ឥណ្ឌា​នឹង​ចំណាយ​រាប់​ពាន់​លាន​ដុល្លារ​លើ​ការ​ស្តារ​ឡើង​វិញ​នូវ​បណ្តាញ​ផ្លូវ​រថភ្លើង​យ៉ាង​ធំ

  • Anjana Pasricha

អ្នក​ដំណើរ​នៅ​លើ​រថភ្លើង​ដ៏​កកកុញ​នៅ​ជាយ​ក្រុង​ New Dehli នា​ថ្ងៃ​ទី​២៦​ ខែ​កុម្ភៈ ឆ្នាំ​២០១៥​។ រដ្ឋាភិបាល​ឥណ្ឌា​នឹង​ចំណាយ​រាប់​ពាន់​លាន​ដុល្លារ​លើ​ការ​ស្តារ​ឡើង​វិញ​នូវ​បណ្តាញ​ផ្លូវ​រថភ្លើង​យ៉ាង​ធំ​របស់​ខ្លួន​។

ឥណ្ឌា​នឹង​ចំណាយ​ប្រាក់​ ១៣៧ពាន់​លាន​ដុល្លារ​លើ​ការ​ស្តារ​ឡើង​វិញ​នូវ​បណ្តាញ​ផ្លូវ​រថភ្លើង​យ៉ាង​ធំ​របស់​ខ្លួន​ ដែល​ជា​បណ្តាញ​ផ្លូវ​រថភ្លើង​ធំ​បំផុត​ទី​បួន​នៅ​លើ​ពិភពលោក។​ ការ​ផ្តោត​ទៅ​លើ​ការ​លើក​កម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ស្រប​ពេល​មាន​ការ​ព្យាករណ៍​ប្រកប​ដោយ​សុទិដ្ឋិនិយម​ថា​ កំណើន​សេដ្ឋកិច្ច​នៅ​ឥណ្ឌា​នឹង​មាន​ដល់​ប្រាំបី​ភាគរយ​នៅ​ឆ្នាំ​បន្ទាប់។​

តួលេខ​នោះ គឺ​ពិត​មិន​គួរ​ឲ្យ​ជឿ៖ ផ្លូវ​រថភ្លើង​បាន​ដឹក​អ្នកដំណើរ​ ២៣​លាន​នាក់​ជា​រៀងរាល់​ថ្ងៃ​ និង​ដឹក​ជញ្ជូន​ទំនិញ​បី​លាន​តោន​តាម​បណ្តាញ​មួយ​ ដែល​មាន​ប្រវែង​ ៦៤.​០០០ គីឡូម៉ែត្រ។​ ជាមួយ​នឹង​បុគ្គលិក​ ១,៣​លាន​នាក់​ ស្ថានីយ​រថភ្លើង​ជា​នយោជក​ធំ​ជាង​គេ​បង្អស់​មួយ​នៅ​ឥណ្ឌា។​

ប៉ុន្តែ​ទោះ​បី​ជា​ផ្លូវ​រថភ្លើង​ត្រូវ​បាន​ហៅថា​ជា​ខ្សែ​ស្រោចស្រង់ប្រទេស​ក្តី​ ភាគច្រើន​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ដែក​កំពុង​មាន​ការ​ប្រេះស្រាំ​ និង​ចាស់​គំរិល។​ គ្រោះថ្នាក់​ផ្សេងៗ​បាន​ឆក់​យក​ ជីវិត​មនុស្ស​រាប់​សិប​នាក់​ជា​រៀងរាល់​ឆ្នាំ​ រថភ្លើង​មាន​អ្នក​ធ្វើ​ដំណើរ​កកកុញ​ ហើយ​ផ្លូវ​ដែក​ខូចខាត​បាន​បន្ថយ​ល្បឿន​រថភ្លើង។​

