នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានស្ថិតនៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់មួយអាណត្តិទៀតក្នុងពេលពេញមួយខែមេសាកន្លងទៅនេះ នៅពេលដែលលោកបានធ្វើការឃោសនាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីប្រកាសពី «ជ័យជម្នះដ៏អស្ចារ្យ!» និង«ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ»សម្រាប់ប្រទេសរបស់លោក នោះគឺការផលិតបានធ្យូងថ្ម និងធ្យូងលីនីត (lignite) ១ ពាន់លានតោន។ លោក Modi បាននិយាយថា វាជាភស្តុតាងនៃការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌាក្នុងការធានានូវវិស័យធ្យូងថ្មដ៏រស់រវើក។
មួយខែក្រោយមក សម្រាប់រយៈពេល៣ឆ្នាំជាប់ៗគ្នា រដ្ឋាភិបាលរបស់លោកបានបញ្ជាឱ្យរោងចក្រធ្យូងថ្មមួយចំនួនដំណើរការពេញម៉ោង ដើម្បីបំពេញតម្រូវការអគ្គិសនីដ៏ខ្ពស់ក្នុងអំឡុងពេលរដូវក្តៅដែលកាន់តែក្តៅខ្លាំង។
ទោះបីជាប្រទេសឥណ្ឌាកំពុងបង្កើនសមត្ថភាពថាមពលកកើតឡើងវិញរបស់ខ្លួនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏នៅពេលដែលតម្រូវការអគ្គិសនីកើនឡើង ប្រទេសនេះនៅតែត្រឡប់ទៅរកប្រភពថាមពលដែលគួរឱ្យទុកចិត្តបំផុតរបស់ខ្លួនគឺធ្យូងថ្ម។
សម្រាប់រយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ប្រទេសឥណ្ឌាបានឆ្លើយតបទៅនឹងតម្រូវការថាមពលយ៉ាងច្រើនពីចំនួនប្រជាជនដែលកំពុងតែកើនឡើងរបស់ខ្លួន និងតម្រូវការភាពត្រជាក់កាន់តែច្រើនដោយសារតែកម្តៅខ្លាំងដែលមួយផ្នែកដោយសារតែការប្រែប្រួលអាកាសធាតុ ដោយពឹងផ្អែកលើរោងចក្រដុតធ្យូងថ្មរបស់ខ្លួន។ ប្រទេសនេះ ក៏មានគម្រោងបង្កើនរោងចក្រធ្យូងថ្មបន្ថែមទៀតផងដែរ។
តម្រូវការធ្យូងថ្មនៅប្រទេសឥណ្ឌាបានកើនឡើងជិត១០% ក្នុងឆ្នាំ២០២៣ ឬប្រមាណជា១០៥ លានតោន ដែលជាការកើនឡើងដ៏ច្រើនបំផុតគិតជាភាគរយសម្រាប់ប្រទេសមួយ នេះបើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)។ តម្រូវការនៅក្នុងប្រទេសចិនបានកើនឡើង៦%។
លោក Carlos Fernández Alvarez អ្នកសរសេររបាយការណ៍នៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយថា៖ «យើងដឹងថា រដ្ឋាភិបាលឥណ្ឌាពិតជាយកចិត្តទុកដាក់ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបញ្ហាអាកាសធាតុ»។ ក៏ប៉ុន្តែ លោក Alvarez បានទទួលស្គាល់នូវ«តម្រូវការដ៏ច្រើនសម្បើមដើម្បីធានាថា ប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់»នៅក្នុងប្រទេសឥណ្ឌា ហើយលោកបានថ្លែងបន្ថែមថា «យើងមិនជឿថា ឥណ្ឌានឹងក្លាយជាអ្នកនាំមុខគេក្នុងការផ្លាស់ប្តូរពីការប្រើប្រាស់ធ្យូងថ្មនោះទេ»។
តម្រូវការអគ្គិសនីជាង៧០% នៅប្រទេសឥណ្ឌានៅតែត្រូវបានបំពេញដោយការប្រើធ្យូងថ្ម ទោះបីជាថាមពលកកើតឡើងវិញដូចជាខ្យល់ និងថាមពលពន្លឺព្រះអាទិត្យកំពុងកើនឡើងក៏ដោយ។
ប្រទេសឥណ្ឌាកាលពីឆ្នាំមុនបានក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោកដែលមានប្រជាជនចំនួន១.៤០០លាននាក់។ យោងតាមទីភ្នាក់ងារ IEA បានឱ្យដឹងថា តម្រូវការអគ្គិសនីត្រូវបានព្យាករណ៍ថានឹងកើនឡើងយ៉ាងតិចណាស់៦% ក្នុងមួយឆ្នាំសម្រាប់ប៉ុន្មានឆ្នាំខាងមុខ។
មូលហេតុដែលធ្យូងថ្មនៅតែជាថាមពលចម្បងនៅក្នុងប្រទេសឥណ្ឌា
ប្រទេសឥណ្ឌាមានប្រជាជនរាប់លាននាក់ស្ថិតនៅក្នុងភាពក្រីក្រ ក៏ប៉ុន្តែ មានមនុស្សរាប់លាននាក់ទៀតបានចាកចេញពីភាពក្រីក្រនៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសរីកចម្រើន។ ហើយអ្នកទាំងនោះជាច្រើននាក់នឹងអាចមានលទ្ធភាពចំណាយទៅលើថាមពលអគ្គិសនី។
លោក Charith Konda អ្នកវិភាគអំពីថាមពលនៅវិទ្យាស្ថានសេដ្ឋកិច្ចថាមពល និងការវិភាគហិរញ្ញវត្ថុបាននិយាយថា៖ «ទោះបីជានរណាម្នាក់ទទួលបានកង្ហារ ឬម៉ាស៊ីនត្រជាក់ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេកាន់តែមានផាសុខភាពក៏ដោយ ក៏អ្នកនឹងឃើញតម្រូវការអគ្គិសនីនឹងមានច្រើនឡើង»។ លោកបាននិយាយថា លោករំពឹងថា កំណើន៧% នៅក្នុងតម្រូវការប្រចាំឆ្នាំ«គឺជាចំនួនអប្បបរមាតែប៉ុណ្ណោះ»។
លោក Konda បាននិយាយថា ខណៈពេលដែលថាមពលកកើតឡើងវិញកំពុងកើនឡើង ប្រទេសឥណ្ឌាត្រូវបន្ថែមកន្លែងផ្ទុកអាគុយជាច្រើនដើម្បីអាចប្រើថាមពលនោះជំនួសធ្យូងថ្មសម្រាប់តម្រូវការនៅពេលយប់។
តម្រូវការអគ្គិសនីមិនមែនជាកត្តាតែមួយគត់ដែលជំរុញការបន្តប្រើប្រាស់ធ្យូងថ្មនៅក្នុងប្រទេសឥណ្ឌានោះទេ។ លោក Konda បានចង្អុលបង្ហាញពីការងាររាប់លាននៅក្នុងវិស័យធ្យូងថ្ម រួមទាំងវិស័យដែលពាក់ព័ន្ធដូចជា ផ្លូវដែកសម្រាប់រថភ្លើងដែលប្រើសម្រាប់ដឹកជញ្ជូនធ្យូងថ្ម។ សូចនាករមួយនៃការកើនឡើងនៃធ្យូងថ្មគឺ នៅពេលដែលអាកាសធាតុក្តៅបំផុតនៅក្នុងរដូវក្តៅនៅឆ្នាំ២០២២ រដ្ឋាភិបាលបានលុបចោលជើងរថភ្លើងដែលដឹកអ្នកដំណើរជិត២.០០០ខ្សែ ដើម្បីឱ្យរថភ្លើងដឹកធ្យូងថ្មអាចទៅដល់រោងចក្រថាមពលបានលឿនជាងមុន។
កត្តានានាដែលអាចនាំឱ្យប្រទេសឥណ្ឌាក្លាយជាប្រទេសប្រើប្រាស់ថាមពលស្អាត
ប្រទេសឥណ្ឌាបានបង្កើនសមត្ថភាពប្រើប្រាស់ថាមពលកកើតឡើងវិញរបស់ខ្លួនច្រើនជាងមុនចំនួន២៥ដងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ហើយឥឡូវនេះបានដំឡើងថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យចំនួន១៩៥ជីហ្កាវ៉ាត់។
ក៏ប៉ុន្តែ តម្រូវការគឺត្រូវលឿនជាងនេះ។ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលថាមពល និងអាកាសធាតុឥណ្ឌា នៅសាកលវិទ្យាល័យ University of California, Berkeley បានឱ្យដឹងថា តម្រូវការអគ្គិសនីច្រើនបំផុតបានឈានដល់កម្រិតខ្ពស់បំផុតគឺ២៥០ជីហ្កាវ៉ាត់នៅក្នុងខែឧសភា។ តម្រូវការនោះអាចលើសពី៣០០ ជីហ្កាវ៉ាត់ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ នេះបើយោងតាមរបាយការណ៍ដដែលដែលបានឱ្យដឹងថា ការណ៍នេះគឺមានន័យថាមានការខ្វះខាតថាមពលនៅពេលយប់។
