សហគមន៍​ដែល​ប្រកប​របរ​នេសាទ​នៅ​តាម​សមុទ្រ​នៅ​ឥណ្ឌូណេស៊ី ងាក​ទៅ​រក​ការងារ​នៅ​លើ​ដី​គោក

រូប​ថត​នៅ​ថ្ងៃ​ទី ៣ ខែ​កក្កដា ឆ្នាំ ២០២៤ បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ផ្ទះ​ឈើ​នៅ​ភូមិ Bajau sea nomads នៅតំបន់ Pulau Papan ក្នុង កោះ Sulawesi ប្រទេស​ឥណ្ឌូណេស៊ី។

សហគមន៍​ដែល​ប្រកប​របរ​នេសាទ​នៅ​តាម​សមុទ្រ​របស់​លោក Sofyan Sabi បាន​នេសាទ​នៅ​សមុទ្រ​ឥណ្ឌូណេស៊ី​អស់​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ក៏ប៉ុន្តែ ការប្រែប្រួល​អាកាសធាតុ និង​ការនេសាទ​ហួស​កម្រិត​បាន​បង្ខំ​លោក និង​មនុស្ស​ជាច្រើន​នៅក្នុង​សហគមន៍​របស់​លោក​ឱ្យ​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នៅ​លើ​ដី​គោក​វិញ។

កុលសម្ព័ន្ធ​អ្នកនេសាទ Bajau បាន​ដឹកនាំ​ជីវិត​ពនេចរ​នៅ​សមុទ្រ​ជាច្រើន​ជំនាន់​ដោយ​ចំណាយ​ពេល​ទាំង​ថ្ងៃ​ទាំង​យប់​នៅ​លើ​ទូក​ដែល​មាន​ដំបូល​ប្រក់​ស្បូវ​នៅ​សមុទ្រ​ចន្លោះ​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន។

ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយ​ថា សមាជិក​នៃ​កុលសម្ព័ន្ធ​នេះ​រៀន​មុជទឹក​តាំងពី​វ័យក្មេង ហើយ​រាងកាយ​របស់​ពួកគេ​បាន​សម្រប​ទៅ​តាម​បរិយាកាស​នោះ ដោយ​អាច​ឱ្យ​ពួកគេ​នេសាទ​នៅ​ក្រោមទឹក​បាន​ក្នុង​រយៈពេល​យូរ។

ក៏ប៉ុន្តែ​សម្រាប់​សមាជិក​នៃ​កុលសម្ព័ន្ធ Bajau រាប់​រយនាក់​ដែល​រស់នៅ​លើ​ភូមិ Pulau Papan ដែល​ជា​កោះ​មួយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី របៀប​រស់នៅ​ដ៏​ពិសេស​របស់​បុព្វបុរស​របស់​ពួកគេ​កំពុង​សាបរលាប។

លោក Sofyan បាន​និយាយ​ថា៖ «យើង​បាន​ផ្លាស់ប្តូរ​មុខរបរ។ យើង​ជា​អ្នកនេសាទ​ដែល​ធ្វើការ​នៅ​កសិដ្ឋាន។ ការធ្វើ​ស្រែចម្ការ​ផ្តល់​ប្រាក់​ចំណូល​កាន់តែ​ប្រសើរឡើង ពីព្រោះ​មាន​ដំណាំ​ជាច្រើន​ដែល​ខ្ញុំ​អាច​ដាំ​បាន‍»។ លោក​ថ្លែង​បន្ថែម​ថា លោក​មាន​ដី​ទំហំ​២​ហិកតា​នៅ​ក្បែរ​នោះ​សម្រាប់​ដាំ​ពោត និង​ចេក។

បុរស​វ័យ៣៩​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា៖ «ជួនកាល​យើង​រក​មិន​បាន​អ្វី​សោះ​នៅ​សមុទ្រ។ ជួនកាល​មាន​ត្រី ជួនកាល​មិន​មាន​ទេ‍»។

