កិច្ច​ប្រជុំ​កំពូល​ឥណ្ឌា ចិន​ជួយ​សម្រួល​ភាព​តានតឹង​នៅ​ព្រំដែន​បាន​តិចតួច

  • Anjana ​Pasricha

នាយករដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi (រូប​ឆ្វេង​កណ្តាល) និង​លោក​ប្រធានាធិបតី​ចិន Xi Jinping (រូប​ស្តាំ​កណ្តាល) ជួប​ប្រជុំ​នៅ​ក្នុង​ក្រុង Wuhan ប្រទេស​ចិន កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។

សម្រាប់​រដ្ឋាភិបាល​ឥណ្ឌា ចំណុច​សំខាន់​នៃ​កិច្ច​ប្រជុំ​នា​ពេល​ថ្មីៗ​នេះ រវាង​មេដឹកនាំ​ប្រទេស​ឥណ្ឌា​និង​ចិន​គឺ​ជា​កិច្ច​ព្រម​ព្រៀង​មួយ​ដើម្បី​រក្សា​សន្តិភាព​និង​ភាព​ស្ងប់​ស្ងាត់​នៅ​ក្នុង​ជម្លោះ​ព្រំដែន​របស់​ពួក​គេ។

កិច្ច​ចរចា​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍​មុន បន្ទាប់​ពី​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​យោធា​នៅ​ជួរ​ភ្នំ​ហិម៉ាល័យ​រយៈ​ពេល​ជា​ច្រើន​ខែ ដែល​បាន​បង្ក​ភាព​ភ័យ​ខ្លាច​ថា​ នឹង​មាន​ជម្លោះ​កាន់​តែ​ធំ​ឡើង​រវាង​ប្រទេស​មហាអំណាច​នៅ​អាស៊ី​ទាំង​ពីរ​នេះ​ ត្រូវ​បាន​ចាត់​ទុក​ថា ជា​កិច្ច​ប្រជុំ​កំពូល​ក្រៅ​ផ្លូវ​ការ​មួយ​ ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត Wuhan ប្រទេស​ចិន ក្នុង​គោល​បំណង​ផ្សះផ្សា​ចំណង​ដែល​បែក​បាក់​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ​ក្រុម​អ្នក​វិភាគ​ថ្លែង​ថា រដ្ឋាភិបាល​ឥណ្ឌា​នឹង​ត្រូវ​រង់​ចាំ​មើល​ថា​តើ​ ការ​សំដែង​ភាព​រស់​រាយ​ដាក់​គ្នា​រវាង​ប្រធានាធិបតី​ចិន​លោក Xi Jinping និងនាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi នឹង​នាំ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ភាព​តានតឹង​នៅ​តាម​ព្រំដែន​ពិត​ឬ​យ៉ាង​ណា។

​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌា​បាន​ថ្លែង​ថា មេដឹកនាំ​ទាំង​ពីរ​បាន​ចេញ​យុទ្ធសាស្ត្រ​ណែនាំ​ទៅ​កាន់​ក្រុម​យោធា​របស់​ពួក​គេ​រៀងៗ​ខ្លួន ឲ្យ​ពង្រឹង​ទំនាក់​ទំនង​និង​សាង​ទំនុក​ចិត្ត​ ហើយ​ថា ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ដោះស្រាយ​ការ​ខ្វែង​គំនិត​រវាង​គ្នា​ ប្រកប​ដោយ​ភាព​ចាស់​ទុំ​តាម​រយៈ​កិច្ច​ពិភាក្សា​គ្នា។

