ប៉ុន្តែលោកប្រធានាធិបតីដែលត្រូវបានគេស្គាល់តាមរយៈឈ្មោះថា « Jokowi» បានលុបចោលការបង្ហាញខ្លួនរបស់លោក ក្នុងព្រឹត្តិការណ៍នោះភ្លាមៗ ដែលព្រឹត្តិការណ៍នេះធ្វើឡើងរយៈពេលប្រាំឆ្នាំម្តង ដើម្បីកំណត់របៀបវារៈគោលនយោបាយនិងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីសម្រាប់សម្ព័ន្ធជនជាតិដើមភាគតិចនៃប្រជុំកោះ (AMAN) ដែលជាអ្នករៀបចំការប្រជុំ KMAN។
អវត្តមានរបស់លោកក្នុងសន្និសីទទ្រង់ទ្រាយធំនេះ និងសារទុក្ខផ្សេងទៀតដែលបានលើកឡើងក្នុងសមាជនេះ ត្រូវបានមនុស្សមួយចំនួនយល់ឃើញថា ចលនាទាមទារសិទ្ធិជនជាតិដើមភាគតិច គឺកំពុងតែយ៉ាប់យ៉ឺននៅក្នុងប្រទេសឥណ្ឌូនេស៊ី។
អ្នកចូលរួមមួយចំនួន បានសើចចំអកចំពោះការអញ្ជើញដើម្បីសម្រុះសម្រួលរបស់លោកប្រធានាធីបតី Jokowi ដែលផ្ញើទៅឲ្យមេដឹកនាំជនជាតិដើមភាគតិចទាំងអស់ឲ្យមកវិមានប្រធានាធិបតីនៅថ្ងៃក្រោយមកទៀត។
អ្នកស្រី Ruuka Sombolinggi អ្នកសម្របសម្រួលការតស៊ូមតិនៃសម្ព័ន្ធជនជាតិដើមភាគតិចនៅប្រជុំកោះ(AMAN) និងជាអ្នករៀបចំការប្រជុំ KMAN បាននិយាយថា៖ «តើដើម្បីអ្វីទៅ? យើងមិនមែនកូនក្មេងទេ។ យើងមិនរំជើបរំជួលដោយសារតែវិមានរបស់ប្រធានាធិបតីឡើយ»។
ការលុបចោលការចូលរួមក្នុងការប្រជុំ KMAN ដោយលោកប្រធានាធិបតី Jokowi គឺជាបញ្ហាថ្មីបំផុត ក្នុងការតស៊ូរបស់ជនជាតិដើមភាគតិចឥណ្ឌូនេស៊ី ដើម្បីទទួលបានការទទួលស្គាល់ និងការការពារផ្នែកច្បាប់។
សេចក្តីព្រាងច្បាប់ដើម្បីការពារសិទ្ធិរបស់ពួកគេត្រូវបានពន្យារអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែការដោះស្រាយមិនច្បាស់លាស់ រវាងរដ្ឋាភិបាល និងសភាតំណាងឥណ្ឌូនេស៊ី។ សកម្មជនសិទ្ធិជនជាតិដើមភាគតិចបានសង្ឃឹមថា វត្តមានរបស់ប្រធានាធិបតីនៅក្នុងការប្រជុំសមាជ អាចជំរុញបន្ថែមដល់បុព្វហេតុរបស់ពួកគេ។
ក្រុមសកម្មជនបារម្ភថា ការតស៊ូដ៏ស្វិតស្វាញដើម្បីសិទ្ធិជនជាតិដើមភាគតិច បានជាប់គាំងជាថ្មីម្តងទៀត។
ក្រុមមនុស្សដែលគ្មានឈ្មោះ
រដ្ឋាភិបាលឥណ្ឌូនេស៊ី ទទួលស្គាល់ក្រុមជនជាតិភាគតិចជាង១.០០០ក្រុម ដែលមាននៅទូទាំងកោះនានាចំនួន ១៧.០០០កោះ ហើយប្រជាជនប្រមាណ៥០លាន ទៅ៧០លាននាក់ ត្រូវបានគេចាត់ទុកថា ជាសមាជិករបស់សហគមន៍ជនជាតិដើមភាគតិច។
