ករណីរំលោភបូកថ្មីមួយលើក្មេងស្រីឥណ្ឌូនេស៊ីអាយុ១៥ឆ្នាំ ដោយបុរសវ័យក្មេងប្រាំមួយនាក់ នៅក្រុង Tangerang ភាគខាងលិចកោះជ្វា គឺជាករណីរន្ធត់ចុងក្រោយមួយនៅក្នុងឆ្នាំនេះ។ ករណីនេះបានធ្វើឲ្យរដ្ឋាភិបាលឥណ្ឌូនេស៊ី ដាក់វប្បធម៌នៃការរំលោភ និងការមើលងាយស្រ្តីទៅក្នុងរបៀបវីរៈរបស់ជាតិ។
ការផ្សព្វផ្សាយឲ្យមានការយល់ដឹងជាសាធារណៈអំពីអំពើហិង្សាផ្លូវភេទ ត្រូវបានធ្វើឡើងជាលើកដំបូង កាលពីខែឧសភាឆ្នាំនេះ បន្ទាប់ពីមានករណីរំលោភបូកនិងសម្លាប់ទៅលើសិស្សសាលាអាយុ១៤ឆ្នាំម្នាក់ ឈ្មោះ Yuyun។ នាងត្រូវបានរំលោភ ដោយបុរស និងក្មេងប្រុសចំនួន១៤នាក់ រួមទាំងអតីតមិត្តប្រុសរបស់នាងផងដែរ នៅក្នុងតំបន់ Bengkulu កោះស៊ូម៉ាត្រា។ សាកសពរបស់នាង ត្រូវបានរកឃើញ ដោយគ្មានសម្លៀកបំពាក់ និងចងដោយខ្សែនៅឯចំការកៅស៊ូ ពីរថ្ងៃបន្ទាប់មក។
ករណីនេះដំបូងឡើយត្រូវបានបញ្ចប់ទៅដោយគ្មានការចាប់អារម្មណ៍នោះទេ ទាល់តែសកម្មជនស្រ្តីនិយម ចាប់ផ្តើមយុទ្ធនាការលើបណ្តាញសង្គមទាមទាររកយុត្តិធម៌។
ជនរងគ្រោះចុងក្រោយបង្អស់ ដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចុះផ្សាយ ត្រូវបានកំណត់អត្តសញ្ញាណឈ្មោះជាអក្សរឡាតាំង «S»។ យោងតាមសេចក្ដីថ្លែងការណ៍របស់ប៉ូលិស ចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ជនរងគ្រោះបានឡើងជិះឡានក្រុងតូច នៅម៉ោង១យប់ ថ្ងៃទី២៤ ខែវិច្ឆិកា។ ក្នុងនោះជនល្មើសពីរនាក់ជាអ្នកបើកបរ។ ពួកគេមិនបានជូននាងទៅកាន់គោលដៅរបស់នាងទេ ផ្ទុយទៅវិញ ពួកគេបានយកនាងទៅផ្ទះជួលមួយ ដែលមិត្តភក្តិរបស់ពួកគេបួននាក់ទៀតកំពុងរង់ចាំ។ ជនរងគ្រោះត្រូវបានបង្ខំឲ្យចូលទៅក្នុងបន្ទប់ទឹក ហើយត្រូវបានរំលោភដោយជនសង្ស័យទាំងនោះ។
បន្ទាប់ពីប្រព្រឹត្តបទល្មើស ជនសង្ស័យបានលែងនាង S ឲ្យត្រលប់ទៅវិញ។ នៅទីបំផុត នាងបានរាយការណ៍ករណីកើតហេតុនេះទៅប៉ូលិស នៅថ្ងៃទី៤ ខែធ្នូ។ ជនសង្ស័យ៤នាក់ត្រូវបានចាប់ខ្លួន។ ពីរនាក់ទៀតនៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេ។
ជនសង្ស័យអាចនឹងត្រូវបានកាត់ទោស ដោយច្បាប់ការពារកុមារ ហើយពួកគេអាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ។
ស្ថិតិបង្ហាញថាការវាយប្រហារផ្លូវភេទលើស្ត្រីកើនឡើង
យោងតាមគណៈកម្មាធិការជាតិប្រឆាំងអំពើហិង្សាលើស្ត្រី (KP) បានឲ្យដឹងថា ជារៀងរាល់ថ្ងៃជាមធ្យម មានស្ត្រី៣៥នាក់រងគ្រោះដោយអំពីហិង្សាផ្លូវភេទនៅឥណ្ឌូនេស៊ី។
អ្នកនាំពាក្យគណៈកម្មការជាតិប្រឆាំងអំពើហិង្សាលើស្រ្តី (KP)លោកស្រី Mia Olivia និយាយថា៖
