ឥណ្ឌូណេស៊ី​ជំរុញ​ឲ្យ​អាស៊ាន​បង្កើត​ផែនការ​មួយ​ដើម្បី​ឲ្យ​យោធា​មីយ៉ាន់ម៉ា​គោរព​តាម​ការ​សន្យា​រៀប​ចំ​ការ​បោះ​ឆ្នោត

  • ​Reuters

បដាប្រឆាំងនឹងអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ត្រូវបានឃើញនៅលើរបងដែលមានរុំដោយលោះ ខណៈក្រុមបាតុករប្រមូលគ្នាតវ៉ាប្រឆាំងរដ្ឋប្រហារយោធានៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រទេស​ឥណ្ឌូណេស៊ី​បាន​ជំរុញឲ្យ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ ដែល​ជា​សមាជិក​សមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់​ថា អាស៊ាន ទទួល​យល់​ព្រម​លើ​ផែន​ការ​មួយស្តី​អំពី​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា។

ផែនការនេះ​នឹង​ធ្វើ​ឲ្យ​របប​យោធា​នៅក្នុង​ប្រទេស​នេះ​ គោរព​កិច្ច​សន្យា​របស់​ខ្លួន ដោយ​រៀប​ចំ​ការ​បោះ​ឆ្នោតដែល​មាន​អ្នកត្រួត​ពិនិត្យ ​ដើម្បី​ធានា​ថា ​ការ​បោះ​ឆ្នោត​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​ពេញ​លេញនិង​មាន​ភាពត្រឹម​ត្រូវ​។ នេះ​បើតាម​ការ​បញ្ជាក់​របស់​ប្រភពចំនួនបី​ ដែល​បាន​ដឹង​ពី​ផែន​ការ​នេះ​ ហើយ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការ​ស្នើ​សុំ​ពី​ប្រទេស​ដ៏​ធំ​បំផុត​ក្នុង​តំបន់មួយ​នេះមិន​បាន​លើកឡើង​អំពី​ការ​ទាម​ទារជា​សាធារណៈ​របស់​អ្នក​ប្រឆាំង​តវ៉ា ​និង​បស្ចិម​ប្រទេស​មួយ​ចំនួន ​ដែល​បានទទូច​ឲ្យ​មាន​ការ​ដោះលែង​ជា​បន្ទាន់នូវ​មេដឹកនាំ​ជាប់​ឆ្នោត​លោកស្រី Aung San Suu Kyi និងការ​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ កាល​ពី​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា ឆ្នាំ​ទៅ ​ដែលគណបក្ស​របស់​លោកស្រី​ជា​អ្នក​ឈ្នះភ្លូក​ទឹក​ភ្លូក​ដី​នោះ​ទេ។

មន្ត្រី​ជាន់ខ្ពស់២​រូប​ ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ទី​ភ្នាក់​ងារ​ Reuters ថា​ ដំណោះ​ស្រាយតាម​រយៈ​ការទូត​មួយ​ត្រូវ​ផ្តោត​លើ​ការ​ទប់​ស្កាត់​ការ​បង្ហូរ​ឈាម ​និង​ការ​ជំរុញ​ឲ្យ​ក្រុម​យោធា​គោរព​កិច្ច​សន្យា​របស់​ខ្លួន​ ក្នុង​ការ​រៀប​ចំ​ការបោះ​ឆ្នោត​ថ្មី​មួយ​ ហើយ​ប្រគល់​អំណាច​ទៅ​ឲ្យ​អ្នក​ឈ្នះ។​

ក្រុម​អ្នក​ប្រឆាំង​តវ៉ា​បាន​ថ្កោល​ទោស​យោធាមីយ៉ាន់ម៉ា​ពី​ការ​សន្យាការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជា​ថ្មី​ ដោយ​ពួកគេ​លើក​ឡើង​ថា របប​នេះ​គួរ​តែ​ទទួល​ស្គាល់នូវ​លទ្ធផល​បោះឆ្នោត​ដែល​បាន​ធ្វើ​រួច​ហើយ​កាល​ពី​ឆ្នាំ​ទៅ។ ​

ក្រុម​យោធា​ បាន​ធ្វើ​រដ្ឋប្រហារ​ បន្ទាប់​ពី​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់របស់​ក្រុមយោធា​ដែល​ថា​ ការ​បោះ​ឆ្នោត​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ​មាន​ការ​លួច​បន្លំ​នោះ។​

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​ក៏របប​យោធានៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​មិន​បាន​កំណត់​កាល​បរិច្ឆេទ​សម្រាប់​រៀប​ចំ​ការ​បោះ​ឆ្នោតថ្មី​មួយ​នោះ​នៅឡើយទេ។​

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​ ប្រទេស​ចិន​ សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក ​និង​ប្រទេស​ដទៃ​ជា​ច្រើន​ទៀត​ បាន​ស្នើ​ឲ្យ​សមាគម​អាស៊ាន​ជួយ​ដោះ​ស្រាយ​វិបត្តិ​នេះ៕