ប្រជាជនសរុបនៅលើពិភពលោកនឹងមានចំនួន ៩ ពាន់ ៧ រយលាននាក់នៅត្រឹមឆ្នាំ ២០៥០។ តើយើងអាចមានអាហារគ្រប់គ្រាន់សម្រាប់ពួកគេហូបចុក ដោយមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថានដែរឬទេ? ដើម្បីឲ្យដឹងថាតើអ្នកវិទ្យាសាស្ត្រអាចជួយសម្រេចឲ្យបាននូវគោលបំណងផ្នែកសន្តិសុខស្បៀងអាហារ និងគោលបំណងផ្នែកបរិស្ថានក្នុងពេលជាមួយគ្នាតាមរបៀបណានោះ លោក Kyle Frankel Davis នៃសាកលវិទ្យាល័យ Columbia បានធ្វើការសិក្សាទៅលើផលិតកម្មគ្រាប់ធញ្ញជាតិនៅក្នុងប្រទេសឥណ្ឌា។
លោក Kyle Frankel Davis បាននិយាយថា៖ «ខ្ញុំមានចំណាប់អារម្មណ៍ខ្លាំងនៅក្នុងការប្រើវិទ្យាសាស្ត្រដែលអាចរកដំណោះស្រាយបាន។ ដូច្នេះ ដោយសារការជម្រុលចិត្តដូចនេះហើយ បានជាខ្ញុំចាប់ផ្ដើមផ្ដោតលើករណីសិក្សាផ្សេងៗគ្នានៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រជាជនច្រើន និងជាពិសេសនៅក្នុងប្រទេសឥណ្ឌា»។
លោក Davis បានថ្លែងតាមប្រព័ន្ធទំនាក់ទំនង Skype ថា លោក និងអ្នកនិពន្ធមួយរូបទៀតចង់ធ្វើការសាកល្បងមើលថាតើវិធីសាស្ត្រដែលកសិករឥណ្ឌាប្ដូរពីការដាំស្រូវ និងស្រូវសាឡី ទៅដាំពោត ស្ពៅ ឬក៏ស្រូវមីយេវិញ អាចទទួលបានទិន្នផលដែលមានតុល្យភាពផ្នែកជីវជាតិប្រសើរជាងនេះ និងអាចប្រើប្រាស់ទឹកតិចជាងនេះដែរឬក៏យ៉ាងណានោះ។
លោក Davis បាននិយាយយ៉ាងដូច្នេះថា៖ «យើងបានធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ និងពិនិត្យមើលទៅលើទិន្នផលស្រូវនៃស្រុកនីមួយៗ។ បន្ទាប់មក យើងពិនិត្យមើលទៅលើស្រុកណាដែលដាំស្រូវ ហើយប្រសិនបើស្រុកទាំងនោះមានដាំគ្រាប់ធញ្ញជាតិផ្សេងពីស្រូវ យើងប្រៀបធៀបទិន្នផលនៃដំណាំនោះជាមួយនឹងទិន្នផលនៃដំណាំស្រូវ»។
អ្នកនិពន្ធទាំងពីររូបបានសាកល្បងដំណើរការនេះពីរដង។ គំរូវិភាគទិន្នន័យតាមកុំព្យូទ័រមួយប្រភេទ បានជ្រើសរើសយកគ្រាប់ធញ្ញជាតិណាដែលអាចបង្កើនតុល្យភាពនៃបរិមាណជីវជាតិរវាងកាឡូរី ប្រូតេអ៊ីន ជាតិដែក និងជាតិស័ង្កសី។ ចំណែកឯគំរូវិភាគទិន្នន័យតាមកុំព្យូទ័រមួយប្រភេទទៀតគឺកាត់បន្ថយតម្រូវការទឹកដែលត្រូវការសម្រាប់ការលូតលាស់នៃធញ្ញជាតិទាំងនោះ។
នៅក្នុងគំរូទាំងពីរនេះ ការប្រើគ្រាប់ធញ្ញជាតិផ្សេងដូចជា ស្ពៅ ស្រូវមីយេ ឬក៏ពោត ដើម្បីជំនួសឲ្យស្រូវ អាចឈានទៅដល់ការប្រើប្រាស់ទឹកតិចជាងមុនប្រកបដោយលទ្ធផលល្អ និងទទួលបានទិន្នផលដែលសំបូរជីវជាតិល្អជាងមុន។ ដំណាំពោតផ្ដល់ផលល្អជាងគេក្នុងនាមជាដំណាំដែលមានជីវជាតិមួយប្រភេទដែលអាចជំនួសឲ្យស្រូវបាន។ ហើយដំណាំពោតនេះគឺទទួលបានលទ្ធផលប្រសើរជាងនេះទៅទៀត នៅពេលប្រើប្រាស់ទឹកតិចជាងមុន។
