ពលរដ្ឋ​ឥណ្ឌូនេស៊ី​បង្ហាញ​សារទុក្ខ​នៅ​ចំពោះ​មុខ​មហាក្សត្រ​អារ៉ាប៊ី​សាអូឌីត​ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​​របស់​ព្រះ​អង្គ

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo (ខាងស្តាំ) ជួយ​នាំផ្លូវ​ព្រះមហាក្សត្រ​អារ៉ាប៊ីសាអូឌីត​ ព្រះអង្គ Salman នៅ​វិមាន​ប្រធានាធិបតី ក្នុង​ក្រុង Bogor កោះជ្វាភាគខាងលិច ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃទី០១ ខែមីនា ឆ្នាំ​២០១៧។

នៅ​ទី​បញ្ចប់​ ក្រុម​សកម្ម​ជន​ជាច្រើន​បាន​ដក​ថយ​ដោយ​ទទួល​​ស្គាល់​​ការ​ពិត​ដែល​ថា​ ​អ្នក​ធ្វើ​​ចំណាក​ស្រុក​ មិន​ត្រូវ​បាន​លើក​យក​មក​និយាយ​ឡើយ​ នៅ​ក្នុង​កិច្ច​ពិភាក្សា​រវាង​ប្រធានា​ធិបតី​ Joko Widodo​ និង​ព្រះ​មហា​ក្សត្រ​ស្តេច​ Salman ​នោះ​ឡើយ។

ខណៈ​ពេល​ដែល​ប្រទេស​អារ៉ាប៊ីសាអូឌីត​ និង​ប្រទេស​ឥណ្ឌូនេស៊ី​ ចុះ​កិច្ច​ព្រម​ព្រៀង​វិនិយោគ​ដែល​មាន​តម្លៃ​មួយ​ពាន់​លាន​ដុល្លារ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​របស់​មហាក្សត្រ​ Salman bin Abdulaziz Al Saud ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​នា​ពេល​ថ្មីៗ​នេះ​ ពលរដ្ឋ​ឥណ្ឌូនេស៊ី​ជាច្រើន​នាក់​បាន​សម្តែង​នូវ​សេចក្តី​សោក​សង្រេង​របស់​ពួកគេដល់​ព្រះ​មហា​ក្សត្រ​នៃ​រាជាណាចក្រ​វាល​ខ្សាច់​អង្គ​នេះ។

ក្រុម​អ្នក​តវ៉ារាប់សិប​នាក់នៅ​ក្នុង​ទីក្រុង​ហ្សាកា​តា​ បានទាក់​ទាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​ការ​ធ្វើ​បាប​លើ​កម្មករ​ចំណាក​ស្រុក​ឥណ្ឌូនេស៊ី ដែលទៅធ្វើការ​នៅ​ប្រទេសអារ៉ាប៊ី​សាអូឌីត។ ក្នុងចំណោមក្រុមគ្រួសារដែល​កំពុង​តែ​ស្វែង​រក​ចម្លើយ​ទាំង​នេះ ក៏​មាន​គ្រួសារ​របស់​ជន​ឥណ្ឌូនេស៊ី​ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុងឧបទ្ទវហេតុ​ពីរ​នៅ​ក្នុង​ដំណើរ​ធម្មយាត្រា​ហាជ (Hajj) ​ឆ្នាំ​២០១៥ នៅទីក្រុង​ Mecca ដែល​ពួក​គេ​ទាំង​នោះ​មិន​បាន​ទទួល​ការ​តប​ស្នង​អ្វី​ពី​រដ្ឋាភិបាល​ទាំង​សង​ខាង​ ជិត​ពីរ​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​សោកនាដកម្ម​នេះ​បាន​កើត​ឡើង។

