ប្រទេស​ឥណ្ឌូណេស៊ី​ផ្លាស់ប្តូរ​រដ្ឋធានី​ចេញ​ពី​ទីក្រុង​ហ្សាការតា

លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ធ្វើ​ទស្សនកិច្ច​ទៅ​តំបន់​មួយ​ ដែល​ត្រូវ​បាន​គេ​គ្រោង​សម្រាប់​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូណេស៊ី នៅ​ក្នុង​ស្រុក Sepaku ខេត្ត East Kalimantan កាលពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។

បញ្ហា​ពីរ​ដែល​ឥណ្ឌូណេស៊ី​បារម្ភ​នៅ​ពេល​ប្តូរ​ទីតាំង​រដ្ឋធានី​នោះ​គឺ​ទី​មួយ ពលរដ្ឋ​នឹង​នៅ​តែ​រស់នៅ​ក្នុង​ក្រុង​ហ្សាការតា​ដែល​មាន​មនុស្ស​ច្រើន​កកកុញ​ដដែល ហើយ​ទី​ពីរ​ រដ្ឋាភិបាល​មិន​មាន​ប្រាក់​គ្រប់គ្រាន់​ក្នុង​ការ​រៀបចំ​រដ្ឋធានី​ថ្មី​នៅ​លើ​កោះ​កាលីម៉ាន់តាន់ទេ។

ប្រទេស​ឥណ្ឌូណេស៊ី​បាន​ចេញ​សេចក្តីប្រកាស​ជាច្រើន​លើក​ច្រើន​សារ​អំពី​ការ​ប្តូរ​ទីតាំង​រដ្ឋធានី​របស់​ខ្លួន​ចេញ​ពី​ទីក្រុង​ហ្សាការតា ដែល​រដ្ឋាភិបាល​អះអាង​ថា អាច​មាន​ការ​វិនិយោគ​ជា​ទឹកប្រាក់​ចំនួន​៤០​ពាន់​លាន​ដុល្លារ​ពី​វិនិយោគិន​នានា ចាប់​តាំង​ពី​វិនិយោគិន​ខាង​បច្ចេកវិទ្យា​ធំ​បំផុត​នៅ​ក្នុង​ពិភពលោករហូត​ដល់​ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់​ថ្មី​មួយ​ដែល​រួម​មាន​ទាំង​លោក Tony Blair អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​ផង​ដែរ។ ការ​ប្រកាស​កាល​ពី​ពាក់​កណ្តាល​ខែ​មករា​នេះ​គឺ​ជា​ការ​ធានា​ជាថ្មី​ម្តង​ទៀត​អំពី​ការ​ប្តូរ​ទីតាំង​រដ្ឋធានី​ដែល​ត្រូវ​ការ​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ខណៈ​ដែល​ប្រទេស​ឥណ្ឌូណេស៊ី​កំពុង​ផ្តល់​អាទិភាព​ដល់​ការ​វិនិយោគ​បរទេស​ម្តង​ទៀត។ ទោះ​ជា​យ៉ាង​នេះ​ក្តី សកម្មជន​បរិស្ថាន​មិន​ទាន់​ទទួល​បាន​ការ​ធានា​ពី​រដ្ឋាភិបាល​នោះ​ទេ។

សកម្មជន​បរិស្ថាន​និយាយ​ថា ដំណោះស្រាយ​នេះ​មិន​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​នោះ​ទេ។ ឥណ្ឌូណេស៊ី​ដែល​ជា​ប្រទេស​ធំ​បំផុត​ទី៤​នៅ​ក្នុង​ពិភពលោក​កំពុង​ធ្វើ​ការ​ផ្លាស់ប្តូរ​រដ្ឋធានី​របស់​ខ្លួន​ដោយសារ​តែ​បម្រែបម្រួល​អាកាសធាតុ។ ទីក្រុង​ហ្សាការតា​គឺ​ជា​ទីក្រុង​ដែល​មាន​ការ​បំពុល​ និង​រងការ​គំរាមកំហែង​ពី​ការ​ជន់​លិច​។ ទីដៅ​ថ្មី​សម្រាប់​រដ្ឋធានី​នេះ​គឺ​នៅ​លើ​កោះ Borneo ដែល​ជា​កោះ​ធំ​បំផុត​នៅ​អាស៊ី។ នៅ​ទីនោះ បរិស្ថាន​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​តែ​គ្រាប់​មីន ចម្ការ​ដំណាំ​នានា ការ​កំពប់​ប្រេង និង​ការ​ដុតព្រៃ​ដើម្បី​យក​ដី​ដាំ​ដូងប្រេង។​

សកម្មជន​បរិស្ថាន​មាន​ការ​បារម្ភ​ថា ការ​ផ្លាស់ប្តូរ​រដ្ឋធានី​នេះ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​របស់​មនុស្ស​រាប់​លាន​នាក់​ដែល​រស់នៅ​លើ​កោះ​កាលីម៉ាន់តាន់ កាន់​តែ​អាក្រក់។ កោះ Borneo ត្រូវ​បាន​កាន់កាប់​រួម​គ្នា​ដោយ​ម៉ាឡេស៊ី​ ​ឥណ្ឌូណេស៊ី និង​ប៊្រុយណេ ហើយ​កោះ​កាលីម៉ាន់តាន់​ គឺ​ជា​ផ្នែក​ដែល​ឥណ្ឌូណេស៊ី​កាន់កាប់​នៅ​លើ​កោះ Borneo ។