លោក Sofyan បាន​ហ្វឹកហាត់​អត់​ដង្ហើម​ក្នុង​ទឹក​ជម្រៅ​ពី​១០ ទៅ​១៥​ម៉ែត្រ​តាំងពី​លោក​នៅ​ជា​កុមារ។ លោក Sofyan នៅតែ​អាច​សម្លឹង​ឃើញ​និង​ចាប់​សត្វ​សមុទ្រ ឬ​មឹក octopus ដែល​ផ្តល់​ប្រាក់​ចំណូល​ដល់​លោក​ប្រមាណ​៣១​ដុល្លារ​អាមេរិក។

ក្រុមអ្នកស្រាវជ្រាវ​លើកឡើង​ថា សមត្ថភាព​របស់​សមាជិក​នៃ​កុលសម្ព័ន្ធ Bajau ក្នុង​ការ​មុជ​ទឹក​បាន​ជ្រៅ និង​យូរ​គឺ​ដោយសារ​ការ​វិវត្ត​ពន្ធុ​របស់​ពួកគេបាន​ផ្តល់​ឱ្យ​ពួកគេ​នូវ​លំពែង​ធំ​ដែល​អនុញ្ញាត​ឱ្យ​ឈាម​របស់​ពួកគេ​ផ្ទុក​អុកស៊ីហ្សែន​បាន​ច្រើន។

ក៏ប៉ុន្តែ លោក Wengki Ariando អ្នកស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ Chulalongkorn នៅ​ប្រទេស​ថៃ​ដែល​បាន​សិក្សា​អំពី​កុលសម្ព័ន្ធ Bajau បាន​និយាយ​ថា ការ​នេសាទ​លើស​កម្រិត​ពាណិជ្ជកម្ម និង​សីតុណ្ហភាព​កើន​ឡើង​បាន​ធ្វើ​ឱ្យ​ការ​រក​ត្រី​សមុទ្រ​កាន់តែ​មិន​អាច​ព្យាករ​ទុក​ជាមុន​បាន។

លោក​បាន​ថ្លែង​បន្ត​ថា៖ «ពួកគេ​កំពុង​ប្រឈម​នឹង​បញ្ហា​ធ្លាក់​ចុះ​ធនធាន​សមុទ្រ‍»។

ខណៈ​ពេល​ដែល​សីតុណ្ហភាព​កើន​ឡើង ការផ្លាស់ទី​របស់​ត្រី និង​ការបន្តពូជ​នឹង​ផ្លាស់ប្តូរ ផ្កាថ្ម​ត្រូវ​បាន​ប្រែ​ពណ៌ ហើយ​ខ្សែ​សង្វាក់​ម្ហូប​អាហារ​បាន​ផ្លាស់ប្តូរ។

ជាង​ពាក់​កណ្តាល​នៃ​តំបន់​ជលផល​ដែល​ត្រូវ​បាន​គ្រប់គ្រង​ទាំង​១១ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ឥឡូវនេះ​ត្រូវ​បាន​ចុះ​បញ្ជី​ថា​ត្រូវ​បាន​គេ​នេសាទរហូត​ដល់​អស់​ធនធាន។

ទិន្នន័យ​របស់​ក្រសួង​ជលផល​ឥណ្ឌូណេស៊ី​បង្ហាញ​ថា ចំនួន​ត្រី​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ​ពី​១២.៥​លាន​តោន​ក្នុង​ឆ្នាំ​២០១៧ មក​ត្រឹម​១២​លាន​ក្នុង​ឆ្នាំ២០២២។

លោក Arfin អ្នកនេសាទ​អាយុ​៥២​ឆ្នាំ បាន​និយាយ​ថា៖ «ត្រី​កំពុង​ថយ​ចុះ​ដោយសារតែ​‍មាន​អ្នកនេសាទ​ច្រើន​ពេក»។

«ជីវភាព​របស់​ពួកគេ‍​ត្រូវ​បាន​ផ្លាស់ប្តូរ»

