ក្រុមហ៊ុនបច្ចេកវិទ្យា Infosys ដែលមានមូលដ្ឋាននៅឥណ្ឌាបានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួននឹងបង្កើតការងារចំនួន១ម៉ឺននៅក្នុងសហរដ្ឋអាមេរិក ស្របពេលដែលខ្លួនក្លាយទៅជាគោលដៅនយោបាយនៅក្នុងសហរដ្ឋអាមេរិក។
ក្រុមហ៊ុន Infosys ជាអ្នកប្រើប្រាស់ទិដ្ឋាការ H1-B ធំបំផុតមួយនៅក្នុងសហរដ្ឋអាមេរិក។ កម្មវិធីផ្តល់ទិដ្ឋាការនេះគឺជាកម្មវិធីដែលអនុញ្ញាតឲ្យក្រុមហ៊ុនបរទេស ដែលភាគច្រើនជាក្រុមហ៊ុនបច្ចេកវិទ្យាបញ្ជូនបុគ្គលិករបស់ខ្លួនមកសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមហ៊ុនបរទេសទាំងនោះប្រកាសថា ខ្លួនមិនអាចស្វែងរកបុគ្គលិកដែលមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងសហរដ្ឋអាមេរិក។ អ្នករិះគន់កម្មវិធីផ្តល់ទិដ្ឋាការនេះនិយាយថា ក្រុមហ៊ុនបរទេសធ្វើឲ្យប៉ះពាល់ដល់បុគ្គលិកអាមេរិក ប៉ុន្តែគឺដោយសារតែក្រុមហ៊ុនបរទេសតែងតែផ្តល់ប្រាក់ខែដល់បុគ្គលិកបណ្តោះអាសន្នតិចជាងប្រាក់ខែដែលត្រូវផ្តល់ឲ្យបុគ្គលិកអាមេរិក ដែលតម្រូវឲ្យធ្វើការងារដូចគ្នា។
ជាផ្នែកមួយនៃការប្តេជ្ញា «គិតគូពីអាមេរិកមុនគេ» លោកប្រធានាធិបតី Donald Trump ថ្មីៗនេះបានបញ្ជាឲ្យទីភ្នាក់ងាររដ្ឋាភិបាលត្រួតពិនិត្យឡើងវិញទៅលើកម្មវិធីផ្តល់ទិដ្ឋាការ។ លោក Trump បាននិយាយថា លោកចង់អនុញ្ញាតឲ្យតែបុគ្គលិកបរទេសដែលល្អបំផុតនិងឆ្លាតបំផុតប៉ុណ្ណោះចូលមកក្នុងសហរដ្ឋអាមេរិក ហើយលោកចង់ធ្វើកំណែទម្រង់ច្បាប់អន្តោប្រវេសន៍ ខណៈដែលពួកគេពាក់ព័ន្ធទៅនឹងការងារនិងសន្តិសុខនៅតាមព្រំដែន។ ប៉ុន្តែកំណែទម្រង់មួយដែលថា ក្រុមហ៊ុនដែលផ្តល់ប្រាក់ខែខ្ពស់បំផុតដល់បុគ្គលិកនឹងអាចទទួលបានទិដ្ឋាការធ្វើការសម្រាប់បុគ្គលិកខ្លួន អាចនឹងប៉ះពាល់ដោយផ្ទាល់ដល់ក្រុមហ៊ុន Infosys៕