សកម្មជន​ខ្មែរ​នៅ​វ៉ាស៊ីនតោន​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ភាព​ជាប់គាំង​នយោបាយ​ខ្មែរ​កាន់​តែ​យូរ

ក្រុម​សកម្មជន​ឯករាជ្យ​​ខ្មែរ​​នៃ​បណ្តាញ​ពលរដ្ឋ​ខ្មែរ​ដើម្បី​កម្ពុជា​ ​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​នេះ​នៅ​អគារ​អ្នក​កាសែត​ជាតិ ​National Press Club ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​កាល​ពី​ថ្ងៃ​ពុធ ទី​២៣ តុលា ២០១៣ ដើម្បី​បង្ហាញ​ឲ្យ​ដឹង​ថា​ បញ្ហា​ប្រទេស​កម្ពុជា​ពេល​នេះ​តម្រូវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដោះស្រាយ​ជា​បន្ទាន់ ​មុន​ពេល​ដែល​ស្ថានការណ៍​នយោបាយ​ធ្លាក់​ចុះ​ដុនដាប​រហូត​ដល់​មាន​អំពើ​ឃោរឃៅ​កើត​ឡើង។

ក្រុម​វាគ្មិន​បាន​ជួប​ប្រជុំ​គ្នា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​មួយ​កាល​ពី​ថ្ងៃ​ពុធ​អំពី​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បំពង​សំឡេង​ឲ្យ​អន្តរជាតិ​ ជាពិសេស​ប្រទេស​ហត្ថលេខី​ទី​ក្រុង​ប៉ារីស​ជួយ​ដោះស្រាយ​បញ្ហា​កម្ពុជា​ មុន​ពេល​ស្ថានការណ៍​នេះ​ធ្លាក់ចុះ​ដុនដាប​រហូត​ដល់​មាន​អំពើ​ហិង្សា​និង​អំពើ​ឃោរឃៅ​កើត​ឡើង។ ​ក្រុម​វាគ្មិន​បាន​ទទូច​ថា​ក្រុម​ប្រទេស​នានា​មិន​អាច​នៅ​ស្ងៀម​បាន​ទេ ហើយ​ត្រូវ​តែ​ធានា​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា​និង​ដោះស្រាយ​វិបត្តិ​កម្ពុជា។

ក្រុម​សកម្មជន​ឯករាជ្យ​ទាំង​នោះ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​នេះ​នៅ​អគារ​អ្នក​កាសែត​ជាតិ ​National Press Club ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​កាល​ពី​ថ្ងៃ​ពុធ ដើម្បី​បង្ហាញ​ឲ្យ​ដឹង​ថា​ បញ្ហា​ប្រទេស​កម្ពុជា​ពេល​នេះ​តម្រូវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដោះស្រាយ​ជា​បន្ទាន់ ​មុន​ពេល​ដែល​ស្ថានការណ៍​នយោបាយ​ធ្លាក់​ចុះ​ដុនដាប​រហូត​ដល់​មាន​អំពើ​ឃោរឃៅ​កើត​ឡើង។

សន្និសីទនេះ​រៀបចំ​ដោយ​បណ្តាញ​ពលរដ្ឋ​ខ្មែរ​ដើម្បី​កម្ពុជា​ ដែល​ជា​សមាគម​រួម ចូល​រួម​ដោយ​អង្គការ​សិទ្ធិមនុស្ស ​ខារ៉ាដ(CAHRAD) ​និង​មូលនិធិ​សង្គ្រោះ​ជាតិ​ខ្មែរ។​ មន្ត្រី​នៃ​អង្គការ​សមាគម​ទាំង​នេះ​បាន​ចូលរួម​ជា​វាគ្មិន​ជាមួយ​នឹង​អ្នក​ច្បាប់​ ឯករាជ្យ​ដូច​ជា លោក ​ម៉ាក ម៊ូស្តេន​(Mark Moorstein)​ មេធាវី​អន្តរជាតិ​ជា​ដើម។

