កាលពី ៤ ឆ្នាំមុន ប្រទេសឥណ្ឌាបានទទួលស្វាគមន៍បណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកសមាគមអាស៊ាន (ASEAN) នៅឯពិធីដង្ហែក្បួនព្យុះហយាត្រាក្នុងទិវាសាធារណរដ្ឋប្រចាំឆ្នាំរបស់ខ្លួន ដែលនេះគឺជាកាយវិការជានិមិត្តរូបមួយដែលរដ្ឋាភិបាលឥណ្ឌាផ្ដល់សន្ទុះដល់ភាពជាដៃគូរបស់ខ្លួនជាមួយនឹងសមាគមអាស៊ាន។
កិច្ចប្រឹងប្រែងនេះកំពុងបង្កើនល្បឿនទៅមុខយ៉ាងលឿន ស្របពេលដែលឥណ្ឌានិងប្រទេសផ្សេងទៀតដូចជាសហរដ្ឋអាមេរិកជាដើមមានបំណងទប់ទល់នឹងឥទ្ធិពលកើនឡើងរបស់ប្រទេសចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
កាលពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែមិថុនា រដ្ឋាភិបាលឥណ្ឌាបានរៀបចំកិច្ចប្រជុំរយៈពេល ២ ថ្ងៃជាមួយនឹងរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីប្រារព្ធខួបលើកទី ៣០ នៃទំនាក់ទំនងរបស់ឥណ្ឌាជាមួយនឹងអាស៊ាន និងដើម្បីពិភាក្សាអំពីវិធីបង្កើនកិច្ចសហប្រតិបត្តិការ។ ឆ្នាំ ២០២២ នេះត្រូវបានចាត់ទុកថាជាឆ្នាំមិត្តភាពរវាងឥណ្ឌានិងអាស៊ាន។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក Arindam Bagchi បានថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី ១០ ខែមិថុនាថា ភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងឥណ្ឌាឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ។
លោកបាននិយាយដូច្នេះថា៖ «អាស៊ានមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់គោលនយោបាយ Act East Policy របស់ឥណ្ឌា និងសម្រាប់ចក្ខុវិស័យរបស់ឥណ្ឌាសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដ៏ទូលំទូលាយជាងមុន»។
ប្រទេសសមាជិកអាស៊ានទាំង ១០ មានដូចជាសិង្ហបុរី ថៃ វៀតណាម ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន។
ទោះបីជារដ្ឋមន្ត្រីការបរទេសឥណ្ឌានិងរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសសមាជិកអាស៊ានជួបប្រជុំគ្នាជារៀងរាល់ឆ្នាំក៏ដោយ ក៏ព្រឹត្តិការណ៍នៅក្នុងរដ្ឋធានីញូវដែលីនេះត្រូវបានចាត់ទុកថាជាការប្រជុំពិសេសមួយ។
ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងក្នុងពេល ៣ សប្ដាហ៍ក្រោយមក បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រទេស Quad នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនបានបញ្ចប់ទៅ។
នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេស Quad នោះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចាប់ផ្ដើមដាក់ឱ្យអនុវត្តនូវគ្រោងការណ៍សេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដើម្បីបង្កើនការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី។
ក្រៅពីប្រទេសឥណ្ឌា ជប៉ុន និងអូស្ត្រាលី ដែលជាសមាជិកនៃក្រុមប្រទេស Quad ប្រទេសអាស៊ានចំនួន ៧ ដែលនោះគឺប្រទេសព្រុយណេ សិង្ហបុរី ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមបានចុះហត្ថលេខាលើសន្ធិសញ្ញានេះ។
លោក Manoj Joshi អ្នកសិក្សាស្រាវជ្រាវនៃអង្គការ Observer Research Foundation ដែលជាអង្គការស្រាវជ្រាវគោលនយោបាយមានមូលដ្ឋាននៅក្នុងទីក្រុងញូវដែលី បាននិយាយថា៖ «ប្រទេសនីមួយៗព្យាយាមទាក់ទាញអាស៊ាន ដោយសារតែអាស៊ានជាចំណុចកណ្ដាលនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ប្រទេសទាំងនេះមានសារៈសំខាន់ ប្រសិនបើយើងចង់មានគោលនយោបាយដែលអាចសម្រេចបានទៅរួចមួយសម្រាប់តំបន់នេះ។ សម្រាប់ប្រទេសឥណ្ឌា អាស៊ានក៏មានសារៈសំខាន់ផងដែរ»។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគនានាបានចង្អុលបង្ហាញថា ដោយសារតែប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានតាំងពីឆ្នាំ ២០០៩ មក បណ្ដាប្រទេសអាស៊ានមានការប្រយ័ត្នប្រយែងនៅក្នុងការធ្វើឱ្យទំនាក់ទំនងរបស់ពួកគេមានតុល្យភាពជាមួយនឹងភាគីទាំងសងខាង។
ប្រទេសចិននៅតែជាទីផ្សារដ៏ធំមួយសម្រាប់ការនាំចេញរបស់អាស៊ាន។ ពាណិជ្ជកម្មរបស់អាស៊ានជាមួយនឹងប្រទេសចិនមានចំនួនប្រមាណ ៨៧៨ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២១។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់វេបសាយព័ត៌មាន Global Times របស់ចិន។
ទោះជាយ៉ាងនេះក្ដី ស្របពេលជាមួយគ្នានេះដែរ ប្រទេសទាំងនេះមួយចំនួនមានជម្លោះដែនសមុទ្រជាមួយនឹងប្រទេសចិន។ ប្រទេសចិនបានសាងសង់កោះសិប្បនិម្មិតនៅក្នុងដែនទឹកដែលទាមទារកាន់កាប់ដោយប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីខាងកើត។
អ្នកវិភាគនានាបាននិយាយថា ឥណ្ឌាចាំបាច់ត្រូវបង្កើនការប្រឡូករបស់ខ្លួនផ្នែកសេដ្ឋកិច្ចជាមួយនឹងបណ្ដាប្រទេសអាស៊ានដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួន។ ប៉ុន្តែឥណ្ឌានៅតែចាញ់ប្រៀបដដែល ដោយសារតែឥណ្ឌាមិនបានចូលរួមនៅក្នុងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំជាងគេបំផុតនៅលើពិភពលោកដែលបានចូលជាធរមានកាលពីខែមករាកន្លងទៅនេះ។
ក្រៅពីបណ្ដាប្រទេសជាសមាជិកអាស៊ាន កិច្ចព្រមព្រៀងនេះក៏រួមមានប្រទេសផ្សេងទៀតជាសមាជិកផងដែរដូចជាប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ជាដើម។
ប្រទេសឥណ្ឌាបានដកខ្លួនចេញពីកិច្ចព្រមព្រៀង RCEP នេះ ដោយសារតែក្ដីបារម្ភដែលថា ការនាំចូលដែលមានតម្លៃទាប ជាពិសេសពីប្រទេសចិន អាចនឹងប៉ះពាល់ដល់ឧស្សាហកម្មរបស់ខ្លួននៅក្នុងប្រទេស៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
ឥណ្ឌាទទួលស្វាគមន៍បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន ស្របពេលដែលខ្លួនបង្កើនការប្រឡូកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
ទីក្រុងញូវដែលី ប្រទេសឥណ្ឌា —