អ្នក​ជំងឺ​កូវីដ​​៦៣​នាក់​ស្លាប់​ដោយ​សារ​​ខ្វះ​​អុកស៊ីហ្ស៊ែន​​នៅ​មន្ទីរពេទ្យ​ប្រទេស​​ឥណ្ឌូណេស៊ី​​​

បុគ្គលិក​សុខាភិបាល​ព្យាបាល​អ្នក​ជំងឺ​​កូវីដ១៩ ​​នៅ​ក្នុង​តង់​សម្រាប់​ការ​​​សង្គ្រោះ​បន្ទាន់​​មួយ​ នៅ​មន្ទីរ​ពេទ្យ Dr. Sardjito General Hospital ក្នុង​ទី​ក្រុង Yogyakarta ប្រទេស​ឥណ្ឌូណេស៊ី​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០២១។

មនុស្ស​រាប់​សិប​នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​បាន​ស្លាប់កាល​ពី​ចុង​សប្ដាហ៍​នៅ​ពេល​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ Yogyakarta​ អស់​អុកស៊ីហ្ស៊ែន។​

មន្ទីរពេទ្យ​ Dr. Sardjito General Hospital​ បាន​ព្យាយាមប្ដូរ​ទៅ​ប្រើ​ស៊ីឡាំង​អុកស៊ីហ្ស៊ែន​ក្នុង​អំឡុង​ពេល​ខ្វះខាត​នេះ​ប៉ុន្តែ​មិន​អាច​ជួយ​ជីវិត​អ្នក​ជំងឺ​កូវីដ១៩​ចំនួន​៦៣​ នាក់​បាន​ទេ​ដោយ​សារ​ទីក្រុង​នានា​ទូទំាង​ប្រទេស​កំពុង​ប្រឈម​នឹង​កំណើន​ករណី​ឆ្លង​វីរុស​កូរ៉ូណា ដែល​ត្រូវការ​អុកស៊ីហ្ស៊ែន​ច្រើន។​

លោក​ Rukmono Siswishanto​ ប្រធាន​មន្ទីរពេទ្យ​នេះ​បាន​និយាយ​ថា លោក​បាន​ផ្ដល់​ដំណឹង​ទៅ​កាន់​អាជ្ញាធរ​ជា​ច្រើន​រួម​មាន​ក្រសួង​សុខាភិបាល​ថា​មន្ទីរពេទ្យ​នឹង​អស់​អុកស៊ីហ្ស៊ែន​ត្រឹម​ល្ងាច​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។​

កាល​ពី​សប្ដាហ៍​មុន​ប្រទេស​ឥណ្ឌូណេស៊ីមាន​ករណី​ឆ្លង​ថ្មីនិង​ករណី​ស្លាប់​ច្រើន​បំផុត​ដោយ​សារ​ជំងឺ​កូវីដ១៩។​ប្រទេស​ឥណ្ឌូណេស៊ី​មាន​កំណត់ត្រា​ករណី​ស្លាប់​ចំនួន​៣.២៩៨​ករណី​កាល​ពី​សប្ដាហ៍​មុន។​នេះបើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ​ Johns Hopkins។​

ចំណែក​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​វិញ​ក្រុម​មន្ត្រី​បាន​ប្រកាស​ថា​ប្រជាជន​រាប់​ពាន់​នាក់​ត្រូវ​បាន​គេ​ចាក់​វ៉ាក់សំាង​ក្លែង​ក្លាយ​ឲ្យ​ក្នុង​ទីក្រុង​ជាច្រើន​ដូចជា​ Mumbai និង​ Kolkata។​ មន្ត្រី​និយាយ​ថាមក​ដល់​ពេល​នេះ​មនុស្ស​៦​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ជាប់​ទាក់ទង​នឹង​ការ​ចាក់​វ៉ាក់សាំង​ក្លែង​ក្លាយ​នេះ។​

ក្រសួង​សុខាភិបាល​ឥណ្ឌា​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​មាន​កំណត់​ត្រា​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន​៤៣.០០០​ករណី​ក្នុង​រយៈ​ពេល ​២៤​ ម៉ោង​ចុង​ក្រោយ​នេះ។​

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​មន្រ្តី​កំពុង​បិទ​អាជីវកម្ម​មួយ​ចំនួន​ខណៈ​វីរុស​បំប្លែងថ្មីប្រភេទ​ដែលតា ​(Delta)​ បន្ត​រាលដាល​ហើយ​អត្រា​ចាក់​វ៉ាក់សាំង​នៅ​តែ​បន្ត​យឺតយ៉ាវ។​ស្ទើរតែ​មួយ​ភាគបី​នៃ​ប្រជាជន​អ៊ីរ៉ង់​បាន​ចាក់​វ៉ាក់សាំងវីរុស​នេះ។​

ទន្ទឹម​នឹង​នេះ​ដែរ​ចក្រភព​អង់គ្លេស​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់ដូស​ឲ្យជិត​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជាជន​របស់​ខ្លួនរំពឹង​ថា​នឹង​ប្រកាសបញ្ចប់​តម្រូវការ​ពាក់​របាំង។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ផែនការ​របស់​លោក​នាយក​រដ្ឋមន្រ្តី​Boris Johnson ​សម្រាប់​«ទិវា​សេរីភាព»​នៅ​ថ្ងៃ​ទី​១៩​ខែ​កក្កដា​នឹង​ដក​ចេញតម្រូវ​ការ​ពាក់​របាំង​មុខ​ស្រប​ច្បាប់បើក​អាជីវកម្ម​និង​អន្តរកម្ម​សង្គម​ដែល​ត្រូវ​បាន​រឹត​បន្តឹង​នា​ពេល​បច្ចុប្បន្ន៕​

ព័ត៌មាន​ពី​ AP ​និង Reuters បញ្ចូល​ក្នុង​អត្ថបទ​នេះ