ក្នុងពេលឆាប់ៗនេះ ពពួកសត្វទាំងនេះប្រហែលជាត្រូវបើកផ្លូវទទួលលក្ខខណ្ឌបន្ថែមថ្មីមួយក្នុងជម្រករបស់ពួកគេ នោះគឺថាមពលទាញចេញពីកម្តៅក្នុងផែនដី ជាគម្រោងមួយដែលអ្នកអភិរក្សកំពុងព្រួយបារម្ភយ៉ាងខ្លាំង។
លោក Rudi Putra ទីប្រឹក្សារបស់អង្គការអភិរក្សតំបន់ព្រៃ Leuser (Leuser Conservation Forum) បានចោទសួរថា «ហេតុអ្វីបានជាពួកគេចង់សាងសង់វាក្នុងព្រៃនៃខេត្ត Aceh ជាតំបន់ព្រៃដែលនៅសល់ដ៏ល្អបំផុតមួយ?»។
កាលពីចុងខែសីហា អភិបាលខេត្ត Aceh លោក Zaini Abdullah បានសរសេរសំបុត្រមួយទៅកាន់រដ្ឋាភិបាលស្នើសុំឲ្យបែងចែកតំបន់ទំហំ៨.០០០ហិកតានៃតំបន់ Leuser Ecosystem សម្រាប់រុករកថាមពលទាញចេញពីកម្តៅក្នុងផែនដី។
គម្រោងដែលត្រូវអនុវត្តសហការជាមួយក្រុមហ៊ុនតួកគីឈ្មោះ PT Hitay Panas Holdings គ្រប់គ្រងដោយមហាសេដ្ឋីតួកគីម្នាក់ បានកំណត់យកតំបន់ស្នូលទំហំ៨០០.០០០នៃឧទ្យានជាតិ Leuser ដែលស្ថិតក្នុងតំបន់ដ៏សំខាន់នៃតំបន់ប្រព័ន្ធអេកូឡូស៊ីទំហំ២,៨លានហិកតាដែលបានចុះក្នុងបញ្ជីតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ។
ថ្មីៗនេះ រដ្ឋាភិបាលកំពុងតែច្របូកច្របល់ជាមួយពាក្យបណ្តឹងរបស់ក្រុមអ្នកប្រឆាំងនឹងគម្រោងតំបន់ Aceh ដែលថានឹងទុកតំបន់ Leuser សម្រាប់ការអភិវឌ្ឍ ជាការរំលោភជាក់ស្ដែងពីរដ្ឋាភិបាលសហព័ន្ធ។
ការស្នើសុំឲ្យបែងចែកតំបន់សារជាថ្មីត្រូវបានគេយកធ្វើជាលេសថាដើម្បីជួយគាំទ្រគោលនយោបាយរបស់ប្រធានាធិបតី Joko Widodo ដែលបានសន្យាថា នឹងបន្ថែមថាមពលអគ្គិសនី ៣៥.០០០មេហ្គាវ៉ាត់ទៅលើថាមពលអគ្គិសនីដែលកំពុងខ្វះខាតរបស់ឥណ្ឌូនេស៊ី ឲ្យបានត្រឹមឆ្នាំ ២០២០ និងបង្កើនភាគរយនៃថាមពលកកើតឡើងវិញ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកការពារបរិស្ថាន បារម្ភថាការអភិវឌ្ឍបែបនេះនឹងធ្វើឲ្យដំណើរប្រែប្រួលជាបន្តបន្ទាប់ដែលនឹងនាំទៅរកការរលត់រលាយតំបន់ Leuser ហើយអាជ្ញាធរនឹងមិនមានអំណាចបញ្ឈប់បានឡើយ។
អ្នកស្រី Farwiza Farhan ប្រធានអង្គការព្រៃឈើ ធម្មជាតិ និងបរិស្ថាន ដែលជាអង្គការក្រៅរដ្ឋាភិបាល ក្នុងខេត្ត Aceh បាននិយាយថា៖ «កន្លែងណាក៏ដោយបន្ទាប់ពីមនុស្សបង្កើតឲ្យមានផ្លូវថ្នល់ ការបំផ្លិចបំផ្លាញនឹងកើតមាន»។ អ្នកស្រី ក៏បានបន្ថែមថា ប្រជាជនដែលចង់បានឈើធំៗ និងកសិករខ្នាតតូចបានប្រើប្រាស់ផ្លូវនោះដើម្បីទាញយកប្រយោជន៏ពីព្រៃឈើដែលពីមុនមិនអាចយកបាន ហើយបាននាំទៅរកការបាត់បង់ជម្រកសត្វព្រៃ។
