ឥណ្ឌូនេស៊ី​បិទ​គេហទំព័រ​ចំនួន​២២​ដើម្បី​ទប់ស្កាត់​មនោគមវិជ្ជា​អ៊ីស្លាម

រូប​ភាព​កាលពី​ខែ​កញ្ញា ឆ្នាំ២០១៤ បង្ហាញ​ពី​អ្នក​តវ៉ា​ជាច្រើន​នាក់​កាន់​បដា​កំឡុង​ពេល​ប្រមូល​ផ្តុំ​ដើម្បី​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី។

ឥណ្ឌូនេស៊ី​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​បិទ​ប្រព័ន្ធ​គេហទំព័រ​ចំនួន​២២ដែលរង​ការ​ចោទប្រកាន់​ថា ​បាន​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​ផ្សព្វផ្សាយលទ្ធិ​ជ្រុល​និយម​អ៊ីស្លាម។​ ​ការ​បិទ​នោះ​បាន​ស្នើ​ឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដោយទី​ភ្នាក់​ងារ​ជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ ឬ (BNPT)។

នៅ​ឯ​សវនាការ​មុខ​សភា​ក្នុង​រដ្ឋធានី​ហ្សាការតា​ លោក Saud Usman ​នាយក​ទីភ្នាក់ងារ​ជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ឬ (BNPT) ​បាន​មាន​ប្រសាសន៍​ថា លក្ខណៈ​វិនិច្ឆ័យ​ជាច្រើន​បាន​ត្រូវ​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ដើម្បី​បិទ​ប្រព័ន្ធ​គេហទំព័រ​នោះ ​រួម​មាន​ទាំង​ការ​ជម្រុញ​ឲ្យ​សង្គម​ធ្វើ​សង្រ្គាម​សាសនា​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី​ហើយ​និង​ប្រទេស​ផ្សេង​ទៀត។

លោក​និយាយ​ថា «អ្វី​ដែល​ត្រូវ​ការ​នៅ​ពេល​ឥឡូវ​នេះ​គឺ​ស្វែងរកវិធានការរារាំង​ដើម្បី​លុប​បំបាត់​ការ​ទាក់​ទាញ​នៅ​ក្នុង​អត្ថបទដែល​បាន​សរសេរ​នៅ​លើ​គេហទំព័រ​ដែល​បានទាក់ទាញមនុស្ស​ឲ្យ​ចូល​រួម​ជាមួយ​ក្រុម​ជីហាដ​ដើម្បី​ធ្វើ​សកម្ម​ភាព​ភេរវកម្ម‍»។

ក៏ប៉ុន្តែ ​លោក Hanafi Rais អនុ​ប្រធាន​គណៈ​កម្មាធិការ​សភា​ដែលមើល​ការ​ខុស​ត្រូវ​កិច្ចការ​ងារ​ការពារ​ប្រទេស​និង​ការ​បរទេស​បាន​ព្រមាន​ថា ​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ហ្មត់ចត់។

លោក​និយាយ​ថា «ក្រសួង​គមនាគមន៍​និង​ព័ត៌មាន​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​កាន់​តែ​ខ្លាំង​ឡើង​ដល់​រដ្ឋាភិបាល ​តាម​រយៈ​ក្រសួង ​ដែល​នឹង​ត្រូវ​បានគេ​ហៅ​ថា​ជា​ក្រុម​អ៊ីស្លាម‍»។

ក្នុង​ខណៈ​នោះ​ដែរ ​ការ​ស្ទង់​មតិ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដោយ​វិទ្យាស្ថាន Setata ​បាន​រក​ឃើញ​ថា ​យុវជន​ឥណ្ឌូនេស៊ី​ជា​ច្រើន​បាន​ទទួល​រងគ្រោះ​ដោយ​ឥទ្ធិពល​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម។

យោង​ទៅ​តាម​ការ​ស្ទង់​មតិ​និស្សិត​៦៨៤​នាក់​ក្នុង​រដ្ឋ​ធានី​ហ្សាការតា​និង​ទីក្រុង Bandung ​បាន​រក​ឃើញ​ថា ​ជិត​៧ភាគរយ​នៃ​អ្នក​ឆ្លើយ​តប​ទាំង​នោះ​យល់​ស្រប​នឹង​មនោគម​វិជ្ជា​របស់​ក្រុម​រដ្ឋ​អ៊ី​ស្លាម៕