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​រយៈ​ពេល​៤៧​ឆ្នាំ​កន្លង​មក​នេះ​ ដែល​មហា​ក្សត្រ​កំពុង​គ្រង​រាជ របស់​ប្រទេសអារ៉ាប៊ី​សាអូឌីត​ធ្វើ​រាជ​ទស្សនកិច្ច​មក​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​ ហើយ​ពលរដ្ឋ​បាន​ក្រាល​កម្រាល​ព្រំ​ក្រហម ដើម្បីទទួល​មហាក្សក្រ​ Salman និង អ្នក​អម​ដំណើរ​របស់​ព្រះ​អង្គ ចំនួន​១.៥០០នាក់​នៅ​ទីក្រុង​ Bogor​ និង​ហ្សាកាតា។ ប៉ុន្តែ​ព្រះ​មហាក្សត្រ Salman បាន ចំណាយ​ពេល​មួយ​ផ្នែក​ធំនៃ​ដំណើរ​ទស្សនកិច្ច​នេះ​ ​ចាប់ពី​ថ្ងៃ​ទី ​៤ ​ដល់​ថ្ងៃ​ទី ​៩ ​ខែ​មីនា​ដើម្បី ក្រសាល​លំហែ​នៅ​កោះ​បាលី។​ ប៉ុន្តែ​ទើបតែនៅ​ពេល​ដែល​ទ្រង់​បញ្ចប់ថ្ងៃ​ទី៣​ និងជា​ថ្ងៃ​ចុង​ក្រោយ​នៃ​រាជទស្សនកិច្ច​នៅកោះ​ជ្វា ​ដោយ​ទ្រង់​បាន​ដឹកនាំការ​បួង​សួង​នៅ​មស្ចិត ​(វិហារឥស្លាម) Istiqlalនៃ​ទីក្រុង​ហ្សាកាតាទេ ទើប​ពលរដ្ឋ​ឥណ្ឌូនេស៊ី ដែល​មាន​ទុក្ខសោក​បាន​យល់​ច្បាស់​ថា ​ដំណោះ​ស្រាយ​លើ​បញ្ហា​ទុក្ខ​កង្វល់​របស់​ពួក​គេ​នៅ​មិន​ទាន់​ឃើញ​មាន​ពន្លឺអ្វី​សោះ​ឡើយ។

អ្នក​ធ្វើ​ការ​ចំណាក​ស្រុក

ពលរដ្ឋ​ឥណ្ឌូនេស៊ី​ចំណាក​ស្រុក​ប្រមាណ​បី​លាន​នាក់ បាន​ស្វែងរក​ការងារ​ធ្វើនៅ​ក្រៅ​ប្រទេស មួយ​ផ្នែក​ដោយសារអត្រា​អត់​ការងារ​ធ្វើនៅ​ក្នុងស្រុក​មាន​កម្រិតខ្ពស់។ ចំនួន​កម្មករ​ឥណ្ឌូនេស៊ី​ ដែល​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា ​មានខុស​គ្នា​ខ្លាំង​គឺ​ចាប់​ពី​ចំនួន​ ៣៧៩.៦៣២នាក់ (យោង​តាម​អត្រា​របស់​មជ្ឈមណ្ឌល​ទេសន្តរប្រវេសន៍​អាស៊ី​ឆ្នាំ​២០១៣) ទៅ​នឹង​ចំនួន​៣៨.១០៤​នាក់ (ដោយ​យោង​តាម​ភ្នាក់ងារ​ជាតិ​ឥណ្ឌូនេស៊ី​ដើម្បី​ការពារ​ និង​ការងារ​អ្នក​ធ្វើការ​ចំណាក​ស្រុក​ឆ្នាំ២០១៤)។ មូល​ហេតុ​មួយ​នៃ​ភាព​ល្អៀង​នេះ ​គឺ​ការ​ពិបាក​គណនា​ចំនួន​អ្នក​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​ ឬ​មិន​បាន​ចុះ​ក្នុង​ឯកសារ។ ប្រទេស​ឥណ្ឌូនេស៊ី​ មិន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​នោះ​ទេ ​ដោយសារ​តែ​លក្ខខណ្ឌ​ការងារ​មិន​ល្អ​ និង​ការ​ដាក់​ពិន័យ​ព្រហ្មទណ្ឌ​ធំៗ​មួយ​ចំនួន។