«ករណីអំពើហិង្សាផ្លូវភេទជាច្រើន មិនត្រូវបានរាយការណ៍ទៅប៉ូលិសទេ ដោយសារតែការមាក់ងាយគ្រួសារ និងសម្ពាធពីសង្គម។ ដូច្នេះនេះគ្រាន់តែជាមួយផ្នែកតូចនៃបញ្ហាទាំងមូលប៉ុណ្ណោះ»។
ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទបានកើនឡើង ស្របគ្នានឹងការកើនឡើងទូទៅនៃករណីការប្រព្រឹត្តអំពើហិង្សាលើស្រ្តី ដែលបានកើនដល់ ៣២១,៧៥២ ករណីនៅក្នុងឆ្នាំ២០១៥ ធៀបនឹងឆ្នាំ២០១៤ ដែលមាន ២៩៣,២២០ ករណី។ ជិត៧០%នៃអំពើហិង្សានេះ ជនល្មើសគឺជាដៃគូ ឬជាអតីតដៃគូរបស់ជនរងគ្រោះ។
របាយការណ៍អ.ស.ប បង្ហាញការកើនឡើងដូចគ្នាពីបទល្មើសផ្លូវភេទលើស្ត្រី
របាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយកាលពីឆ្នាំ២០១៣ ដែលស្ទង់មតិបុរសនៅទូទាំងអាស៊ី បង្ហាញថា ៣១,៩ភាគរយនៃអ្នកឆ្លើយតបក្នុងប្រទេសឥណ្ឌូនេស៊ីទទួលស្គាល់ថា ពួកគេបានបង្ខំឲ្យស្ត្រីរួមភេទជាមួយ។ ហើយស្ទើរតែមួយភាគបីនៃអ្នកដែលសារភាពថាធ្លាប់បានរំលោភនោះ បាននិយាយថា មូលហេតុនៃការរំលោភនោះ គឺពួកគេមាន«សិទ្ធិក្នុងការរួមភេទ»។
មានមនុស្សជាច្រើនបានបន្ទោសទៅលើការអនុវត្តច្បាប់ខ្សោយ និងការកាត់ទោសអ្នកប្រព្រឹត្តអំពើហិង្សាផ្លូវភេទនៅឥណ្ឌូនេស៊ីមានតិចតួច។ បន្ទាប់ពីមានការប្រឆាំងយ៉ាងខ្លាំងក្លាពីសាធារណជន ដែលផ្ដើមចេញពីករណីរំលោភ និងសម្លាប់លើ Yuyun លោកប្រធានាធិបតី Joko Widodo បានណែនាំឲ្យមានការពិន័យធ្ងន់ធ្ងរថ្មី ទៅលើអ្នកប្រព្រឹត្តបទល្មើសផ្លូវភេទ រួមមានចាក់ថ្នាំគីមីដើម្បីបំបាត់ចំណង់ផ្លូវភេទ ឬក៏កាត់ទោសប្រហារជីវិតទៅលើជនល្មើសដែលរំលោភកុមារ។
ការបង្កើតច្បាប់ដ៏តឹងរ៉ឹង
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BBC កាលពីខែតុលា លោកប្រធានាធិបតីឥណ្ឌូនេស៊ីនិយាយថា៖
«ការចាក់ថ្នាំគីមីដើម្បីបំបាត់ចំណង់ផ្លូវភេទ នឹងអាចកាត់បន្ថយបទល្មើសផ្លូវភេទនិងលុបបំបាត់បញ្ហានេះបាន ប្រសិនបើយើងអនុវត្តវិធានការនេះជាប់លាប់»។
ក៏ប៉ុន្តែ សកម្មជននិយាយថា វិធានការនេះគឺអមនុស្សធម៌ គ្រាន់តែជាការប្រតិកម្ម ហើយមិនបានឆ្លើយតបនឹងបញ្ហាឥរិយាបថធំជាងនេះ ដែលធ្វើឲ្យការរំលោភមានភាពស្របច្បាប់នោះទេ។
លោកស្រី Tunggal Pawestri ដែលជាសកម្មជនសិទ្ធិស្ត្រីប្រចាំនៅរដ្ឋធានីហ្សាការតា និយាយថា៖
