ឥណ្ឌា​ក្លាយជា​ប្រទេស​ទី ២ នៅ​លើ​ពិភពលោក​ដែល​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ច្រើន​ជាង​គេ​បំផុត

ស្ត្រី​ម្នាក់​លាង​សម្អាត​ដៃ​នៅ​ស្ថានីយ​រថភ្លើង មុន​ពេល​ជិះ​រថភ្លើង​នៅ​ក្នុង​ក្រុង Gurugram ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។

ប្រទេស​ឥណ្ឌា​ឥឡូវ​នេះ នាំមុខ​ប្រទេស​ប្រេស៊ីល​ក្នុង​នាម​ជាប្រទេស​ដែល​មាន​ចំនួន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​លំដាប់​ទី ២ ក្នុង​ពិភពលោក។

ក្រសួង​សុខាភិបាល​ឥណ្ឌា​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន ៩០.៨០២ ករណី​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​ធ្វើ​ឱ្យ​ឥណ្ឌា​មាន​ចំនួន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​សរុប​ទាំងអស់​ជាង ៤ លាន ២ សែន​ករណី​ចាប់តាំង​ពី​ពេល​ដែល​វីរុស​នេះ​បាន​ផ្ទុះឡើង​ដំបូង​មក។

នៅ​ថ្ងៃ​ចន្ទ​នេះ ឥណ្ឌា​ក៏​បាន​រាយការណ៍​អំពី​ចំនួន​អ្នក​ស្លាប់​ថ្មី​ដោយសារ​ជំងឺ​កូវីដ១៩ ចំនួន ១.០១៦ នាក់​ផង​ដែរ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​ប្រទេស​នេះ​មាន​ចំនួន ៧១.៦៤២ នាក់។

សម្រាប់​ប្រទេស​ប្រេស៊ីល​វិញ ប្រទេស​នេះ​បាន​រាយការណ៍​អំពី​ករណី​ស្លាប់​ថ្មី​ដោយ សារ​វីរុស​នេះ​ចំនួន ១៤.៥២១ ករណី​កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​បើ​ទោះបីជា​ប្រទេស​នេះ​ស្ថិត​នៅ​ពីក្រោយ​ប្រទេស​ឥណ្ឌា​ទាក់ទិន​នឹង​ចំនួន​អ្នក​ឆ្លង​សរុប​ក៏​ដោយ ក៏​ប្រទេស​នេះ​នៅតែ​ស្ថិត​ក្នុង​លំដាប់​ទី ២ បន្ទាប់ពី​សហរដ្ឋ​អាមេរិក​ដដែល ទាក់ទិន​នឹង​ចំនួន​អ្នក​ស្លាប់​សរុប ដែល​មាន​ចំនួន ១២៦.៦៥០ នាក់។

សហរដ្ឋ​អាមេរិក​នៅតែ​នាំមុខ​គេ​នៅ​លើ​ពិភពលោក​ដោយ​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ប្រហែល ៦ លាន ៣ សែន​ករណី និង​អ្នក​ស្លាប់​ដោយសារ​វីរុស​នេះ​ចំនួន​ប្រហែល ១៨៩.០០០ នាក់។

នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ពួក​មន្រ្តី​ក្នុង​រដ្ឋ​ Victoria បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មាន​ការឆ្លង​ថ្មី​ចំនួន៤១​ករណី​ ដែលជា​ការកើន​ទាប​បំផុត​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ចាប់តាំងពី​ចុង​ខែ​មិថុនា​មក។

រដ្ឋ Victoria បាន​ប្រយុទ្ធ​ដើម្បី​រាំងខ្ទប់​អ្វី​ដែល​ជាការផ្ទុះ​ឡើងដ៏ខ្លាំង​បំផុត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

ពួកអាជ្ញាធរ​បាន​ដាក់​ការរឹតត្បិតកាលពី​ដើម​ខែ​សីហា ហើយ​ដោយ​មាន​ការជឿន លឿន​បាន​ឃើញ​ចាប់​តាំង​ពីពេល​នោះមក​ គេ​បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ម្សិល មិញ​ពី​ការ​បន្ធូរបន្ថយ​ច្បាប់​ខ្លះ។

លោក​នាយក​រដ្ឋមន្ត្រី Scott Morrison ក៏បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ដែរ​ថា អូស្ត្រាលី​មាន​កិច្ច​ព្រមព្រៀង​ដែល​មាន​ជាស្រេច​ហើយជាមួយ​ក្រុមហ៊ុន CSL ដើម្បី​ផលិត​ថ្នាំ​វ៉ាក់សាំង​ការពារ​វីរុស​កូរ៉ូណា​២ ដែល​ថ្នាំវ៉ាក់សាំង​ទាំង​នេះ បង្ហាញ​ពី​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​សាកល្បង៕