ស្រ្តី​ឥណ្ឌូនេស៊ី​ពីរ​រូប​ដែល​មាន​ឈ្មោះ​ Karni Bt. MediTarsim​ អាយុ​៣៧​ឆ្នាំ​ និង​ឈ្មោះ​SitiZaenab Bt. DuhriRupa អាយុ​៤៧​ឆ្នាំ ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ទោស​ក្នុង​រឿង​ដោយ​ឡែក​ពី​គ្នា​ ពី​បទ​ធ្វើ​ឃាត​ចៅហ្វាយនាយ​របស់​ខ្លួន និង​ត្រូវ​បាន​ប្រហារ​ជីវិត​នៅ​ឆ្នាំ​២០១៥​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ខឹង​សម្បារនៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ ក្រុម​ការពារ​សិទ្ធិ​មនុស្ស​បាន​ធ្វើការ​ជំទាស់​ទៅ​នឹង​ការ​ដាក់​ទោសនេះ​ ដោយ​ទាញ​ហេតុ​ផល​ពី​កាលៈទេសៈ​ធ្ងន់ធ្ងរ​ដែល​ស្រ្តី​ទាំង​ពីរ​នោះអះអាង​ថា​ ជា​ហេតុ​បណ្តាលឲ្យ​ពួក​ប្រព្រឹត្ត​ដូច្នេះ។​ យោង​តាម​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់​ទីក្រុង​ឡុងដ៍​ ឈ្មោះ​The Guardian ​បាន​សរសេរថា​ គិត​ត្រឹម​ឆ្នាំ​២០១៣​ ​អ្នក​ធ្វើ​ការចំណាក​ស្រុក​ដែល​ជាប់​ទោសប្រហារជីវិតនៅ​ប្រទេស​អារ៉ាប៊ី​សាអូឌីត ភាគ​ច្រើន​ជា​ជន​ជាតិ​ឥណ្ឌូនេស៊ី។

ពលករ​ឥណ្ឌូនេស៊ី​ស្រែក​អំឡុងពេល​បាតុកម្ម​ប្រឆាំង​នឹង​ការ​រំលោភបំពាន​លើ​អ្នកបម្រើការ​តាមផ្ទះ​ជនជាតិ​ឥណ្ឌូនេស៊ី​ នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ខាង​ក្រៅ​សភា​ក្នុង​ក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០។

ទោះ​បីជា​មាន​ការ​ពិភាក្សា​ជា​ហូរហែ ​អំពី​ស្ថានភាព​ការងារ​អមនុស្សធម៌ ដែល​ត្រូវ​បាន​ធ្វើ​ទៅ​លើ​កម្មករ​ឥណ្ឌូនេស៊ីនៅ​ក្នុង​ប្រទេស​អារ៉ាប៊ី​សាអូឌីត​យ៉ាងណា​ក៏​ដោយ​ ដែល​រួម​មានការ​រំលោភ​បំពាន​លើ​រាងកាយ​ អំពើ​ហិង្សា​ផ្លូវ​ភេទ​ ការធ្វើការ​ហួស​ម៉ោង​កំណត់​ និង​ការ​មិន​ឲ្យ​ប្រាក់​កម្រៃ​ ក៏​នៅ​ក្នុងអនុស្សរណៈយោគយល់​គ្នា​ដែល​ចុះ​ហត្ថលេខា​រវាងប្រទេស​ឥណ្ឌូនេស៊ី​ និង​អារ៉ាប៊ី​សាអូឌីត​កាល​ពីសប្ដាហ៍កន្លង​ទៅ​នេះ​ មិន​មាន​និយាយ​ដល់​អ្នក​ធ្វើ​ការ​ចំណាក​ស្រុក​ឡើយ។

នៅ​ថ្ងៃទី​២​ ខែ​មីនា​ មាន​សកម្មជន​រាប់​សិប​នាក់​ បាន​មក​តវ៉ា​នៅ​ខាង​ក្រៅ​ស្ថានទូតអារ៉ាប៊ី​សាអូឌីត ​ប្រចាំ​នៅ​ទីក្រុង​ហ្សាកាតា​ ដើម្បី​សុំឲ្យ​មាន​ការទទួលស្គាល់​នូវ​សិទ្ធិ​របស់​កម្មករពេញ​លេញ​ នៅ​ក្នុង​រាជ​ដំណើរ​ទស្សនកិច្ច​នេះ។ ក្រុម​បុរសប្រមាណ​១២​នាក់​ត្រូវ​ចាប់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​ការ​តវ៉ា​នេះបាន​ចាប់​ផ្ដើម​និង​ត្រូវ​បាន​ប៉ូលិស​អូសចេញ​ពី​កន្លែង​តវ៉ា។ ក្រុម​មួយ​ដែល​ហៅខ្លួន​ឯង​ថា​ជា ​«ក្រុម​គ្រួសារ​ធំ​នៃ​អ្នក​ធ្វើចំណាក​ស្រុក​ឥណ្ឌូនេស៊ី»​ បាន​ទទូច​សុំ​ឲ្យ​មហាក្សត្រស្ដេច ​Salman ដោះ​លែង​ពលរដ្ឋ​ឥណ្ឌូនេស៊ី​ចំនួន​២៥​នាក់​ ដែល​កំពុងជាប់​ទោស​ប្រហារ​ជីវិត។ យោង​តាម​ព័ត៌មានពី​មន្រ្តី​ក្រសួង​កម្លាំង​ពលកម្ម ​បាន​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ខែ​មេសា​ឆ្នាំ​២០១៥​ មាន​ប្រជាជន​ឥណ្ឌូនេស៊ី​រហូត​ដល់​ទៅ​ ២៧៩​ នាក់​ កំពុង​ប្រឈម​នឹង​ទោស​ប្រហារ​ជីវិត។

នៅ​ទី​បញ្ចប់​ ក្រុម​សកម្ម​ជន​ជាច្រើន​បាន​ដក​ថយ​ដោយ​ទទួលស្គាល់ការ​ពិត​ដែល​ថា​ ​អ្នក​ធ្វើចំណាក​ស្រុក​ មិន​ត្រូវ​បាន​លើក​យក​មក​និយាយ​ឡើយ​ នៅ​ក្នុង​កិច្ច​ពិភាក្សា​រវាង​ប្រធានា​ធិបតី​ Joko Widodo​ និង​ព្រះ​មហា​ក្សត្រ​ស្តេច​ Salman ​នោះ​ឡើយ។

លោក​ WahyuSusilo ​នាយក​ប្រតិបត្តិ​អង្គការ​តស៊ូ​មតិ​គាំទ្រ​កម្មករ​ Migrant Care ​បាននិយាយ​ថា៖ «អនុស្សរណៈ​យោគ​យល់​ ដែល​មាន​១១​ចំណុច​ ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​១​ ខែ​មីនា​ ផ្ដោត​ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច​ ដូច្នេះ​ប្រសិន​បើ​យកបញ្ហា​សិទ្ធិ​មនុស្សទៅ​ពិភាក្សា​នៅ​ក្នុងនោះ​ វា​មិន​សក្តិសម​ឡើយ»។

លោក ​Wahyu ​បាន​ថ្លែង​ប្រាប់​ VOA ថា៖ «នេះ​មិន​មែន​បាន​ន័យ​ថា​ រដ្ឋាភិបាល​គួរ​តែ​បោះ​បង់លើបញ្ហា​នេះ​ទេ។​ ក្រសួង​ការ​បរទេស​ត្រូវ​តែ​សកម្ម​ជាង​មុន​ អំពី​ការ​ការពារ​តាម​លក្ខណៈ​ការទូតចំពោះជន​ចំណាក​ស្រុក​ឥណ្ឌូនេស៊ី។ ក្រសួង​ហិរញ្ញ​វត្ថុ ​ត្រូវ​ត្រួត​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​លើដំណើរ​ជ្រើសរើស​កម្មករ»។ លោក​បន្ថែម​ថា​ ជាឧទាហរណ៍ ​មាន​ប្រជា​ពលរដ្ឋឥណ្ឌូនេស៊ី​មិន​ទាន់​គ្រប់​អាយុ​ជាច្រើន​ ត្រូវ​បាន​ជ្រើសរើស​តាម​រយៈ​ឯកសារ​ក្លែង​ក្លាយ​ និង​ត្រូវ​បាន​នាំ​ឲ្យ​ទៅធ្វើការ​ដោយ​ឥត​សង្ស័យនៅ​ក្នុង​ប្រទេស​ «ដ៏​គ្រោះ​ថ្នាក់»​ ដូច​ជា​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ជា​ដើម។

សមាជិក​រដ្ឋ​សភា​ឥណ្ឌូនេស៊ី​មួយ​ចំនួន​ ក៏​បាន​ទទូច​ស្នើ​ទៅ​មហា​ក្សត្រ​អារ៉ាប៊ី​សាអូឌីតឲ្យ​សណ្ដោស​ប្រណី​លើក​លែង​ទោស​ចំពោះ​អ្នក​ធ្វើចំណាក​ស្រុក​ដែល​កំពុងត្រូវ​ជាប់​ទោស​ផង​ដែរ​ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ហ្សាកាតា លើក​ឡើង​ពី​បញ្ហា​នេះ​ទូល​ថ្វាយទៅ​ព្រះ​មហា​ក្សត្រ​ អំឡុងពេល​រាជទស្សនកិច្ច​នេះ។ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joko Widodo ​មិន​មាន​បញ្ចេញមតិ​អ្វី​អំពី​បញ្ហា​នេះ​ឡើយ ហើយ​វា​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា​តើ​បញ្ហា​នេះ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ការ​ជួប​ជា​លក្ខណៈ​ឯកជន​រវាង​រូប​លោក​ និង​ព្រះ​មហា​ក្សត្រ​អង្គ​នេះ​ឬក៏​អត់​នោះ​ទេ។

