ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​ប្តេជ្ញា​ស្វះ​ស្វែង​រក​ជំនួប​ជាមួយ​អ្នកស្រី​ Aung San Suu Kyi​ ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទីបី

រូប​ឯកសារ៖ ​អ្នកស្រី Aung San Suu Kyi មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​មីយ៉ាន់ម៉ា ដែល​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​ក្នុង​រូបថត​មួយ​ថត​នៅ​រដ្ឋធានី​ណៃពិដោ​កាល​ពី​ឆ្នាំ​២០២០។

ប្រេសិត​ពិសេស​របស់​ប្រធានអាស៊ាន ដែល​ជារដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ថ្លែង​ថា ​សម្រាប់ដំណើរ​ទស្សន​កិច្ច​លើក​ទី​៣​របស់​លោក​ទៅកាន់ប្រទេស​មី​យ៉ាន់ម៉ា​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​កញ្ញា លោក​នឹងប្រឹង​ប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​សុំ​ជួប​ជាមួយ​អ្នកស្រី Aung San Suu Kyi (អោង​សាន ស៊ូជី) មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល ដែល​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២១។

លោក ប្រាក់ សុខុន បាន​បញ្ជាក់​ថា​ការ​ ​ប្រឹង​សុំមេដឹកនាំ​យោធា​មីយ៉ាន់​ម៉ា​សុំ​ជួប​អ្នកស្រី អោង​សាន ស៊ូជី គឺ​ដើម្បី​រក​ច្រក​ចេញ​ពី​វិ​បត្តិ​ក្នុង​ប្រទេស​មួយ​នេះ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia(CNA) ដែល​បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​លោក ប្រាក់ សុខុន កាល​ពី​ពេល​ថ្មីៗ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ​CNAលោក​ ប្រាក់ សុខុន គ្រោង​ធ្វើ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​មី​យ៉ាន់ម៉ា នៅ​ក្នុង​សប្តាហ៍​ទី​២​នៃ​ខែ​កញ្ញា ដែល​នេះ​នឹងប្រព្រឹត្ត​ទៅ​មុន​កិច្ច​ប្រជុំ​មហាសន្និ​បាត​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ នៅ​ថ្ងៃទី​១៣ ខែកញ្ញា ដល់​ថ្ងៃ​ទី​២៧ ខែកញ្ញា​ ឆ្នាំ២០២២​ ក្នុង​ទី​ក្រុង​New York (ញូវយ៉ក)។ បើ​តាម​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន អ្នកស្រី អោង​សាន ស៊ូជី គឺ​ជា«តួអង្គ​នយោបាយ​ដ៏សំខាន់» សម្រាប់​ការ​នាំ​មក​នូវ​សន្តិភាព​ និង​ផ្សះ​ផ្សា​ជាតិ​នៅ​ក្នុង​ប្រទេស​មី​យ៉ាន់ម៉ា។

លោក​ថ្លែង​ជា​ភាសា​អង់គ្លេស និង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «រឿង​សំខាន់​បំផុតដែល​យើង​នឹង​សួរ​ ក៏​ដូច​ជា​ពិភាក្សា​ជាមួយ​អ្នកស្រី អោងសាន ស៊ូជី នោះ​គឺ​ទស្ស​នៈ​របស់​គាត់​ពាក់​ព័ន្ធ​ជាមួយ​អនាគត​នៃ​ប្រទេស​មីយ៉ាន់ម៉ា ថា​តើ​អ្នក​ស្រី​មើល​ឃើញ​ច្រក​ចេញ​ពី​វិបត្តិ​យ៉ាង​ម៉េច​ ហើយ​តើ​ឥទ្ធិ​ពល​នយោបាយ​របស់​គាត់​អាច​មាន​ទម្ងន់​នៅ​ក្នុង​ដំណើរ​ការ​នយោបាយ​ និង​កិច្ច​សន្ទនា​នយោ​បាយ​យ៉ាងម៉េច។ ចំណុច​មួយ​ទៀត​ យើង​នឹង​សួរគាត់​នោះ​ គឺ​តើ​គោល​ការណ៍​អហិង្សា​របស់​គាត់​អាច​ជះឥទ្ធិ​ពល​ទៅ​ដល់​ភាគី​ជម្លោះ​ប្រដាប់​អាវុធ​ទាំង​អស់​ឱ្យ​បញ្ឈប់​នូវ​អំពើ​ហិង្សា​ដោយ​របៀប​ណា»។

