ឥណ្ឌា​អំពាវនាវ​ឲ្យ​មាន​ថវិកា​ពហុភាគី​បន្ថែម​ទៀត​ដើម្បី​ត្រៀម​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​នានា​នៅ​ពេល​អនាគត

  • Reuters

រូបឯកសារ៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson និយាយជាមួយនាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte ក្នុងកិច្ចប្រជុំកំពូល G-20 នៅមជ្ឈមណ្ឌលសន្និសីទ La Nuvola ក្នុងទីក្រុងរ៉ូម ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ប្រទេស​ឥណ្ឌា​បាន​ជំរុញ​ឲ្យ​ក្រុម​ប្រទេស G-20 ដែល​ជា​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក ឲ្យ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ធានា​ឲ្យ​មាន​ការ​បង្កើន​ថវិកា​ពហុភាគី​តាមរយៈ​ស្ថាប័ន​អន្តរជាតិ​នានា​ដូចជា​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ជាដើម ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​នានា​នៅ​ពេល​អនាគត។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​និង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម មិន​មាន​ធនធាន​គ្រប់គ្រាន់ និង​ត្រូវការ​ការ​គាំទ្រ​ពី​អន្តរជាតិ​ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​អស់​ទាំងនេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌា​អ្នកស្រី Nirmala Sitharaman ដែល​បាន​ថ្លែង​ប្រាប់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ដែល​ជា​សមាជិក​ក្រុម​ប្រទេស G-20 នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​តាម​អនឡាញ​ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​ឥណ្ឌូណេស៊ី។

អ្នកស្រី Sitharaman បាន​មាន​ប្រសាសន៍​ថា សមាជិក​ក្រុម​ប្រទេស G-20 គួរតែ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ដោះស្រាយ​គម្លាត​នៃ​សមត្ថភាព​ត្រៀម​លក្ខណៈ​សម្រាប់​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​ជា​សាកល​ផ្សេងៗ ដែល​គម្លាត​នោះ​មាន​លក្ខណៈ​គួរ​ឲ្យ «ព្រួយ​បារម្ភ​ជា​ខ្លាំង»។

អ្នកស្រី​បាន​លើកឡើង​ថា អង្គការ​សុខភាព​ពិភពលោក (WHO) ចាំបាច់​ត្រូវ​បង្កើន​សមត្ថភាព​របស់​ខ្លួន​និង​កៀរគរ​ធនធាន​នានា​ជា​សាកល និង​ត្រូវ​ដោះស្រាយ​បញ្ហា​រចនាសម្ព័ន្ធ​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ដែល​អាច​បង្ក​ឡើង​ដោយសារ​ជំងឺ​រាតត្បាត​ផ្សេងៗ។

កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellin បាន​ជំរុញ​ឲ្យ​សមាជិក​ក្រុម​ប្រទេស G-20 គាំទ្រ​សំណើ​ថវិកា​មួយ​ដែល​មាន​បំណង​វិនិយោគ​លើ​ការ​បង្ការ​និង​ការ​ត្រៀម​លក្ខណៈ​សម្រាប់​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​ផ្សេងៗ ដោយ​អ្នកស្រី​បាន​ព្រមាន​ថា ការ​បរាជ័យ​មិន​បាន​ដោះស្រាយ​គម្លាត​នៅ​ក្នុង​ប្រព័ន្ធ​សុខាភិបាល​សាកលលោក​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក «ធ្ងន់ធ្ងរ»។

អ្នកស្រី Yellin បាន​ប្រាប់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​ប្រធាន​ធនាគារ​កណ្តាល​នៃ​ក្រុម​ប្រទេស G-20 ថា ថវិកា​ថ្មី​ដែល​នឹង​ចាត់ចែង​ដោយ​ធនាគារ​ពិភពលោក នឹង​ជួយ​ដល់​ការ​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ប្រហែល ៧៥ ពាន់​លាន​ដុល្លារ លើ​ការ​កាត់​បន្ថយ​ភាព​ងាយ​រងគ្រោះ​ជា​សាកល​ចំពោះ​ជំងឺ​រាតត្បាត​នានា​នៅ​ពេល​អនាគត៕