ក្រុម​វាគ្មិន​បាន​លើក​ឡើង​អំពី​បញ្ហា​បោះឆ្នោត​មាន​ការ​គៃ​បន្លំ ​មាន​ភាព​មិន​ប្រក្រតី​ ដែល​គណបក្ស​ជំទាស់​កំពុង​ធ្វើ​បាតុកម្ម​តវ៉ា​អំពើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​អំពើ​រំលោភ​បំពាន​ដី​ធ្លី​កើត​ឡើង​ធ្ងន់ធ្ងរ​ ការ​បំបិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​នានា​ដែល​ជា​ ការ​រំលោភ​ទៅ​ដល់​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស។

លោក ​អ៊ូ គឹមហួត​ វាគ្មិន​ម្នាក់​មក​ពី​រដ្ឋ​ភេនស៊ីលវីនៀ​ (Pennsylvania)​ បាន​ថ្លែង​ ក្នុង​សន្និសីទ​ថា ​ពិភពលោក​មិន​អាច​នៅ​ស្ងៀម​បាន​ទេ​ ជា​ពិសេស​ប្រទេស​ហត្ថលេខី​នៃ​សិទ្ធិសញ្ញា​ក្រុង​ប៉ារីស​ចំនួន​១៨។​ ពួក​គេ​ត្រូវ​តែ​ជួយ​ដោះស្រាយ​បញ្ហា​កម្ពុជា​ដែល​មាន​ការ​ប្រទាញ​ប្រទង់​គ្នា ​ដែល​អាច​ឈាន​ទៅ​រក​អំពើ​ហិង្សា។

លោក​ថ្លែង​ថា៖ «ពិភពលោក​ចុះហត្ថលេខា​ ប្រទេស​ហត្ថលេខី​ចុះ​ហត្ថលេខា។​ពួក​គេ​មាន​កាតព្វកិច្ច​ក្នុង​ការ​បំពេញ​កិច្ចការ​នេះ។​ ប្រសិន​បើ​គេ​មិន​បំពេញ​ទេ​ តើ​មាន​អ្វី​នឹង​កើត​ឡើង? ​កេរ្តិ៍ឈ្មោះ​របស់​ពិភពលោក​នឹង​ធ្លាក់​ចុះ​ ហើយ​តើ​នឹង​មាន​នរណា​ជឿ​ទៀត?»។

វាគ្មិន​ម្នាក់​ទៀត​គឺ​លោក​ Mark Moorstein​ មេធាវី​អន្តរជាតិ​ម្នាក់​ដែល​ការពារ​សំណុំ​រឿង​ការ​រំលោភ​បំពាន​ដីធ្លី​ដាំ​ស្ករ​អំពៅ​ដែល​ក្រុមហ៊ុន​អង់គ្លេស​មួយ​បាន​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ក្នុង​ប្រទេស​កម្ពុជា។​ លោក​បាន​ថ្លែង​ថា​ អន្តរជាតិ​ត្រូវ​ជួយ​ដល់​ប្រទេស​កម្ពុជា​ពេល​នេះ ​នៅ​ពេល​ដែល​ស្ថានការណ៍​មិន​ទាន់​ក្លាយ​ជា​រឿង​អាក្រក់។ គេ​មិន​ត្រូវ​ចាំ​ដល់​១០​ឆ្នាំ​ទៀត​ទេ​ ជាពិសេស​បញ្ហា​នីតិរដ្ឋ​និង​ការ​អនុវត្តន៍​ច្បាប់។

លោក​បាន​ថ្លែង​ថា ​ចំពោះ​ពលរដ្ឋ​កម្ពុជា​ត្រូវ​តែ​បន្ត​ប្រឹង​ប្រែង​ដាក់​ញតិ​ទៅ​កាន់​ស្ថានទូត​នានា​ អ.ស.ប ​អ្នករាយ​ការណ៍​ពិសេស​របស់​អ.ស.ប​ ដើម្បី​ឲ្យ​មាន​ការ​ជួយ​ពី​ប្រទេស​និង​ស្ថាប័ន​ពិភពលោក​ទាំង​នោះ។

