លោក Eric Holcomb អភិបាលរដ្ឋ Indiana ខាងគណបក្សសាធារណរដ្ឋបាននិយាយកាលពីថ្ងៃសុក្រទី២០ ខែមីនាថា ការបោះឆ្នោតប្រធានាធិបតីបឋមដែលបានកំណត់ពីដំបូងថា នឹងធ្វើនៅថ្ងៃទី៥ ខែឧសភា នៅពេលនេះត្រូវលើកទៅធ្វើនៅថ្ងៃទី២ ខែមិថុនាវិញ។
លោក Holcomb បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មានហេតុផលថាការកំណត់ពេលជាថ្មីសម្រាប់ការបោះឆ្នោតបែបនេះគួរធ្វើតែនៅក្នុងពេលមានភាពអាសន្ន ហើយតាមនិយមន័យនេះ យើងកំពុងស្ថិតនៅក្នុងស្ថានភាពនេះ»។
អភិបាលរដ្ឋរូបនេះបាននិយាយថា ប្រធានគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋក្នុងរដ្ឋ Indiana បានគាំទ្រចំណាត់ការនេះ។
កាលពីថ្ងៃសុក្រ ទី២០ ខែមីនា លោក Tate Reeves អភិបាលរដ្ឋ Mississippi ខាងគណបក្សសាធារណរដ្ឋបានលើកការបោះឆ្នោតសភាបឋមជាថ្មីរបស់គណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋលោកពីថ្ងៃទី៣១ ខែមីនា ទៅធ្វើនៅថ្ងៃទី២៣ ខែមិថុនាវិញ។ រដ្ឋ Mississippi បានធ្វើការបោះឆ្នោតប្រធានាធិបតីបឋមរួចជាស្រេចហើយ។
លោក Reeves បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖
«រៀបចំការបោះឆ្នោតនៅពេលមានការរាលដាលនៃជំងឺនេះអាចបង្ខំពួកអ្នករៀបចំការបោះឆ្នោត និងពួកអ្នកទៅបោះឆ្នោតប្រថុយគ្រោះថ្នាក់ដែលអាចចៀសបាន»។
រដ្ឋ Indiana និងរដ្ឋ Mississippi បន្ថែមលើរដ្ឋមួយចំនួនដែលបានលើកការបោះឆ្នោតទៅថ្ងៃក្រោយរួចស្រេចហើយ។ រដ្ឋទាំងនេះគឺរដ្ឋ Connecticut រដ្ឋ Maryland រដ្ឋ Kentucky រដ្ឋ Ohio រដ្ឋ Louisiana និងរដ្ឋ Georgia។ រដ្ឋ Wyoming បានផ្អាកការបោះឆ្នោតដោយផ្ទាល់សម្រាប់ការបោះឆ្នោតបឋមរបស់ខ្លួនហើយបានសុំឲ្យប្រជារាស្ត្របោះឆ្នោតតាមប្រព័ន្ធទទួល និងផ្ញើសន្លឹកឆ្នោត។
ពួកមន្ត្រីរដ្ឋាភិបាលនៅក្នុងរដ្ឋទាំងនេះបាននិយាយអំពីកង្វល់ដែលថាការបោះឆ្នោតនៅពេលមានការរាតត្បាតជំងឺនេះអាចនាំឱ្យមានគ្រោះថ្នាក់ដល់សុខភាពសាធារណៈ។
នៅក្នុងសប្តាហ៍ទី៣នៃខែមីនា សេតវិមានបានសុំឲ្យប្រជារាស្ត្រអាមេរិកាំងចៀសវាងការប្រមូលផ្តុំគ្នាលើសពី១០នាក់ ហើយបានណែនាំឱ្យមនុស្សវ័យចំណាស់ឱ្យនៅក្នុងផ្ទះ។
កាលពីដើមសប្តាហ៍ទី៣ ខែមីនារដ្ឋចំនួនបីបានធ្វើការបោះឆ្នោតបឋមគឺរដ្ឋ Arizona រដ្ឋ Florida និងរដ្ឋ Illinois ដោយមានរបាយការណ៍ថាចំនួនអ្នកទៅបោះឆ្នោតតិចនៅក្នុងរដ្ឋទាំងនេះ។
លោកអតីតអនុប្រធានាធិបតី Joe Biden ឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីបឋមខាងគណបក្សប្រជាធិបតេយ្យក្នុងរដ្ឋទាំងបីនេះ ដែលធ្វើឲ្យលោកនាំមុខលោក Bernie Sanders សមាជិកព្រឹទ្ធសភាស.រ.អា.ប្រចាំរដ្ឋ Vermont នៅក្នុងការប្រកួតប្រជែងដើម្បីតតាំងនឹងលោកប្រធានាធិបតី Donald Trump ក្នុងការបោះឆ្នោតទូទៅនៅក្នុងខែវិច្ឆិកាខាងមុខនេះ៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