ប្រទេស​ឥណ្ឌា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​​​កើន​លើស​​៥លាន​នាក់​

រូបឯកសារ៖ មនុស្សម្នារង់ចាំចុះឈ្មោះដើម្បីឲ្យពេទ្យយកសំណាកធ្វើតេស្តរកមេរោគកូរ៉ូណា នៅក្រុង Jammu ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួង​សុខាភិបាល​ឥណ្ឌា​ប្រកាស​ថា​ ពេល​នេះ​ខ្លួន​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​សរុប​បាន​កើន​លើស​ចំនួន​៥លាន​នាក់​ហើយ។

ប្រទេស​ឥណ្ឌាបាន​មក​ដល់​ចំណុចដ៏​ស្រអាប់​នៅ​ថ្ងៃ​ពុធ​ នៅ​ពេល​ដែល​ក្រសួង​សុខាភិបាល​របស់​ខ្លួន​ រក​ឃើញ​ថា ​ឥណ្ឌា​នៅ​ពេល​នេះ​ មាន​ករណី​អ្នក​ឆ្លង​វីរុស​កូរ៉ូណាថ្មី​ចំនួន​ជាង​៩០.០០០​នាក់​ និង​មាន​អ្នក​ស្លាប់​ជិត​១.៣០០​នាក់​ពី​ជំងឺ​កូវីដ១៩ ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ។​

តាម​តួលេខដែល​ចង​ក្រង​ដោយ​សាកលវិទ្យាល័យ Johns Hopkins របស់​អាមេរិក​ បាន​បង្ហាញ​ថា ​ប្រទេស​ឥណ្ឌា​ នៅ​ពេល​នេះ​មាន​អ្នក​ឆ្លងកូវីដ១៩​សរុប​ប្រមាណ​ជាង​៥លាន​២​ម៉ឺន​នាក់​ និង​មាន​អ្នក​ស្លាប់​សរុបជាង​៨២.០០០​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ទាំង​អស់​១,៤​ពាន់​លាន​នាក់។​

ឥណ្ឌា​ជា​ប្រទេស​ទី​២​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ដែល​មាន​អ្នក​ឆ្លង​វីរុស​ដែល​បង្ក​ជំងឺ​កូវីដ១៩​ក្នុង​ចំនួន​ដ៏​ច្រើន។ សហរដ្ឋ​អាមេរិក​នៅ​ពេល​នេះមាន​អ្នក​ឆ្លង​វិរុស​កូរ៉ណា​សរុប​ជាង៦,៦​លាន​នាក់​ និង​មាន​អ្នក​ស្លាប់​សរុប​ជិត​២០០.០០០​នាក់៕​