ជនជាតិឥណ្ឌាចំនួន ៦០ នាក់ ត្រូវបានបញ្ជូនទៅប្រទេសកំណើតវិញ បន្ទាប់ពីអាជ្ញាធរកម្ពុជាបានចុះស្រាវជ្រាវនិងជួយពួកគេពីកាស៊ីណូមួយកន្លែងក្នុងខេត្តព្រះសីហនុ។ អាជ្ញាធរឱ្យដឹងថា ពួកគេទទួលបានពាក្យបណ្តឹងថា ជនជាតិឥណ្ឌាទាំងនោះបានប្រមូលផ្តុំគ្នាមិនព្រមចូលធ្វើការនៅកាស៊ីណូជីនប៉ី៤ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ករណីនេះ អាជ្ញាធរថា ជនបរទេសទាំងនោះមិនពេញចិត្តនឹងការងារ ប៉ុន្តែស្ថានទូតឥណ្ឌាប្រចាំកម្ពុជាថា ជនជាតិឥណ្ឌាទាំងនោះរងគ្រោះដោយអំពើឆបោកការងារ។
បើតាមសារដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អាជ្ញាធរកម្ពុជាបានទទួលពាក្យបណ្តឹងតាមប្រព័ន្ធ Hotline ថា មានករណីជនបរទេសប្រមូលផ្តុំគ្នាមិនព្រមចូលធ្វើការនៅចំណុចកាស៊ីណូជីនប៉ី៤។ ក្រោយទទួលបានដំណឹងកាលពីថ្ងៃទី ២០ ខែឧសភា កម្លាំងនគរបាលបានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងតុលាការ ដោយចុះទៅទីតាំងក្រុមហ៊ុនជី.ស៊ីមេឌា (G.C MEDIA) ដែលស្ថិតនៅចំណុចកាស៊ីណូជីនប៉ី៤ ហើយបានឃើញជនបរទេសចំនួន ៥៧ នាក់ រួមមានជនជាតិឥណ្ឌាចំនួន ៥៥ នាក់ និងនេប៉ាល់ចំនួន ២ នាក់។ អាជ្ញាធរថា ពួកគេមិនពេញចិត្តនឹងការងារ ទើបប្រមូលផ្តុំគ្នាក្នុងទីលានតារាងបាល់នៃកាស៊ីណូនោះ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថា៖ «ការត្រួតពិនិត្យនិងស្តាប់ការបំភ្លឺរបស់ជនបរទេសខាងលើបានឱ្យដឹងថា ដោយសារមិនពេញចិត្តនឹងការងារ និងចង់ត្រឡប់ទៅប្រទេសកំណើតវិញ ទើបពួកគេនាំគ្នាប្រមូលផ្តុំមិនព្រមចូលធ្វើការ»។
អាជ្ញាធរមិនបានបញ្ជាក់ថា ការងារដែលជនបរទេសទាំងនោះធ្វើជាការងារអ្វីឡើយ។
នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ អាជ្ញាធរខេត្តព្រះសីហនុបានបញ្ជូនជនបរទេសទាំង៥៧នាក់ទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរាជធានីភ្នំពេញ។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
អាជ្ញាធរបញ្ជាក់ថា ក្រុមហ៊ុនជី.ស៊ីមេឌាទទួលបានអាជ្ញាបណ្ណកាស៊ីណូ ចុះថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣ ចេញដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាដែលមានសុពលភាពដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៧។ ដោយឡែកបើតាមទិន្នន័យនៃការចុះបញ្ជីពាណិជ្ជកម្ម ដែលចេញដោយក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន ជី.ស៊ី មេឌា បានចុះបញ្ជី កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៨ ដែលមានលោក អ៊ឹង ដារ៉ាជាតំណាងក្រុមហ៊ុននេះ។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីលោក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក សុខ សុមនា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បាននៅឡើយទេ។
ចំណែកអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បដិសេធមិនអត្ថាធិប្បាយបន្ថែម ដោយប្រាប់ឱ្យអ្នកសារព័ត៌មានវីអូអេទៅមើលព័ត៌មានដែលបង្ហោះដោយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
