​ឥណ្ឌូណេស៊ី​ធ្វើ​តុល្យភាព​រវាង​អធិបតេយ្យភាព​ដែន​សមុទ្រ​និង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ចិន

  • Ralph Jennings

រូបឯកសារ៖ កង​ទ័ព​ជើង​ទឹក​ឥណ្ឌូណេស៊ី​បាញ់​ពន្លិច​នាវា​នេសាទ​បរទេស​ដែល​ធ្វើការ​នេសាទ​ត្រី​នៅ​ក្នុង​ដែន​ទឹក​នៅ​ជិត​ទីក្រុង​ Bitung នៅ​ភាគ​ខាង​ជើង​កោះ Sulawesi កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៥។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ការ​ធ្វើ​ដូច្នេះ ធ្វើ​ឲ្យ​ទំនាក់​ទំនង​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ជាមួយ​ប្រទេស​ចិន​ប្រឈម​នឹង​ហានិភ័យ ប៉ុន្តែ​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី​ទទួល​បាន​ផល​ប្រយោជន៍​នៅ​ក្នុង​ជម្លោះ​នោះ ដោយ​មាន​ផល​អវិជ្ជមាន​បន្តិច​បន្តួច​។

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​បន្ថែម​ការ​យាម​ល្បាត​នៅ​ក្នុង​ដែន​ទឹក​នៅ​ជុំវិញ​បណ្ដុំ​កោះ​តូចៗ ដើម្បី​បណ្ដេញ​នាវា​នេសាទ​ចិន​ចេញ​ពី​តំបន់​នោះ។ ក្រុម​អ្នក​វិភាគ​និយាយ​ថា ការ​ធ្វើ​ដូច្នេះ ធ្វើ​ឲ្យ​ទំនាក់​ទំនង​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ជាមួយ​ប្រទេស​ចិន​ប្រឈម​នឹង​ហានិភ័យ ប៉ុន្តែ​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី​ទទួល​បាន​ផល​ប្រយោជន៍​នៅ​ក្នុង​ជម្លោះ​នោះ ដោយ​មាន​ផល​អវិជ្ជមាន​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា​ឈ្មោះ Jokowi នោះ បាន​ថ្លែង​កាល​ពី​ខែ​តុលា​កន្លង​ទៅ​ថា រដ្ឋាភិបាល​របស់​លោក​នឹង​មិន​សម្រប​សម្រួល​លើ​ការ​ទាមទារ​នៅ​ជុំវិញ​ប្រជុំ​កោះ Natuna នោះ​ទេ ដែល​ប្រជុំកោះ​នេះ​មាន​កោះ​តូចៗ​ចំនួន ២៧២ កោះ ស្ថិត​នៅ​ភាគ​ពាយព្យ​នៃ​កោះ Borneo ដែល​នាវា​នេសាទ​ចិន​នានា​ធ្វើ​ដំណើរ​ឆ្លង​កាត់​នៅ​ក្នុង​ដែន​ទឹក​នៅ​ក្បែរ​នោះ។ លោក​បាន​ទៅ​ទស្សនា​កោះ​តូចៗ​ទាំងនោះ ក្នុង​អំឡុង​ពេល​ប្រទេស​ឥណ្ឌូណេស៊ី​ធ្វើ​សមយុទ្ធ​យោធា​កាល​ពី​ខែ​កញ្ញា និង​ខែ​តុលា កន្លង​ទៅ​នេះ។

លោក David McRae អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​អាស៊ី​នៃ​សាកល​វិទ្យាល័យ Melbourne ប្រទេស​អូស្ត្រាលី និយាយ​ថា៖ «មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ភាគ​ច្រើន​មាន​អាម្មណ៍​មុតមាំ​ថា ប្រទេស​ឥណ្ឌូណេស៊ី​អាច​ទាមទារ​សិទ្ធិ​កាន់កាប់​លើ​តំបន់ ដែល​ខ្លួន​អះអាង​ថា​ជា​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់​ខ្លួន​នៅ​ជុំវិញ​ប្រជុំ​កោះ Natunas និង​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​ឥណ្ឌូណេស៊ី​ក៏​អាច​បង្កើត​ទំនាក់​ទំនង​សេដ្ឋកិច្ច​រឹងមាំ​ជាមួយ​ប្រទេស​ចិន​ផង​ដែរ»។

