ការបង្ហោះនេះ ក៏បង្ហាញពីដំណាក់កាលមួយដ៏សំខាន់នៃការខិតខំប្រឹងប្រែងរបស់ប្រទេសមួយនេះ ក្នុងការបង្ហាញថា ខ្លួនជាគូប្រជែងមួយដ៏មុះមុតក្នុងឧស្សាហកម្មអវកាសពាណិជ្ជសាកលក្នុងចំនួនទឹកប្រាក់រាប់ពាន់លានដុល្លារ ដោយកាត់បន្ថយការចំណាយបានយ៉ាងច្រើន។
ក្រៅពីផ្កាយរណបទម្ងន់ ៧១៤ គីឡូក្រាមសម្រាប់សង្កេតមើលមកលើភពផែនដី ផ្កាយរណបដទៃផ្សេងទៀតគឺភាគច្រើនមានសណ្ឋានតូចៗ ដែលមានទម្ងន់ត្រឹម ១០ គីឡូក្រាមប៉ុណ្ណោះ។ ផ្កាយរណបទាំងអស់នេះភាគច្រើនជារបស់អ្នកជំនួញនានាក្នុងសហរដ្ឋអាមេរិក ហើយក្រៅពីនេះជារបស់ប្រទេសកាហ្សាក់ស្ថាន ហូឡង់ ស្វីស និងអេមីរ៉ាតអារ៉ាប់រួម។
ព្រឹត្តិការណ៍នៃការបង្ហោះនេះ ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ទូទាំងប្រទេសឥណ្ឌា និងបានបង្ហាញពីការអបអរសាទររបស់ក្រុមអ្នកវិទ្យាសាស្ត្រក្នុងដំណាក់កាលដ៏ជោគជ័យនៃបន្ទប់គ្រប់គ្រងបេសកកម្មយានអវកាស។
លោក B Jayakumar នាយរងនៃគម្រោងមួយ បានហៅការបង្ហោះនេះថាជា «ព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុត» សម្រាប់អង្គការស្រាវជ្រាវអវកាសឥណ្ឌា ដែលហៅកាត់ថា ISRO ហើយលោកបានថ្លែងថា៖ «ការធ្វើអ្វីមួយដែលថ្មី តាមបែបនវានុវត្តន៍ និងប្រកបដោយភាពជោគជ័យ គឺជាមហិច្ឆតារបស់គ្រប់គ្នានៅក្នុងអង្គការ ISRO»។
កម្មវិធីអវកាសរបស់ប្រទេសឥណ្ឌា ផ្ដោតជាសំខាន់ទៅលើការហោះទៅកាន់ទីអវកាសដោយចំណាយប្រាក់តិច។ ក្រុមអ្នកវិភាគបានយល់ឃើញថា សមត្ថភាពក្នុងការបង្ហោះផ្កាយរណបដ៏ច្រើនក្នុងទីអវកាសក្នុងពេលតែមួយ គឺបានកាត់បន្ថយការចំណាយបានយ៉ាងច្រើន ដែលការធ្វើដូច្នេះអាចជួយឲ្យប្រទេសមួយនេះច្បាមយកទីផ្សារបានយ៉ាងធំក្នុងការបង្ហោះថ្នាក់អន្តរជាតិ។
លោកស្រី Rajeswari Pillai Rajagopalan អ្នកវិភាគផ្នែកអវកាសនៃមូលនិធិស្រាវជ្រាវសម្រាប់អ្នកឃ្លាំមើលនៅក្នុងរដ្ឋធានីញូវដែលី (New Delhi's Observer Research Foundation) បាននិយាយថា៖ «ការបង្ហោះដោយបានបំបែកកំណត់ត្រាដោយគ្រាន់តែបង្ហោះតែម្តងនេះ ពិតជាបញ្ជាក់យ៉ាងច្បាស់អំពីភាពរីកចម្រើន និងភាពទាន់សម័យរបស់ឥណ្ឌា និងសមត្ថភាពក្នុងការពង្រីកកម្មវិធីអវកាសរបស់ឥណ្ឌា»។ លោកស្រីបានបន្តថា ភាពជោគជ័យនៃបេសកកម្មថ្ងៃ១៥ ខែកុម្ភៈនេះ នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះប្រទេសឥណ្ឌារីកសុះសាយលើកម្មវិធីអវកាសរបស់ខ្លួន។ លោកស្រីបានពន្យល់ថា៖ «ប្រទេសជាច្រើនទៀតនឹងមកទាក់ទងប្រទេសឥណ្ឌាដើម្បីឲ្យជួយក្នុងការងារបង្ហោះផ្កាយរណបរបស់ពួកគេទៅកាន់ទីអវកាស។