ជនជាតិដើមភាគតិចតែងតែត្រូវបានគេហៅថា «masyarakat adat» ឬអ្នកដែលប្រើច្បាប់ប្រពៃណី (adat)។ ប៉ុន្តែ គ្មានពាក្យពិតប្រាកដណាមួយក្នុងភាសាឥណ្ឌូនេស៊ីសម្រាប់ «ជនជាតិដើមភាគតិច» ទេ។ នេះបានចង្អុលបង្ហាញពីភាពចម្រូងចម្រាសដែលកើតមានក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ឧបសគ្គទូទៅមួយក្នុងប្រទេសនេះគឺថា «ជនជាតិឥណ្ឌូនេស៊ីទាំងអស់ គឺជាជនជាតិដើមភាគតិច» មានន័យថា ពួកគេមានដើមកំណើតពីតំបន់ភូមិសាស្រ្តដែលពួកគេកំពុងរស់នៅ។ ដូចកាលពីចុងឆ្នាំ២០១២ ប្រធានាធិបតីនៅពេលនោះគឺលោក Susilo Bambang Yudhoyono បានបដិសេធថា គ្មានជនជាតិដើមណារស់នៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះទេ។ ប៉ុន្តែ រហូតដល់ពេលដែលលោក Jokowi ធ្វើយុទ្ធនាការបោះឆ្នោតជាប្រធានាធិបតីក្នុងឆ្នាំ២០១៤ ទើបលោកអាចពិភាក្សាដោយបើកចំហពីផែនការដើម្បីគាំទ្រជនជាតិដើមភាគតិច។
អ្នកស្រី Mona Sihombing នៃសម្ព័ន្ធជនជាតិដើមភាគតិចនៃប្រជុំកោះ (AMAN)បាននិយាយថា «យើងពិតជាសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងធ្វើឲ្យរដ្ឋាភិបាលឃើញពីភាពចម្រុះគ្នា និងឥទ្ធិពលជនជាតិដើមភាគតិច។ ក្នុងចំណោមរឿងផ្សេងទៀត យើងចង់ឲ្យមន្រ្តីដឹងថា សហគមន៍ជនជាតិដើមភាគតិចមានសំឡេងឆ្នោតធំប៉ុណ្ណា»។
នៅព្រឹកមួយនៅក្នុងការប្រជុំសមាជ អ្នកនាំពាក្យរបស់ប្រធានាធិបតីម្នាក់បាននិយាយថា កិច្ចការដែលបានសន្យាជាយូរមកហើយចំពោះបញ្ហាជនជាតិដើមភាគតិច មិនមែនជាអាទិភាពទៀតនោះទេ។ អ្នកនាំពាក្យរូបនោះបាននិយាយហាក់ដូចជា បញ្ហានេះលែងជាបញ្ហាចាំបាច់តទៅទៀតហើយ ដោយលើកឡើងថា វាហាក់ដូចជាការប្រទាញប្រទង់មិនចាំបាច់មួយចំពោះមុខជម្រើសវិធានការ «ជាក់លាក់» មួយ ដូចជាការផ្ទេរកម្មសិទ្ធិដីព្រៃឈើទំហំ១២លាន៧សែនហិចតាទៅឲ្យជនជាតិដើមភាគតិច។
អ្នកស្រី Ruuka បាននិយាយថា៖ «នេះគឺជាលើកទី១ដែលយើងឭជំហរបែបនេះ ពីក្រុមការងារនេះ។ ក្រុមការងាររបស់ប្រធានាធិបតីបាននិយាយនៅក្នុងកម្មវិធីជាច្រើនមកហើយ ហើយក្រុមការងារនេះ គឺជាផ្នែកដ៏ធំមួយរបស់គោលនយោបាយជនជាតិដើមភាគតិចរបស់ខ្លួន»។
