ចិន​និង​ឥណ្ឌា​ចាប់ផ្តើម​អនុវត្ត​កិច្ច​ព្រមព្រៀង​ព្រំដែន​ថ្មី​ដើម្បី​បញ្ចប់​ការ​ប្រឈមមុខ​ដាក់គ្នា​នៅ​តំបន់​ភ្នំ​ហិមពាន្ត

  • ​Reuters

ប្រធានាធិបតី​ចិន លោក Xi Jinping (ស្តាំ) និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi បាន​ជួប​គ្នា​ក្រៅ​កិច្ចប្រជុំ​កំពូល BRICS នៅទីក្រុង Kazan ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។

ប្រទេស​ឥណ្ឌា​និង​ចិន​បាន​ចាប់ផ្តើម​អនុវត្ត​កិច្ច​ព្រមព្រៀង​ថ្មី​មួយ​ដើម្បី​បញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​យោធា​តាម​ព្រំដែន​ជួរ​ភ្នំ​ហិមពាន្ត​ដែល​មាន​ជម្លោះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​សុក្រ​ដែល​យោង​លើ​ប្រភព​ភាគី​ទាំងពីរ។ កិច្ច​ព្រមព្រៀង​នេះ​ជា​ដំណោះស្រាយ​ជម្លោះ​ធំ​ជាង​គេ​បង្អស់​រវាង​មហា​យក្ស​អាស៊ី​ទាំងពីរ​ចាប់តាំងពី​មាន​ការ​ប៉ះទង្គិចគ្នា​ស្លាប់រស់​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​កាល​ពី ៤ ឆ្នាំ​មុន​មក។

ដំណើរការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ ហើយ​ត្រូវ​គេ​រំពឹង​ថា​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ដំណាច់​ខែ​នេះ។ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​កងទ័ព​ឥណ្ឌា។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Lin Jian បាន​និយាយ​ថា៖ «យោងតាម​ដំណោះស្រាយ​ដែល​ព្រមព្រៀង​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ​រវាង​ឥណ្ឌា​និង​ចិន ...កងទ័ព​ជួរមុខ​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​អនុវត្ត​ការងារ​ដែល​ពាក់ព័ន្ធ ដោយ​ដំណើរការ​ទៅមុខ​ដោយ​រលូន​មក​ដល់​ពេល​នេះ»។

មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ម្នាក់​ដែល​ដឹង​រឿង​នេះ​លម្អិត​បាន​និយាយ​ថា កងទ័ព​ទាំង​សងខាង​បាន​ចាប់ផ្តើម​ដក​ចេញ​ពី​តំបន់ Depsang និង​តំបន់ Demchok ដែល​ជា​ចំណុច​នៅ​សេសសល់​ចុងក្រោយ​នៃ​ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​ភាគី​ទាំងពីរ។

ប្រទេស​ជិតខាង​គ្នា​ទាំងពីរ​ដែល​សុទ្ធតែ​មាន​អាវុធ​នុយក្លេអ៊ែរ​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ក្នុង​សប្តាហ៍​នេះ​លើ​ការ​ល្បាត​ព្រំដែន ដែល​ក្រោយមក​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ចរចា​ផ្លូវការ​ជា​លើក​ដំបូង​ក្នុង​ពេល ៥ ឆ្នាំ​មក​នេះ​រវាង​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស BRICS ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី៕