រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសឥណ្ឌាបានចោទប្រទេសចិននៅថ្ងៃអង្គារថា ចិនបានរំលោភលើកិច្ចព្រមព្រៀងព្រំដែនដែលបានសម្រេចក្នុងពេលកន្លងមករវាងប្រទេសទាំងពីរ និងបានពង្រីកការដាក់ពង្រាយកងទ័ពត្រង់ព្រំដែនភ្នំដែលមានជម្លោះក្នុងតំបន់ Ladakh ដែលនៅទីនោះកងទ័ពនៃប្រទេសទាំងពីរបានប្រឈមមុខដាក់គ្នាអស់រយៈពេលជាច្រើនខែ។
លោក Rajnath Singh បានប្រាប់សភាថា ឥណ្ឌាបានជូនដំណឹងទៅភាគីចិន តាមរយៈកំណត់ទូតថា ប្រទេសចិនបាន«ព្យាយាមដោយឯកតោភាគីក្នុងការផ្លាស់ប្តូរនូវស្ថានភាពជាក់ស្តែងពីមុនក្នុងតំបន់ព្រំដែន ហើយបានរំលោភលើកិច្ចព្រមព្រៀងទ្វេភាគី»។
ប្រទេសឥណ្ឌានិងចិនបានប្រឈមមុខដាក់គ្នាក្នុងភាពតានតឹងដោយសារជម្លោះព្រំដែនក្នុងតំបន់ Ladakh ដែលកាលពីខែមិថុនាកន្លងទៅបានធ្វើឲ្យកងទ័ពនៃប្រទេសទាំងពីរប៉ះទង្គិចគ្នា និងធ្វើឲ្យទាហានឥណ្ឌាចំនួន២០នាក់បានស្លាប់ និងទាហានចិនដែលគេមិនដឹងចំនួនបានស្លាប់។
នេះជាការប៉ះទង្គិចហិង្សារវាងកងទ័ពនៃមហាប្រទេសអាស៊ីទាំងពីរដែលមិនធ្លាប់កើតមានអស់រយៈពេលរាប់ទសវត្សរ៍មកហើយ៕