ដោយ​បន្ទោស​បញ្ហា​នោះ​ទៅ​លើ​ «ការ​វិនិយោគ​មិន​ពេញលេញ​ដ៏​ញាំញ៉ី​អស់​រយៈពេល​យ៉ាង​យូរ​មួយ»​ មន្រ្តី​ផ្លូវ​ដែក​ លោក​ Suresh​ Prabhu បាន​និយាយ​ថា​ នៅ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ​ រដ្ឋាភិបាល​នឹង​ធ្វើ​ទំនើបភាវូបនីយកម្ម​រថភ្លើង​ នាំ​យក​រថភ្លើង​ល្បឿន​លឿន​នៅ​តាម​ផ្លូវ​សំខាន់ៗ​ បង្កើត​ខ្សែ​ផ្លូវ​ដែក​បន្ថែម​ និង​ធ្វើ​ការ​កាត់​ផ្តាច់​ពី​ផ្លូវ​ដែក​សម្រាប់​ដឹក​ទំនិញ។​ លោក​បាន​ធ្វើ​ការ​បង្ហាញ​នូវ​កញ្ចប់​ថវិកា​សម្រាប់​ផ្លូវ​ដែក​ប្រចាំ​ឆ្នាំ។​

«ការ​ចំណេញ​នៅ​ក្នុង​សេដ្ឋកិច្ច​នឹង​មាន​ច្រើន​មហិមា៖​ សេវាកម្ម​ប្រសើរ​ជាង​មុន​ ការ​លើកកម្ពស់​ទំនាក់ទំនង​សម្រាប់​ប្រជាជន​គ្រប់​រូប​ ដែល​ក្នុង​នោះ​រួម​មាន​ប្រជាជន​ក្រីក្រ​នៅ​ក្នុង​សង្គម​ តម្លៃ​ទាប​ជាង​មុន​ និង​ការ​ជំរុញ​ភាព​ប្រកួតប្រជែង​ឲ្យកាន់​តែ​ខ្លាំងក្លា​ជាង​មុន។​ ការ​វិនិយោគ​នៅ​ក្នុង​ផ្លូវ​ដែក​ នឹង​មាន​ឥទ្ធិពល​រីកសាយភាយ​យ៉ាង​ធំ​មួយ​សម្រាប់​សេដ្ឋកិច្ច​ទាំង​មូល‍»។​

ការ​វិនិយោគ​នឹង​មាន​ជា​ផ្នែក​តាមរយៈ​ការ​សន្សំ​ ដោយសារ​តែ​មាន​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​តម្លៃ​ប្រេង​ម៉ាស៊ូត​នៅ​ក្នុង​ឆាក​អន្តរជាតិ​ ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​រថភ្លើង​នៅ​ឥណ្ឌា។​ មូលនីធិ​ផ្សេងៗ​នឹង​ត្រូវ​រៃ​អង្គាស​ពី​ក្រុម​អ្នក​ផ្តល់​កម្ចី​ពហុ​ភាគី​ មូលនីធិ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ប្រាក់​ចូល​និវត្តន៍​ ក៏​ដូច​ជា​អ្វី​ដែល​រដ្ឋាភិបាល​ហៅ​ថា​ «ការ​ដាក់​ទ្រព្យ​អយស្ម័យយាន​ក្នុង​ទម្រង់​ជា​រូបិយបណ្ណ»។​

ក្រុម​អ្នក​ជំនាញ​បាន​ស្នើ​ឲ្យ​មាន​នូវ​ការ​ផ្តោត​ថ្មី​មួយ។​ ទោះ​បី​ជា​មាន​នូវ​ការ​កោះ​ហៅ​ជា​បន្ទាន់​ឲ្យ​មាន​ការ​ស្តារ​ឡើង​វិញ​នូវ​បណ្តាញ​ផ្លូវ​រថភ្លើង​ រដ្ឋាភិបាល​អណត្តិ​មុនៗ​បាន​ជ្រើស​ការ​ចំណាយ​ប្រាក់​លើ​ការ​នាំ​យក​នូវ​រថភ្លើង​ថ្មីៗ​ ដើម្បី​បំពេញ​តម្រូវ​ការ​ដឹកជញ្ជូន​នៅ​ក្នុង​តម្លៃ​ថោក។​

អ្នក​សេដ្ឋកិច្ច​មួយ​រូប​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយឯករាជ្យ​មួយ​នៅ​ទីក្រុង​ New Dehli​ លោក​ Rajiv​ Kumar បាន​និយាយ​ថា​ ការ​វិនិយោគ​នៅ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ គឺ​ត្រូវ​ការ​យ៉ាង​ខ្លាំង​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច។​