លោក Jayadeva Ranade ប្រធាន​មជ្ឈមណ្ឌល​វិភាគ​និង​យុទ្ធសាស្ត្រ​ចិន នៅ​ក្នុង​ទីក្រុង ញូវ​ដេលី បាន​ថ្លែង​ថា៖ «និយាយ​តាម​ត្រង់​ទៅ​ នោះ​ហើយ​ជា​ចំណុច​សំខាន់​នៃ​បញ្ហា​នេះ ថា​តើ​អំពើ​ផ្ទុយ​នឹង​ច្បាប់​និង​ការ​បំពាន​នានា​នៅ​តាម​ព្រំប្រទល់​នឹង​ថយ​ចុះ​ពិត​មែន​ឬ​យ៉ាង​ណា។ ប្រវត្តិ​ចិន​និង​ឥណ្ឌា​កន្លង​មក​មិន​មាន​ភាព​រលូន​នោះ​ទេ‍»។​

ការ​លើក​ឡើង​ថា«អំពើ​ផ្ទុយ​នឹង​ច្បាប់‍»របស់​លោកRanadeលោក​ចង់​សំដៅ​ទៅ​លើ​ការ​ប្រឈម​ដាក់​គ្នា​នៅ​តាម​ព្រំប្រទល់​ដែល​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​ភាគី​ទាំង​ពីរ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​បាន​បំពាន​ចូល​តំបន់​ស ដែល​លាត​សន្ធឹង​ ៣៥០០ គីឡូម៉ែត្រ​ពី​ព្រំប្រទល់​ប្រទេស​ទាំង​ពីរ​នេះ។ ឧបទ្ទវហេតុ​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​តែ​បញ្ហា​តិច​តួច​ ដូច​ជា​ការ​ស្រែក​ឈ្លោះ​គ្នា​រវាង​ទាហាន។ ជួន​កាល​វា​បាន​បង្ក​ទៅ​ជា​ជម្លោះ​ធ្ងន់ធ្ងរ។

ឥណ្ឌា​បាន​រាប់​ថា​មាន​ឧបទ្ទវហេតុ​ចំនួន ៤២៦ កើត​មាន​ឡើង​កាលពី​ឆ្នាំ​២០១៧ ដែល​កើន​ឡើង​ខ្លាំង​ពី​ឧបទ្ទវហេតុ​ចំនួន​២៧៣ កាលពី​ឆ្នាំ​២០១៦។ វា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​សញ្ញា​មួយ​នៃ​ការ​កើន​ឡើង​កង​កម្លាំង​យោធា​របស់​ចិន​នៅ​តាម​ព្រំដែន។

ចំណាត់​ការ​តូចៗ​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​ទាំង​នោះ។ ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​ប្រចាំ​ឆ្នាំ​រវាង​កង​ទ័ព​របស់​ភាគី​ទាំង​ពីរ​នឹង​បន្ត​ធ្វើ​ឡើង​ ហើយ​ក្រុមមន្ត្រី​បាន​ថ្លែង​ថា មាន​ការ​វិវត្តន៍​ទៅ​មុខក្នុង​ការ​រៀប​ចំ​បង្កើត​ប្រព័ន្ធ​ខ្សែ​ទូរស័ព្ទ សម្រាប់​ពេល​មាន​អាសន្ន​ដែល​ត្រូវ​បាន​ទុក​ចោល​តាំង​ពី​យូរ​មក​ហើយ​នៅ​ឯ​ទីស្នាក់​ការ​យោធា​របស់​ពួក​គេ។

ទំនាក់​ទំនង​យោធា​កម្រិត​ខ្ពស់​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​សំខាន់​មួយ​ ដោយ​សារ​តែ​យន្តការ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​ការ​ប្រឈម​មុខ​ដាក់​គ្នា​រយៈ​ពេល​៧៣ថ្ងៃ​ នៅ​ឯ​តំបន់ Doklam នៅ​ពេល​ដែល​ឥណ្ឌា​បាន​រារាំង​ចិន​មិន​ឲ្យ​សាងសង់​ផ្លូវ​មួយ​នៅ​លើ​ដែន​ដី​មួយ​លើ​ភ្នំ​ដែល​ជា​ចំណុច​ប្រសព្វ​រវាង​ប្រទេស​ចិន ឥណ្ឌា​និង​ប៉ូតង់។