«យើងមិនគាំទ្រវិធានការនេះទេ ព្រោះពួកយើងគោរពសិទ្ធិមនុស្ស។ ហើយវាមិនបានជួយអ្វីនោះទេ សូម្បីតែច្បាប់ដែលមានពីមុន មានជនរំលោភតិចណាស់ដែលទទួលរងការពិន័យខ្លាំងបំផុតនោះ»។ [ការដាក់ទណ្ឌកម្មបែបប្រតិកម្ម] មិនមែនជាដំណោះស្រាយនោះទេ។ អ្នកបង្កើតគោលនយោបាយ ត្រូវគិតរកដំណោះស្រាយបញ្ហានេះដោយបន្ថែមការអប់រំ ដូចជាការអប់រំសង្គម និងការអប់រំផ្លូវភេទ។ ដូច្នេះបុរសនឹងរៀនគោរពស្ត្រី ហើយប្រាស្រ័យជាមួយស្ត្រីដោយការគោរព។
ប្រពៃណីឥណ្ឌូនេស៊ីធ្វើឲ្យស្ត្រីចាញ់ប្រៀប
នៅក្នុងសង្គមឥណ្ឌូនេស៊ីដែលឲ្យតម្លៃខ្លាំងទៅលើបុរស ស្ត្រីភាគច្រើនគឺជាអ្នកត្រូវទទួលខុសត្រូវចំពោះការរំលោភ។ ជនជាតិឥណ្ឌូនេស៊ីភាគច្រើន យល់ថាការការពារ«ភាពបរិសុទ្ធ» គឺជាការទទួលខុសត្រូវរបស់ស្ត្រី ជាជាងឲ្យបុរសទប់ចំណង់ផ្លូវភេទខ្លួនឯង។ នៅក្នុងទំនាក់ទំនង និងអាពាហ៍ពិពាហ៍ជាច្រើន ស្ត្រីត្រូវគេរំពឹងឲ្យផ្ដល់ការរួមភេទដល់ដៃគូ តាមតែបុរសត្រូវការ។
នាង Tunggal និយាយថា៖
«ស្រ្តីត្រូវបានចាត់ទុកជាវត្ថុកម្មសិទ្ធិអស់រយៈពេលជាច្រើនឆ្នាំពេកហើយ»។
ទោះបីជាមានមនុស្សមួយចំនួនបានផ្លាស់ប្ដូរទស្សនៈនេះក៏ដោយ អត្តចរិតអភិរក្សនិយមនៅតែជ្រាបនៅគ្រប់ស្រទាប់នៅក្នុងសង្គម ហើយទស្សនៈមើលងាយស្ត្រី ត្រូវបានឃើញជារឿយៗ នៅក្នុងចំណោមមន្ត្រីជាន់ខ្ពស់ និងអ្នកនយោបាយ។
កាលពីឆ្នាំ២០១៣ បេក្ខជនសម្រាប់តំណែងតុលាការកំពូលឥណ្ឌូនេស៊ី ផ្ដល់យោបល់ទៅកាន់គណៈកម្មការសភា ថា ជនរងគ្រោះដោយអំពើហិង្សាផ្លូវភេទ ពេញចិត្តនឹងការរំលោភ។ នៅក្នុងការបញ្ចេញមតិយោបល់លើករណីរំលោភក្នុងឆ្នាំ២០១៤ លោក Fauzi Bowo ដែលនៅពេលនោះមានតួនាទីជាអភិបាលរដ្ឋធានីហ្សាការតា និយាយថា ស្ត្រីដែលធ្វើដំណើរតាមមធ្យោបាយសាធារណៈ គួរតែស្លៀកពាក់បិតបាំងដើម្បីជៀសវាងពី «ផលវិបាកដែលមិនចង់ឲ្យកើតមាន»។
មានច្បាប់បង្កើតថ្មី តែបញ្ហាជាច្រើននៅមិនទាន់ដោះស្រាយ
រហូតមកដល់ឆ្នាំ២០០៤ ការរំលោភសេពសន្ថវៈត្រូវបានចាត់ចូលនៅក្នុងក្រមព្រហ្មទណ្ឌឥណ្ឌូនេស៊ីថា ជា«បទល្មើសប្រឆាំងសីលធម៌» មានន័យថា នៅក្នុងករណីជាច្រើន តុលាការផ្ដោតការចាប់អារម្មណ៍ទៅលើមូលហេតុ «សីលធម៌» របស់ស្ត្រីជាជនរងគ្រោះ ជាជាងស្វែងរកពីមូលហេតុដែលការចាប់រំលោភនោះបានកើតមានឡើងឬក៏យ៉ាងណា។ ច្បាប់នេះក៏មិនមានការការពារតាមច្បាប់ចំពោះករណីរំលោភសេពសន្ថវៈក្នុងចំណោមប្តីប្រពន្ធស្របច្បាប់ដែរ។
ចាប់តាំងពីឆ្នាំ២០០៤មក ស្ត្រីត្រូវបានការពារពីអំពើហិង្សាផ្លូវភេទ នៅក្នុងករណីប្តីប្រពន្ធស្របច្បាប់ ដោយច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ។ ប៉ុន្តែសកម្មជននិយាយថា មានមនុស្សជាច្រើននៅតែមិនទាន់យល់ដឹងអំពីការការពារដោយច្បាប់។
ការរីករាលដាលអំពើបៀតបៀនកេរ្តិ៍ខ្មាស