VOA​ បាន​ព្យាយាម​ទាក់​ទងអ្នក​នាំពាក្យ​របស់​ប្រធានាធិបតី​ដើម្បី​សុំ ​ការ​បំភ្លឺ​ប៉ុន្តែ​មិន​អាច​ទាក់​ទង​បាន។ ក្រុម​អ្នក​នាំពាក្យក្រសួង​សាសនា និង​ការិយាល័យប្រធានា​ធិបតី Joko Widodo បានប្រាប់​ VOA ​ថា ពួក​គេ​មិន​អាច​បញ្ចេញ​មតិ​យោបល់​ពី​រឿង​ដែល​ត្រូវ​បាន​ពិភាក្សា​ជា​សម្ងាត់​រវាង​ប្រធានាធិបតី​ និង​ព្រះ​មហាក្សត្រ​ Salman នោះ​ទេ។

សោកនាដកម្ម​នៃការ​ធ្វើ​ធម្មយាត្រា​ហាជ​នៅ​ទីក្រុង​ម៉េកា ​(Mecca)

នៅ​ក្នុង​ឆ្នាំ​២០១៥​ ពលរដ្ឋ​ឥណ្ឌូនេស៊ី​បាន​រង​គ្រោះ​ថ្នាក់​ដែល​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​ចំនួន​ពីរ​លើក​ ពាក់​ព័ន្ធនឹង​ធម្មយាត្រា​នៅ​ទីក្រុង​ម៉េកា ឬដំណើរ​ធម្មយាត្រា​ប្រចាំ​ឆ្នាំ​ទៅ​កាន់​ទីក្រុង​ម៉េកា ​ប្រទេស​អារ៉ាប៊ី​សាអូឌីត។ នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍រត់​ជាន់គ្នា​កាល​ពី​ខែ​កញ្ញា មាន​ប្រជាពលរដ្ឋ​ឥណ្ឌូនេស៊ី​ចំនួន​១២៧​នាក់ ​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នោះ​ និង​មាន​១២​នាក់​ទៀត​បានស្លាប់​មួយ​សប្ដាហ៍​មុន​ពេល​ពីធី​ធម្មយាត្រា​ចាប់​ផ្ដើម​ជា​ផ្លូវការ​ គឺ​នៅ​ពេល​ដែល​គ្រឿង​ចក្រ​សម្រាប់​ស្ទួច ​បាន​ដួល​រលំ​នៅ​ក្បែរ​មហា​មស្ចិត (ព្រះ​វិហារ​ធំ)​នោះ។

ប្រទេស​អារ៉ាប៊ី​សាអូឌីត​ បាន​សន្យា​ផ្ដល់​នូវ​ទឹក​ប្រាក់​ចំនួន​មួយលាន riyals ដែល​ស្មើ​នឹង​ ២៦៧.០០០​ដុល្លារ​ ដើម្បី​ប៉ះប៉ូវ​សង​ចំពោះ​ការ​ស្លាប់​ពលរដ្ឋឥណ្ឌូនេស៊ី​១២​នាក់​ និង​៤៩​នាក់​ដែល​រង​របួស​ដោយសារ​ការ​ដួល​រលំ​គ្រឿង​ចក្រ​សម្រាប់ស្ទួច​នោះ។ ប៉ុន្តែ​ យោង​តាម​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​ឥណ្ឌូនេស៊ី​ឈ្មោះ​ថា​ Jakarta Post បាន​ដឹង​ថា​ រហូត​មក​ដល់​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​នេះ ពលរដ្ឋ​ឥណ្ឌូនេស៊ី​រងគ្រោះ​ទាំង​នោះ​មិន​ទាន់ទទួល​បាន​អ្វី​ទាំង​អស់។​