បន្ទាប់មកលោក Noer Fauzi Rachman អ្នកនាំពាក្យប្រធានាធិបតីម្នាក់ បានបញ្ជាក់ថា ក្រុមការងារមិនមែនត្រូវបានលុបចោលទាំងស្រុងនោះទេ ប៉ុន្តែ ការបង្កើតក្រុមការងារនេះត្រូវបានពន្យារដោយសារបញ្ហាការិយាធិបតេយ្យ។
លោក Rachman ប្រាប់ VOA ថា៖ «ប្រសិនបើតាមចិត្តរបស់ខ្ញុំ ក្រុមការងារគួរតែត្រូវបង្កើតតាំងពីឆ្នាំមុន។ ទោះបីជាគាត់អាចសាកនិយាយជាមួយនឹងក្រសួងពាក់ព័ន្ធក៏ដោយ ពេលវេលាមិនអាចកំណត់ដោយប្រធានាធិបតីនោះទេ»។
ប្រតិកម្មរបស់មេដឹកនាំជនជាតិដើមភាគតិច
មេដឹកនាំជនជាតិដើមភាគតិចមានការខកចិត្តចំពោះអវត្តមានរបស់ប្រធានាធិបតី។
លោក Alex Sangenafa មកពីកោះ Yapen នៃខេត្ត West Papua ភាគខាងលិច បានធ្វើការរិះគន់យ៉ាងខ្លាំងនៅខាងមុខឆាករបស់សន្និសីទ ដោយបានបង្ហាញពីការខកចិត្តរបស់លោក។ លោកបានទៅរកអ្នកនាំពាក្យប្រធានាធិបតីជាមួយនឹងព្រួញឈើប្រាំបីដើមធំៗ ដែលសម្គាល់កាលកំណត់ប្រាំបីខែ។ លោកបានសង្ឃឹមថា អំឡុងពេលនោះច្បាប់របស់ជនជាតិដើមភាគតិចនឹងត្រូវបានផ្តល់សច្ចានុមតិ។
លោក Sangenafa បាននិយាយថា «យើងជាប្រជាជនក្នុងខេត្ត Papua បានចេញពីព្រៃភ្នំ ដើម្បីមកបោះឆ្នោតឲ្យលោក Jokowi។ យើងមានការជឿជាក់ថា លោកប្រធានាធិបតីគឺជាមនុស្សចេះដាក់ខ្លួន ហើយគាត់ឃើញពីភាពឈឺចាប់របស់ប្រជាជន»។
កាយវិការរបស់គាត់ត្រូវបានគេទះដៃគាំទ្រយ៉ាងច្រើន។
ក្រោយមក លោកបានប្រាប់ VOA ថា «ខ្ញុំមិនខឹងទេ ខ្ញុំខកចិត្ត»។
លោក Apai Janggut បានមេដឹកនាំជនជាតិដើមភាគតិច មកពីក្រុង Putussibau កោះKalimantan និយាយថា៖ «ការផ្តល់យោបល់ថា យើងគួរតែទៅវិមានប្រធានាធិបតី គឺមិនសំខាន់នោះទេ។ បើអ្វីដែលខ្ញុំបារម្ភនេះ គឺជាកាលកំណត់ដាច់ខាតមួយសម្រាប់រដ្ឋាភិបាល ដើម្បីមានការផ្លាស់ប្តូរសម្រាប់សហគមន៍យើង។ ពួកគេបានបង្ហាញពីអាទិភាពរបស់ពួកគេ ហើយយើងបោះឆ្នោតតាមនោះ»។
ព្រៃឈើជាចំណុចសំខាន់របស់គោលនយោបាយសាធារណៈ
ប្រធានាធិបតីបានបញ្ជូនរដ្ឋមន្រ្តីព្រៃឈើលោកស្រី Siti Nurbaya ជាតំណាងលោក ហើយលោកស្រីបានប្រកាសពីផែនការក្នុងការផ្តល់ទឹកដីព្រៃឈើទំហំ៧.០០០ហិចតារបស់ក្រុមហ៊ុន Toba Pulp Lestariភាគខាងជើងកោះស៊ូម៉ាត្រាត្រឡប់ទៅជាកម្មសិទ្ធិរបស់ជនជាតិដើមភាគតិចវិញ។