ភាគី​ទាំង​ពីរ​មិន​បាន​បន្ធូរ​បន្ថយ​ដាក់​គ្នា​នោះ​ទេ​នៅ​តំបន់ Doklam នោះ សូម្បី​តែ​បន្ទាប់​ពី​កង​ទ័ព​បាន​ដក​ថយ​កាលពី​ខែ​សីហា​កន្លង​ទៅ។ ភាគី​ទាំង​ពីរ​បាន​ពង្រឹង​ជំហរ​របស់​ពួក​គេ​នៅ​ក្នុង​តំបន់​នោះ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​និង​រូបភាព​ពី​ផ្កាយ​រណប។ ចិន​បាន​បង្កើន​ទីលាន​សម្រាប់​យន្តហោះ​ ឧទ្ធម្ភាគចក្រ​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ដទែ​ទៀត​របស់​ខ្លួន នៅ​ក្រោយ​តំបន់​ឈរ​ជើង​កង​ទ័ព​ ខណៈ​ដែល​ឥណ្ឌា​ក៏​បាន​ពង្រឹង​អំណាច​ដែន​អាកាស​របស់​ខ្លួន​ផង​ដែរ។

លោកSrinath Kondapalli សាស្ត្រាចារ្យ​សិក្សា​ពី​ប្រទេស​ចិន នៅ​ឯ​សាកលវិទ្យាល័យ Jawaharlal Nehru នៅ​ទីក្រុង New Delhi បាន​ថ្លែង​ថា កិច្ច​ប្រជុំ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា បាន​បញ្ជូន​សញ្ញា​មួយ​ពី​ថ្នាក់​ដឹកនាំ​ស៊ីវិល​ឲ្យ​បន្ធូរ​បន្ថយ​ភាព​តានតឹង​នៅ​តាម​ព្រំដែន។

លោក Kondapalli បាន​ថ្លែង​ថា៖

«ប្រសិន​បើ​កិច្ច​ប្រជុំ​នេះ​អាច​ដោះស្រាយ​បញ្ហា​យោធា​បាន នោះ​យើង​ប្រហែល​អាច​ឃើញ​ស្ថិរភាព​មួយ​ចំនួន​នៅ​តាម​តំបន់​ព្រំដែន។ ប៉ុន្តែ​ដំណោះស្រាយ​នេះ​នៅ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ‍»។

ក៏​មាន​សញ្ញា​តិច​តួច​ផង​ដែរ​ពី​កិច្ច​ប្រជុំ​រវាង​លោក Modi និង​លោក Xi ថា ភាគី​ទាំង​ពីរ​នឹង​រួសរាន់​ដោះស្រាយ​ជម្លោះ​ព្រំដែន​របស់​ពួក​គេ ដែល​ជួយ​ដោះស្រាយ​បាន​តិច​តួច​ បើ​ទោះ​បី​ជា​មាន​កិច្ច​ប្រជុំ​ជា​ច្រើន​ធ្វើ​ឡើង​ចាប់​តាំង​ពី​ទសវត្សរ៍ ១៩៨០ នេះ​បើ​យោង​តាម​ក្រុម​អ្នក​វិភាគ។ ភាគី​ទាំង​ពីរ​ ទាមទារ​ដែន​ដី​ទំហំ​ធំ​ដែល​គ្រប់គ្រង​ដោយ​ភាគី​ម្ខាង​ទៀត។

​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌា​លោក Vijay Gokhale ថ្លែង​ថា មេដឹកនាំ​ទាំង​ពី​បាន​ព្រមព្រៀង​គ្នា​ថា ពួក​គេ​នឹង​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ ប្រកប​ដោយ​សន្តិភាព។