ជនធម្មយាត្រា​មូស្លីម​ជាច្រើន​នាក់​ប្រមូលផ្តុំ​ជុំវិញ​សាកសព​ក្នុង​ក្រុង​ Mina ប្រទេស​អារ៉ាប៊ីសាអូឌីត អំឡុងពេល​ធម្មយាត្រា​ហាជ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៥។ មនុស្ស​រាប់​រយ​នាក់បាន​ស្លាប់ និង​រងរបួស​ នេះ​បើយោង​ទៅ​តាម​ក្រុម​អាជ្ញាធរ​អារ៉ាប៊ីសាអូឌីត។

ចំពោះឥណ្ឌូនេស៊ី ដែល​ជា​ប្រទេស​ដែល​មាន​អ្នក​កាន់​សាសនា​ឥស្លាម​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភព​លោក ការ​ធ្វើធម្មយាត្រា​ប្រចាំ​ឆ្នាំ​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​សម្រាប់​ប្រទេស​នេះ។ បច្ចុប្បន្ន​នេះ​ អ្នក​ធ្វើ​ធម្ម​យាត្រា មាន​ចំនួន​២២១.០០០​នាក់​ គឺ​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំងអស់​នៅលើ​ពិភពលោក ប៉ុន្តែ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ នៅ​រង់​ចាំ​ឱកាសធ្វើ​ធម្មយាត្រា​នេះ​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ។ ទោះ​បី​ជា​មន្រ្តីឥណ្ឌូនេស៊ី​ សង្ឃឹម​ថានឹង​បង្កើន​បរិមាណ​អ្នក​ធ្វើ​ធម្មយាត្រា​បន្ថែម​ទៀត​នៅ​ឆ្នាំ​នេះក៏​ដោយ​ ​រឿង​នេះ​ហាក់​ដូច​ជា​មិន​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​អនុស្សរណៈ ​ដែល​បានចុះ​ហត្ថលេខា​កាល​ពី​ពេល​កន្លង​ទៅ​នេះ​ទេ។​

លោក ​DadiDarmadi​ អ្នក​ស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ​ SyarifHidayatullah State Islamic ក្រុង​ហ្សាកាតា ​បាននិយាយ​ថា​ ការ​រក្សា​ចំនួនអ្នក​ដែល​ត្រូវ​បានទៅ​ធ្វើ​ធម្មយាត្រា​ អាច​ជាមូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ឥណ្ឌូនេស៊ី​ មិន​បង្ខិត​បង្ខំ​ឲ្យ​អារ៉ាប៊ី​សាអូឌីត​សងសំណង​ឲ្យ​អ្នក​រង​គ្រោះ។

លោក ​Darmadi ​បាន​ប្រាប់​ VOA​ ​ថា៖ «កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ណា​មួយ​ ដែល​បរាជ័យ​ក្នុង​ការ​រៀបចំដំណើរ​ធម្ម​យាត្រា​បាន​នោះ​ នឹង​មិន​អាចទាក់​ទាញ​មហា​ជន​បាន​ឡើយ​។ លោក​បន្ថែម​ថា​ ដោយ​សារ​តែ​ធម្មយាត្រា​គឺជា«រឿង​អាទិភាព​ខ្ពស់​បំផុត»​ សម្រាប់​មន្រ្តី​ជា​ច្រើនជាយូរ​មក​ហើយ​នោះ​ ប្រសិន​បើ​ពួក​គេ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិមាណ​ប្រាក់​ឧបត្ថម្ភ​របស់​ប្រទេស​នោះ​ «ពលរដ្ឋ​អាច​ងាយ​នឹង​គិត​ថា ​រដ្ឋា​ភិបាល​មិន​យក​ចិត្ត​ទុក្ខ​ដាក់​ដោះ​ស្រាយ​កិច្ចការ​សាសនា»​ ដែល​ការ​មិន​យក​ចិត្ត​ទុក​ដាក់​នេះ​ជា​អ្វី​ដែល​គេ​ស្អប់ខ្ពើម​នៅ​ក្នុង​ប្រទេសប្រកាន់​សាសនា​ដ៏​ខ្ជាប់​ខ្ជួន​នេះ។

