នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi កាលពីថ្ងៃអង្គារបានព្រមានពលរដ្ឋឥណ្ឌាកុំឲ្យខកខានមិនគោរពតាមវិធានការរឹតត្បិតនានា ដើម្បីបង្ការការបន្តរាតត្បាតនៃវីរុសកូរ៉ូណាដែលបង្កជំងឺកូវីដ១៩ ខណៈដែលលោកបន្តកម្មវិធីសន្តិសុខសង្គមដ៏ធំរបស់ឥណ្ឌារហូតដល់ខែវិច្ឆិកា។
ទីក្រុងខ្លះរបស់ឥណ្ឌាកំពុងត្រៀមពន្យារបន្តការដាក់កំហិតសកម្មភាពទាំងអស់ដើម្បីទប់នឹងការបន្តរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងឆ្លងដល់ពលរដ្ឋឥណ្ឌាប្រមាណ២០.០០០នាក់ក្នុងមួយថ្ងៃ។
លោក Modi បានថ្លែងក្នុងការផ្សាយតាមទូរទស្សន៍ថា តាំងពីឥណ្ឌាចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតសកម្មភាពមក ក៏ពលរដ្ឋកាន់តែច្រើនបានធ្វេសប្រហែសមិនគោរពតាមវិធានរក្សាគម្លាតក្នុងសង្គមនិងការលាងដៃ។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Modi ក៏បានប្រកាសពីការបន្តកម្មវិធីតម្លៃ១២ពាន់លានដុល្លារដើម្បីចែកអាហារដោយឥតគិតថ្លៃដល់ពលរដ្ឋឥណ្ឌា៨០០លាននាក់ ក្រោយពីលោករងការរិះគន់ថា បានទុកឲ្យពលរដ្ឋក្រីក្រត្រូវចិញ្ចឹមខ្លួនឯងក្នុងពេលជាប់បម្រាមធ្វើដំណើរតាំងពីខែមីនា។
គណបក្សប្រឆាំងឥណ្ឌាថា ជំនួយនេះមិនគ្រប់គ្រាន់និងអំពាវនាវឲ្យរដ្ឋាភិបាលផ្តល់ប្រាក់ដោយផ្ទាល់ទៅពលរដ្ឋក្រីក្រ។
គិតត្រឹមថ្ងៃអង្គារ ឥណ្ឌាមានអ្នកឆ្លងវីរុសកូរ៉ូណាចំនួនជាង៥៦៦.០០០នាក់ គឺនៅពីក្រោយតែសហរដ្ឋអាមេរិក ប្រេស៊ីល និងរុស្ស៊ីប៉ុណ្ណោះ និងអ្នកស្លាប់ជាងជិត១៧.០០០នាក់៕