កាល​ពី​ឆ្នាំ ២០១៥ លោក​ប្រធានាធិបតី Widodo ក៏​បាន​អំពាវ​នាវ​ឲ្យ​ភាគី​ទាំង​ពីរ​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​មាន​ទឹក​ប្រាក់​រហូត​ដល់ ១៥០ ពាន់​លាន​ដុល្លារ​អាមេរិក ឲ្យ​បាន​ត្រឹម​ឆ្នាំ ២០២០។ ប្រទេស​ចិន​គឺ​ជា​ប្រភព​នាំ​ចូល​ខ្ពស់​ជាង​គេ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​រួច​ស្រាប់​ទៅ​ហើយ ហើយ​ក៏​ជា​គោល​ដៅ​នាំ​ចេញ​ធំ​បំផុត​ទីពីរ​សម្រាប់​ផលិតផល​មួយ​ចំនួន​របស់​ប្រទេស​ឥណ្ឌូណេស៊ី ដូចជា​រ៉ែ និង​ប្រេង​ដូង​ជា​ដើម។

ប៉ុន្តែ​គណៈរដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី​បាន​បង្កើត​យុទ្ធសាស្ត្រ​មួយ ដែល​អ្នក​ជំនាញ​នានា​ហៅ​ថា​យុទ្ធសាស្ត្រ​មាន​ហានិភ័យ​ទាប ក្នុង​ការ​ប្រកាន់​ជំហរ​ទាមទារ​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់​ខ្លួន ដែល​មាន​ប្រវែង ៣៧០ គីឡូ​ម៉ែត្រ នៅ​ក្នុង​ដែន​ទឹក​ជុំវិញ​ប្រជុំ​កោះ Natunas។ ប្រទេស​ចិន​បាន​ពឹង​ផ្អែក​លើ​កំណត់​ត្រា​ប្រវត្តិសាស្ត្រ ហើយ​បាន​អះអាង​ថា នាវា​របស់​ខ្លួន​បាន​នេសាទ​ក្នុង​ដែន​ទឹក​នោះ​អស់​រយៈពេល​ជា​យូរ​មក​ហើយ។

ការព្រួយ​បារម្ភ​នៅ​ក្នុង​ប្រទេស

ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី ជាពិសេស​អ្នក​នេសាទ មាន​ការ​ខឹង​សម្បា​នឹង​ការ​នេសាទ​ខុស​ច្បាប់ ដែល​សកម្មភាព​នេះ​បាន​ក្លាយ​ទៅ​ជា​បញ្ហា​មួយ ដោយ​សារ​តែ​ការ​ខ្វះ​ការ​អនុវត្ត​ច្បាប់​ពីមុន​មក​នៅ​ជុំវិញ​កោះ​ទាំង ១ សែន ៣ ពាន់ នៅ​ទូទាំង​ប្រទេស។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បាន​និយាយ​ថា ប្រទេស​ឥណ្ឌូណេស៊ី​ខ្លួន​ឯង​គួរ​តែ​ប្រមូល​ផល​ត្រី និង​ឧស្ម័ន​ធម្មជាតិ​នៅ​ជិត​ប្រជុំ​កោះ Natunas នោះ។

ប្រទេស​ចិន​ទាមទារ​ដែន​ទឹក​ចំនួន ៩៥ ភាគរយ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​មាន​ផ្ទៃ​ទឹក​សរុប​ចំនួន ៣ លាន ៥ សែន គីឡូម៉ែត្រ​ការ៉េ។ ដែន​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​លាត​សន្ធឹង​ពី​កោះ​តៃវ៉ាន់​រហូត​ដល់​ប្រទេស​សិង្ហបុរី និង​បូក​រួម​បញ្ចូល​ទាំង​ដែន​ទឹក​នៅ​ជិត​ប្រជុំកោះ Natunas ទៀត​ផង។

ការ​ទាមទារ​របស់​ប្រទេស​ចិន ក៏​រំលោភ​ផង​ដែរ​ទៅ​លើ​តំបន់​ដែន​សមុទ្រ​ផ្ដាច់​មុខ ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម និង​ហ្វីលីពីន។ ចាប់​តាំង​ពី​ឆ្នាំ ២០១០ មក ប្រទេស​ចិន​បាន​បន្ថែម​ការ​ទាមទារ​របស់​ខ្លួន​ដោយ​ការ​ចាក់​ដី​បំពេញ​លើ​កោះ​តូចៗ​នៅ​ក្នុង​ប្រជុំ​កោះ Paracel និង Spratly ការ​បញ្ចូន​សម្ភារ​យោធា​ទៅ​កាន់​តំបន់​នោះ និង​ការ​បោះ​ទីតាំង​អណ្តូង​ប្រេង​នៅ​ក្នុង​តំបន់​នោះ។ តៃវ៉ាន់​ក៏​ទាមទារ​ផង​ដែរ​លើ​តំបន់​ភាគ​ច្រើន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ការ​ទាមទារ​នេះ​ជា​ចំណុច​ស្នូល​នៃ​ជម្លោះ​អធិបតេយ្យភាព​ដ៏​ខ្លាំង​ក្លា​បំផុត​នៅ​ក្នុង​ទ្វីប​អាស៊ី។