វិទ្យាស្ថាន​ World Resources Institute បាន​សរសេរ​នៅ​ក្នុងអត្ថបទមួយ​លើ​អ៊ីនធឺណិត​របស់​ខ្លួន​ថា៖ «មិន​ថា​មូលហេតុ​នៃ​ការ​ផ្លាស់ប្តូរ​ជា​អ្វី​នោះ​ទេ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​កត់សម្គាល់​ថា ការ​ប្តូរ​ទីតាំង​រដ្ឋធានី​ចេញ​ពី​ក្រុង​ហ្សាការតា​នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​នៅ​ក្នុង​ទីក្រុង​នោះ​ទេ។ ដូច​គ្នា​ដែរ ការ​ប្តូរ​ទីតាំង​រដ្ឋធានី​ទៅ​ទីក្រុង​មួយ​ទៀត​អាច​នឹង​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​បរិស្ថាន​និង​សង្គម​កាន់​តែ​ច្រើន»។

វិទ្យាស្ថាន​ដដែល​នេះ​បាន​ប៉ាន់ស្មាន់​ថា ការ​ដុត​ព្រៃ​ដើម្បី​យក​ដី​សម្រាប់​រៀបចំ​ជា​រដ្ឋធានី​នៅ​លើ​កោះ Borneo អាច​នឹង​បញ្ចេញ​ឧស្ម័ន​កាបូនិច​ចំនួន៤៨លាន​តោន​ ដែលស្មើនឹងបរិមាណ​ឧស្ម័ន​កាបូនិច​ដែល​បញ្ចេញ​ពី​ការ​បើកបរ​រថយន្ដ​ចំនួន​៩លាន​៣សែន​គ្រឿងក្នុង​មួយ​ឆ្នាំ។

មាន​ផលប៉ះពាល់​សង្គម​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​ដែលបាន​សម្រេច​ចិត្ត​ប្តូរ​ទីតាំង​រដ្ឋធានី​របស់​ពួកគេ។ នៅ​ពេល​ប្រទេស​ប្រេស៊ីល​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ពី​ក្រុង Rio de Janeiro ទៅ​ក្រុង Brasilia ប្រទេស​ប្រេស៊ីល​បាន​បោះពុម្ព​ក្រដាស​ប្រាក់បន្ថែម​ទៀត​សម្រាប់​ការ​ប្ដូរ​ទីតាំង​នេះ។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​វិបត្តិ​អតិផរណា​ខ្លាំង​រយៈពេល​មួយ​ទសវត្សរ៍ ដែល​ធ្វើ​ឲ្យ​តម្លៃ​ទំនិញ​កើន​ឡើង​៨០%​ក្នុង​មួយ​ខែ។

នៅ​ពេល​ដែល​ប្រទេស​មីយ៉ាន់ម៉ាផ្លាស់ប្តូរ​រដ្ឋធានី​របស់​ខ្លួន​ពី​ក្រុង​រ៉ង់ហ្គូន​ទៅ​ក្រុង​ណៃពិដោរ​នោះ​ ពលរដ្ឋ​ចង់​រស់នៅក្នុង​ក្រុង​ចាស់​ដដែល​ ដែល​ធ្វើ​ឲ្យ​រដ្ឋធានី​ថ្មី​មិន​សូវមាន​មនុស្ស​រស់នៅ​នោះ​ទេ។

បញ្ហា​ពីរ​ដែល​ឥណ្ឌូណេស៊ី​បារម្ភ​នៅ​ពេល​ប្តូរ​ទីតាំង​រដ្ឋធានី​នោះ​គឺ​ទី​មួយ ពលរដ្ឋ​នឹង​នៅ​តែ​រស់នៅ​ក្នុង​ក្រុង​ហ្សាការតា​ដែល​មាន​មនុស្ស​ច្រើន​កកកុញ​ដដែល ហើយ​ទី​ពីរ​ រដ្ឋាភិបាល​មិន​មាន​ប្រាក់​គ្រប់គ្រាន់​ក្នុង​ការ​រៀបចំ​រដ្ឋធានី​ថ្មី​នៅ​លើ​កោះ​កាលីម៉ាន់តាន់ទេ។

នេះ​គឺ​ជា​មូលហេតុ​ដែល​ប្រទេស​ឥណ្ឌូណេស៊ី​កំពុង​ព្យាយាម​ធានា​ម្ដង​ហើយ​ម្ដង​ដល់​បណ្ដា​វិនិយោគិន។ ក្រៅ​ពី​លោក Tony Blair ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស ជា​សមាជិក ក្រុមប្រឹក្សា​ពិគ្រោះយោបល់​លើ​ការ​ប្តូរ​ទីតាំង​រដ្ឋធានី​របស់​ឥណ្ឌូណេស៊ី​ក៏​នឹង​មាន​ព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed Al Nahyan នៃ​ប្រទេសអេមីរ៉ាតអារ៉ាប់រួម និង​លោក Masayoshi Son ដែល​ជា​ប្រធាន​ក្រុមហ៊ុន SoftBank និង​ជា​វិនិយោគិន​លើ​បច្ចេកវិទ្យា​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក​ផង​ដែរ។

