ខ្មែរ​អាមេរិកាំង​ចាប់​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​វត្ត​ជាយ​ក្រុង​វ៉ាស៊ីនតោន

ខ្មែរ​អាមេរិកាំង​ចាប់​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​មមែ

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជា​ច្រើន​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​វត្ត​ព្រះ​ពុទ្ធសាសនា​មួយ​កន្លែង​ជិត​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក​ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ។​

ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​ទាំង​ក្មេង​ចាស់​ប្រុសស្រី​មក​ពី​រដ្ឋ​ផ្សេងៗ​និង​បណ្តា​សហគមន៍​នានា​ បាន​នាំ​យក​ចង្ហាន់​ បច្ច័យ​ និង​ទេយ្យទាន​មួយ​ចំនួន​ដើម្បី​មក​ ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ធម្មរង្សី​ ឬ​ហៅវត្ត​ខ្មែរ​កម្ពុជាក្រោម​ ស្ថិត​ក្នុង​សង្កាត់​ណូកស៍វីល (Nokesville) ​ជិត​ក្រុង​ម៉ាណាសាស់​ (Manassas) ក្នុង​រដ្ឋ​វីជីនៀ ​(Virginia) ​ដែល​ជាប់​នឹង​រដ្ឋធានី​វ៉ាស៊ីនតោន។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ឆ្លង​ពី​ឆ្នាំ​មមី​ព.ស.​២៥៥៨​ ចូល​ឆ្នាំ​មមែ​ ព.ស.​២៥៥៩​ ដែល​ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​១១​ខែ​មេសា និង​ថ្ងៃ​អាទិត្យទី​១២ ​ខែ​មេសា​ មុន​កាល​កំណត់​ពីរ​ថ្ងៃ​នេះ​គឺ​ដោយសារ​ជា​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ​សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក។ ​ក្រុម​ពុទ្ធ​បរិស័ទ្ធ​បាន​ថ្លែង​ថា​ ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​ជា​ការ​រំឭក​ដល់​បុព្វការីជន​ផង​ អបអរសាទរ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ផង​ ហើយ​នឹង​រក្សា​ប្រពៃណី​ វប្បធម៌​ សាសនា ​និង​ទំនៀម​ទម្លាប់​ដែល​ជា​អត្តសញ្ញាណ​ខ្មែរ​ផ។​ ក្រុម​អ្នក​រៀបចំ​ពិធី​បុណ្យ​បាន​ថ្លែង​ថា​ មាន​ការ​លេង​ល្បែង​ប្រជាប្រិយ​ដូច​ជា​ ចោលឈូង ​បោះអង្គុញ​ រត់បាវ​ និង​ស្តាប់​ព្រះសង្ឃ​ចម្រើន​ព្រះបរិត​ ទេសនា​បង្សុកូល​ ទទួល​ទាន​អាហារ​ជាមួយ​គ្នា ​ដង្ហែ ព្រះ​កេស​កបិលមហាព្រហ្ម​ប្រទក្សិណ​ជុំវិញ​ភ្នំ​ហេមពាន្ត ដែល​ជា​តំណាង​ហើយ​នឹង​មាន​ពិធី​ស្រង់​ព្រះ​ស្រង់ទឹក​ជូន​ព្រះសង្ឃ​ ងូត​ទឹក​ជូន​ព្រឹទ្ធាចារ្យ ​និង​ពូនភ្នំ​ខ្សាច់​ជាដើម។

លោក​ ចៅ សុខបាន​ (Chau Sokban) ​ប្រធាន​គណៈកម្មាការ​វត្ត​ធម្មរង្សី ​បាន​ថ្លែង​ ថា​ពលរដ្ឋ​ខ្មែរ​នៅ​ឆ្នាំ​នេះ​ដែល​ចូល​រួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​ទៅ។

«នេះ​ជា​គម្រោង​ដែល​ខ្មែរ​យើង​ទូទៅ​និយម​ គឺ​ថា​អបអរសាទរ​ចូល​ឆ្នាំ​ផង​ ហើយ​ នឹង​ដើម្បី​គាំទ្រ​និង​រក្សា​ព្រះ​ពុទ្ធសាសនា​យើង​ឲ្យ​បាន​គង់វង្ស​ទៅ​មុខ​ទៀត»។

លោក ​ថាច់ ហន​ អាចារ្យ​វត្ត​ធម្មរង្សី​បាន​ថ្លែង​ថា ​ពលរដ្ឋ​ខ្មែរ​នៅ​សរអា​ដែល​ចាក​ ចេញ​មក​ពី​ស្រុក​ខ្មែរ​មក​រស់​នៅ​សរអា​មិន​ភ្លេច​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ទេ។