ការផ្តល់សិទ្ធិគ្រប់គ្រងព្រៃឈើណាមួយឲ្យទៅក្រុមជនជាតិដើមភាគតិចវិញគឺ ជាគ្រឹះនៃគោលនយោបាយរបស់រដ្ឋបាលជនជាតិដើមភាគតិច។ វាគឺបកត្រឡប់ទៅសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញតាំងពីឆ្នាំ២០១៣ថា «ព្រៃឈើចំណាស់កាលពីមុន» មិនមែនជាព្រៃរបស់រដ្ឋ ដែលសេចក្តីសម្រេចនេះ បានកំណត់គំរូមួយក្នុងការផ្លាស់ប្តូរសិទ្ធិកាន់កាប់។ កាលពីខែធ្នូ ឆ្នាំ២០១៦ លោកប្រធានាធិបតី Jokowi បានចុះហត្ថលេខាប្រគល់ដែនដីព្រៃឈើទំហំ១៣.០០០ហិកតាទៅឲ្យសហគមន៍ជនជាតិដើមភាគតិចចំនួនប្រាំបួនសហគមន៍ ទូទាំងប្រទេសឥណ្ឌូនេស៊ី។
សកម្មជនបានប្រកែកថា ដីយ៉ាងតិច ៨លាន២សែនហិចតា ក្នុងប្រទេសឥណ្ឌូនេស៊ី គួរតែស្ថិតក្នុងដៃរបស់ជនជាតិដើមភាគតិច។
លោក Abdon Nababan ជនជាតិ Batak មកពីកោះស៊ូម៉ាត្រាខាងជើង និងជាប្រធានរបស់ AMAN ដ៏ពូកែម្នាក់បាននិយាយថា៖ «សេចក្តីប្រកាសប្រគល់ព្រៃឈើទំហំ៧.០០០ហិចតាទៅឲ្យជនជាតិដើមភាគតិច គឺពិតជារឿងល្អមួយ។ ប៉ុន្តែ រវាងថ្ងៃទី៣០ ខែធ្នូ ២០១៦ រហូតមកដល់បច្ចុប្បន្ន យើងទើបតែទទួលបានដីសរុប ២០.០០០ហិចតា។ វាពិតជាយឺតពេកហើយ ត្រូវទេ? ក្នុងចំណោមដីទំហំរាប់លានហិចតាដែលគួរតែនៅក្នុងដៃរបស់យើង»។
លោកNababan បាននិយាយយោងពីអំពើពុករលួយ ការលួចបន្លំ និងការធ្វេសប្រហែស គឺជាហេតុផលសម្រាប់សកម្មភាពយឺតយ៉ាវរបស់សហព័ន្ធ ទៅលើសិទ្ធិជនជាតិដើមភាគតិច។
អ្នកស្រី Sombolinggi និយាយថា៖ «ការណ៍នេះមិនមានដំណើរការសោះ»។ អ្នកស្រីបានចាត់ទុកការចាត់ចែងការទទួលខុសត្រូវមិនច្បាស់លាស់ រវាងរដ្ឋាភិបាលសហព័ន្ធ និងសភាតំណាងថា ជាផ្នែកមួយនៃ «ល្បែងរបស់ពួកគេ ក្នុងការគេចវេះពីដំណោះស្រាយសម្រាប់ជនជាតិដើមភាគតិច។ វាដូចជាលេងគ្រាប់ពីងប៉ុងអ៊ីចឹង»។
កាលពីសម្ព័ន្ធជនជាតិដើមភាគតិចនៃប្រជុំកោះទើបចាប់កំណើតដំបូង សម្ព័ន្ធ AMAN បានយកជំហរតទល់ ដើម្បីសិទ្ធិជនជាតិដើមភាគតិច ដែលជាប្រធានបទពិបាកមួយកាលពីសម័យសាធារណរដ្ឋឥណ្ឌូនេស៊ីដំបូង។
អ្នកស្រី Sombolingggi បាននិយាយថា ភាពអសកម្មភាពថ្មីៗនេះ ប្រហែលជាអាចជំរុញឲ្យមានការវិលត្រឡប់រកស្ថានភាពប្រសើរជាមុន។
«យើងស្ថិតលើផ្លូវបំបែក។ យើងត្រូវតែធ្វើការសម្រេចចិត្តថា នឹងបន្តទៅមុខទៀតដោយមានការពិភាក្សាគួរសម ឬតទល់ឲ្យខ្លាំងជាងមុន»៕
ប្រែសម្រួលដោយ ទុំ ម្លិះ