អាមេរិកនិងប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ បានប្រកាសថាប្រទេសទាំងពីរនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។
លោកស្រី Sushma Swaraj រដ្ឋមន្ត្រីការបរទេសនៃប្រទេសឥណ្ឌាបាននិយាយប្រាប់ពួកអ្នកកាសែតនៅក្នុងក្រុង New Delhi ថា ប្រទេសទាំងពីរដែលកាន់លទ្ធិប្រជាធិបតេយ្យខ្ជាប់ខ្ជួននេះ នឹងបង្កើនការបែងចែកព័ត៌មានបានមកពីការស៊ើបការសម្ងាត់និងជាពិសេស ធ្វើការឱ្យមានកិច្ចប្រតិបត្តិការដំបូងនៃកិច្ចព្រមព្រៀងមួយស្តីពីការប្តូរព័ត៌មានអំពីពួកជនដែលបានត្រូវស្គាល់ឬជាប់សង្ស័យថាជាពួកភេរវជន។
បើតាមលោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry រដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានយល់ស្របគ្នាដែរអំពី«ក្របខណ្ឌរួមពាក់ព័ន្ធនឹងការកាត់បន្ថយឧក្រិដ្ឋកម្មតាមបណ្តាញ Internet»។
ជាសរុប រដ្ឋមន្ត្រីនិងមន្ត្រីនៃប្រទេសឥណ្ឌានិងស.រ.អា.បានសរសើរដល់ទំនាក់ទំនងខាងយុទ្ធសាស្ត្រ និងខាងសេដ្ឋកិច្ចដែលបានត្រូវពង្រីកច្រើនគួរសមដែលលោករដ្ឋមន្ត្រី Kerry បានមានប្រសាសន៍ថា វាកើតឡើងនៅពេលសំខាន់បំផុត។
ការសន្ទនាទូលំទូលាយខាងយុទ្ធសាស្ត្រនិងខាងពាណិជ្ជកម្មលើកទីពីររវាងស.រ.អា.និងប្រទេសឥណ្ឌា ដែលបានប្រព្រឹត្តទៅជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាជាជំនួបថ្មីៗបំផុតក្នុងបណ្តាការជួបប្រជុំគ្នា និងកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនដែលបានជំរុញរដ្ឋាភិបាលក្រុង New Delhi ដែលមិនចូលក្នុងបក្សសម្ព័ន្ធណាមួយនោះ ឱ្យមានការទាក់ទងជិតស្និទ្ធច្រើនជាងមុនជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅពេលមានកង្វល់ខ្លាំងឡើងៗនៅក្នុងរដ្ឋធានីនៃប្រទេសទាំងពីរអំពីប្រទេសចិនដែលមានការទាមទារទឹកដីច្រើនជាងមុន៕