ឥណ្ឌា​ទទួល​​​បាន​ជំនួយ​បរិក្ខារ​ពេទ្យ​ដ៏​ចាំបាច់​ខណៈ​អត្រា​ឆ្លង​ជំងឺ​កូវីដ១៩​បន្ត​កើន​ខ្ពស់

ជំនួយ​បរិក្ខារពេទ្យ​ពី​ចក្រភព​អង់គ្លេស​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

ជំនួយ​ដំបូង​នៃ​បរិក្ខារ​ពេទ្យ​សំខាន់ៗ​ ត្រូវ​បាន​ដឹក​មក​ដល់​ប្រទេស​ឥណ្ឌា​ហើយ​កាល​ពី​ថ្ងៃ​អង្គារ​ ខណៈ​ដែល​ប្រទេស​នេះ​ កំពុង​តស៊ូ​ទប់ទល់​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នៃ​រលក​ទី​២ដ៏មហន្តរាយ​ ដែល​ជា​ស្ថានភាព​មួយ ដែល​ប្រធាន​អង្គការ​សុខភាព​ពិភពលោកពិពណ៌នា​ថា​ «ហួស​ពីការ​ឈឺ​ចាប់​ទៅ​ទៀត»​ នោះ។​

យន្តហោះ​ដឹក​ជញ្ជូន​ចក្រភព​អង់គ្លេស​ បាន​ចុះ​ចត​នៅព្រឹក​ព្រលឹមក្នុង​រដ្ឋធានី​ញូវដែលី​ ដោយ​នាំ​យក​មក​ជាមួយ​នូវ​ឧបករណ៍​ជំនួយផ្លូវ​ដង្ហើម​ចំនួន​១០០​គ្រឿង​ និង​ម៉ាស៊ីន​ផលិត​ខ្យល់​អុកស៊ីហ្សែន​ចំនួន​៩៥​គ្រឿង។​ ស្ថាន​បេសកកម្ម​ការទូត​ចក្រភព​អង់គ្លេសប្រចាំក្នុង​ប្រទេស​ឥណ្ឌា​និយាយ​ថា យន្តហោះ​ដឹកជញ្ជូន​អង់គ្លេសសរុប​ចំនួន​៩​គ្រឿង​ នឹង​ដឹក​ជញ្ជូនម៉ាស៊ីន​ផលិត​ខ្យល់​អុកស៊ីហ្សែនចំនួន​៥០០​គ្រឿង​ និង​ឧបករណ៍​ជំនួយ​ផ្លូវ​ដង្ហើមចំនួន​១៤០​គ្រឿង​មក​កាន់​ប្រទេស​ឥណ្ឌា។

ដោយ​ឡែក​ប្រទេស​ដទៃ​មួយ​ចំនួន​ទៀត ក៏​បាន​សន្យាដឹក​ជញ្ជូន​ជំនួយ​បរិក្ខារ​ពេទ្យ​សំខាន់ៗ​មក​កាន់​ប្រទេសឥណ្ឌា​ផង​ដែរ​ ដែល​ក្នុង​នោះ​មាន​ប្រទេស​បារាំង​ អាល្លឺម៉ង់​ អ៊ីស្រាអែល និង​ប្រទេស​ប៉ាគីស្ថាន ដែល​ជា​សត្រូវ​ក្បែរ​ខាងឥណ្ឌា​នោះ។​ ប្រទេស​ទាំង​នេះ​ នឹង​ផ្តល់​ជំនួយ​បរិក្ខារ​ពេទ្យ​ដែល​រួម​មាន​ផង​ដែរ សម្លៀក​បំពាក់និង​សម្ភារៈ​ការពារការ​ឆ្លង​ជំងឺ​កូវីដ១៩ ឧបករណ៍​ធ្វើ​តេស្ត​កូវីដ និង​ឧបករណ៍​មួយ​ចំនួន​ផ្សេង​ទៀត។​

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ WHO លោក​ Tedros Ghebreyesus​ បាន​ប្រាប់ក្រុម​អ្នក​សារព័ត៌មាននៅ​ថ្ងៃ​ច័ន្ទ​កន្លង​ទៅថា​ ​អង្គការ WHO បាន​ប្រកាស​រួច​ហើយ​ថា​ អង្គការ​នេះ​ នឹងបញ្ជូនបុគ្គលិក​របស់​ខ្លួនចំនួន​២.៦០០​នាក់​បន្ថែម​ទៀត​ ទៅ​កាន់​ប្រទេស​ឥណ្ឌា​ ដើម្បី​ចូលរួមក្នុង​កិច្ច​ប្រឹងប្រែងជួយប្រយុទ្ធនឹង​ជំងឺ​កូវីដ​១៩​នេះ៕