ក្រុម​វាគ្មិន​ផ្សេង​ទៀត​បាន​ទទួល​ស្គាល់​ថា ​បញ្ហា​ដាក់​សម្ពាធ​ពី​ប្រទេស​ផ្តល់​ជំនួយ​ ធំៗ​ដូច​ជា​ស.រ.អា​និង​សហគមន៍​អន្តរជាតិ​ក៏​ជា​ការ​ជួយ​ដល់​ប្រទេស​កម្ពុជា​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ផង​ដែរ។

លោក​ ព្រហ្ម សៅរ៍នរ៉ា ​ប្រធាន​គណៈ​គ្រប់គ្រង​មូលនិធិ​សង្គ្រោះ​ជាតិ​ បាន​ទទូច​ ដល់​ពលរដ្ឋខ្មែរ​នៅ​ក្នុង​ប្រទេស​អាមេរិក​និង​មេដឹកនាំ​សហគមន៍​ទាំង​អស់​ឲ្យ​ធ្វើ​ លិខិត​ទៅ​កាន់​សមាជិក​ព្រឹទ្ធសភា​របស់​ខ្លួន​ក្នុង​រដ្ឋ​នីមួយៗ​ ដើម្បី​គាំទ្រ​សេចក្តី​ ព្រាងច្បាប់​កាត់​ជំនួយ​របស់​ស.រ.អា។​ សេចក្តី​ព្រាងច្បាប់​នេះ​បាន​រៀបចំ​ ដោយ​ លោក​ព្រឹទ្ធ​សមាជិក ​លិនស៊ី ក្រាហាំ​ (Lindsey Graham) ដល់​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ នៅ​ពេល​ដែល​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​ត្រូវ​សមាជិក​សភា​និង​ព្រឹទ្ធសភា​ខ្លះ​ចាត់​ទុក​ថា​ មាន​ភាព​មិន​ប្រក្រតី​និង​គៃ​បន្លំ​ធ្ងន់ធ្ងរ​នោះ។

«លោក​អ្នក​ជា​មេដឹកនាំ​គួរ​តែ​ជំរុញ​ឲ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​ខ្លួន​បញ្ជូន​លិខិត​ឲ្យ​ បាន​ច្រើន​ ការ​ស្នើ​សុំ​ឲ្យ​បាន​ច្រើន​ទៅ​កាន់​សមាជិក​ព្រឹទ្ធសភា​របស់​ខ្លួន​ដើម្បី​ ឲ្យ​ពួក​គេ​គាំទ្រ​សមាជិក​ព្រឹទ្ធសភា​ លីនស៊ី កា្រហាំ​ ក្នុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ឲ្យ​បាន​ដំណើរការ​ជា​ច្បាប់»។​
លោក ​យ័ប គឹមទឹង ​ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​ ខារ៉ាដ​ ក្នុង​រដ្ឋ​វីជីនៀ​បាន​ អះអាង​ថា​ លោក​ក៏​ជឿ​ថា​ការ​កាត់​ជំនួយ​បណ្តោះអាសន្ន​ពី​សហគមន៍​អ្នក​ផ្តល់​ជំនួយ​អន្តរជាតិ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​កម្ពុជា​ដែរ។

«សំណួរ​អំពី​បញ្ហា​ជំនួយ ​គឺ​ថា​បើ​សិន​ជា​សហគមន៍​អន្តរជាតិ​និយាយ​ថា​ចង់​ឲ្យ​ រដ្ឋាភិបាល​កម្ពុជា​កែ​ទម្រង់​គួរ​ត្រូវ​កាត់​បណ្តោះ​អាសន្ន។​ ដោយ​ការ​ធ្វើ​ដូច្នោះ​ នឹង​ជំរុញ​ឲ្យ​របប​គ្រប់គ្រង​កម្ពុជា​បច្ចុប្បន្ន​គិត​ពិចារណារ​ឡើង​វិញ»។