ដំណើរ​ទស្សនកិច្ច​របស់​លោក ប្រាក់ សុខុន ​ចំនួន​ពីរ​លើក​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា លោកមិន​មាន​ឱកាស​បានជួប​ជាមួយអ្នកស្រី អោង​សាន ស៊ូជី ឡើយ ដោយសារ​ពុំ​មាន​ការ​អនុញ្ញាត​ពី​មេដឹកនាំ​របប​សឹក​ភូមា។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ស្ថាន​ទូត​មីយ៉ាន់​ម៉ា​ប្រចាំ​ទីក្រុង​ភ្នំពេញ តាម​សារ​អ៊ីម៉ែល​បាន​នៅ​ឡើយ​ទេ។

​អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់សហប្រតិ​បត្តិ​ការ និងសន្តិភាព លោក វណ្ណ ប៊ុនណា មើល​ឃើញ​ថា​ដំណើរ​ទស្សនកិច្ច​លើក​ទី៣​របស់​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​នេះ មាន​សង្ឃឹម​តិច​ណាស់ ដើម្បី​បាន​ជួប​ជាមួយ​អ្នកស្រី អោង​សាន ស៊ូជី ដោយ​សារ​មេដឹក​នាំ​យោធា​ភូមា​តែង​តែ​យក​លេសថា​មេដឹកនាំ​រដ្ឋា​ភិបាល​ស៊ីវិល​រូប​នោះ​កំពុង​ស្ថិត​ក្នុង​នីតិវិធី​របស់តុលាការ។

បើ​តាម​លោក វណ្ណ ប៊ុនណា សេណា​រី​យ៉ូ​មួយ​ទៀត​អាច​កើត​ឡើង​នោះ ​គឺ​ប្រេសិត​ពិសេស​របស់​អាស៊ាន​អាច​មាន​ឱកាស​ជួប​ជាមួយ​តំណាង​របស់​អ្នក​ស្រី អោង​សាន ស៊ូជី។

លោក​ថ្លែង​ថា៖ «បើ​សិន​ជា​អ្នក​ស្រី​ អោងសាន ស៊ូជី អាច​ជួប​ជាមួយ​ប្រេសិត​ពិសេស​របស់​អាស៊ាន​បាន ខ្ញុំ​គិត​ថា​រឿង​ចាំបាច់​ដែលកម្ពុជា​គួរនិយាយ​នោះ​គឺ​ថា​តើ​វា​មាន​ដំណាក់កាល​អ្វី​ដែល​អាច​ឱ្យ​ភាគី​ទាំង​អស់​ចូល​តុចរចា ហើយ​ផ្តើម​កិច្ច​សន្ទនា​នយោបាយ​បាន»។

លោក​បន្តថា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជាក្នុងនាម​ជា​ប្រធាន​អាស៊ាន ដើម្បី​ដោះ​វិបត្តិ​មី​យ៉ាន់ម៉ា​ដែល​ជា​សមាជិក​របស់​សមាគម​អាស៊ាន​ដែរ​នោះ ជា​ការ​ញែកផ្លូវ​សម្រាប់​អនាគត​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ថ្មី ជា​ពិសេស​បើបាន​ជួប​ជា​មួយ​អ្នក​ស្រី​ អោង​សាន ស៊ូជី រឹត​តែ​ធ្វើ​ប្រេសិត​ពិសេស​កាន់​តែ​ជ្រាប​ច្បាស់​ពី​ឫស​គល់​នៃ​បញ្ហា ហើយ​ដាក់​ជា​យន្តការ​ ដើម្បី​ដោះ​ស្រាយ​កាន់​តែ​លឿន។

អ្នក​វិភាគ​នយោបាយ លោកបណ្ឌិត មាស​ នី លើក​ឡើង​ថា​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ ហាក់​មិន​ទទួល​បាន​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​សោះ​ឡើយ​ពាក់​ព័ន្ធ​ជាមួយ​ការ​ដោះ​ស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា ស្រប​ពេល​ដែលអាស៊ាន​កំពុង​តែ​បែក​បាក់​សាមគ្គី​ភាព​គ្នា​ ព្រម​ទាំង​មាន​បញ្ហា​ជាច្រើន​បាន​និង​កំពុង​ផុស​ឡើង​ជា​ពិសេស​សង្គ្រាម​នៅ​អ៊ុយក្រែន។

​អ្នក​វិភាគ​រូប​នេះ​បន្តថា​លោក​មិន​មាន​សង្ឃឹម​ថា ​មេដឹក​នាំ​យោ​ធានឹង​អនុញ្ញាត​ឱ្យ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ជួប​ជាមួយ​ជាមួយ​អ្នក​ស្រី​ អោងសាន ស៊ូជី​ ឡើយ​ ហើយ​ថា​បើ​ពួក​គេ​ឱ្យ​ជួប លុះ​ត្រាណា​តែ​មាន​ការ​ចរចា​ណាមួយ មុន​ដំណើរ​ទស្សនកិច្ច​លើក​ទីបី។

លោក​និយាយ​ថា៖ «ខ្ញុំ​នៅ​មិន​ទាន់​រំពឹង​ថា​នឹង​បាន​លទ្ធផល​ជា​ដុំ​កំភួន​ទេ ប៉ុន្តែ​បើ​សិន​ជា​មាន​ការ​ចរចា​ក្រោម​តុ​មុន​សិន ពី​ឥឡូវ​ទៅ នេះ​វា​អាច​ធ្វើ​ទៅ​រួច​ ហើយ​បន្ទាប់[មក] ចាំ​ប្រេសិត​ពិសេស​អញ្ជើញ​ទៅ​ អាហ្នឹង​វា​ល្អ​ម្យ៉ាង​ដែរ»។

នៅ​ក្នុង​កិច្ច​ពិភាក្សាមួយ​កាល​ពីថ្ងៃទី​២១ ខែកក្កដា ដែល​រៀបចំ​ដោយវិទ្យាស្ថាន​សិក្សា​អាស៊ី​អាគ្នេយ៍​ Yusof Ishak ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​សិង្ហបុរី លោក ប្រាក់ សុខុន ប្រេសិត​ពិ​សេស​របស់ប្រធាន​អាស៊ាន បាន​ថ្លែង​ថា​មធ្យោបាយ​របស់​កម្ពុជា​នៅ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​មីយ៉ាន់ម៉ា ទទួល​បាន​នូវ​មតិ​ចម្រុះ​ទាំង​មតិ​រិះ​គន់​ និងពាក្យសរសើរ​ ក៏​ប៉ុ​ន្តែលោក​បញ្ជាក់​ថា​កម្ពុជា​ដើរ​ទៅ​ជាមួយភាពច្បាស់​លាស់​ថា​វិបត្តិ​មី​យ៉ាន់ម៉ា​ គឺ​ចាក់​ស្រេះ​ទៅ​ដោយ​ប្រវត្តិសាស្ត្រ និង​បញ្ហា​នយោបាយ​ដ៏​ស្មុគស្មាញ​ ហេតុ​នេះ​មាគ៌ា​របស់​កម្ពុជា​ ដើរ​ទៅ​តាម​ភាព​ជាក់​ស្តែង​និយម​ ពោលគឺ​«មធ្យោបាយ​ម្តង​មួយ​ជំហាន ម្តង​មួយ​ជំហាន»។

​លោក​ថ្លែង​ជា​ភាសា​អង់គ្លេស និង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «សម្រាប់​អ្នក​ដែល​ចង់​ឃើញ​បញ្ហា​ត្រូវ​បាន​ដោះ​ស្រាយ​ភ្លាម​ៗ ខ្ញុំ​ខ្លាច​ថា​វាមិន​កើត​ឡើង​នោះ​ទេ។ ការ​អត់​ធ្មត់ គឺ​ជា​អ្វីដែល​យើងអាច​ធ្វើ​បាន។ វា​គ្មាន​នោះ​ឡើយ​ផ្លូវ​កាត់ និង​ដំបង​ទិព្វ​ ក៏​ដូច​ថ្នាំ​ពិសេស ​[ដើម្បី​ដើរ​ចេញ​ពី​វិបត្តិ​នេះ]»។

គួរ​បញ្ជាក់​ថា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទីពីរ​របស់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ ដែល​ធ្វើ​ឡើង​កាល​ពី​ចុង​ខែ​មិថុនា ដល់​ដើម​ខែ​កក្កដា​នេះ លោក ប្រាក់ សុខុន បាន​អះអាង​ថា​ដំណើរ​ទស្សនកិច្ច​នេះ មាន​«វឌ្ឍន​ភាព​គួរ​ឲ្យ​កត់​សម្គាល់​ខ្លះ​ៗ​ដែរ» ហើយ​លោក​ថា​វា​នឹង​«បើក​ច្រក​ថ្មី»​យ៉ាង​ហោច​ណាស់​សម្រាប់​ការ​ចរចានយោបាយ​ពី​គ្រប់​ភាគី​ជម្លោះ​នៅ​ពេល​ខាង​មុខ។ ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា​នេះ​អាស្រ័យ​លើ​ភាគី​ពាក់​ព័ន្ធ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា៕