ការកើនឡើងនៃតម្រូវការនៃប្រព័ន្ធទំនាក់ទំនងដែលមានបច្ចេកវិទ្យាខ្ពស់របស់ប្រទេសនានា ក៏ដូចជាក្រុមហ៊ុនទូរស័ព្ទ និងអ៊ីនធឺណិតឯកជននានា តម្រូវឲ្យមានការបន្ថែមការបង្ហោះផ្កាយរណបបែបនេះកាន់តែច្រើនថែមទៀត។ កាលពីឆ្នាំមុន ប្រទេសឥណ្ឌាបានបង្ហោះផ្កាយរណបចំនួន ៧៥ សម្រាប់អតិថិជនបរទេស។
លោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា៖ «ជោគជ័យដ៏អស្ចារ្យរបស់អង្គការស្រាវជ្រាវ ISRO គឺជាព្រឹត្តិការណ៍ជាទីមោទនមួយទៀតសម្រាប់សហគមន៍វិទ្យាសាស្រ្តអវកាស និងប្រជាជាតិរបស់យើង។ ប្រទេសឥណ្ឌាសូមសម្តែងនូវការគោរពចំពោះក្រុមអ្នកវិទ្យាសាស្រ្តរបស់យើង»។
ប្រទេសឥណ្ឌាបានបង្កើនថវិកាសម្រាប់កម្មវិធីអវកាសរបស់ខ្លួនក្នុងឆ្នាំនេះ និងបានវិភាជធនធានសម្រាប់បេសកកម្មចម្បងទី២ ឆ្ពោះទៅភពអង្គារ និងបេសកកម្មទី១ ទៅភពសុក្រ (Venus) នៅប៉ុន្មានឆ្នាំខាងមុខនេះ។
កម្មវិធីអវកាសដែលមានមហិច្ឆតាខ្ពស់របស់ឥណ្ឌា បានទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិក្នុងឆ្នាំ២០១៤ បន្ទាប់ពីប្រទេសនេះបានបំពេញបេសកកម្មយ៉ាងជោគជ័យទៅភពអង្គារ។ ថវិកាចំណាយសម្រាប់បេសកកម្មឆ្នាំ២០១៤ គឺមានប្រមាណ ៧៤ លានដុល្លារ គឺមានចំនួនតិចជាងឆ្ងាយបើប្រៀបធៀបទៅនឹងថវិកាដែលអង្គការ NASAរបស់សហរដ្ឋអាមេរិកបានចំណាយ ដែលមាន ទឹកប្រាក់ ៦៧០លានដុល្លារសម្រាប់បេសកកម្មទៅភពអង្គារនៅប៉ុន្មានខែបន្ទាប់មក។ បេសកកម្មរបស់ប្រទេសឥណ្ឌាត្រូវបានគេកត់សម្គាល់ថាជាការបញ្ជាក់យ៉ាងច្បាស់ថា កម្មវិធីអវកាសដ៏ត្បិតត្បៀតរបស់ខ្លួនទទួលបានជំនាញផ្នែកបច្ចេកវិទ្យាដ៏ជោគជ័យ។
អង្គការស្រាវជ្រាវ ISRO ក៏គ្រោងនឹងបញ្ជូនបេសកកម្មទី២ ដើម្បីសិក្សាផ្ទៃភពព្រះចន្ទក្នុងឆ្នាំ២០១៨នេះ។ អង្គការនេះក៏កំពុងពិចារណាលើបេសកកម្មទៅភពអង្គារ និងបេសកកម្មទី១ ទៅភពសុក្រ (Venus) នៅប៉ុន្មានឆ្នាំខាងមុខនេះ។
ប្រទេសនានាមើលឃើញថា ការវាយលុកជាបឋមក្នុងបេសកកម្មទៅកាន់អន្តរភពរបស់ប្រទេសឥណ្ឌា គឺជាផ្នែកមួយនៃមហិច្ឆតារបស់ខ្លួនដើម្បីឲ្យគេមើលឃើញថា ឥណ្ឌាក៏ជាប្រទេសឈានមុនមួយក្នុងពិភពលោកដែរ។
លោកស្រី Rajagoplanan បាននិយាយថា៖ «ហេតុផលមួយនៃមហិច្ឆតាបែបនេះ គឺឥណ្ឌាចង់បង្ហាញពីជាតិនិយមអាស៊ី និងការប្រកួតប្រជែង។ មានផែនការផ្សេងៗទៀតជាច្រើនដែលកំពុងត្រូវបានរៀបចំដើម្បីបង្ហាញថា ប្រទេសឥណ្ឌាគឺជាប្រទេសមានអំណាចបច្ចេកវិទ្យាកំពូលមួយ ផ្នែកអវកាស»។
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ស្របពេលដែលប្រទេសឥណ្ឌាបានអភិវឌ្ឍសមត្ថភាពក្នុងការបង្ហោះផ្កាយរណបមានសណ្ឋានតូចៗក្នុងទីអវកាសដូច្នេះ ប្រទេសនេះត្រូវការការខិតខំប្រឹងប្រែងបន្ថែមទៀតមុនពេលអាចបង្ហោះផ្កាយរណបធុនធ្ងន់បាន៕
ប្រែសម្រួលដោយ កោះ សុគន្ធី