«ហេតុ​ដូច្នេះ​បាន​ជា​ញាតិញោម​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់​ដែល​បាន​អញ្ចើញ​មក​ ចូល​រួម​ក្នុង​ពិធី​នេះ​ ដើម្បី​រំឭក​ដល់​គុណ​បុព្វការីជន​របស់​យើង។ ​មិន​តែ​ប៉ុណ្ណោះយើង​រំឭក​នូវ​ប្រពៃណី​ វប្បធម៌​ ក្នុង​ប្រទេស​ដែល​យើង​បាន​មក​រស់​នៅ​ដ៏​សម្យ​ គួរ​នេះ»។

លោកស្រី​ ថាច់ សាម៉េត ​រស់​នៅ​រដ្ឋ Michigan ​បាន​ថ្លែង​ថា ​អ្នកស្រី​មាន​ភាព​ រីករាយ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ជាមួយ​នឹង​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ក្នុង​រដ្ឋ​វីជីនៀ ​ដែល​មាន​ភាព​អ៊ូអរ​ខ្លាំង​ចំនួន​ពីរ​ថ្ងៃ​មក​នេះ។

«រាល់​ថ្ងៃ​ហ្នឹង​បើ​មាន​កូន​ចៅ​នៅ​ជុំវិញ​ដែល​យើង​ស្គាល់​ យើង​ហៅ​គេ​មក​បុណ្យ​ ចូល​ឆ្នាំ​ដើម្បី​រក្សា​ទំនៀមទម្លាប់​ខ្មែរ​តាំង​ពី​យូរ​លង់​មក»។

អ្នកស្រី​ សាម៉នថា ​ទិត្យ​ រស់​នៅ​សង្កាត់​ Springfield ​រដ្ឋ​ Virginia បាន​ថ្លែង​ថា​ ពលរដ្ឋ​ខ្មែរ​ជា​ពុទ្ធបរិស័ទ្ធ ​បាន​ចូលរួម​ច្រើន​ដែល​អ្នកស្រី​ចាត់​ទុក​ថា​ ជា​ការ​ បង្ហាញ​ពី​គោលបំណង​ចង់​ឃើញ​ពុទ្ធសាសនា​គង់វង្ស។

«តាម​ខ្ញុំ​មើល​ពេល​នេះ​ ថ្ងៃ​នេះ​ ​គឺ​ខ្ញុំ​ឃើញ​ចម្លែក​ច្រើន​ ព្រោះ​ម៉េច​បាន​ថា​អញ្ចឹង​ គឺ​ខ្ញុំ​ជឿ​ថា ​ទឹកចិត្ត​បងប្អូន​ចង់​ជួយ​ លើក​កម្លាំង​ទឹក​ចិត្ត​ដើម្បី​ឲ្យ​មាន​ព្រះពុទ្ធសាសនា​ឈរ​នឹងនរដើម្បី​ជា​ទី​កន្លែង​ការ​គោរព​បូជា»។

លោក ​ហន យឹម ​ពុទ្ធបរិស័ទ្ធ​មួយ​រូប​ទៀត​នៅ​សង្កាត់ ​Woodbridge ​រដ្ឋ Virginia បាន​ថ្លែង​ថា​ លោក​ចូល​រួម​ជា​រៀងរាល់​ឆ្នាំ៖ «ខ្ញុំ​មក​វត្ត​ធម្មរង្សី​នេះ​ គឺ​ដើម្បី​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​និង​ដើម្បី​រក្សា​ប្រពៃណី​ជាតិ​ខ្មែរ​របស់​យើង​ ហើយ​លើក​ស្ទួយ​ព្រះពុទ្ធសាសនា​យើង​ឲ្យ​បាន​រីកចម្រើន»។

ពុទ្ធបរិស័ទ្ធ​មាន​ក្តី​សង្ឃឹម​ថា ​ពលរដ្ឋ​ខ្មែរ​នឹង​ចូលរួម​ក្នុង​ការ​កសាង​ពង្រីក​វត្ត​ អារាម​ដែល​កកើត​តាំង​ពី​ឆ្នាំ​១៩៨២​នេះ​បន្ត​ទៀត​ ជា​ពិសេស​ព្រះ​ធមុ្មសាលា​ ដែល​ក្រុម​គណៈកម្មការ​វត្ត​ចង់​ធ្វើ​ការ​កសាង​ឲ្យ​បាន​ធំ​និង​ចប់​នៅ​ក្នុង​រយៈ​ពេល​ ជិត​២​ឆ្នាំ​ទៀត៕