ក្នុង​រយៈពេល ៤ ឆ្នាំ​កន្លង​មក​នេះ ប្រទេស​ឥណ្ឌូណេស៊ី​បាន​បង្កើន​ការ​ល្បាត​ស្វែង​រក​នាវា​នេសាទ​ចិន ក៏​ដូច​ជា​នាវា​នេសាទ​មក​ពី​ប្រទេស​ផ្សេងៗ​ទៀត ដូចជា​ប្រទេស​វៀតណាម​ជា​ដើម។

ការ​ទាមទារ​នានា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

កាល​ពី​ខែ​មីនា ឆ្នាំ ២០១៦ នេះ ប្រទេស​ឥណ្ឌូណេស៊ី និង​ប្រទេស​ចិន​បាន​ឈាន​ដល់​ការ​ប្រឈម​មុខ​ដាក់​គ្នា នៅ​ពេល​ដែល​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ព្យាយាម​ចាប់​នាវា​នេសាទ ប៉ុន្តែ​នាវា​ល្បាត​សមុទ្រ​របស់​ចិន​បាន​ជួយ​អន្តរាគមន៍។ នៅ​ក្នុង​ខែ​មីនា​នោះ​ដែរ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​បាន​ដាក់​បញ្ជូល​ជា​ផ្លូវ​ការ​នូវ​ដែន​ទឹក​នៅ​ជិត​ប្រជុំកោះ Natunas នៅ​ក្នុង​ផែនទី​ទឹក​ដី​របស់​ចិន ដែល​សកម្មភាព​នេះ ត្រូវ​បាន​លោក Fahru Zaini ដែល​ជា​ប្រធាន​ផ្នែក​បញ្ជាការ​ប្រតិបត្តិ​ទទួល​បន្ទុក​សន្តិសុខ​ដែន​អាកាស​នៃ​ក្រសួង​ការពារ​ប្រទេស ប្រាប់​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា ជា​ការ​បង្កើត​ឲ្យ​មាន «ផល​ប៉ះពាល់​ដ៏​ធំ​លើ​ផ្នែក​សន្តិសុខ» នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

កាល​ពី​ខែ​ឧសភា ទាហាន​ជើង​ទឹក​ឥណ្ឌូណេស៊ី​ចាប់​បាន​នាវា​នេសាទ​ចិន​មួយ​គ្រឿង បើ​ទោះ​ជា​នាវា​នេសាទ​នោះ​មាន​ការ​គាំទ្រ​ដោយ​ឆ្មាំ​សមុទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​ដោយ។ មួយ​ខែ​ក្រោយ​មក ទាហាន​ជើង​ទឹក​ឥណ្ឌូណេស៊ី​បាន​បាញ់​ប្រហារ​លើ​នាវា​របស់​ចិន​មួយ​គ្រឿង​ទៀត ដែល​អាច​ធ្វើ​ឲ្យ​អ្នក​បើក​នាវា​នោះ​រង​របួស មុន​ពេល​ពួកគេ​សណ្ដោង​យក​នាវា​នោះ និង​ចាប់​នាវិក​ទាំង ៧ នាក់​ដាក់​ពន្ធនាគារ។

ប្រទេស​ចិន​មិន​បាន​វាយ​បក​ទៅ​លើ​ប្រទេស​ឥណ្ឌូណេស៊ី ឬ​គំរាម​សងសឹក​ដោយ​ផ្លូវ​សេដ្ឋកិច្ច ដូច​ដែល​ប្រទេស​នេះ​ធ្លាប់​ធ្វើ​លើ​ប្រទេស​ផ្សេង​ទៀត ដូចជា​ប្រទេស​ជប៉ុន និង​ហ្វីលីពីន ជា​ដើម ពេល​ដែល​ប្រទេស​ទាំង​នោះ​សាកល្បង​អនុវត្ត​ការ​ទាម​ទារ​របស់​ពួក​គេ។