ផែ​ដ៏​ទ្រុឌទ្រោម​មួយដែល​មាន​ប្រវែង​ប្រមាណ​ជាង​១​គីឡូម៉ែត្រ នាំ​ភ្ញៀវ​ទេសចរ​ទៅ​មើល​ទឹក​ពណ៌​ខៀវ​ថ្លា​ឆ្ពោះ​ទៅ​កាន់​កោះ Pulau Papan។

លោក Davlin Ambotang ដែល​រស់នៅ​លើ​កោះ​នេះ​និយាយ​ថា កុលសម្ព័ន្ធ Bajau បាន​ចាប់ផ្តើម​តាំងទី​លំនៅ​នៅ​ទីនោះ​កាលពី​បី​ជំនាន់​មុន។

លោក​បាន​និយាយ​ថា៖ «ពួកគេ​ឃើញ​កោះ​នេះ​មាន​ភាពសមរម្យ​សម្រាប់​ការសាងសង់​ផ្ទះ ដូច្នេះ​ពួកគេ​បាន​តាំង​ទី​លំនៅ​នៅ​ទី​នោះ។ ពួកគេ​លែង​ជា​ជន​ពនេចរ លែង​ជា​ជន​ផ្លាស់ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ហើយ»។

ក៏ប៉ុន្តែ ជីវិត​នៅ​លើ​ដី​គោក​មាន​បញ្ហា​ប្រឈម​ផ្សេង​ទៀត។

បងប្អូន​ប្រុស​របស់​លោក Davlin បើក​សេវា​ទទួល​ភ្ញៀវ​ទេសចរ​ស្នាក់នៅ​ផ្ទះ​របស់​លោក។

លោក​ត្អូញត្អែរ​ថា អាជ្ញាធរ​បាន​ណែនាំ​ឱ្យ​ភ្ញៀវ​ទេសចរ​ទៅ​ស្នាក់នៅ​អគារ​ដែល​សាងសង់​ដោយ​រដ្ឋាភិបាល​ជាជាង​ជួយ​ឱ្យ​អាជីវកម្ម​របស់​កុលសម្ព័ន្ធ Bajau រីកចម្រើន។

លោក Sofyan បាន​និយាយ​ថា៖ «មិន​មាន​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​ប្រជាជន​ទេ។ រដ្ឋាភិបាល​គ្រប់គ្រង​អ្វីៗ​គ្រប់យ៉ាង‍»។

លោក Sofyan បាន​និយាយ​ទៀត​ថា៖ «មាន​ការឈ្លោះ​ប្រកែក​គ្នា​ជា​ច្រើន​រវាង​ពួក​គេ និង​អ្នក​ស្រុក‍»។

កុលសម្ព័ន្ធ Bajau ដែល​គ្មាន​សញ្ជាតិ​ជា​យូរ​មក​ហើយ​បាន​បង្កើន​ការតាំងទី​លំនៅ​ក្នុង​ភូមិ​ដូច​ជា Pulau Papan ដើម្បី​ស្វែង​រក​ការទទួល​ស្គាល់​ពី​រដ្ឋាភិបាល។

លោក Wengki បាន​និយាយ​ថា៖ «កុលសម្ព័ន្ធ Bajau បាន​ផ្លាស់ប្តូររបៀប​រស់​នៅរបស់​ពួកគេ​ដើម្បី​ទទួល​បាន​ការទទួល​ស្គាល់​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​ត្រូវតាំង​ទីលំនៅ​នៅ​កន្លែង​ណា​មួយ​ជាក់លាក់»។ លោក Wengki បាន​ថ្លែង​បន្ថែម​ថា ការ​ជំរុញ​ឱ្យ​មាន​ការ​ចុះ​ឈ្មោះ​ពួកគេ​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​នៅក្នុង​ទសវត្សរ៍​១៩៩០ ក្រោម​របប​ផ្តាច់ការ​របស់​លោក Suharto។

ការ​លំបាក​នៅ​លើ​ដី​គោក

ទូក​ឈើ​តម្រៀប​គ្នានៅតាម​ឆ្នេរ​កោះ ក្បែរ​ផ្លូវដើរ​ចម្បងលយ​ចូល​ទៅផែ​នានា​ក្នុង​ទឹក។

