើក​កម្ពស់​សុខុមាលភាព​របស់​ប្រជាជន។

លោក​បាន​ប្រាប់​ថា៖ «ខ្ញុំ​គិត​ថា នៅ​ទី​បញ្ចប់ រដ្ឋាភិបាល​ត្រូវ​បង្កើត​គោល​នយោបាយ​គាំពារ​សង្គម​រឹងមាំ ដោយ​ពិចារណា​អំពី​ការ​វិនិយោគ​សាធារណៈ គោល​នយោបាយ​សង្គម និង​ការ​គ្រប់គ្រង​ធនធាន​របស់​ប្រទេស។ ទាំង​នេះ នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​វិសមភាព»៕