លោក​រដ្ឋ​មន្ត្រី Gokhale បាន​ថ្លែង​ថា៖

«ពាក់ព័ន្ធ​នឹង​សំណួរ​អំពី​ព្រំប្រទល់​ឥណ្ឌា​និង​ចិន​នោះ មេដឹកនាំ​ទាំង​ពីរ​គាំទ្រ​កិច្ច​ការ​ងារ​របស់​តំណាង​ពិសេស​របស់​ពួកគេ​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ដែល​យុត្តិធម៌ សមហេតុ​សម​ផល និង​អាច​ទទួល​យក​បាន​រៀងៗ​ខ្លួន‍»។

លោក Ranade បាន​ចោទ​សួរ​ថា តើ​នេះ​ពិត​ជា​មាន​ន័យ​ថា​អ្វីៗ​គ្រប់​យ៉ាង​មាន​ភាព​ច្បាស់​លាស់​ហើយ​ឬ​យ៉ាង​ណា។

លោក​ Ranade បាន​ថ្លែង​ថា៖

«ធ្លាប់​មាន​ការ​លើក​ឡើង​ដូច្នេះ​ពី​មុន​មក​ដែរ ហើយ​មាន​ការ​លើក​ឡើង​ដូច្នេះ​រៀង​រាល់​កិច្ច​ប្រជុំ។ វា​នឹង​កើត​ឡើង​ឬ​អត់​នោះ យើង​នឹង​រង់​ចាំ​មើល​ទាំង​អស់​គ្នា»។

អ្នក​ដទៃ​ទៀត​បាន​លើក​ឡើង​ថា មិន​មាន​កិច្ច​ព្រមព្រៀង​ជាក់​លាក់​ណា​មួយ​ត្រូវ​បាន​សម្រេច​ពាក់ព័ន្ធ​នឹង​បញ្ហា​ដែល​បង្ក​ជម្លោះ​ដល់​ប្រទេស​ទាំង​ពីរ​នោះ​ទេ រួម​បញ្ចូល​ទាំង​បញ្ហា​អតុល្យភាព​ពាណិជ្ជកម្ម​ដែល​បាន​កើន​ដល់​កន្លះ​លាន​លាន​ដុល្លារ​ ដែល​ចិន​ជា​អ្នក​មាន​ប្រៀប​នៅ​លើ​រឿង​នេះ។

​រដ្ឋាភិបាល​ឥណ្ឌា​បាន​បដិសេធ មិន​កែប្រែ​ជំហរ​របស់​ខ្លួន​ដែល​ថា មិន​ពាក់​ព័ន្ធ​នឹង​គំនិត​ផ្តួច​ផ្តើម ​Belt and Road របស់​លោក Xi ក្នុង​ការ​សាងសង់​កំពង់ផែ ផ្លូវ​រថភ្លើង​ និង​វិថី​នានា ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​នៅ​ទូទាំង​អាស៊ី អាហ្វ្រិក និង​អឺរ៉ុប ហើយ​នៅ​តែ​រក្សា​ការ​សង្ស័យ​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​វិនិយោគ​របស់​ចិន​នៅ​ក្នុង​បណ្តា​ប្រទេស​ជាប់​ព្រំដែន​ជា​មួយ​នឹង​ប្រទេស​ឥណ្ឌា​មាន​ដូច​ជា​ប្រទេស​នេប៉ាល់ និង​ប៉ង់ក្លាដែស។

លោក Kondapalli មក​ពី​សកលវិទ្យាល័យ Jawaharlal Nehru បាន​ថ្លែង​ថា៖ «យើង​អាច​មើល​ឃើញ​ថា ភាគី​ទាំង​ពីរ​ព្យាយាម​ពន្យា​ពេល​ មិន​មាន​សេចក្តី​ប្រកាស​ជា​ដុំ​កំភួន​ណា​មួយ​ក្រោយ​កិច្ច​ប្រជុំ​នេះ​នោះ​ទេ‍»៕

​ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា