កិច្ចព្រមព្រៀង TPP ដ៏មានមហិច្ឆតារបស់ប្រទេសចំនួន១២ដែលមានព្រំប្រទល់នៅជាប់អាស៊ីប៉ាស៊ីហ្វិក ដែលបង្កើតឡើងដើម្បីបង្កើនពាណិជ្ជកម្ម គឺជា «ក្តីកង្វល់ដ៏ធំ» សម្រាប់លោក Sudhir Dhingra ដែលជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Orient Craft។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវដេលីមួយនេះ គឺជាក្រុមហ៊ុននាំចេញធំបំផុតមួយក្នុងចំណោមក្រុមហ៊ុននាំចេញសម្លៀកបំពាក់ធំបំផុតនានារបស់ឥណ្ឌា។
ឥណ្ឌាសប្បាយចិត្តដែលកិច្ចព្រមព្រៀង TPP ត្រូវបោះបង់ចោល
មូលហេតុនោះគឺថា កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យការនាំចេញរបស់ឥណ្ឌាមានលក្ខណៈប្រកួតប្រជែងតិចជាងមុន ដោយសារតែកិច្ចព្រមព្រៀងនេះកាត់បន្ថយពន្ធគយនាំចេញនាំចូល និងផ្តល់ឱកាសដល់ប្រទេសនានាដូចជាវៀតណាមនិងម៉ាឡេស៊ីឲ្យទទួលបានការអនុគ្រោះពិសេសសម្រាប់ការនាំចូលទៅក្នុងទីផ្សារអាមេរិកនិងជប៉ុន។
លោក Dhingra យល់ថា ការបោះបង់ចោលនេះជាដំណឹងដ៏ល្អ។
លោកពន្យល់ថា «ខ្លួនខ្ញុំផ្ទាល់ពិតជាមានការព្រួយបារម្ភចំពោះពាណិជ្ជកម្មនេះណាស់។ បើតាមកិច្ចព្រមព្រៀងហ្នឹង ផ្នែកខ្លះនៃតំបន់ទាំងនោះនឹងបង្កើនផលិតកម្មរបស់ខ្លួនជាងមុននិងកាន់តែមានប្រសិទ្ធិផល។ ក្រៅពីនេះ ពួកគេនឹងទទួលបានអត្ថប្រយោជន៍តាមរយៈការលើកលែងពន្ធ ដូច្នេះជំនួញទាំងអស់នឹងទៅប្រមូលផ្តុំក្នុងទីផ្សារទាំងនេះ»។
ឧស្សាហកម្មសម្លៀកបំពាក់ដ៏ធំនៅក្នុងប្រទេសឥណ្ឌា
វិស័យវាយនភណ្ឌនិងសម្លៀកបំពាក់របស់ឥណ្ឌាផ្តល់ការងារដល់ពលរដ្ឋរាប់លាននាក់ ហើយប្រមាណជា២០%នៃការនាំចេញសម្លៀកបំពាក់ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិក។
វិស័យសម្លៀកបំពាក់មិនមែនជាវិស័យតែមួយដែលទទួលរងការគំរាមកំហែងពីកិច្ចព្រមព្រៀង TPP ទេ។ រដ្ឋមន្រ្តីពាណិជ្ជកម្មរបស់ឥណ្ឌា លោកស្រី Nirmala Sitharaman បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងប៉ះពាល់ដល់វិស័យជាច្រើនដូចជា ទំនិញដែលធ្វើពីស្បែកសត្វ ប្លាស្ទិក សារធាតុគីមី និងវាយនភណ្ឌ។
នេះមានន័យថា កិច្ចព្រមព្រៀង TPP នឹងធ្វើឲ្យប្រទេសឥណ្ឌាខ្ទាតចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗ ដែលគ្របដណ្តប់ពាណិជ្ជកម្មពិភពលោកប្រមាណជា៤០%។
ការប៉ាន់ស្មានលើការខាតបង់វិស័យនាំចេញរបស់ឥណ្ឌាមានចំនួនខុសគ្នាយ៉ាងខ្លាំង។ វិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិបានឲ្យដឹងថា ការខាតបង់របស់ឥណ្ឌាអាចមានចំនួនប្រមាណជា៥០ពាន់លានដុល្លារក្នុងមួយឆ្នាំ ប្រសិនបើចិននិងប្រទេសដទៃទៀតចូលរួមជាមួយនឹងកិច្ចព្រមព្រៀងនេះនៅពេលក្រោយ។ អ្នកវិភាគផ្សេងទៀតនិយាយថា វាអាចមានចំនួនតិចជាងនេះឆ្ងាយណាស់។
