នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំរួមមួយរបស់សភាអាមេរិកកាលពីថ្ងៃពុធ ហើយលោកបានអំពាវនាវឲ្យរឹតចំណងទាក់ទងរវាងប្រទេសឥណ្ឌានិងសហរដ្ឋអាមេរិកកាន់តែជិតស្និទ្ធជាងមុន ជាពិសេសទៅលើការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
លោក Modi បានមានប្រសាសន៍នៅចំពោះមុខសមាជិកព្រឹទ្ធសភានិងរដ្ឋសភាអាមេរិកយ៉ាងដូច្នេះថា «ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មត្រូវតែធ្វើឡើងក្នុងកម្រិតជាច្រើន។ ហើយការប្រើប្រាស់កងកម្លាំងយោធា ការស៊ើបការសម្ងាត់ ឬទំនាក់ទំនងការទូតតែមួយមុខដូចកាលពីមុននឹងមិនអាចយកឈ្នះលើសមរភូមិនេះបាននោះទេ»។
លោកបានបន្ថែមថា «យើងបានបាត់បង់ទាំងអាយុជីវិតជនស៊ីវិលនិងទាហាននៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ ពេលនេះយើងត្រូវពង្រឹងសហប្រតិបត្តិការសន្តិសុខរបស់យើងឲ្យកាន់តែជ្រាលជ្រៅ»។
បន្ថែមទៅលើអំពើភេរវកម្ម សមាជិកសភាមួយចំនួនចាប់អារម្មណ៍នឹងជំហររបស់ឥណ្ឌាទៅលើបញ្ហានុយក្លេអ៊ែរ សន្តិសុខដែនដី និងការគំរាមកំហែងយោធាពីចិន កូរ៉េខាងជើង និងអ៊ីរ៉ង់។
ទស្សនកិច្ចរបស់លោក Modi ទៅកាន់សហរដ្ឋអាមេរិកគឺជា ការព្យាយាមពង្រឹងចំណងទាក់ទងដែលកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ។ ទស្សនកិច្ចនេះក៏ជាឱកាសមួយសម្រាប់លោក Modi ក្នុងការអះអាងថា ឥណ្ឌាគឺជាប្រទេសមហាអំណាចមួយ ហើយដើម្បីជំរុញឲ្យគេជឿថា សេដ្ឋកិច្ចឥណ្ឌាកើនឡើងលឿនជាងគេបំផុតនៅក្នុងពិភពលោក។
លោក Modi បានជួបជាមួយនឹងលោកប្រធានាធិបតីអាមេរិក Barack Obama កាលពីថ្ងៃអង្គារ ហើយបន្ទាប់មក លោក Obama បានប្រកាសថា ឥណ្ឌានឹងចាប់ផ្តើមសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន០៦គ្រឿង ដែលនឹងសាងសង់ដោយក្រុមហ៊ុនអាមេរិក ដែលនេះជាលទ្ធផលនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរក្នុងកម្មវិធីស៊ីវិលដែលប្រទេសទាំង២បានព្រមព្រៀងគ្នាកាលពីឆ្នាំ២០០៨។
សេតវិមានក៏កំពុងតែធ្វើការជាមួយនឹងលោក Modi ដើម្បីសម្រេចចុងក្រោយទៅលើកិច្ចព្រមព្រៀងសម្ភារៈយោធាផងដែរ។ លោក Modi និងលោកObama បានប្រកាសបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេថា ឥណ្ឌានឹងអនុម័តលើកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសត្រឹមចុងឆ្នាំនេះ៕