ក្រុម​វាគ្មិន​បាន​ទទួល​ស្គាល់​ថា ​ការ​កាត់​ជំនួយ​ជា​រឿង​មិន​ល្អ​ដល់​ពលរដ្ឋ​កម្ពុជា​ តែ​ពួកគេ​បាន​អះអាង​ថា​ ជំនួយ​មនុស្សធម៌​មិន​ត្រូវ​កាត់​ទេ​គឺ​ពួក​គេ​ចង់​ឲ្យ​អន្តរជាតិ​ កាត់​តែ​ជំនួយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​ផ្នែក​យោធា​ដែល​អាច​ប្រឆាំង​នឹង​ជនស៊ីវិល​ គួរ​ត្រូវ​កាត់។

លោក ​មឿន សុន​ ជា​សកម្មជន​ម្នាក់​ដែល​តវ៉ា​ឲ្យ​មាន​ការ​រុះរើ​ឬ​ជំទាស់​នឹង​ការ​ចោះ​ប្រាសាទ​អង្គរវត្ត​ដាក់​អំពូល​ភ្លើង​កាល​ពី​ឆ្នាំ​២០០៩ ​កំពុង​និរទេស​ខ្លួន​ នៅ​ក្រៅ​ប្រទេស។​ លោក​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់គុក​កំបាំង​មុខ​២​ឆ្នាំ​ ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ ​ថ្លែង​ប្រាប់​វីអូអេ​ក្នុង​ពេល​លោក​ចូលរួម​សន្និសីទ​សារព័ត៌មាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​លោក ​មឿង សុន​ ជឿថា​មាន​តែ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ​ទេ​ជា​លទ្ធភាព​ចុងក្រោយ​ដែល​អាច​ដោះស្រាយ​ បញ្ហា​ខ្មែរ​បាន។

លោក​ថ្លែង​ថា៖ «យើង​ចង់​ឲ្យ​បង​ប្អូន​យើង​យល់​ថា​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ជា​យន្តការ​មួយ​ ដែល​នៅ​សេស​សល់​របស់​យើង​សម្រាប់​ជួយ​ឲ្យ​ប្រទេស​យើង​វិល​ទៅ​រក​សុខ​ សន្តិភាព​និង​អធិបតេយ្យភាព​ឯករាជ្យ​ត្រឹមត្រូវ​ ជា​ពិសេស​គឺ​សន្តិភាព​និង​យុត្តិធម៌​ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ហើយ​ជៀសវាង​មិន​ឲ្យ​ប្រទេស​យើង​វិល​ទៅ​រក​របប​ ដែល​យើង​ជួប​ប្រទះ​កន្លង​ផុត​មក»។

លោក​បន្ថែម​ថា ​ពលរដ្ឋ​កម្ពុជា​ដែល​ស្រឡាញ់​ប្រទេសជាតិ​និង​ពលរដ្ឋ​ខ្លួន​នោះ ត្រូវ​សាមគ្គី​គ្នា​ ហើយ​ចូលរួម​បាតុកម្ម​និង​បរិចាក​ថវិកា​ដើម្បី​សម្រេច​គោលដៅ​ របស់​ខ្លួន។

មេដឹកនាំ​គណបក្ស​ជំទាស់​មិន​ព្រម​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ថ្ងៃទី​២៨​ខែ​ កក្កដា​និង​មិន​ព្រម​ផ្តល់​សុពលភាព​ឬ​ភាព​ស្របច្បាប់​ដល់​រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ដោយសារ​ថា​មាន​ភាព​មិន​ប្រក្រតី​និង​ការ​លួច បន្លំ​សន្លឹក​ឆ្នោត​ដ៏​ធ្ងន់ធ្ងរ​មិន​ត្រូវ​បាន​ស៊ើប​អង្គេត​ជា​មុន​ដោយ​ស្ថាប័ន​ឯករាជ្យ។ គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៉ី ​ដែល​កំពុង​ធ្វើ​បាតុកម្ម​តវ៉ា​ក៏​កំពុង​ គៀងគរ​អន្តរជាតិ​ ជាពិសេស​នៅ​ថ្ងៃទី​២៣​ខែតុលារ​នេះ​ ដើម្បី​ឲ្យ​បណ្តា​ប្រទេស ទាំង​ឡាយ​កុំទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ពួកគេ​ចាត់​ទុក​ថា​មិន​ស្រប​ច្បាប់៕