អ្នកស្រីបាននិយាយថា៖ «ឥឡូវនេះ គេធ្វើដើម្បីបានថាមពលទាញចេញពីកម្តៅក្នុងផែនដី ប៉ុន្តែតើនឹងមានអ្វីកើតឡើងបន្តទៀតនៅពេលក្រោយ? តាំងពីមុនពេលមានការអភិវឌ្ឍនេះទៀត រហូតមកដល់ឥឡូវ អាជ្ញាធរមិនអាចការពារព្រៃតំបន់ Leuser បានទាល់តែសោះ»។
ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះគេឃើញមានការរីកសាយនៃការរំលោភយកដីព្រៃ និងការកាប់ព្រៃដោយខុសច្បាប់ប្រមាណ៥.៥០០ហិកតាក្នុងមួយឆ្នាំ។
លើកោះស៊ូម៉ាត្រាទាំងមូល ការកាប់ព្រៃ និងបំប្លែងសម្រាប់វិស័យកសិកម្មបានផ្តួលរំលំព្រៃឈើអស់ជិត១ភាគបួនតាំងពីឆ្នាំ២០០០។
ព្រៃដ៏មានតម្លៃបំផុត
គម្រោងរុករកថាមពលទាញចេញពីកម្តៅក្នុងផែនដីរបស់អាជ្ញាធរខេត្ត Aceh ផ្តោតលើតំបន់៨.០០០ ហិកតានៅខ្ពង់រាប Kappi Plateau ដែលជាតំបន់លាតសន្ធឹងក្នុងទំហំ១៥០.០០០ហិកតា ដែលត្រូវបានចាត់ទុកជាតំបន់សំខាន់បំផុតនៃតំបន់ព្រៃ Leuser។
លោក Rudi Putra សា្ថបនិកនៃអង្គការអភិរក្សតំបន់ព្រៃ Leuser បាននិយាយថា៖ «តំបន់ខ្ពង់រាប Kappi មានព្រៃល្អបំផុតដែលនៅសេសសល់លើពិភពលោក»។
លោកបានបន្ថែមថា បឹងទឹកប្រៃជាច្រើនក្នុងតំបន់នេះ និងដើមឈើដែលមានផ្លែ ធ្វើឲ្យតំបន់នោះក្លាយជាជម្រកដ៏ស័ក្តិសមបំផុតសម្រាប់សត្វព្រៃទាំងធំ និងតូច។ ដំរីនៅស៊ូម៉ាត្រា២០០ក្បាល ដែលស្មើនឹង១០ភាគរយនៃដំរីនៅសល់លើពិភពលោក នឹងប៉ះពាល់ បើសិនជាគម្រោងរុករកថាមពលទាញចេញពីកម្តៅក្នុងផែនដីនេះត្រូវបានអនុវត្ត។
លោកនិយាយថា៖ «បើសិនជាគម្រោងនេះត្រូវបានចុះកិច្ចសន្យាក្នុងតំបន់នេះ យើងនឹងបាត់បង់សត្វព្រៃជាច្រើន។ យើងនឹងបាត់បង់មិនមែនត្រឹមតែព្រៃ៨.០០០ហិកតានោះទេ ប៉ុន្តែខ្ញុំគិតថានៅទីបញ្ចប់ យើងនឹងបាត់បង់តំបន់ខ្ពង់រាបនេះទាំងមូល»។
លោកបានសង្កត់ធ្ងន់ថា ការសាងសង់ផ្លូវនឹងបើកឱកាសឲ្យកសិករខ្លួនឯង និងជនល្មើសកាប់បំផ្លាញព្រៃឈើបំផ្លាញព្រៃដោយគ្មានការដាក់ទោសទណ្ឌអ្វីឡើយ ហើយការណ៍នេះនឹងធ្វើរលត់រលាយព្រៃឈើទាំងស្រុង។
ការដើរទៅមុខនៅលើផ្លូវខុស?
