សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានចាត់ទុកការផាកពិន័យសមាគម និងបដិសេធការស្នើសុំលើកលែងការផាកពិន័យជា «ការចាប់បង្ខំ» មួយ ក្នុងគោលបំណងបំបិទសំឡេងរបស់ស្ថាប័នដែលធ្វើការលើកកម្ពស់វិស័យអប់រំក្នុងប្រទេស។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលធ្លាប់ត្រូវបានដឹកនាំដោយលោក រ៉ុង ឈុន រងការពិន័យអន្តរការណ៍ដែលនិយ័តករគណនេយ្យ និងសវនកម្ម បានតម្រូវឱ្យសមាគមមួយនេះបង់ប្រាក់ជាង ១៨ លានរៀល ឬប្រមាណ ៤.៥០០ ដុល្លារអាមេរិក ចំពោះបទល្មើសនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្មសម្រាប់«ការិយបរិច្ឆេទ» គណនេយ្យ២០២១។ សមាគមនេះរងការព្រមានចំណាត់ការតាមផ្លូវច្បាប់ បើសិនមិនបានបង់ប្រាក់ពិន័យ ក្នុងរយៈពេលយ៉ាងយូរ៩០ថ្ងៃ។
សមាគមនេះបានចាត់ទុកការដាក់ពិន័យប្រាក់ប្រមាណ ៤.៥០០ ដុល្លារអាមេរិកនេះ គឺជាការចាប់បង្ខំក្នុងបំណងបំបិទសំឡេងអង្គការវិជ្ជាជីវៈ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សមាគមចុះថ្ងៃទី ៣០ ខែតុលា។
សេចក្តីថ្លែងការណ៍នោះរៀបរាប់ថា៖ «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រេចដាក់ពិន័យឱ្យសមាគមបង់ប្រាក់ចំនួន ១៨ លាន ៨ សែនរៀល មិនព្រមលើកលែងគឺជាការចាប់បង្ខំសមាគម ក្នុងបំណងបំបិទសំឡេងអង្គការវិជ្ជាជីវៈ (គ្រូបង្រៀន)។ ម៉្យាងទៀត សមាគមជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលធ្វើការងារលើកកម្ពស់លក្ខខណ្ឌការងារគ្រូបង្រៀន និងការអប់រំតែប៉ុណ្ណោះ គួរត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកលែងឱ្យសមាគម»។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បង្ហាញការងឿងឆ្ងល់នៅពេលដែលសមាគមទទួលបានលិខិតបង់ប្រាក់ពិន័យជាង ១៨ លានរៀលនេះ ខណៈសមាគមមិនបានរកប្រាក់ចំណូល។
អ្នកស្រីប្រាប់វីអូអេនៅថ្ងៃពុធថា៖ «ចំពោះខ្ញុំ គឺខ្ញុំចម្លែកដែរ ដោយសារតែសមាគមអត់មានរកប្រាក់ចំណេញ ហើយឱ្យត្រូវបង់ពន្ធ ហើយការទាំងអស់នេះ ខ្ញុំអត់ដឹងថា គេយកមេលេខគុណបែបណាដើម្បីអនុវត្ត»។
អ្នកស្រីបន្ថែមថា៖ «ជាធម្មតា បើយើងបើកក្រុមហ៊ុនដែលមានប្រាក់ចំណេញ អាហ្នឹងយើងគួរតែបង់។ ប៉ុន្តែសមាគមអត់មានប្រាក់ចំណេញ អ៊ីចឹងយើងអត់មានលុយឯណាទៅបង់ពន្ធទេ»។
បើតាមអ្នកស្រី អ៊ុក ឆាយ៉ាវី នេះជាលើកទី ១ ដែលរដ្ឋតម្រូវឱ្យសមាគមបង់ពិន័យ បន្ទាប់ពីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ តាំងពីឆ្នាំ ២០០១ ឬមានរយៈពេល ២៣ ឆ្នាំ និងបច្ចុប្បន្នមានសមាជិកប្រមាណ ១ ម៉ឺននាក់។
អ្នកស្រីស្នើសុំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកលែងប្រាក់ពិន័យនេះ ដោយហេតុថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមិនរកប្រាក់ចំណូល ហើយបុគ្គលិកទាំងអស់សុទ្ធតែជាអ្នកស្ម័គ្រចិត្ត ហើយសមាគមធ្វើការដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា និងការគិតគូរជីវភាពគ្រូបង្រៀនឱ្យបានសមរម្យ។
បើតាមអ្នកស្រី អ៊ុក ឆាយ៉ាវី សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គឺមិនមានថវិកាដើម្បីបង់ប្រាក់ពិន័យនោះឡើយ។
អ្នកស្រីបញ្ជាក់ថា៖ «ចំពោះខ្ញុំ ខ្ញុំបានដាក់លិខិតទៅមុនលិខិតចេញផាកពិន័យហ្នឹងទៀត។ ខ្ញុំសូមឱ្យក្រសួងហិរញ្ញវត្ថុធ្វើយ៉ាងណា ដើម្បីលើកលែងការផាកពិន័យ ព្រោះសមាគមអត់មានរកប្រាក់ចំណេញ។ អ៊ីចឹងអ្វីដែលយើងដាក់លិខិតម្តងហើយម្តងទៀតគួរតែក្រសួងពិចារណា ព្រោះអ្វីដែលយើងធ្វើ គឺយើងធ្វើដើម្បីជាតិយើង ដើម្បីលោកគ្រូ អ្នកគ្រូ ដើម្បីការអប់រំសម្រាប់ទាំងអស់គ្នា»។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចលោក មាស សុខសេនសាន បដិសេធមិនផ្តល់ការអត្ថាធិប្បាយអំពីករណីនេះ។
បើតាមលិខិតមួយច្បាប់ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ ដែលវីអូអេទទួលបាន និយ័តករគណនេយ្យ និងសវនកម្ម បញ្ជាក់មកសមាគមគ្រូបង្រៀនថា សំណើសុំលើកលែងត្រូវបានច្រានចោលដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដែលបានសម្រេចរក្សាពិន័យ១៨លាន៨សែន រៀលដដែល។
និយ័តករគណនេយ្យ និងសវនកម្មមិនបានបញ្ជាក់មូលហេតុថា តើការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្មសម្រាប់ការិយបរិច្ឆេទគណនេយ្យ ២០២១ ដោយសារមូលហេតុអ្វីឡើយ។ និយ័តករគណនេយ្យ និងសវនកម្មក៏ព្រមានចាត់វិធានច្បាប់ផងដែរ ក្នុងករណីសមាគមមិនបង់ពិន័យមុនរយៈពេល ៩០ ថ្ងៃ។
លិខិតរបស់និយ័តករគណនេយ្យបញ្ជាក់ថា៖ «យោងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម បើបុគ្គលល្មើសមិនបង់ប្រាក់ពិន័យក្នុងរយៈពេល ៣០ ថ្ងៃ ប្រាក់ពិន័យនឹងត្រូវដំឡើងជាពីរដង។ ករណីខកខានលើសពី៦០ថ្ងៃ ប្រាក់ពិន័យនឹងត្រូវដំឡើងជាបីដង»។
លិខិតបន្ថែមថា ក្នុងករណីផុតរយៈពេល ៩០ ថ្ងៃ និយ័តករគណនេយ្យ និងសវនកម្មនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