ប្រទេសឥណ្ឌាបានកំណត់គោលដៅថាមពលស្អាត៥០០ជីហ្កាវ៉ាត់ នៅចុងទសវត្សរ៍នេះ។
លោក Ashish Fernandes នៃក្រុមអ្នកស្រាវជ្រាវនៅអង្គការ Climate Risk Horizons បាននិយាយថា «នៅក្នុងឆ្នាំ២០១៥ និង២០១៦ យើងបានឃើញរយៈពេលពីរបីឆ្នាំនៃការរីកចម្រើនដ៏ល្អនៃថាមពលកកើតឡើងវិញ។ ចាប់តាំងពីពេលនោះមក វាហាក់ដូចជានៅទ្រឹង»។
លោក Fernandes និងអ្នកជំនាញផ្សេងទៀតនិយាយថា ប្រទេសឥណ្ឌាត្រូវការដំឡើងថាមពលស្អាតយ៉ាងតិចណាស់ពី៥០ ទៅ៦០ ជីហ្កាវ៉ាត់ក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារតែការបូកផ្សំចូលគ្នានៃការសម្រេចចិត្តផ្នែកគោលនយោបាយ នយោបាយ និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់នោះ ថាមពលខ្យល់ និងពន្លឺព្រះអាទិត្យតិចជាង១៥ ជីហ្កាវ៉ាត់ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ។
លោក Konda ដែលជាអ្នកវិភាគអំពីថាមពលបាននិយាយទៀតថា លទ្ធភាពផ្ទុកថាមពលនេះត្រូវតែបញ្ចូលទៅក្នុងប្រព័ន្ធ។ ប្រទេសឥណ្ឌាមានកន្លែងផ្ទុកតិចជាង៤ជីហ្កាវ៉ាត់។ កាលពីឆ្នាំមុន រដ្ឋាភិបាលបានប្រកាសគម្រោងថវិកាចំនួន៤៥២លានដុល្លារដើម្បីគាំទ្រក្រុមហ៊ុនដំឡើងបន្ថែម។
លោក Fernandes និយាយថា៖ «កន្លែងផ្ទុកអាគុយកំពុងមានតម្លៃថោក ហើយជាវិស័យរីកចម្រើននៅទូទាំងពិភពលោក»។ លោកថា ប្រទេសឥណ្ឌាត្រូវវិនិយោគ ខណៈដែលតម្លៃនៅទាបនៅឡើយ។
រដ្ឋាភិបាលឥណ្ឌាក៏បាននិយាយផងដែរថា ប្រទេសអភិវឌ្ឍន៍គួរផ្ដល់ការគាំទ្របន្ថែមទៀត ទាំងផ្នែកថវិកា និងជំនួយផ្នែកបច្ចេកវិទ្យាដល់ប្រទេសឥណ្ឌា និងបណ្តាប្រទេសកំពុងអភិវឌ្ឍផ្សេងទៀតនៅតំបន់ភាគខាងត្បូង ដែលកំពុងធ្វើការឆ្ពោះទៅរកការប្រើប្រាស់ថាមពលស្អាត។
នៅក្នុងទីក្រុង Dipka ដែលជាទីក្រុងធ្យូងថ្មមួយនៅភាគកណ្តាលប្រទេសឥណ្ឌាដែលមានការជីកយកធ្យូងថ្មជិតមួយសតវត្សរ៍មកហើយនោះ គេមិនអាចស្រម៉ៃបានទេថាតើជីវិតដែលគ្មានធ្យូងថ្មនឹងទៅជាយ៉ាងណានោះ។
«នៅក្នុងតំបន់នេះអ្វីៗគ្រប់យ៉ាងត្រូវបានផ្សារភ្ជាប់ទៅនឹងធ្យូងថ្ម» នេះជាសម្តីរបស់លោក Ramadhar Yadav អាយុ៤៥ឆ្នាំដែលគ្រួសាររបស់លោកស្ថិតក្នុងចំណោមអ្នកភូមិក្នុងតំបន់ដែលបានលក់ដីមានជីជាតិរបស់ខ្លួនកាលពីប៉ុន្មានទសវត្សរ៍មុនទៅឱ្យក្រុមហ៊ុនជីកយកធ្យូងថ្ម ហើយដែលឥឡូវនេះ ស្ថិតក្នុងចំណោមអ្នកដែលកំពុងស្វែងរកការងារនៅក្នុងឧស្សាហកម្មនេះដែលកំពុងមានជម្លោះផ្លូវច្បាប់។
លោកបាននិយាយទៀតថា៖ «យ៉ាងតិចណាស់សម្រាប់រយៈពេល២០ឆ្នាំខាងមុខ តំបន់របស់យើង និងប្រហែលជាប្រទេសឥណ្ឌាទាំងមូលនឹងពឹងផ្អែកលើធ្យូងថ្ម ខ្ញុំជឿជាក់ថាអ៊ីចឹង»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់