លោក McRae បាន​និយាយ​ថា៖ «នៅ​ខណៈ​នេះ ប្រទេស​ទាំង​ពីរ​ហាក់​បី​ដូច​ជា​អាច​បែង​ចែក​ព្រឹត្តិការណ៍​ទាំង​នោះ​ឲ្យ​នៅ​ដាច់​ពី​ទំនាក់​ទំនង​សេដ្ឋកិច្ច បើ​ទោះ​ជា​ជាក់​ស្តែង វា​អាច​មាន​ផល​ប៉ះពាល់​លើ​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាព​គឃ្លើន​របស់​ប្រទេស​ចិន ដែល​ចេះ​តែ​កើន​ឡើង​ក៏​ដោយ»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ភាគ​ច្រើន​នៃ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ជុំវិញ​ប្រជុំ​កោះ Natuna ធ្វើ​ឡើង​ក្នុង​ន័យ​ការពារ ជាង​ជាង​ការ​តប​ត។ ក្រុម​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ក៏​បាន​ជៀសវាង​មិន​រំឭក​ដល់​មន្ត្រី​ចិន​ជា​សាធារណៈ​អំពី​ព្រឹត្តិការណ៍ ដែល​បាន​កន្លង​ផុត​ទៅ ឬ​ក៏​មិន​បាន​ចេញ​ការ​ព្រមាន ដូច​ដែល​ប្រទេស​ហ្វីលីពីន​ធ្លាប់​បាន​ធ្វើ​ក្នុង​អាណត្តិ​ប្រធានាធិបតី​របស់​គេ​នៅ​ចន្លោះ​ឆ្នាំ ២០១០ និង​ពាក់​កណ្ដាល​ឆ្នាំ ២០១៦ នោះ​ឡើយ។ ប្រទេស​ចិន​បាន​កាត់​បន្ថយ​ទំនាក់​ទំនង​ផ្នែក​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជាមួយ​ប្រទេស​ហ្វីលីពីន​នៅ​ក្នុង​ឆ្នាំ ២០១២។

ការ​ពឹង​គ្នា​ទៅវិញ​ទៅ​មក

អ្នក​វិភាគ​នានា​និយាយ​ថា ប្រទេស​ចិន​ត្រូវ​ការ​ប្រទេស​ឥណ្ដូណេស៊ី ដូច​ដែល​ឥណ្ឌូណេសីត្រូវ​ការ​ចិន​ដូច​គ្នា​ដែរ។

កាល​ពី​ឆ្នាំ​មុន ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Widodo និង​ប្រធានាធិបតី​ចិន​លោក Xi Jinpingបាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀម​ចំនួន ៨ ដែល​គោល​បំណង​មួយ​ផ្នែក​នៃ​កិច្ច​ព្រមព្រៀង​ទាំង​នេះ គឺ​ការ​អនុញ្ញា​ឲ្យ​ប្រទេស​ចិន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ នៅ​ក្នុង​ទីក្រុង​ហ្សាកាតា​នា​ឆ្នាំ​នេះ ក្រុម​មន្ត្រី​ជាន់​ទាប​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​ធ្វើការ​រួម​គ្នា​លើ​ផ្នែក​ថាមពល កសិកម្ម និង​ការ​សាងសង់​ឧទ្យាន​ឧស្សាហកម្ម។

ប្រធានាធិបតី​ចិន Xi Jinping ចាប់​ដៃ​ជា​មួយ​ប្រធានាធិបតី​ឥណ្ឌូណស៊ី Joko Widodo កាល​ពី​ជំនួប​កំពូល G20 នៅ​ទីក្រុង Hangzhou ប្រទេស​ចិន​ កាល​ពី​ខែ​កញ្ញា ២០១៦។

អ្នក​ស្រី Natalie Sambhi អ្នក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល Perth USAsia ក្នុង​ប្រទេស​អូស្ត្រាលី​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា​ពិត​ជា​មាន​សកម្មភាព​ដែល​មាន​តុល្យភាព​សម្រាប់​រដ្ឋបាល​របស់​លោក Jokowi។ ប៉ុន្តែ​ទំនាក់​ទំនង​រវាង​ប្រទេស​ឥណ្ឌូណេស៊ី និង​ប្រទេស​ចិន គឺ​ជា​សកម្មភាព​សំខាន់​មួយ​សម្រាប់​ប្រទេស​ទាំង​ពីរ ហើយ​វាមាន​ភាព​ខុស​គ្នា​គ្រប់​គ្រាន់ ដែល​មិន​អាច​បង្អាក់​ដល់​លំហូរ​វិនិយោគទុន​ចូល​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ឡើយ ប្រសិន​បើ​រដ្ឋបាល​លោក Jokowi ដោះស្រាយ​ហេតុការណ៍ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ទាំង​នេះ ដោយ​ប្រើប្រាស់​ការទូត​តាម​តែ​អាច​ធ្វើ​ទៅ​បាន​នោះ»។

