ឥណ្ឌូណេស៊ី​ស្នើ​ឲ្យ​មាន​បេសកជន​ពិសេស​អាស៊ាន​សម្រាប់​វិបត្តិ​មីយ៉ាន់ម៉ា

  • ​Reuters

នៅក្នុង​រូបថតដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​វិមាន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​​នេះ បណ្ដាមេដឹកនាំ​អាស៊ាន​កំពុង​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo បាន​អំពាវនាវ​ឲ្យ​មាន​បេសកជន​ពិសេស​អាស៊ាន​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ទាក់ទង​ជាមួយ​នឹង​ភាគី​ទាំង​អស់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​កំពុងតែ​ញាំញី​ដោយសារ​វិបត្តិ។

លោក Widodo ស្នើ​ដូច្នេះ​នៅ​ក្នុង​អំឡុងពេល​នៃ​កិច្ច​ប្រជុំ​របស់​មេដឹកនាំ​សមាជិក​អាស៊ាន​នានា​នៅ​ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃ​សៅរ៍។

លោក Widodo ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា Jokowi បាន​និយាយ​ថា មេដឹកនាំ​ទាំង​អស់​បាន​ឯកភាព​គ្នា​លើ​បញ្ហា​មីយ៉ាន់ម៉ា។ លោក​ក៏​បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​មាន​ការ​បើក​ច្រក​បញ្ជូន​ជំនួយ និង​ឲ្យ​មីយ៉ាន់ម៉ា​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​អស់។

លោក Jokowi បាន​និយាយ​ដូច្នេះ​នៅ​ក្រោយ​កិច្ច​ប្រជុំ​របស់​អាស៊ាន​អំពី​វិបត្តិ​មីយ៉ាន់ម៉ា ដែល​មាន​គោល​បំណង​បញ្ចុះបញ្ចូល​នាយ​ឧត្តមសេនីយ៍​មីយ៉ាន់ម៉ា​លោក Min Aung Hlaing ឲ្យ​ធ្វើ​យ៉ាង​ណា​បញ្ចប់​អំពើ​ហិង្សា។ លោក Min Aung Hlaing គឺជា​អ្នក​ដឹកនាំ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​កាលពី​ខែ​កុម្ភៈ​ដែល​បង្ក​ឲ្យ​មាន​ភាព​ចលាចល​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

កិច្ច​ប្រជុំ​នេះ​គឺជា​កិច្ច​ប្រឹងប្រែង​អន្តរជាតិ​ដែល​មាន​ការ​សម្របសម្រួល​ដំបូង​បង្អស់​នៅ​ក្នុង​ការ​បន្ធូរបន្ថយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​អ្នកស្រី Retno Marsudi បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កិច្ច​ប្រជុំ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី «ក្ដី​បារម្ភ​ជ្រាលជ្រៅ​អំពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​ការ​តាំងចិត្ត​របស់​អាស៊ាន​នៅ​ក្នុង​ការ​ជួយ​ឲ្យ​មីយ៉ាន់ម៉ា​ចេញ​ផុត​ពី​ស្ថានការណ៍​ពិបាក​នេះ»។

វា​ជា​ភាព​ខុស​ពី​ធម្មតា ដែល​មេដឹកនាំ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ដូច​នេះ ដោយ​ជា​ទូទៅ ប្រទេស​មីយ៉ាន់ម៉ា​មាន​អ្នក​តំណាង​ចូលរួម​ដែល​ជា​មន្ត្រី​ដែល​មាន​ឋានៈ​ទាប​ជាង​នេះ ឬ​ក៏​អ្នក​តំណាង​ដែល​ជា​មន្ត្រី​ស៊ីវិល។

មន្ត្រី​ការទូត និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា មេដឹកនាំ​សមាជិក​អាស៊ាន​ជា​ច្រើន​ចង់​ឲ្យ​លោក Min Aung Hlaing ប្ដេជ្ញា​រារាំង​កង​កម្លាំង​សន្តិសុខ​របស់​លោក​កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា។

អ្នក​តាមដាន​ស្ថានការណ៍​បាន​និយាយ​ថា កន្លង​មក កង​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​បាន​សម្លាប់​មនុស្ស​អស់ ៧៤៥ នាក់ តាំងពី​មាន​ចលនា​តវ៉ា​ទ្រង់ទ្រាយ​ធំ​របស់​ពលរដ្ឋ​ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី Aung San Suu Kyi កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​មក។

រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​លោក Teddy Locsin បាន​សរសេរ​នៅ​លើ Twitter ថា៖ «ប្រទេស​មីយ៉ាន់ម៉ា​ត្រូវតែ​ជៀសវាង​កុំ​ឲ្យ​មាន​ការ​បែកបាក់​ខាង​ភូមិសាស្ត្រ នយោបាយ សង្គម និង​ជាតិ ទៅជា​ផ្នែក​ជាតិ​សាសន៍​ដែល​ធ្វើ​សង្គ្រាម​ជាមួយ​គ្នា។ មីយ៉ាន់ម៉ា​ត្រូវតែ​ស្វែងរក​សន្តិភាព​ដោយ​ខ្លួន​ឯង​ម្ដង​ទៀត»។

អាស៊ាន​មាន​គោល​នយោបាយ​ធ្វើ​សេចក្ដី​សម្រេច​រួម​គ្នា និង​គោល​នយោបាយ​មិន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​សមាជិក​របស់​ខ្លួន ដែល​ក្នុង​នោះ​មាន​ទាំង​ប្រទេស​មីយ៉ាន់ម៉ា​ផងដែរ។

ទោះបីជា​ករណី​នេះ​ធ្វើ​ឲ្យ​អាស៊ាន​ពិបាក​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​នានា​ក៏ដោយ ក៏​អាស៊ាន​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក​យល់​ថា​ជា​ស្ថាប័ន​ដែល​សក្ដិសម​បំផុត​នៅ​ក្នុង​ការ​ដោះស្រាយ​ដោយ​ផ្ទាល់​ជាមួយ​នឹង​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា។

កិច្ច​ប្រជុំ​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​លោក Widodo កាលពី​ខែ​មុន​នេះ គឺជា​អ្វី​ដែល​ខុស​ប្លែក​ពី​កិច្ច​ប្រជុំ​របស់​បណ្ដា​មេដឹកនាំ​សមាជិក​អាស៊ាន​កន្លង​មក ដែល​ជា​ទូទៅ​តែងតែ​មាន​ការ​ចាត់ចែង​តឹងតែង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Evan Laksmana អ្នក​វិភាគ​ផ្នែក​សន្តិសុខ​នៅ​ក្នុង​ទីក្រុង​ហ្សាការតា។

លោក​លើកឡើង​ដូច្នេះ​ថា៖ «មិន​ដែល​មាន​ករណី​នេះ​កើតឡើង​ពី​មុន​មក​ទេ ជា​ពិសេស​ទាក់ទិន​ទៅ​នឹង​គោល​បំណង​នៅ​ក្នុង​ការ​ពិភាក្សា​អំពី​បញ្ហា​របស់​ប្រទេស​ជា​សមាជិក​មួយ​របស់​ខ្លួន»។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ឯកភាព​ជាតិ​របស់​ក្រុម​ប្រឆាំង​នៃ​ប្រទេស​មីយ៉ាន់ម៉ា ដែល​មិន​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ក្រុម​របស់​ខ្លួន បាន «ទាក់ទង​ជាមួយ​នឹង​មេដឹកនាំ​របស់​សមាជិក​អាស៊ាន​នានា»។

លោក​បណ្ឌិត Sasa ដែល​ជា​បេសកជន​អន្តរជាតិ​របស់​រដ្ឋាភិបាល​ឯកភាព​ជាតិ​នេះ បាន​និយាយ​ថា អាស៊ាន​គួរតែ​ទទូច​ឲ្យ​យោធា​មីយ៉ាន់ម៉ា​បញ្ឈប់​ការ​សម្លាប់​ជន​ស៊ីវិល បញ្ឈប់​ការ​ទម្លាក់​គ្រាប់​បែក​លើ​ភូមិ​ក្នុង​តំបន់​ជាតិ​សាសន៍​ភាគ​តិច ដោះលែង​អ្នក​ទោស​នយោបាយ និង​ប្រគល់​អំណាច​ដល់​រដ្ឋាភិបាល​ឯកភាព​ជាតិ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