អ្នកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រាប់វីអូអេឱ្យមើលសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរខេត្តព្រះសីហនុអំពីករណីនេះ។ អ្នកស្រីមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើហេតុអ្វីបានជាជនជាតិឥណ្ឌាទាំងនោះមិនពេញចិត្តការងារនៅកាស៊ីណូនោះ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំដូចជាក្តាប់រឿងហ្នឹងមិនទាន់បាន ដោយសារ….ចង់ប្រាប់អូន អ៊ីចេះថា ខាងខ្ញុំ គឺទាក់ទងទៅនឹងអំពើជួញដូរមនុស្ស...បើគ្មានករណីរឿងជួញដូរមនុស្សមកដល់ខ្ញុំទេ គឺខ្ញុំអត់ទាន់សន្និដ្ឋានថា យ៉ាងម៉េចទេ»។
កាលពីចុងខែមីនា អាជ្ញាធរឥណ្ឌាបានលើកឡើងថា ជនជាតិឥណ្ឌាជាង៥ពាន់នាក់កំពុងជាប់នៅក្នុងប្រទេសកម្ពុជា ទីដែលពួកគេត្រូវបានឃុំខ្លួន និងបង្ខំឱ្យបោកបញ្ឆោតតាមអ៊ីនធឺណិតក្នុងឧក្រិដ្ឋកម្ម Cyberscam លើប្រជាជនដែលនៅក្នុងប្រទេសឥណ្ឌា។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតឥណ្ឌាប្រចាំកម្ពុជា តាមសារអ៊ីម៉ែល និងក្រុមហ៊ុនជី.ស៊ី បាននៅឡើយទេ។
ទោះជាយ៉ាងណា ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបញ្ជាក់ថា ជនជាតិឥណ្ឌាមានចំនួន ៦០ នាក់ ដែលរងគ្រោះដោយអំពីឆបោកការងារនោះ ហើយពួកគេត្រូវបានបញ្ជូនទៅប្រទេសឥណ្ឌាវិញដោយសុវត្ថិភាព កាលពីយប់ថ្ងៃទី ២៣ ខែឧសភា។
ស្ថានទូតឥណ្ឌាបង្ហោះសារលើទំព័រហ្វេសប៊ុកនៅថ្ងៃទី ២៣ ខែឧសភាថា៖ «ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានជួយសង្គ្រោះក្រុមទី ១ នៃជនជាតិឥណ្ឌាចំនួន ៦០ នាក់ ពីការឆបោកការងារឱ្យត្រឡប់ទៅប្រទេសវិញ។ អរគុណអាជ្ញាធរកម្ពុជាសម្រាប់ការសម្របសម្រួល»។
ស្ថានទូតឥណ្ឌាបញ្ជាក់ថា ពួកគេទាំងនោះបានចាញ់បោកថា មកធ្វើការនៅកម្ពុជាទទួលបានប្រាក់កម្រៃខ្ពស់។
អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ប្រាប់វីអូអេថា ជនបរទេសទាំងនោះបានចូលមកធ្វើការនៅកម្ពុជា ដោយស្របច្បាប់ ដោយមានក្រុមហ៊ុនបញ្ជូនត្រឹមត្រូវ។ លោកបន្ថែមថា វាមិនមែនជាករណីចាញ់បោកមេខ្យល់ ឬការជួញដូរមនុស្សនោះទេ។
លោកថ្លែងថា៖ «អ្វីដែលសំខាន់គឺជនជាតិទាំងនេះមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើតរបស់គេវិញ។ អ៊ីចឹងហើយបានជាសមត្ថកិច្ចប្រឹងប្រែងធ្វើការសម្របសម្រួលជាមួយស្ថានទូតឥណ្ឌាដើម្បីបញ្ជូនជនជាតិទាំងនោះទៅប្រទេសកំណើតរបស់ខ្លួនវិញតាមសំណូមពរ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា អាជ្ញាធរកម្ពុជាគួរតែបង្ហាញពីលទ្ធផលនៃការស៊ើបអង្កេតចំពោះករណីជនជាតិឥណ្ឌាទាំង ៦០ នាក់នេះ ដើម្បីបញ្ជាក់ពីតម្លាភាព និងភាពហ្មត់ចត់ដែលអាជ្ញាធរកម្ពុជាបានធ្វើ។ លោកបន្ថែមថា ការបង្ហាញព័ត៌មានក៏ជាការបញ្ជាក់ទំនុកចិត្តរវាងរដ្ឋាភិបាលទាំង២ប្រទេស និងកុំឱ្យជះផលប៉ះពាល់ណាមួយមកលើកម្ពុជា។
លោកថ្លែងថា៖ «យើងទទួលស្គាល់ហើយថា ការស៊ើបអង្កេតជាព័ត៌មានសម្ងាត់ ក៏ប៉ុន្តែវាគួរតែបញ្ជាក់នូវព័ត៌មានមួយចំនួនដែលអាជ្ញាធរអាចបញ្ជាក់ប្រាប់បានដើម្បីជាទំនុកចិត្ត»។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ ខ្លាំងក្លា ប្រទេសកម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត (Scam) ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេមិនឱ្យមានសេរីភាព មានការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម។ ឧក្រិដ្ឋជនដែលភាគច្រើនជាជនបរទេសបានជួលអគារ ឬទីតាំងពីអ្នកជំនួញដែលជាជនជាតិខ្មែរដើម្បីប្រព្រឹត្តអំពើទាំងនោះ។ ក្រោយមក អាជ្ញាធរកម្ពុជាបានចុះបង្រ្កាបជាបន្តបន្ទាប់ និងបានជួយសង្រ្គោះជនរងគ្រោះបរទេស និងចាប់បានជនប្រព្រឹត្តមួយចំនួន៕