ក្រុម​ហ៊ុន​ចិន​ត្រូវការ​ទីផ្សារ​ថ្មីៗ​សម្រាប់​ផ្នែក​ការ​សាងសង់ ខណៈ​ដែល​ទីផ្សារ​សំណង់​ក្នុង​ប្រទេស​របស់​ខ្លួន​បាន​ឈាន​ដល់​ចំណុច​កំពូល​នឹង​ថ្កល់ ឬ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក្លា​ពេក។ រដ្ឋាភិបាល​ចិន​បាន​សម្លឹង​ឃើញ​ប្រទេស​ឥណ្ឌូណេស៊ី ថា​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម «វិថី​សូត្រ​តាម​ផ្លូវ​សមុទ្រ» របស់​ខ្លួន ដើម្បី​ជំរុញ​ការ​វិនិយោគ​នៅ​ក្នុង​បណ្ដា​ប្រទេស​នៃ​ទ្វីប​អាស៊ី និង​ទ្វីប​អឺរ៉ុប។

អ្នក​ស្រី Sambhi បាន​បន្ថែម​ថា៖ «ប្រទេស​ឥណ្ឌូណេស៊ី​គឺ​ជា​កត្តា​រួមផ្សំ​ដ៏​សំខាន់​មួយ​នៃ​វិធីសាស្ត្រ ដែល​ប្រទេស​ចិន​សម្លឹង​ឃើញ​នៅ​លើ​ទិដ្ឋភាព​យុទ្ធសាស្ត្រ​របស់​ខ្លួន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជា​ពិសេស​ជា​រដ្ឋ​សំខាន់​មួយ​នៅ​អាស៊ីអាគ្នេយ៍។ ប្រទេស​ចិន​អាច​ទទួល​បាន​ផល​ប្រយោជន៍​នៅ​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​ផ្អែក​មូលដ្ឋាន​នៃ​ការ​ចង់​អនុវត្ត​នូវ​គម្រោង​ការ​មួយ​ចំនួន​របស់​ខ្លួន​ដូចជា វិថីសូត្រ​តាម​ផ្លូវ​សមុទ្រ និង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវ៉ាត់​មួយ​វិថី​មួយ​ជា​ដើម»។

ប៉ុន្តែ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​នាំ​ចេញ​ទំនិញ​ផ្សេងៗ​ទៅ​កាន់​ទីផ្សារ​ពិភពលោក និង​ជា​ប្រទេស​ដែល​មាន​ទីផ្សារ​ក្នុង​ស្រុក​ដ៏​ទូលំទូលាយ ដែល​មាន​ចំនួន​ប្រជាជន​សរុប​ចំនួន ២៥០ លាន​នាក់​នោះ ពឹង​ផ្អែក​តិចតួច​លើ​ការ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច​ពី​ប្រទេស​ចិន​ជាង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​ទ្វីប​អាស៊ី។

ប្រទេស​ចិន​គឺ​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​បំផុត​ទី​ពីរ​របស់​ប្រទេស​ជប៉ុន ដែល​ទំនាក់​ទំនង​ពាណិជ្ជកម្ម​នេះ​មាន​តម្លៃ​ចំនួន ១២៥ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ ២០១៤។ ប្រទេស​ម៉ាឡេស៊ី​ចាត់ទុក​ប្រទេស​ចិន​ថា​ជា​ដៃ​គូ​ពាណិជ្ជកម្ម​កំពូល និង​ជា​ប្រភព​នៃ​វិនិយោគទុន​បរទេសដោយ​ផ្ទាល់​របស់​ខ្លួន។

លោក Carl Baker ប្រធាន​កម្មវិធី​នៃ​វេទិកា​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ Pacific Forum នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ CSIS នៅ​ទីក្រុង Honolulu រដ្ឋ Hawaii សហរដ្ឋ​អាមេរិក បាន​និយាយ​ថា៖ «ប្រទេស​ឥណ្ឌូណេស៊ី​មិន​សូវ​ខ្វល់ខ្វាយ​អំពី​ការ​ឆ្លើយតប​របស់​ប្រទេស​ចិន​ទេ ដោយ​ហេតុ​ថា​ប្រទេស​នេះ​ពឹង​ផ្អែក​តិចតួច​លើ​ការ​វិនិយោគ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​មកពី​ប្រទេស​ចិន តិច​ជាង​ប្រទេស​មាន​ការ​អភិវឌ្ឍ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទៅ​ទៀត»៕

ប្រែសម្រួល​ដោយ​ នៀម ឆេង