តុលាការ​ក្រុង​ភ្នំពេញ​មិន​ទាន់​សម្រេច​លើ​ករណី​លោក​ សម រង្ស៊ី​ និង​ លោក​ កឹម សុខា

  • ហេង ​រស្មី

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បក់​ដៃ​ដាក់​អ្នក​គាំទ្រ​នៅ​មុន​ពេល​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៤។

អស់​រយៈ​ពេល​មួយ​សប្តាហ៍​ហើយ​តុលាការ​ក្រុង​ភ្នំពេញ​មិន​ទាន់​សម្រេច​លើ​ករណីលោក​ សម រង្ស៊ី​ និង​ លោក​ កឹម សុខា ​មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ព្រមទាំង​លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សហ​ជិព​កម្ពុជា​នៅ​ឡើយ​ទេ ស្រប​ពេល​និង​សភា​អឺរ៉ុប​បាន​ទាមទារ​ឲ្យ​លើក​លែង​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង។

លោក សម រង្ស៊ី​ ប្រធាន​គណបក្សសង្គ្រោះ​ជាតិ ​លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស និង​ លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ បាន​មក​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍មុន ក្នុង​សំណុំ​រឿង​បាញ់កម្មករ​កាលពី​ដើម​ខែមករា​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ក្រុង​ភ្នំពេញ។

ការកោះហៅ​មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិនិង​ប្រធាន​សហភាព​សហជិពមក​សាក​សួរ​បាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​យ៉ាង​ខ្លាំងពី​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ព្រម​ទាំង​មាន​ប្រតិកម្ម​ជាអន្តរជាតិ​ថែម​ទៀត​ផង។

លោក កែត ឃី​ មេធាវី​ការពារ​ក្តី​លោក​ សម រង្ស៊ី​ និង​ លោក​ កឹម សុខា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ទៅ​ពិនិត្យ​មើល​ដំណើរការ​របស់​តុលាការ​ពាក់​ព័ន្ឋ​និង​ករណី​មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ។

លោក​បាន​បញ្ជាក់​ថា​ តុលាការ​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត។ តែ​ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ក៏​លោក​ កែត ឃី​ បាន​បញ្ជាក់​ថា​មេដឹកនាំ​ទាំង​ពីរ​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទេ ដូច្នេះ​តុលាការ​គួរ​តែ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​និង​កូន​ក្តី​របស់​លោក។

«ពីព្រោះ​រឿង​ដែល​គេ​ចោទ​ទាំង​ប៉ុន្មាន​យើង​អត់​បាន​ធ្វើ​ដូច​ការ​ចោទ​ប្រកាន់ទេ។​ បញ្ហា​ដែល​គេចោទ​ទី​មួយ​ញុះញង់​ឲ្យ​មាន​អំពើ​ហឹង្សា​ហើយ​គោលការណ៍​គណបក្ស​សង្គ្រោះជាតិ​គឺ​មិន​មាន​អំពើ​ហឹង្សា​ទេ​ហើយ​ក៏​មិន​មាន​ឲ្យ​អ្នក​ណា​ម្នាក់​ប្រព្រឹត្តិ​អំពើ​ហឹង្សា​ដែរ»។

លោក ហៀង សុភក្រ្ត​ ព្រះរាជ​អាជ្ញារង​ក្រុង​ភ្នំពេញ​ដែល​បាន​ចេញ​ដីការ​កោះ​ហៅ​មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​និង​ប្រធាន​សហជីព បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា​មិន​ទាន់​មាន​ការ​ចោទ​ប្រកាន់​ជាផ្លូវ​ការណ៏​នៅ​ឡើយ​ទេ។
«អត់ទេ​ អត់​ទាន់​ទេៗ»។

កាល​ពី​ថ្ងៃ​ទី​៣​និង​ទី​៤​ដើម​ខែ​មករា​នេះ​កងកម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិត​ដើម្បី​វាយ​បង្ក្រាប​ដោយ​ហឹង្សា​ទៅ​លើ​ការ​តវ៉ា​របស់​ក្រុម​កម្មករ​រោង​ចក្រ​ដើម្បី​ទាម​ទារ​តម្លើង​ប្រាក់​បៀវត្ស​ឲ្យ​បាន​១៦០​ដុល្លា​ក្នុង​មួយ​ខែ។

ការ​ទាមទារ​របស់​ក្រុម​កម្មករបាន​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​មិនទាន់​បាន​លទ្ឋផល​ផង​កងកម្លាំង​សមត្ថកិច្ច​ក៏​បាន​បាញ់​បង្ក្រាប​យ៉ាង​ហឹង្សា​បំផុត​។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា​យ៉ាង​តិច​មាន​មនុស្ស​ចំនួន​៥​នាក់​បានស្លាប់​បាត់​បង់​ជីវិត​ និង​៤០​នាក់​ផ្សេង​ទៀត​បាន​បាញ់​ឲ្យ​រង​របួស​ព្រម​ទាំង​ចាប់​ខ្លួន​ប្រមាណ​២៣​នាក់​យក​ទៅ​មន្ទីរ​ឃុំ​ឃាំង​ម៣​ខេត្ត​កំពង់ចាម។

សភា​របស់​សហគម​អឺរ៉ុប​កាល​ពី​សប្តាហ៍​មុន​បាន​ចេញការអនុម័ត​ដំណោះ​ស្រាយ​មួយដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាលប់ចោល​ការ​ចោទ​ប្រកាន់​មក​លើ​មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ លោក​ សម រង្ស៊ី​ លោក​ កឹម សុខា​និង​លោក​រ៉ុង​ ឈុន ព្រម​ទាំង​ដោះ​លែង​កម្មករ​ចំនួន​២៣​នាក់​ដែល​កំពុង​ជាប់​ឃុំ​ជាបន្ទាន់។

កងកម្លាំងសមត្ថកិច្ច​របស់​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​បាន​ចាប់​ខ្លួន​លោក សុខ ឈុនអឿង​ ប្រធាន​ស្តីទី​សមាគម​ប្រជាធិបតេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ខណៈ​ពេល​ដែល​លោក​និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​បាន​ចូល​រួម​ពីធី​បួងសួង​តាម​បែប​ព្រះ​ពុទ្ធសាសនា​មួយ​នៅ​ពី​មុខ​ព្រះ​បរមរាជវាំង​ដើម្បី​ស្នើ​សុំ​ឲ្យ​ដោះ​លែង​លោក​ វន់ ពៅ​ និង​កម្មករ​២២​នាក់​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ។​

លោក​ សុខ ឈុនអឿង​ត្រូវ​បាន​សមត្ថកិច្ច​បាន​សម្រេច​ដោះ​លែង​វិញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បន្ទាប់​ពី​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​មួយ​យប់៕