ប្រទេសឥណ្ឌូនេស៊ីលាតសន្ធឹងគ្រប់ដណ្តប់៤០ភាគរយនៃសក្តានុពលថាមពលទាញចេញពីកម្តៅក្នុងផែនដី ដែលពាក់កណ្តាលត្រូវបានគេរកឃើញនៅកោះស៊ូម៉ាត្រា។
បើយោងតាមលោក Rudi វាគ្មានហេតុផលច្បាស់លាស់ទាល់តែសោះដែលថាកោះដែលសម្បូរដោយថាមពលកម្តៅក្នុងផែនដី ហើយក៏ជាតំបន់ការពារជាពិសេសដូចជាតំបន់ Kappi នេះត្រូវបានក្លាយជាគោលដៅនៃការអភិវឌ្ឍបែបនេះទៅវិញ។
លោកបាននិយាយថា៖ «រដ្ឋាភិបាលប្រហែលជាបានបែងចែកតំបន់នេះជាតំបន់ពិសេសសម្រាប់ក្រុមហ៊ុនមួយ ហើយតំបន់ផ្សេងទៀតសម្រាប់ក្រុមហ៊ុនផ្សេងទៀត។ ហេតុដូច្នេះហើយ បានជាគោលដៅសម្រាប់ក្រុមហ៊ុន Hitay នេះ គឺតំបន់ខ្ពង់រាបKappi តែម្តង»។
លោកបានបន្តថា៖ «រដ្ឋាភិបាលអាចបដិសេធ ហើយនិយាយថាទេ អ្នកមិនអាចរុករកក្នុងតំបន់នេះទេពីព្រោះវាជាស្នូលនៃឧទ្យានជាតិ។ ខ្ញុំមិនយល់ថាហេតុអ្វីបានជារដ្ឋាភិបាលមិននិយាយដូច្នេះ»។
ការព្យាយាមចង់ជួបជាមួយនឹងក្រុមហ៊ុន Hitay ដើម្បីសុំការបំភ្លឺពីបញ្ហានេះគឺមិនបានសម្រេចឡើយ។
អ្នកស្រី Farhan បានឲ្យដឹងថា អ្នកស្រី Siti Nurabaya ដែលជារដ្ឋមន្រ្តីក្រសួងបរិស្ថាន និងព្រៃឈើ និងដែលមានគម្រោងថ្លែងសុន្ទរកថាជាលើកចុងក្រោយពីសំណើបែងចែកតំបន់សារជាថ្មីនេះ មានកំណត់ត្រាតាមដានដ៏ល្អមួយក្នុងរយៈពេល៣ឆ្នាំចាប់តាំងពីអ្នកស្រីបានកាន់តំណែង។
អ្នកស្រី Farhan និយាយថា៖ «រហូតមកទល់ពេលនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានចេញវិធានការល្អៗមួយចំនួនក្នុងការព្យាយាមកែសម្រួលលិខិតអនុញ្ញាត កាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងភ្លើងឆេះព្រៃ ដើម្បីដោះស្រាយនឹងបញ្ហាធំ។ ប៉ុន្តែខ្ញុំពិតជាមិនអាចប្រាប់បានថា អ្នកស្រីរដ្ឋមន្រ្តីគាំទ្រអ្នកណាក្នុងបញ្ហានេះ»។
ក្រសួងបរិស្ថានមិនទាន់បង្ហាញថា ពួកគេនឹងឆ្លើយតបនៅពេលណានោះទេ។
យោងតាមលោក Rudi ថាមពលវារីអគ្គិសនីខ្នាតតូចផ្តល់ដំណោះស្រាយល្អជាងនេះចំពោះតម្រូវការថាមពលក្នុងខេត្ត។ ខុសពីថាមពលទាញចេញពីកម្តៅក្នុងផែនដី ដែលតម្រូវឲ្យអ្នកនៅក្នុងតំបន់បង់សេវាប្រើប្រាស់។ ថាមពលអគ្គិសនីខ្នាតតូចត្រូវបានផ្តល់ដោយមិនគិតថ្លៃ «ហើយការប៉ះពាល់បរិស្ថាននឹងមានតិចជាង»។
លោក Rudi បាននិយាយថា៖ «យើងមិនមែនប្រឆាំងនឹងគម្រោងរុករកថាមពលទាញចេញពីកម្តៅក្នុងផែនដីនេះទេ ប៉ុន្តែវាមានជម្រើសផ្សេងៗជាច្រើន ហើយអាទិភាពគួរតែធ្វើនៅតំបន់នៅខាងក្រៅខ្ពង់រាប Kappi»។
លោកបានបន្ថែមថា៖ «គ្មានខ្ពង់រាបដែលនៅសល់ណាដូចខ្ពង់រាបលើកោះស៊ូម៉ាត្រាទេ ដូច្នេះបើសិនជាយើងបាត់បង់ខ្ពង់រាប Kappi វាមានន័យថាយើងបានបាត់បង់ព្រៃដ៏សម្បូរបែបចុងក្រោយបំផុតនៃកោះស៊ូម៉ាត្រា»៕
ប្រែសម្រួលដោយ ទុំ ម្លិះ