ប្រទេស​ឥណ្ឌា​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​លើ​សន្តិសុខ​នៅ​ប្រទេស​ម៉ាល់ឌីវ

រូបឯកសារ៖ ប្រធានាធិបតី​ម៉ាល់ឌីវ លោក Ibrahim Mohamed Solih ស្វាគមន៍​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi នៅ​ទីក្រុង​ម៉ាល ប្រទេស​ម៉ាល់ឌីវ កាល​ពី​ឆ្នាំ​២០១៨។

នាយក​រដ្ឋ​មន្រ្តី​ប្រទេស​ឥណ្ឌា​លោក ​Narendra Modi ​បាន​សម្ពោធ​ប្រព័ន្ធ​រ៉ាដា​នៅ​ឆ្នេរ​សមុទ្រ​និង​មជ្ឈមណ្ឌល​ហ្វឹក​ហាត់​យោធា​ នៅ​ក្នុង​ប្រទេស​ម៉ាល់ឌីវ ​កាល​ពី​ថ្ងៃ​សៅរ៍ ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ញូដែលី ​ស្វះ​ស្វែង​រក​ការ​ពារឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​ប្រទេស​ដែល​ជា​ទី​កន្លែង​យុត្តិសាស្រ្ត​នោះ។

កោះ​ម៉ាល់ឌីវ ​ជាប្រជុំ​កោះ​ផ្កាថ្ម​តូចៗ​រាប់​ពាន់​ភាគ​ខាង​ត្បូង​ឧបទ្វីប​ឥណ្ឌា​ ដែល​ជាផ្លូវ​នាវាចរណ៍​ដ៏​មមាញឹក​មួយ​របស់​ពិភពលោក។

ឥណ្ឌា​ជា​សម្ព័ន្ធ​មិត្ត​ប្រពៃ​ណី​របស់​ប្រទេស​នោះ ​បាន​ឃ្លាំ​មើល​ការ​រង្គាស​ចិត្ត​ ការ​ពឹង​ពាក់​ខាង​នយោបាយ​ និង​ហិរញ្ញ​វត្ថុ​កាន់​តែ​ខ្លាំង​ឡើង​របស់​លោក​ Abdulla Yameen អតីត​មេដឹកនាំ​របស់​ប្រទេស​នោះ​លើ​រដ្ឋាភិបាល​ក្រុងប៉េកាំង។

ប៉ុន្តែ​ក្រោយ​ការ​ចាញ់​ឆ្នោត​របស់​លោក​ Yameen​ កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន ​គេ​ឃើញ​រដ្ឋាភិ​បាល​ថ្មី​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានា​ធិបតី ​Ibrahim Mohamed Solih​ បាន​ធ្វើ​ឲ្យ​ប្រទេស​នោះ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ឥណ្ឌា​វិញ។

ក្រុម​មន្រ្តី​បាន​និយាយ​ថា នាយក​រដ្ឋ​មន្រ្តី​ឥណ្ឌា​លោក ​Modi ​និងលោក Solih​ នៃ​កោះ​ម៉ាល់ឌីវ ​បាន​សម្ពោធមជ្ឈមណ្ឌល​ហ្វឹកហាត់​យោធា​កាល​ពី​ថ្ងៃ​សៅរ៍។ មន្រ្តី​ទាំង​នោះ​និយាយ​ទៀត​ថា​ គម្រោង​ទាំង​២​នេះ​បាន​ផ្តល់​ថវិកា​ដោយ​រដ្ឋាភិបាល​ឥណ្ឌា​មាន​តម្លៃ២៦​លាន​ដុល្លារ។

សេចក្តី​ថ្លែងការណ៍​រួមមួយ​បាន​បញ្ជាក់​ថា ​ភាគី​ទាំង​២​បាន​ពិភាក្សា​គ្នា​ពី​សេចក្តី​ត្រូវការ​ដើម្បី​រក្សា​សន្តិភាព​និង​សន្តិសុខ​នៅ​ក្នុង​តំបន់​មហា​សមុទ្រ​ឥណ្ឌា។

សេចក្តី​ថ្លែងការណ៍​នោះ​ប្រាប់​ឲ្យ​ដឹងថា មេដឹក​នាំ​ប្រទេសទាំង​២ ​បាន​សន្យា​ធ្វើ​ការ​ប្រយុទ្ធចោរ​សមុទ្រ ​ភេរវកម្ម ​ឧក្រិដ្ឋ​កម្ម​មាន​ការ​ចាត់​ចែង​និង​ការ​ជួញ​ដូរ​មនុស្ស​តាម​រយៈការ​យាម​ល្បាត​និង​ការ​ស៊ើប​យកការ​តាម​អាកាស​ដែល​មាន​ការសម្រប​សម្រួល​គ្នា​ផ្លាស់​ប្តូរ​ព័ត៌មាន​និង​ស្ថាបនា​សមត្ថភាព៕