«​ការ​វិនិយោគ​ គឺ​ត្រូវ​ការ​នា​ថ្ងៃ​មុន​ ហើយ​វា​ក៏​ត្រូវ​ការ​នា​ថ្ងៃម្សិល​ម្ង៉ៃ​ផង​ដែរ​ ដូចនេះ​វា​ជា​អ្វី​មួយ​ដែល​បំពេញ​ចិត្ត​មនុស្ស​ទូទៅ។​ ខ្ញុំ​ពិត​ជា​សង្ឃឹម​ថា​ ការ​វិនិយោគ​នឹង​កើន​ហួស​ ១៣៧​ពាន់​លាន​ដុល្លារ។​ ពីព្រោះ​ ការ​វិនិយោគ​ពិត​ជា​អ្វី​ ដែល​ត្រូវ​ការ​មួយ​ដើម្បី​ធ្វើ​ឲ្យ​ផ្លូវ​ដែក​នៅ​ឥណ្ឌា​មាន​លក្ខណៈ​ប្រសើរ​ដូច​ប្រព័ន្ធ​ផ្លូវ​ដែក​ដទៃ​ទៀត​នៅ​អាស៊ី​ និង​នៅ​លើ​ពិភពលោក ​ដែល​កាល​ពី​៣០ឆ្នាំ​មុន​ ផ្លូវដែក​នៅ​ឥណ្ឌា​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ផ្លូវ​ដែក​ប្រទេស​ដទៃ​ទៀត​ តែ​ពេល​ឥឡូវ​នេះ​ប្រព័ន្ធ​ផ្លូវ​ដែក​នៅ​ឥណ្ឌា​ឋិត​នៅ​ពី​ក្រោយ​ប្រព័ន្ធ​ផ្លូវដែក​នៅ​ប្រទេស​ដទៃ​យ៉ាងខ្លាំង»។​

ការ​ជំរុញ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​លើក​កម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខណៈ​ដែល​ការ​ស្ទង់មតិ​សេដ្ឋកិច្ច​ចុង​ក្រោយ​បង្អស់​ បាន​ព្យាករណ៍​កំណើន​ពី​ប្រាំបី​ ទៅ​ប្រាំបី​កណ្តក់​សញ្ញា​ប្រាំ​ភាគរយ​នៅ​ក្នុង​ឆ្នាំ​សារពើពន្ធ​បន្ទាប់។​ នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌា​ក្លាយ​ជា​ ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​ នៅ​ក្នុង​ចំណោម​សេដ្ឋកិច្ច​ធំៗ​នៅ​លើ​ពិភពលោក។​

ដោយ​និយាយ​ថា​ ប្រទេស​ឥណ្ឌា​បាន​ឈាន​ដល់​ «ចំណុច​ដ៏​ប្រពៃ​មួយ»​ របាយការណ៍​បាន​លើក​ឡើង​ថា​ ប្រទេស​ឥណ្ឌា​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ក្នុង​ការ​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ពីរ​ខ្ទង់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។​

ចំនួន​នោះ​ គឺ​ផ្អែក​ទៅ​លើ​របៀប​ថ្មី​មួយ​នៅ​ក្នុង​វាស់វែង​កំណើន​សេដ្ឋកិច្ច​ ដែល​ត្រូវ​បាន​ចោទ​សួរ​ដោយ​ក្រុម​អ្នក​ជំនាញ​មួយ​ចំនួន។​ ក្រុម​អ្នក​ជំនាញ​ទាំង​នោះ​បាន​និយាយ​ថា​ ទោះបី​ជា​សេដ្ឋកិច្ច​កំពុង​មាន​ភាព​រុល​ទៅ​មុខ​ វិស័យ​មួយ​ចំនួន​នៅ​តែ​មាន​ភាព​ថមថយ​ ហើយ​ត្រូវ​ការ​ពេលវេលា​ដើម្បី​រើប​ឡើង​វិញ​ពី​ការ​ធ្លាក់​ចុះ​រយៈពេល​វែង​មួយ៕

ប្រែសម្រួលដោយ៖ ណឹម​ សុភ័ក្រ្តបញ្ញា