ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo នៅថ្ងៃសុក្រនេះ បានអំពាវនាវឲ្យបញ្ឈប់ការបង្ហូរឈាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយក្រុមយោធា ហើយបានអំពាវនាវដល់មេដឹកនាំបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ឲ្យមានជំនួបជាន់ខ្ពស់ ដើម្បីព្យាយាមរកមធ្យោបាយបញ្ចប់វិបត្តិកាន់តែធំឡើងនៅក្នុងប្រទេសនោះ។
ក្នុងអត្ថាធិប្បាយស្តីពីការបង្ក្រាបដ៏ខ្លាំងក្លាលើបាតុកម្មប្រឆាំងរដ្ឋប្រហារ លោក Jokowi បាននិយាយថា លោកនឹងហៅទូរស័ព្ទភ្លាមៗទៅកាន់ស្តេច Sultan Hassanal Bolkiah នៃប្រទេសប៊្រុយណេ ដែលជាប្រធានរបស់អាស៊ាននៅពេលបច្ចុប្បន្ននេះ និងជំរុញឱ្យព្រះអង្គ កោះប្រជុំជាបន្ទាន់។
លោកប្រធានាធិបតី Jokowo បានមានប្រសាសន៍ក្នុងសន្ទរកថាតាមអនឡាញថា៖ «ឥណ្ឌូណេស៊ីស្នើបញ្ឈប់អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ាជាបន្ទាន់ និងមិនឱ្យមានជនរងគ្រោះទៀតទេ»។
លោកបាននិយាយទៀតថា៖ «ឥណ្ឌូណេស៊ីក៏ជំរុញឲ្យមានការសន្ទនាគ្នា ដែលការផ្សះផ្សារត្រូវធ្វើឡើងជាបន្ទាន់ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ សន្តិភាពនិងស្ថិរភាពក្នុងប្រទេសមីយ៉ាន់ម៉ាឡើងវិញ។
ឥណ្ឌូណេស៊ីបាននាំមុខនៅក្នុងកិច្ចប្រឹងប្រែងក្នុងចំណោមប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា ដើម្បីស្វែងរកមធ្យោបាយដល់វិបត្តិ ដែលក្រុមសកម្មជននិយាយថា បានបណ្តាលឱ្យមនុស្សជាង ២០០ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការតវ៉ាប្រឆាំងរដ្ឋប្រហារ ថ្ងៃទី ១ ខែកុម្ភៈមក។
ទីភ្នាក់ងារព័ត៌មាន Reuters ក៏បានរាយការណ៍ថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបាញ់សម្លាប់អ្នកប្រឆាំងយ៉ាងតិចណាស់ក៏ម្នាក់ដែរ នៅថ្ងៃសុក្រនេះ។
ស្របពេលជាមួយគ្នានេះ បេសកជនមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិលោក Myaw Moe Tun ដែលបានប្រឆាំងយោធា បានថ្លែងក្នុងកិច្ចប្រជុំមួយ នៅក្នុងក្រុង New York ថា ក្រុមសមាជិកសភាដែលត្រូវបានបណ្តេញចេញពីតំណែង កំពុងពិនិត្យថាតើតុលាការព្រហ្មទណ្ឌអន្តរជាតិអាចធ្វើការស៊ើបអង្កេតថា មានឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ដែរឬទេ៕