លោក Biswajit Dhar ដែលជាអ្នកជំនាញផ្នែកពាណិជ្ជកម្មនិងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Jawaharlal Nehru ក្នុងទីក្រុងញូវដេលីនិយាយថា ក្រោយពីបោះបង់ចោលកិច្ចព្រមព្រៀង TPP ឥណ្ឌាបានធូរស្បើយចិត្តឡើងវិញ។
លោកនិយាយថា «អាចមានភាពធូរស្បើយឡើងវិញ ដោយសារតែកិច្ចព្រមព្រៀង TPP បានគំរាមនាំយកបទដ្ឋានថ្មីៗសម្រាប់សេរីភាវូបនីយកម្មវិស័យពាណិជ្ជកម្មនិងការនាំយកនូវបទបញ្ញត្តិថ្មីៗដែលកាន់តែតឹងរ៉ឹងជាងបទបញ្ញត្តិដែលផ្តល់ផលប្រយោជន៍ដល់ឥណ្ឌា»។
កិច្ចព្រមព្រៀង TPP បង្កើតឲ្យមានបទបញ្ញត្តិបរិស្ថាននិងពលកម្មតឹងរ៉ឹងនិងការការពារកម្មសិទ្ធិបញ្ញាខ្លាំងជាងមុន។
កិច្ចព្រមព្រៀងថ្នាក់តំបន់
ការបោះបង់ចោលកិច្ចព្រមព្រៀង TPP អាចនឹងបង្វែរការយកចិត្តទុកដាក់ទៅលើកិច្ចព្រមព្រៀងថ្នាក់តំបន់នានា ដែលមួយក្នុងចំណោមកិច្ចព្រមព្រៀងទាំងនោះអាចជាកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយថ្នាក់តំបន់ឬហៅថាកិច្ចព្រមព្រៀង RCEP។ កិច្ចព្រមព្រៀងនេះជាប្លុកមួយដែលបូករួមទាំងឥណ្ឌានិងចិន ហើយគ្របដណ្តប់លើប្រជាជនសាកលលោកស្ទើរតែពាក់កណ្តាល។
អ្នកវិភាគជាច្រើនរំពឹងថា ចិននឹងចូលរួមបំពេញគម្លាតដែលបន្សល់ទុកដោយសហរដ្ឋអាមេរិក ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗត្រូវបានបង្កើតឡើង។ អ្នកវិភាគខ្លះនិយាយថា នេះនឹងជារឿងល្អមួយសម្រាប់ឥណ្ឌា ដោយសារតែចិនទំនងជានឹងមិនបង្កើតបទដ្ឋានដូចគ្នាទៅនឹងកិច្ចព្រមព្រៀង TPP ដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកវិភាគផ្សេងទៀតយល់ថា នេះក៏អាចជារឿងមិនល្អសម្រាប់ឥណ្ឌាដែរ ដោយសារតែឥណ្ឌាត្រូវបើកទីផ្សាររបស់ខ្លួនឲ្យប្រទេសចិន។
ឥទ្ធិពលរបស់ចិន
លោក Dhar និយាយថា «ទោះជាមិនមានការអនុគ្រោះពិសេសក៏ដោយ ក៏ចិនអាចបោះជំហាននៅក្នុងសេដ្ឋកិច្ចឥណ្ឌាបានយ៉ាងច្រើន។ ដូច្នេះការព្រួយបារម្ភរបស់អ្នកជំនួញឥណ្ឌាគឺថា ប្រសិនបើចិនទទួលបានការអនុគ្រោះពិសេសផ្នែកទីផ្សារនោះ ជំនួញរបស់ឥណ្ឌានឹងមានបញ្ហាជាក់ជាមិនខាន»។
ប្រទេសឥណ្ឌា ដែលត្រូវបានគេស្គាល់ជាយូរមកហើយថាមានបរិយាកាសធ្វើជំនួញម៉ឺងម៉ាត់បទបញ្ញត្តិស្មុគស្មាញដែលបង្អាក់វិនិយោគទុន ការបង់ពន្ធខ្ពស់និងច្បាប់ការងារដ៏តឹងរ៉ឹង មិនទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនសង្វាក់ផលិតកម្មដែលបានកែប្រែសេដ្ឋកិច្ចរបស់ប្រទេសនៅអាស៊ីជាច្រើនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះទេ។
កិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ផលិតកម្មនៅក្រោមកម្មវិធីដ៏សំខាន់មួយរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi ដែលត្រូវបានគេហៅថា «ផលិតនៅឥណ្ឌា» មិនទាន់ទទួលបានលទ្ធផលដុំកំភួននៅឡើយទេ។
អនាគតសេដ្ឋកិច្ចមិនប្រាកដប្រជា
អ្នកជំនាញផ្នែកពាណិជ្ជកម្មព្រមានថា ការបោះបង់ចោលកិច្ចព្រមព្រៀង TPP និងកិច្ចចរចាបន្ថែមទៀតលើការគាំពារទំនិញក្នុងស្រុករបស់សហរដ្ឋអាមេរិកនឹងធ្វើឲ្យអនាគតពាណិជ្ជកម្មសាកលលោកមានភាពមិនប្រាកដប្រជា។ លោកស្រី Arpita Mukherjee ដែលជាសាស្រ្តាចារ្យនៃក្រុមបឹក្សាឥណ្ឌាសម្រាប់ការស្រាវជ្រាវលើទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិនិយាយថា «ខ្ញុំគិតថា យើងមិនគួរសាទរចំពោះរឿងនេះទេ។ លោកត្រាំក៏និយាយថា «ផលិតនៅសហរដ្ឋអាមេរិក» ដែរ។ វាជាស្ថានភាពមិនច្បាស់លាស់ ដូច្នេះយើងគួរតែព្រួយបារម្ភ»។
អ្នកជំនាញនានាអំពាវនាវឲ្យឥណ្ឌាធ្វើកំណែទម្រង់ដើម្បីធ្វើឲ្យវិស័យឧស្សាហកម្មរបស់ខ្លួនអាចប្រកួតប្រជែងជាសាកលបាន។ លោកស្រី Arpita Mukherjee និយាយថា «យើងត្រូវតែផ្តល់ភាពងាយស្រួលក្នុងការធ្វើជំនួញ ហើយនៅពេលយើងអាចធ្វើបាន យើងនឹងទទួលបានផលប្រយោជន៍តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា»។
ទោះជាយ៉ាងណា ការផុសឡើងនៃការគំរាមកំហែងពីកិច្ចព្រមព្រៀង TPP មិនស្ថិតនៅក្នុងចិត្តរបស់លោក Dhingra នោះទេ ហើយលោកនៅតែមានសុទិដ្ឋិនិយម។ លោក និងអ្នកផ្សេងទៀតយល់ថា ការណ៍នេះនឹងផ្តល់ឱកាសឲ្យឥណ្ឌារីកចម្រើន ខណៈដែលរដ្ឋាភិបាលបន្តធ្វើកំណែទម្រង់ដែលលោកនាយករដ្ឋមន្រ្តី Modi បានសន្យានោះ។
លោក Dhingra និយាយថា កាលពីពេលមុន រដ្ឋផ្សេងគ្នានៅក្នុងប្រទេសឥណ្ឌាបានសន្យាជាមួយនឹងអ្នកធ្វើជំនួញមួយចំនួនដូចជាជំនួញរបស់លោកថា នឹងផ្តល់ប្រាក់ជួយឧបត្ថម្ភនិងគ្រឿងលើកទឹកចិត្តផ្សេងទៀត ដែលអាចជួយលោកឲ្យប្រកួតប្រជែងនៅក្នុងទីផ្សារកាន់តែខ្លាំង។ លោកនិយាយថា «មិនដែលមានសប្តាហ៍ណាដែលខ្ញុំមិនបានទទួលទូរស័ព្ទពីរដ្ឋាភិបាលថ្នាក់រដ្ឋ ឬអ្នកផ្សេងទៀតដែលចង់ឲ្យក្រុមហ៊ុន Orient Craft បង្កើតរោងចក្រនៅទីនោះទេ។ ពួកគេមានឆន្ទៈនឹងផ្តល់គាំទ្រនិងផ្តល់ប្រាកជួយឧបត្ថម្ភ។ នេះជាអ្វីដែលខ្ញុំមិនដែលបានឃើញនៅក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