លោក Luhut Pandjaitan រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​ដែន​សមុទ្រ​និង​ការ​វិនិយោគ​របស់​ឥណ្ឌូណេស៊ី​បាន​និយាយ​ថា៖ «តួនាទី​របស់​ក្រុមប្រឹក្សាពិគ្រោះយោបល់​នេះគឺ​ដើម្បី​ផ្តល់​យោបល់​និង​ការ​លើក​កម្ពស់​ដល់​ការ​ផ្លាស់ប្តូរ​រដ្ឋធានី ហើយ​អ្វី​ដែល​សំខាន់​បំផុត​គឺ​ត្រូវ​កសាង​ទំនុកចិត្ត​នៅ​ក្នុង​ពិភពលោក»។

លោក​ក៏​បាន​និយាយ​ថា ប្រទេស​ឥណ្ឌូណេស៊ី​នឹង​សិក្សា​លើ​ផលប៉ះពាល់​បរិស្ថាន​ដែល​កើត​ចេញ​ពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ ជា​ពិសេស​គឺ​វិស័យ​នេសាទ​ដែល​មាន​សារៈសំខាន់​ដល់​ប្រជាជាតិ​នេះ​ទាំង​មូល។

លោក​បាន​លើក​ឡើង​ថា៖ «យើង​នឹង​ប្រមូល[ទិន្នន័យ​ពី]អ្នក​ជំនាញ​ផ្នែក​ជលផល ហើយ​យើង​នឹង​ដាក់​ចេញ​គោលនយោបាយ​បន្ទាប់​ពី​ទទួល​បាន​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នោះ»។

ទោះ​ជា​យ៉ាង​នេះ​ក្តី សកម្មជន​បរិស្ថាន​នៅ​តែ​មាន​ក្តីបារម្ភ។ ពួកគេ​និយាយ​ថា ការ​តាំង​រដ្ឋធានី​ថ្មី​នឹង​គំរាមកំហែង​ដល់​ជីវចម្រុះ​នៅ​លើ​កោះ​កាលីម៉ាន់តាន់ ដែល​មាន​អំបូរ​សត្វ​ត្រូវ​បាន​អភិរក្ស​ ដូចជា​សត្វ​ស្វា​អូរ៉ង់ហ្គូតង់​ជាដើម។ កោះ​នេះ​កំពុង​ប្រឈម​មុខ​ជាមួយនឹង​ភាព​ចម្រូងចម្រាស​អាកាសធាតុ​ជាច្រើន​រួច​ទៅ​ហើយ។ តម្រូវការ​ដូងប្រេង​យ៉ាង​ខ្លាំង​នៅ​ក្នុង​សាកលលោក​បាន​ជំរុញ​អាជីវកម្ម​នានា​ដុត​ព្រៃ​និង​ដាំ​ដូងប្រេង​ជំនួស​វិញ។

ទោះ​ជា​មាន​ការ​សន្យា​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​អាជ្ញាប័ណ្ណ​ដាំ​ដូច​ប្រេង​ក៏​ដោយ ក៏​ភ្លើង​ឆេះព្រៃ​ទាំង​នេះ​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​មាន​ការ​បាត់បង់​ព្រៃឈើ​៤៣%​នៅ​ក្នុង​ខេត្ត East Kalimantan ក្នុង​ឆ្នាំ២០១៨ បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ២០១៧ នេះ​បើ​យោង​តាម​វិទ្យាស្ថាន World Resources Institute។

ក្រុម​អ្នក​រិះគន់​ក៏​បាន​ចោទ​ជា​សួរ​ថា​តើ​ការប្តូរ​ទីតាំង​រដ្ឋធានី​ពី​ក្រុង​ហ្សាការតា​នេះ​អាច​កាត់បន្ថយ​បញ្ហា​ចរាចរណ៍ និង​បញ្ហា​លើស​ចំនួន​ប្រជាជន ដែល​បង្ក​ឲ្យ​មាន​ការ​បំពុល​ខ្យល់ បញ្ហា​ទឹក​ប្រើប្រាស់ ទឹក​ជំនន់ ការ​បាក់​ដី និង​ការ​បាត់បង់​ធនធាន​ជា​រួម​ដែរ​ឬ​យ៉ាង​ណា។ គិត​តែ​សម្រាប់ខែ​នេះ ទឹក​ជន់លិច​បាន​សម្លាប់​យ៉ាង​ហោច​ណាស់​៥០នាក់​នៅ​ក្នុង​ក្រុង​នេះ និង​ធ្វើ​ឲ្យ​មនុស្ស​ជាង​១សែន​នាក់​ត្រូវ​ភៀសខ្លួន៕