នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ (Najib Razak) បានបញ្ជាក់អះអាងនៅថ្ងៃព្រហស្បតិ៍នេះថា បំណែកស្លាបយន្តហោះប៊ូអ៊ីង ៧៧៧ ដែលគេបានរកឃើញនៅលើកោះReunionក្នុងមហាសមុទ្រឥណ្ឌាគឺពិតជាបំបែកនៃយន្តហោះដែលមានជើងហោះហើរលេខ MH 370 ដែលបានបាត់នោះប្រាកដមែន។ នេះជាការរកឃើញដោយប្រាកដប្រជាលើកដំបូងក្នុងការស្វែងរុករកយន្តហោះដែលបានបាត់កាលពី១៧ខែមុន។
លោកណាជីបបានបន្ថែមទៀតតាមសេចក្តីថ្លែងការណ៍ផ្សាយតាមទូរទស្សន៍ថា៖
«ក្រុមអ្នកជំនាញអន្តរជាតិបានបញ្ជាក់ទាំងស្រុងថា បំណែកយន្តហោះដែលបានរកឃើញនៅលើកោះ Reunion គឺពិតជាបំណែកមកពីយន្តហោះ ដែលមានជើងហោះហើរ MH 370»។
ស្លាបយន្តហោះនោះត្រូវបានរលកបោកបក់ឡើងលើគោកនៅកោះ Reunion ដែលនៅជិតប្រទេសម៉ាដាហ្គាស្កា (Madagascar) កាលពីមួយសប្តាហ៍មុនហើយត្រូវបានដឹកតាមយន្តហោះទៅពិនិត្យមើលនៅទីក្រុងប៉ារីសដើម្បីកំណត់អត្តសញ្ញាណពិតប្រាកដ។ ដែនកោះ Reunion គឺជាដែនដីមួយរបស់ប្រទេសបារាំង។
យន្តហោះជើងហោះហើរលេខ MH 370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបានបាត់កាលពីខែមិនា ឆ្នាំមុន ពេលកំពុងហោះហើរពីទីក្រុងគួឡាឡំពួ (Kuala Lumpur) ទៅទីក្រុងប៉េកាំងដោយមានដឹកអ្នកដំណើរ និងក្រុមអ្នកបើកបរសរុបចំនួន២៣៩នាក់។
វានៅតែជាអាថ៍កំបាំងដដែលថាហេតុអ្វីបានជាយន្តហោះនោះមិនបានធ្វើដំណើរដល់ទីដៅរបស់ខ្លួន៕