លោក​ Darmadi​ បាននិយាយ​ថា៖​ «ខ្ញុំគិត​ថា​ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ ក៏កំពុង​តែ​ប្រើ​សតិ​អារម្មណ៍នយោបាយដោយ​មិន​បង្ខំ​ខ្លាំង​ពី​បញ្ហា​នេះទេ​… ទស្សន​កិច្ច​មួយ​ដ៏​កម្រ​របស់មហា​ក្សត្រ​ Salman បែប​នេះ​ក៏​ហាក់​ដូច​ជា​ពេល​វេលា​មួយពេល​ដែល​គេ​ធ្វើ​ឲ្យ​កម្ដៅ​សីតុណ្ហភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ធ្លាក់​ចុះ​ ក្នុងអំឡុងពេល​បោះ​ឆ្នោត​នៅ​ក្នុង​ទីក្រុង​ហ្សាកាតា»។

ក្រសួង​កិច្ច​ការ​សាសនា​ប្រាប់​ VOA​ ​ដោយ​បាន​អះ​អាង​បញ្ជាក់​ជា​ថ្មី​អំពី​ការ​សន្យា​របស់​ខ្លួន​ថា​នឹង​សងសំណង​ដល់អ្នក​រង​គ្រោះ​ដោយ​ហេតុការណ៍​នេះ។ យោង​តាម​សម្តីអ្នក​នាំ​ពាក្យក្រសួង​កិច្ច​ការសាសនា​បាន​ឲ្យ​ដឹងថា​ ដំណើរ​ការ​នេះ​កំពុង​តែត្រូវ​រាំង​ស្ទះ​ ដោយ​សារ​តែ​អ្នក​ដែល​រង​ផល​ប៉ះ​ពាល់​ទាំង​អស់​ មិន​បាន​ដាក់ឯកសារ «ទិន្នន័យ​អ្នករងគ្រោះ»​ ទៅ​ឲ្យ​ស្ថាន​ទូត​អារ៉ាប៊ី​សាអូឌីត​នៅ​ឡើយ។
អ្នកនាំពាក្យ​រូប​នេះ​ បា​ន​និយាយ​ថា៖​ «ឲ្យ​រដ្ឋា​ភិបាល​ឥណ្ឌូនេស៊ី​ ទៅ​បង្ខំ​ប្រទេសអារ៉ាប៊ីសាអូឌីត​ ដើម្បីឲ្យ​ពន្លឿនដំណើរ​នោះ​ វា​មិន​អាច​ទៅ​រួច​ទេ​ ពី​ព្រោះ​សិទ្ធិ​នៅ​ក្នុង​ដៃ​រដ្ឋាភិបាល​របស់​ពួក​គេ។ ហើយបើ​យោង​តាមលោក​ Lukman Hakim Saifuddin រដ្ឋ​មន្រ្តី​ក្រសួង​កិច្ចការ​សាសនា​ នៅ​ទី​បំផុត​ សេ្តច ​Salman​ ខ្លួន​ឯង​បាន​សន្យា​ថា​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ»។

ក្រៅ​ពីបញ្ហា​ដែល​មិន​បាន​ដោះស្រាយលើក​ឡើង​ដោយ​សកម្មជន​ការងារ និង​ក្រុម​គ្រួសារ​អ្នក​រង​គ្រោះ​ពី​ក្បួន​ធម្ម​យាត្រា​នៅ​ទីក្រុង​ម៉េកា​នោះ ដំណើរ​ទស្សន​កិច្ច​របស់​មហាក្សត្រ​ Salman ហាក់​ដូច​ជា​មាន​លក្ខណៈ​ខ្វះ​ខាត​ទៅ​លើ​ឆន្ទៈ​ផ្សេងៗ​ទៀត។ នៅ​មុន​ពេលការ​យាង​ទស្សន​កិច្ច​របស់​ទ្រង់​ អ្នកដឹកនាំ​រដ្ឋា​ភិបាល​សង្ឃឹម​ជឿ​ជាក់​ថា​ នឹងមាន​ការ​ដាក់​ទុន​រហូត​ដល់​ទៅ​២៥​ពាន់​លាន​ដុល្លារ​ ប៉ុន្តែ​នៅ​ចុង​បញ្ចប់​ ព្រះ​អង្គ​បាន​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង​តែមួយ​ប៉ុណ្ណោះ គឺ​សម្រាប់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​អនាម័យ ​ដែល​មាន​ទឹក​ប្រាក់​១​ពាន់​លាន​ដុល្លារ៕

ប្រែ​សម្រួល​ដោយ​ សើ​ សាយ្យាណា​