នៅ​ភូមិ​នោះ​មាន​វិហារ​អ៊ិស្លាម​ដំបូល​ពណ៌​ប្រាក់​មួយ។

នៅ​លើ​ទីលាន​មួយ​កន្លែង​ស្ត្រី​លេង​បាល់​ទះ ខណៈ​បុរស​មួយ​ក្រុម​អង្គុយ​ជក់​បារី។

លោក Wengki និយាយ​ថា៖ «ក្មេង​ជំនាន់​ក្រោយ​មើល​ទៅ​ហាក់​ដូច​ជា​បាត់​បង់​អត្តសញ្ញាណ​ហើយ‍។ ពួកគេ​មើល​ទៅ​ដូចជា​អ្នក​រស់នៅ​ក្នុង​សហគមន៍​លើ​ដី​គោក»។

តាមរយៈ​ការប្រើប្រាស់​អ៊ីនធឺណិត​នៅ​លើ​ដី​គោក​កុលសម្ព័ន្ធ Bajau បាន​បង្កើត​ក្រុម​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​មាន​អ្នក​តាមដាន​រាប់​ពាន់​នាក់ ដោយ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ។

អ្នកស្រី Tirsa Adodoa ជា​ស្ត្រី​មេផ្ទះ​មាន​វ័យ​ជាង​២០​ឆ្នាំ​ដែល​ប្តី​អ្នកស្រី​ជា​អ្នកនេសាទ​បាន​និយាយ​ថា៖ «គ្មាន​ការអភិវឌ្ឍអ្វី​ទេ គឺ​គ្មាន​សោះ។ មាន​អំណោយ​ពី​រដ្ឋាភិបាល​ថ្នាក់​ស្រុក​សម្រាប់​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​ពី​ពីរ​ទៅ​បី​ថង់​ក្នុង​មួយ​ខែ‍»។

អ្នកស្រី Tirsa Adodoa ថ្លែង​បន្ត​ថា៖ «វា​មិន​គ្រប់គ្រាន់​ទេ ប្រសិនបើ​យើង​ពឹងផ្អែក​តែ​ទៅ​លើ​ការ​ចាប់​មឹក octopus នោះ។ ប្រសិនបើ​តម្លៃ​មឹក octopus ធ្លាក់​ចុះ​ដូច​ពេល​នេះ... វា​មិន​គ្រប់គ្រាន់​សម្រាប់​យើង​ក្នុង​ការ​ទិញ​ម្ហូប​បរិភោគ ឬ​ទិញ​របស់របរ​នោះ​ទេ‍»។

ក៏ប៉ុន្តែ អ្នកផ្សេងទៀត​ប្រាថ្នា​ចង់​ឱ្យ​ទំនៀមទម្លាប់​រស់នៅ​តាម​ទូក​លើ​សមុទ្រ​របស់​ពួកគេ​បន្ត​ទៅ​មុខ​ទៀត ពីព្រោះ​ពួកគេ​បារម្ភ​ថា មនុស្ស​ជំនាន់​ក្រោយ​នឹង​មិន​បន្ត​ទំនៀម​ទម្លាប់​របស់​បុព្វបុរស​របស់​ពួកគេ​ទេ។

លោក Muslimin អ្នកនេសាទ​វ័យ​៤៩​ឆ្នាំ​បាន​និយាយ​ថា៖ «នៅ​ពេល​ដែល​ពួកគេ​ស៊ាំ​នឹង​ជីវិត​នៅ​លើ​ដី​គោក វា​នឹង​ពិបាក​ឱ្យ​ពួកគេ​ត្រឡប់​ទៅ​សមុទ្រ​វិញ‍។ ខ្ញុំ​ចង់​ឱ្យ​ពួកគេ​អាច​ធ្វើ​បាន​ត្រឹម​តែ​ជា​អ្នក​នេសាទ​ប៉ុណ្ណោះ ពីព្រោះ​វា​សប្បាយ។ នៅ​លើ​ដីគោក​មាន​បញ្ហា​លំបាក​ច្រើន​ពេក»៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់