បញ្ហាចម្រូងចម្រាសរវាងក្រុមហ៊ុនវៀតណាម ហ័ងអាញ់ យ៉ាឡាយ (HAGL) ដែលទទួលបានដីសម្បទានពីរដ្ឋាភិបាលកម្ពុជានិងសហគមន៍ជនជាតិដើមភាគតិច ក្នុងស្រុកអណ្តូងមាស ខេត្តរតនគីរីដែលបាត់បង់ដីធ្លីនៅមិនទាន់ដោះស្រាយចេញ គឺម្ខាងចង់បានភ្នំអារក្សទាំងមូល និងម្ខាងទៀតខ្លាចបាត់បង់ដើមកៅស៊ូ។
កាលពីឆ្នាំ ២០១០ រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចចំនួន ៥ ម៉ឺនហិកតា ដល់ក្រុមហ៊ុនវៀតណាមឈ្មោះ ហ័ងអាញ់ យ៉ាឡាយ ដើម្បីវិនិយោគលើការដាំដំណាំកៅស៊ូរយៈពេល ៩៩ ឆ្នាំ។ ប៉ុន្តែ ការផ្ដល់ដីសម្បទាននេះបានធ្វើឲ្យជនជាតិដើមភាគតិច បាត់បង់ចំណូល និងបាត់បង់ដីស្រែចម្ការសម្រាប់បង្កបង្កើនផលកសិកម្ម និងបាត់បង់ព្រៃអារក្ស ដែលជាព្រៃសក្ការៈពីដូនតារបស់ពួកគេ។
កាលពីខែមីនា ឆ្នាំ ២០១៩ ក្រុមហ៊ុនវៀតណាមបានឯកភាពកាត់ដីជាង ៦០ កន្លែងទុកឲ្យប្រជាពលរដ្ឋ។ ក្នុងនោះមានដីព្រៃអារក្ស តំបន់ទឹកអូរធម្មជាតិ ព្រៃចម្ការវិលជុំ តំបន់ភ្នំ និងដីព្រៃកប់សពជាដើម។ ប៉ុន្តែការឯកភាពនេះត្រូវរង់ចាំការសម្រេចពីក្រសួងកសិកម្ម។
អ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ប្រាប់ VOA កាលពីថ្ងៃច័ន្ទថា កន្លងមកមានកិច្ចសហការសម្របសម្រួលដោះស្រាយរវាងក្រុមហ៊ុន សហគមន៍អ្នកតវ៉ាទាមទារដី ការិយាល័យទីប្រឹក្សាដោះស្រាយវិវាទ CAO និងអាជ្ញាធរមូលដ្ឋាន។លោកបន្តថា លទ្ធផលនៃដំណើរការសម្របសម្រួលដោះស្រាយនេះ ក្រុមការងារកំណត់បានទំហំផ្ទៃដីដែលត្រូវកាត់ចេញពីដីសម្បទានសេដ្ឋកិច្ចសរុបចំនួន ៧៤២ ហិកតា។
លោក ស្រី វុឌ្ឍី បន្តថា ក្រសួងបានចាត់ក្រុមការងារចុះទៅពិនិត្យជាក់ស្តែងលើករណីនេះ ប៉ុន្តែទំហំតួលេខផ្ទៃដីដែលស្នើសុំកាត់នោះ នៅមិនទាន់ឯកភាពគ្នានៅឡើយ ដោយសារខេត្តស្នើសុំកាត់ចេញពីដីសម្បទានចំនួន ៧៤២ ហិកតា ហើយផ្ទៃដីឯកភាពគ្នាមានចំនួន ៥៧២ ហិកតា។ ចំណែកផ្ទៃដីមិនទាន់បានឯកភាពគ្នាមានប្រមាណ ១៧០ ហិកតា។
លោក ស្រី វុឌ្ឍី មានប្រសាសន៍ថា៖ «ដោយតួលេខមិនឯកភាពគ្នា អង្គប្រជុំបានសម្រេចស្នើឲ្យសហគមន៍ប្រជាពលរដ្ឋ ក្រុមហ៊ុន ក្រុមការងារខេត្ត ក្រុមការងារ CAO និងអាជ្ញាធរមូលដ្ឋានពិនិត្យឡើងវិញពីទំហំផ្ទៃដី ដែលត្រូវកាត់ចេញពីដីសម្បទានសេដ្ឋកិច្ចឲ្យមានឯកភាពគ្នា»។
លោកបន្តថា បន្ទាប់ពីឯកភាពគ្នា ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្តនឹងចុះទៅពិនិត្យជាក់ស្តែងដល់ទីតាំងដើម្បីពិនិត្យបន្ថែម។ លោកមានប្រសាសន៍ថា៖ «យូរ ឬឆាប់អាស្រ័យលើក្រុមការងារ»។
កាលពីថ្ងៃច័ន្ទនេះ អង្គការសមធម៌កម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ ដោយជំរុញឲ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីនេះជាបន្ទាន់ និងជំរុញឲ្យក្រុមហ៊ុនទទួលខុសត្រូវតាមការសន្យា ប្រគល់ដីជូនសហគមន៍វិញ។ អង្គការសមធម៌កម្ពុជាឲ្យដឹងថា នៅពេលរង់ចាំការសម្រេចជាផ្លូវការពីក្រសួងកសិកម្ម ក្រុមហ៊ុនវៀតណាមបានឈូសឆាយភ្នំអារក្សចំនួន ២ កន្លែង ឈូសឆាយតំបន់ដីសើម ឈូសឆាយតំបន់បាញ់សត្វតាមបែបប្រពៃណី និងឈូសឆាយដីកប់សព។
នាយកអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី បានទទូចឲ្យរដ្ឋាភិបាលពន្លឿនដំណោះស្រាយដល់សហគមន៍ជនជាតិដើមភាគតិច ហើយផ្តល់ភ្នំអារក្សនិងទីតាំងផ្សេងទៀត តាមការចង់បានរបស់សហគមន៍ ដោយសារជនជាតិដើមភាគតិចយល់ថា បរិវេណជុំវិញភ្នំមានសារៈសំខាន់សម្រាប់ជំនឿរបស់ពួកគេ។
លោកមានប្រសាសន៍ថា៖ «សហគមន៍គាត់ថា មិនអាចធ្វើបែបហ្នឹងបានទេ ដោយសារភ្នំដូចខ្ញុំលើកពីខាងដើមអ៊ីចឹង គាត់អះអាងថា ជាភ្នំអារក្សទាំងមូល មិនមែនថា អាចពុះចែកទេ។ ហើយវាអាចមានកត្តាបច្ចេកទេសអីផ្សេងទៀត ដែលខាងមន្រ្តីជំនាញក៏ដូចជាខាងក្រុមហ៊ុន និងសហគមន៍បានធ្វើការជជែកគ្នា»។
តំណាងសហគមន៍កាក់ក្នុងឃុំតាឡាវ ស្រុកអណ្តូងមាស លោក សេវ សឿន ថ្លែងថា សហគមន៍ជំរុញឲ្យក្រសួងកសិកម្មពន្លឿនការវាស់វែងនេះ ហើយផ្តល់ដីតាមការចង់បានរបស់សហគមន៍ បើទោះប៉ះពាល់ដំណាំកៅស៊ូរបស់ក្រុមហ៊ុនវៀតណាមក៏ដោយ។ លោកបន្តថា កាលក្រុមហ៊ុនវៀតណាមដាំកៅស៊ូ ក៏មិនបានពិភាក្សាជាមួយសហគមន៍ជនជាតិដើមភាគតិចនោះដែរ។
លោកមានប្រសាសន៍ថា៖ «រឿងខាត រឿងមិនខាតសហគមន៍ គេអត់ដឹងទេ»។
VOA មិនអាចសុំការឆ្លើយតបពីក្រុមហ៊ុន ហ័ងអាញ់យ៉ាឡាយ បាននៅឡើយទេ។
មន្ត្រីសាលាខេត្តរតនគិរី និងជាអ្នកនាំពាក្យ លោក នាង សំអាត ដែលបានចូលរួមក្នុងដំណើរការដោះស្រាយជម្លោះនេះ បានថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា ក្រោយការរាតត្បាតជំងឺកូវីដ១៩ ក្រុមការងារនឹងជួបប្រជុំពិភាក្សាទៀត។ លោកបន្តថា បញ្ហាដែលចម្រូងចម្រាសគ្នាត្រង់ថា សហគមន៍ត្រូវការតំបន់ភ្នំទាំងមូល ដែលនឹងប៉ះពាល់កៅស៊ូរបស់ក្រុមហ៊ុន។
លោកមានប្រសាសន៍ថា៖ «ក្រុមហ៊ុននិយាយថា អាភ្នំមួយចំហៀងនោះ ក្រុមហ៊ុនបានដាំកៅស៊ូ ៣ ឆ្នាំហើយអ៊ីចឹងគាត់កាត់កងឲ្យវិញតែតំបន់ភ្នំណា កន្លែងណាដែលមិនទាន់បានដាំកៅស៊ូ។ ហើយដល់សហគមន៍គាត់ថា គាត់ត្រូវការភ្នំទាំងមូល។ អាហ្នឹងគឺជាដួងព្រលឹង ជាអារក្សរបស់គាត់អ៊ីចេះអ៊ីចុះ។ ប៉ុន្តែសុទ្ធតែព្រៃកៅស៊ូហ្នឹង»។
បើតាមរបាយការណ៍របស់អង្គការសមធម៌កម្ពុជា ជនជាតិដើមភាគតិចចំនួន ១២ សហគមន៍ក្នុងស្រុកអណ្ដូងមាស និងស្រុកអូរជុំ សរុបប្រមាណ ១៣៧០ ខ្នង បានរងគ្រោះនៅក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនវៀតណាមហ័ងអាញ់ យ៉ាឡាយ។
ដីស្រែចម្ការរបស់សហគមន៍ជនជាតិដើមភាគតិចចំនួន ១ ម៉ឺន ៩ ពាន់ហិកតា បានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុនវៀតណាមនេះ។ អង្គការដដែលគូសបញ្ជាក់ថា ការបាត់បង់ដីធ្លីនេះបានធ្វើឲ្យការរកអាហារ និងអនុផលព្រៃឈើនៃជនជាតិដើមភាគតិចទាំងនេះធ្លាក់ចុះយ៉ាងច្រើន ដូចជាបាត់បង់ព្រៃឈើដើម្បីពួកគេអាចរកជ័រចុង ការរកត្រី ឃ្មុំ អុស ថ្នាំបុរាណ សត្វព្រៃ ផ្លែឈើព្រៃ បន្លែព្រៃ វល្លិ៍ និងផ្ដៅជាដើម៕