លោក Davis បាននិយាយថា៖ «ខ្ញុំគិតថា ខ្ញុំមានការភ្ញាក់ផ្អើលចំពោះបរិមាណទឹកដែលយើងអាចសន្សំបាន។ យើងបានប៉ាន់ប្រមាណថា គេប្រហែលជាអាចកាត់បន្ថយតម្រូវការទឹកប្រហែលមួយភាគបី ដែលនេះគឺពិតជាបរិមាណមួយដ៏ល្អ។ ខ្ញុំក៏មានការភ្ញាក់ផ្អើលផងដែរថា ដែលមានដំណោះស្រាយឈ្នះឈ្នះទាំងនេះ ប៉ុន្តែមើលទៅ ដំណោះស្រាយទាំងនេះទំនងជាមិនត្រូវបានគេប្រើប្រាស់ពីមុនមកទេ ហើយករណីនេះធ្វើឲ្យគេមានចម្ងល់ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនថា ហេតុអ្វីបានជាវិធីសាស្ត្រទាំងនេះមិនត្រូវបានគេប្រើប្រាស់»។
លោក Davis និងអ្នកនិពន្ធដទៃទៀតនៃក្រុមរបស់លោក បានស្នើឡើងថា ការផ្លាស់ប្ដូរគោលនយោបាយមួយចំនួនរបស់រដ្ឋាភិបាលឥណ្ឌាដូចជា គ្រាប់ធញ្ញជាតិប្រភេទណាដែលគួរផ្ដល់ជូនដល់ប្រជាកសិករជាដើម គឺអាចជួយផ្លាស់ប្ដូរប្រទេសឥណ្ឌាពីការដាំស្រូវ និងស្រូវសាឡី ទៅដាំគ្រាប់ធញ្ញជាតិផ្សេងវិញបាន។
អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ អ្នកស្រី Kritee Kritee ដែលបានសិក្សាទៅលើកសិកម្មដែលផ្ដល់ទិន្នផលខ្ពស់ និងជួយដល់បរិស្ថាន នៃអង្គការមូលនិធិការពារបរិស្ថាន (Environmental Defense Fund) មានភាពជឿជាក់ ដោយសារតែការរកឃើញថ្មីៗទាំងនេះ។ ប៉ុន្តែ អ្នកស្រីមិនសូវជឿជាក់ថាគោលនយោបាយរបស់រដ្ឋាភិបាលឥណ្ឌាអាចបកស្រាយឲ្យឃើញអំពីមូលហេតុដែលវិធីសាស្ត្រទាំងនេះមិនត្រូវបានគេប្រើប្រាស់នោះទេ។
អ្នកស្រីបាននិយាយយ៉ាងដូច្នេះថា៖ «ប្រទេសឥណ្ឌាមានដីស្រែចម្ការតូចៗទំហំពីមួយទៅពីរហិកតាប្រហែល ១ រយលានកន្លែង ហើយកសិករឥណ្ឌាដែលជាម្ចាស់ស្រែចម្ការតូចៗទាំងនោះរកចំណូលបានតិចជាង ២ ដុល្លារអាមេរិកក្នុងមួយថ្ងៃ។ ដំណើរប្រព្រឹត្តិទៅគឺមិនមែនដោយសារតែតម្លៃដែលរដ្ឋាភិបាលកំណត់លើដំណាំទាំងនោះនោះទេ ប៉ុន្តែគឺដោយសារតែកសិករដែលធ្វើកសិកម្មទ្រង់ទ្រាយតូចនានាចាត់ចែងជីវភាពរស់នៅរបស់ពួកគេ។ ជាងនេះទៅទៀត ការគាំទ្ររបស់រដ្ឋាភិបាលលើតម្លៃនៃដំណាំទាំងនោះ គឺគ្រាន់តែជាវិធីមួយតែប៉ុណ្ណោះដែលអ្នកអាចព្យាយាមប្ដូរដំណើរប្រព្រឹត្តិទៅដូចនេះបាន»។
ការសិក្សា ដែលបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រស្រាវជ្រាវ Science Advances គឺជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវដ៏ទូលំទូលាយមួយផ្ដោតទៅលើទិដ្ឋភាពចម្រុះនៃវិស័យកសិកម្មនៅក្នុងប្រទេសឥណ្ឌា។
អ្នកសិក្សាស្រាវជ្រាវមានចំណាប់អារម្មណ៍ទៅលើការពិនិត្យតាមដានអំពីវិធីដែលការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ដី និងកត្តាផ្សេងទៀតអាចប៉ះពាល់ដល់ការធ្វើកសិកម្ម ក្នុងគោលបំណងដើម្បីបង្កើនទិន្នផលដោយមិនឲ្យមានការប៉ះពាល់ដល់បរិស្ថាន៕
ប្រែសម្រួលដោយ ភី សុភាដា