ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី​ស្នើ​ឲ្យ​មាន​ការ​ប្រជុំ​អាស៊ាន​អំពី​មីយ៉ាន់ម៉ា​ បន្ទាប់​ពី​មាន​រដ្ឋ​ប្រហារ​យោធា

  • ​Reuters

នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​​ Muhyiddin Yassin​ និងប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo ពិភាក្សាគ្នាក្នុងអំឡុងកិច្ចប្រជុំទ្វេភាគីរវាងប្រទេសទាំងពីរ នៅវិមានរដ្ឋាភិបាល Merdeka ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌណេស៊ី ថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០២១។

មេដឹកនាំ​ប្រទេស​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​នៅ​ថ្ងៃ​សុក្រ​នេះ បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​កំពុង​ស្នើ​ឲ្យ​មាន​ការ​ប្រជុំ​ពិសេស​មួយ​ក្នុង​ចំណោម​បណ្ដា​ប្រទស​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទស​មីយ៉ាន់ម៉ា ដែលរដ្ឋាភិបាល​ជាប់​ឆ្នោត​នៅ​ក្នុង​ប្រទេស​នេះត្រូវ​បាន​យោធា​ធ្វើ​រដ្ឋ​ប្រហារ​ដណ្ដើម​អំណាច​ក្នុង​សប្ដាហ៍​នេះ។​ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ដោយ​បង្អាក់​ដំណើរ​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​របស់​មីយ៉ាន់ម៉ា យោធា​បាន​ដណ្ដើម​យក​អំណាច​កាល​ពី​ថ្ងៃច័ន្ទ ដោយ​ចោទ​ប្រកាន់​ថា ​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​វិច្ឆិកា ដែល​គណបក្ស​កាន់​អំណាច​របស់​អ្នកស្រី Aung San Suu Kyi ទទួល​បាន​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូកដី។​

ក្រោយ​ពី​បាន​ជួប​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Muhyiddin Yassin​ ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo បាន​និយាយ​ថា​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​របស់​ពួក​គេ បាន​ស្នើ​សុំ​ជជែក​ពិភាក្សា​ជាមួយ​ប្រទេស​ប្រ៊ុយណេ​ ដែល​បច្ចុប្បន្ន​នេះ​ជាប្រធាន​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន ដើម្បី​រៀបចំ​ការ​ប្រជុំ​ពិសេស​មួយ អំពី​ប្រទេស​មីយ៉ាន់ម៉ា។

លោក​ Muhyiddin បាន​និយាយ​សំដៅដល់​រដ្ឋប្រហារ​នោះ​ថា​ជា «ជំហាន​ថយ​ក្រោយ​ក្នុង​ដំណើរការ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»។

កិច្ច​ប្រជុំបែប​នេះ​គឺ​កម្រ​កើត​មាន​ឡើង​ណាស់ ហើយ​ការ​រៀប​ចំ​កិច្ច​ប្រជុំ​របៀប​នេះ​ឡើង​អាច​ជា​ការ​លំបាក ដោយ​ហេតុថា​ គោលនយោបាយ​របស់​អាស៊ាន​គឺ​មិន​ជ្រៀតជ្រែក​ចូលក្នុងកិច្ចការ​ផ្ទៃ​ក្នុង​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​របស់​ខ្លួន និង​ប្រឆាំងតប​ទៅនឹង​រដ្ឋប្រហារ​យោធា​នោះ​ទេ។

អាស៊ាន​ដែល​មាន​ប្រទេស​មីយ៉ាន់ម៉ា​ជា​សមាជិក​មួយ​ដែរ​នោះ បាន​ឲ្យដឹង​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា ខ្លួន​កំពុង​តាម​ដាន​ដំណើរ​វិវត្តន៍​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​នេះ​យ៉ាង​យក​ចិត្តទុកដាក់៕