ឥណ្ឌាបានប្រាប់ឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា ទាហាន៣នាក់របស់ខ្លួនត្រូវបានសម្លាប់ដោយកងទ័ពចិននៅតាមបណ្តោយព្រំដែនមានជម្លោះរបស់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំង២ ដែលនេះជាគ្រោះថ្នាក់ខាងយោធាលើកដំបូងរវាងប្រទេសទាំង២ក្នុងរយៈពេល៤៥ឆ្នាំ។
កងទ័ពឥណ្ឌាបានប្រាប់ឲ្យដឹងថា ការប្រឈមមុខដាក់គ្នាបានកើតមានឡើងនៅក្នុងជ្រលង Galwan ភាគខាងលិចភ្នំហិមាល័យ (Himalayas) កាលពីយប់ថ្ងៃចន្ទដែលមានគ្រោះថ្នាក់ទាំងសងខាង។
អ្នកនាំពាក្យក្រសួងការបរទេសចិនមិនបានផ្តល់ព័ត៌មានអំពីគ្រោះថ្នាក់ខាងយោធាណាមួយក្នុងចំណោមកងទ័ពចិនទេ។ ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសចិននោះ បានចោទប្រកាន់កងទ័ពឥណ្ឌា «ពីការធ្វើការវាយប្រហារបង្កហេតុ» លើកងទ័ពរបស់ខ្លួននៅតាមបណ្តោយព្រំដែន ដែលបានបណ្តាលឲ្យមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង។
ប្រទេសជិតខាងទាំង២បាននៅជាប់គាំងមិនចាញ់មិនឈ្នះក្នុងជ្រលងភ្នំនេះអស់ជាច្រើនសប្តាហ៍ដោយភាគីនីមួយៗបានចោទប្រកាន់ភាគីមួយទៀតពីការចូលដោយខុសច្បាប់ក្នុងទឹកដីរបស់ខ្លួន។
កងទ័ពឥណ្ឌាបានប្រាប់ឲ្យដឹងថា មន្រ្តីម្នាក់របស់ខ្លួនបានស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ ហើយថា ពួកមន្រ្តីយោធាជាន់ខ្ពស់មកពីប្រទេសទាំង២ បានជួបគ្នាដើម្បីបន្ធូរបន្ថយស្ថានការណ៍នេះ។
ជម្លោះនោះបានផ្ទុះឡើងជាងមួយឆ្នាំមកហើយនៅតាមបណ្តោយព្រំដែនដែលមានប្រវែង៣ពាន់៥រយគីឡូម៉ែត្រ ក៏ប៉ុន្តែការប៉ះទង្គិចគ្នាតិចតួចបានរីកកាន់តែធំឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅជ្រលង Galwan ដែលនៅទីនោះឥណ្ឌាបានស្ថាបនាផ្លូវដ៏សំខាន់មួយដែលភ្ជាប់តំបន់នោះទៅនឹងផ្លូវយន្តហោះនៅជិតប្រទេសចិន។
ប្រទេសទាំង២ បានប្រយុទ្ធគ្នារយៈពេលខ្លីនៅឆ្នាំ១៩៦២ ហើយបានព្យាយាមដោះស្រាយជម្លោះព្រំដែនរបស់ខ្លួនចាប់តាំងពីដើមទសវត្សរ៍១៩៩០មក៕