រហូតមកដល់បច្ចុប្បន្ន គ្មានច្បាប់ប្រឆាំងអំពើបៀតបៀនកេរ្តិ៍ខ្មាស ដែលកើតឡើងចំពោះស្ត្រីឥណ្ឌូនេស៊ីជារៀងរាល់ថ្ងៃនៅឡើយទេ។
ដោយមិនបញ្ចេញឈ្មោះពេញ នាង Aditya ដែលធ្វើដំណើរពីក្រុង Tangerang ដើម្បីទៅធ្វើការនៅរដ្ឋធានីហ្សាការតា និយាយថា អំពើបៀតបៀនកេរ្តិ៍ខ្មាស ក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់នាងទៅហើយ។ នៅតាមមធ្យោបាយធ្វើដំណើរសាធារណៈ ដែលណែនតាន់តាប់ ការប៉ះស្ទាបលើរូបរាងកាយរបស់មនុស្សស្រីកើតមានជាធម្មតា ហើយការហួចជាសម្លេងផ្តោះផ្តងដាក់ស្រីៗកើតឡើងជារៀងរាល់ថ្ងៃ។ ជាលទ្ធផល ក្រុមហ៊ុនមធ្យោបាយធ្វើដំណើរសាធារណៈ TransJakarta បានរៀបចំឲ្យមានទូររថភ្លើង និងឡានក្រុងពិសេសសម្រាប់តែស្ត្រី និងមានប៉ូលិសការពារ។
ជំហានផ្លូវច្បាប់ថ្មីកំពុងដំណើរការ
ដើម្បីជួយការផ្តន្ទាទោសករណីបទល្មើសលើផ្លូវភេទ ច្បាប់ថ្មីប្រឆាំងអំពើហិង្សា កំពុងត្រូវបានព្រាងនៅក្នុងសភាឥណ្ឌូនេស៊ី។ សេចក្ដីព្រាងច្បាប់នេះ មានគោលបំណងរៀបចំដាក់ជាបទល្មើស រាប់ចាប់ពីការបៀតបៀនកេរ្តិ៍ខ្មាស ការបង្ខំឲ្យរំលូតកូន រហូតដល់ការធ្វើទារុណកម្មផ្លូវភេទផងដែរ។
សេចក្តីព្រាងច្បាប់នេះ គឺជាជំហានវិជ្ជមាន ប៉ុន្តែសកម្មជននិយាយថា មានការងារច្រើនទៀតដែលចាំបាច់ត្រូវធ្វើដើម្បីផ្ដល់អំណាចដល់ស្ត្រីនៅតាមមូលដ្ឋាន។
លោកស្រី Olin Monteiro ដែលជាផលិតករភាពយន្តស្តីអំពីស្ត្រី និងជាស្ថាបនិក សម្ព័ន្ធស្ត្រីឥណ្ឌូនេស៊ី (KPI) បានរៀបចំក្រុមតូចៗជាច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីរៀបចំវគ្គបណ្ដុះបណ្ដាលស្តីអំពីសិទ្ធិស្ត្រី។
លោកស្រី Monteiro បានឲ្យដឹងទៀតថា ស្ត្រីនៅតាមជនបទដាច់ស្រយាលភាគច្រើន មិនស្គាល់ពាក្យសិទ្ធិស្ត្រីនិយមនោះទេ។ ប៉ុន្តែអារម្មណ៍នៃការស្អប់អំពើហិង្សាលើស្ត្រី ត្រូវបានចែករំលែកជាមួយនឹងស្រ្តីឯទៀតជាច្រើន។ លោកស្រីបានជួបនឹងអ្នករួចជីវិតពីការរំលោភសេពសន្ថវៈ ដែលមានរឿងស្រដៀងគ្នានៅជុំវិញប្រជុំកោះនេះ។
លោកស្រី Monteiro បានបន្តថា៖
«ស្ត្រីពេញវ័យជាច្រើនត្រូវបានគេរំលោភ [នៅក្នុងប្រទេសឥណ្ឌូនេស៊ី]។ ខ្ញុំមិនយល់សោះ ចំពោះករណីដែលកើតឡើងលើ Yuyun។ មនុស្សជាច្រើនបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលក្មេងម្នាក់ត្រូវបានគេរំលោភ។ ប៉ុន្តែសម្រាប់ខ្ញុំ …មែនហើយ … វាបានកើតឡើងលើស្ត្រីជាច្រើនរួចមកហើយ ហេតុអ្វីអ្នកទើបតែមកខឹងសម្បានាពេលនេះទៅវិញ?»
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា